វិធី​ព្យាបាល​ឆ្អឹង​បាក់

គ្រោះថ្នាក់​ជាយ​ថាហេតុ​ពីការ​ងារសព្វ​សារពើ ឬដោយ​ការ​បើកបរ មាន​សភាព​ផ្សេងៗ​ពីគ្នា។ ក្នុងនោះ​អាចដាច់​រលាត់ គ្រេច ថ្លោះ ប្រេះ​ស្រាំ​ឆ្អឹង ឬបាក់​តែម្ដង។ ករណី​ឆ្អឹងបាក់​លោកអ្នក​តែង​សង្កេត​ឃើញ​ថា​មានការ​ព្យាបាល​តាម​បែប​បូរាណ​ដោយ​ស្ដោះ ផ្លុំ ប្រើថ្នាំ​បូរាណ និងការ​ព្យាបាល​តាម​បែប​វេជ្ជ​សាស្ដ្រ​ទំនើប។ ការ​ព្យាបាល​ឆ្អឹងបាក់​តាម​បែប​វេជ្ជ​សាស្ដ្រ​ទំនើប​បានផ្ដល់​នូវ​លទ្ធផល​ល្អ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ អាច​ចៀស​វាងបាន​នូវផល​វិបាក​ផ្សេង​និង​ពិការ​ភាព​ដែល​បណ្ដាល​មកពី​ការបាក់​ឆ្អឹងនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើងលេខនេះ លោក​វេជ្ជ​បណ្ឌិត សុខ ប៊ុនថា​អ្នក​ឯកទេស​វះកាត់​តឆ្អឹង​នៃមន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​ចូលរួម​បក​ស្រាយ​អំពី​វិធី​ព្យាបាល​ឆ្អឹងបាក់​ជូន​លោកអ្នក​អាន​ស្វែង​យល់។

សណ្ឋាន​ឆ្អឹងបាក់

ឆ្អឹងបាក់​ត្រូវបាន​រាប់​បញ្ចូល​នូវ​គ្រប់​ទម្រង់​នៃការ​បាក់ ដោយ​គិតចាប់​តាំងពី​ការ​ប្រេះ​ស្រាំ​រហូត​ដល់​​​​​​​ការ​បាក់​ដាច់​ចេញពី​គ្នាតែ ម្ដង។ ជម្ងឺ​ឆ្អឹងបាក់​អាចកើត​មាននៅ​លើ​មនុស្ស​គ្រប់វ័យ ជា​ពិសេស​ចំពោះ​មនុស្ស​ចាស់​ដែលមាន​ជម្ងឺ​ពុកឆ្អឹង។

មូល​ហេតុឆ្អឹង​បាក់

មាន​មូល​ហេតុ​ជាច្រើន​ដែល​អាច​បណ្ដាល​ឱ្យឆ្អឹង​បាក់។ នៅក្នុង​ប្រទេស​កម្ពុជា​យើង​គេ​សង្កេត​ឃើញថា​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ជា​មូល​ហេតុ​ធំ​មួយ​ដែល​ធ្វើឱ្យ​ឆ្អឹង​បាក់។ ក្រៅពី​នេះក៏​អាច​មាន​មូល​ហេតុ​ផ្សេងៗ​ទៀត ដូចជា​ការលេង​កីឡា​គ្រោះ​ថ្នាក់​ការងារ គ្រោះ ថ្នាក់ក្នុង​ផ្ទះជា​ដើម។ គ្រាប់​កាំភ្លើង​អាចជា​មូល​ហេតុ​ញឹក​ញាប់​នៃការ​បាក់ឆ្អឹង​ដែរ​ហើយ​ការ​ព្យាបាល​មានការ​លំបាក ព្រោះ​ការបាក់​ឆ្អឹង ដោយ​មូលហេតុ​នេះ ច្រើនតែ​ជាការ​បាក់​ខ្ទេច​ម៉ត់ និង​ខូចខាត​ខ្លាំង​ដល់​សរីរៈ​ដែល​នៅ​ជុំវិញ។

សញ្ញាណ​បញ្ជាក់​ថាឆ្អឹង​បាក់

ជា​ទូទៅ​ការបាក់​ឆ្អឹង​ងាយធ្វើ​រោគ​វិនិច្ឆ័យ​ណាស់ ហើយ​អ្នក​ជម្ងឺ​ខ្លួនឯង​ផ្ទាល់​ក៏អាច​ដឹងបាន​ដែរ។ រោគ​សញ្ញា​នៃការ​បាក់ឆ្អឹង មាន ៖

  • ពេល​ដួល ