សរសៃឈាមមានតួនាទីសំខាន់ណាស់ក្នុងការដឹកនាំនូវអុកស៊ីសែន និងនាំឈាមពីបេះដូងរបស់មនុស្សយើងទៅកាន់សរីរាង្គ ដទៃទៀត។ សរសៃឈាមដែលមានសុខភាពល្អ គឺមានសភាពទន់ និងយឺត។ នៅពេលដែលអាយុរបស់យើងកាន់តែចាស់ ឬក៏សម្ពាធ នៅក្នុងសរសៃឈាមឡើងកាន់តែខ្ពស់នោះ អាចធ្វើឱ្យសរសៃឈាមឡើងក្រាស់ និង រឹង។ ករណីនេះអាចបង្កឱ្យមានការរឹតត្បៀតក្នុង ការនាំឈាមទៅកាន់សរីរាង្គផ្សេងៗរបស់យើង ដែលគេឱ្យឈ្មោះថាអាតេរ៉ូសក្លេរ៉ូស៊ីស។
លោកវេជ្ជបណ្ឌិត ឈី ប្រកប ឯកទេសជម្ងឺទូទៅនិងជម្ងឺបេះដូងនៅមន្ទីរពេទ្យព្រះកុសុមៈបានចូលរួមបកស្រាយប្រធានបទ លើសជាតិខ្លាញ់ក្នុងសរសៃឈាមនេះ ជូនប្រិយមិត្ដអ្នកអានស្វែងយល់តាមរយៈទស្សនាវដ្ដី សុខភាពយើង។
អ្វីដែលហៅថាលើសជាតិខ្លាញ់ក្នុងសរសៃឈាម?
អង្គការសុខភាពពិភពលោក (WHO) បានឱ្យនិយមន័យលើសជាតិខ្លាញ់ក្នុងសរសៃឈាមថាជាការឡើងក្រាស់នៃស្រទាប់ សរសៃឈាមផ្នែកខាងក្នុង ជាមួយនិងការចុះខ្សោយស្រទាប់ហ្វីប្រឺនៃស្រទាប់កណ្ដាលរបស់សរសៃឈាមដែលបណ្ដាលឱ្យមានការខូច ខាត ជាពិសេសទៅលើសរសៃឈាមធំ និងសរសៃឈាមកណ្ដាល។ ការលើសជាតិខ្លាញ់ក្នុងសរសៃឈាមនេះកើតឡើងដោយសារការ រួមផ្សំនៅនឹងកន្លែងនៃសារធាតុខ្លាញ់ ស្ករ ឈាម កាល់ស្យូមជាដើម។
មូលហេតុជម្ងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម
ឈាមរបស់មនុស្សយើង គឺបានមកពីសារជាតិផ្សេងៗនៃចំណីអាហារនិងដែលទាក់ទងទៅនឹងការចម្រាញ់របស់លំពែង។ ជម្ងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាមជាជម្ងឺដែលមានការវិវត្ដយឺតៗ និងអាចចាប់ផ្ដើមតាំងពីនៅវ័យកុមារភាព។ តាមពិតទៅមូល ហេតុពិតប្រាកដរបស់វា គេនៅមិនទាន់ស្រាវជ្រាវរកឃើញនិងកំណត់បានពិតប្រាកដ១០០%នៅឡើយទេ។ ប៉ុន្ដែតាមការសិក្សា កន្លងមក គេដឹងថាវាបណ្ដាលមកពីមូលហេតុជាច្រើនផ្សេងៗពីគ្នាដូចជា ៖
- មានជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម និងជម្ងឺផ្សេងទៀត
- ការកើនឡើងខ្ពស់នូវជាតិខ្លាញ់
- ការប្រើប្រាស់ថ្នាំដែលបង្កឱ្យមានការរលាកសរសៃឈាម ដូចជានីកូទីនជាដើម។
តាមការស្រាវជ្រាវដដែលបានឱ្យដឹងថា នៅពេលសរសៃឈាមមានការខូចខាតធ្វើឱ្យមានការជ្រៀតចូលនូវសមាសធាតុ មួយចំនួន ជាពិសេសខ្លាញ់។ ទីបំផុតវានឹងបង្កឱ្យមានការកកស្ទះ រួមត្បៀតនៃសរសៃឈាមនិងធ្វើឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នក ជម្ងឺ។
រោគសញ្ញាជម្ងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម
ជម្ងឺនេះជួនកាលគ្មានរោគសញ្ញាអ្វីទាំងអស់ លើកលែងតែក្នុងករណីដែលមានការស្ទះសរសៃឈាមដែលនាំឈាមទៅចិញ្ចឹម សរីរាង្គផ្សេងៗនៃសព៌ាង្គកាយ។ ការស្ទះសរសៃឈាមនេះនឹងបង្ហាញរោគសញ្ញាទៅតាមការខូចខាតនៃសរីរាង្គដែលមានបញ្ហា។
- ជម្ងឺស្ទះសរសៃឈាមបេះដូង ៖ ការស្ទះសរសៃឈាមបេះដូងអាចមានរោគសញ្ញាដូចជាឈឺចុកចាប់ដើមទ្រូងខាងឆ្វេង
- ជម្ងឺស្ទះសរសៃឈាមខួរក្បាល ៖ អាចបណ្ដាលឱ្យពិការមួយចំហៀងខ្លួន វៀចមាត់ជាដើម
- ជម្ងឺស្ទះសរសៃឈាមអវយវៈក្រោម ៖ អាចបណ្ដាលឱ្យមានការឈឺចាប់ពាសពេញជើង ពិសេសពេលធ្វើដំណើរជួនកាល ការស្ទះសរសៃឈាមនេះក៏អាចធ្វើឱ្យមានការចុះខ្សោយនូវផ្លូវភេទផងដែរ។
ផលវិបាកជម្ងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម
ជម្ងឺនេះធ្វើឱ្យសរសៃឈាមរួមតូចចង្អៀត ដែលជាហេតុធ្វើឱ្យការដឹកនាំនូវអុកស៊ីសែននិងចំណីអាហារផ្សេងៗទៅកាន់ សរីរាង្គមិនបានគ្រប់គ្រាន់ និងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សរីរាង្គផ្នែកនោះ និងផ្នែកផ្សេងទៀត។ ជាពិសេសជាងនេះទៅទៀត នោះ អ្នកជម្ងឺអាចកើតមានគ្រោះថ្នាក់ភ្លាមៗនៃជម្ងឺបេះដូង និងខួរក្បាល។ ការលើសជាតិខ្លាញ់នៅក្នុងសរសៃឈាមនេះ ក៏ជាមូល ហេតុនៃការរីកប៉ោងនៃសរសៃឈាមក្នុងសរីរាង្គអ្នកជម្ងឺដោយកន្លែងយ៉ាងធ្ងន់ធ្ងរដែរ។ លើសពីនេះក៏អាចកើតមានជម្ងឺត្រជាក់ចុងដៃ ត្រជាក់ចុងជើងថែមទៀត។
វិធីព្យាបាលជម្ងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម
ការព្យាបាលដែលមានប្រសិទ្ធភាពគឺចាប់ផ្ដើមពីការអនុវត្ដដោយខ្លួនឯង និងការព្យាបាលដោយវេជ្ជសាស្ដ្រផងដែរ។
- បញ្ឈប់នូវមូលហេតុដែលបណ្ដាលឱ្យខូចសរសៃឈាម ដូចជាឈប់ទទួលទានបារីផ្អាកទទួលទានអាហារដែលមានជាតិ ខ្លាញ់
- ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
- មានប្រភេទឱសថខ្លះដែលអាចជួយអ្នកជម្ងឺបាន ដូចជាស្ដាទីនដែលអាចទប់ស្កាត់ការពូនផ្ដុំនូវជាតិខ្លាញ់ជាដើមនិងមានថ្នាំ ប្រភេទផ្សេងទៀតដែលអាចជួយបន្ថយ ឬប្រឆាំងនឹងការកកឈាម ប្រឆាំងការលើសឈាមពន្យឺតការវិវត្ដនៃជាតិខ្លាញ់ក្នុងសរសៃ ឈាម
- មានវិធីខ្លះទៀត ដូចជាការពង្រីកសរសៃឈាម រំលាយកំណកឈាមដែលស្ទះនិងមានការតសរសៃឈាមផ្សេងថ្មីនៅ កន្លែងដែលមានការកកស្ទះខ្លាំង។
វិធីបង្ការជម្ងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម
របៀបរស់នៅក៏អាចការពារ ឬបន្ថយការវិវត្ដជម្ងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាមបានដែរ។
- បើសិនជាលោកអ្នកកំពុងទទួលទានបារី គប្បីបញ្ឈប់ ព្រោះការទទួលទានបារីអាចធ្វើឱ្យខូចដល់សរសៃឈាម
- ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ព្រោះការហាត់ប្រាណបន្ធូរចលនាសាច់ដុំ អាចធ្វើឱ្យចរន្ដឈាមរត់បានស្រួលនិង សម្រួលឱ្យមានការកើតឡើងនូវសរសៃឈាមថ្មីទៀតដែលមានលទ្ធភាពដឹកនាំឈាមទៅចិញ្ចឹមសរីរាង្គដែលមានចរន្ដឈាមមិនល្អ ឬ ខូចខាត
- បរិភោគចំណីអាហារដែលមានប្រយោជន៍ដល់សុខភាព ដូចជាបន្លែ ផ្លែឈើ គ្រាប់ ធញ្ញជាតិជាដើមនិងគួរចៀសវាង អាហារដែលមានជាតិខ្លាញ់ច្រើន និងជាតិប្រៃខ្លាំង
- កាត់បន្ថយក្ដីកង្វល់ ការតានតឹងអារម្មណ៍ ដកដង្ហើមវែងៗក៏ជាការកាត់បន្ថយជម្ងឺនេះបានដែរ
- ប្រសិនបើលោកអ្នកមានខ្លាញ់ច្រើន មានសម្ពាធឈាមខ្ពស់ មានជម្ងឺទឹកនោមផ្អែមនិងជម្ងឺគ្រប់ប្រភេទផ្សេងទៀតត្រូវ ទៅរកការពិភាក្សាជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើការព្យាបាល។
ដំបូន្មានអ្នកប្រឹក្សា
ដោយការលើសជាតិខ្លាញ់ក្នុងសរសៃឈាម ជាជម្ងឺដែលមានការវិវត្ដយឺតគ្មានរោគសញ្ញាច្បាស់លាស់និងអាចបណ្ដាលឱ្យ មានគ្រោះថ្នាក់ធ្ងន់ធ្ងរទៅលើបេះដូង និងសរសៃឈាម វិធីបង្ការគឺជាវិធីដ៏ប្រសើរមួយ។ បើលោកអ្នកមានជម្ងឺនេះលោកអ្នកគួរ អញ្ជើញទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិនិត្យ តាមដាន និងព្យាបាលឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply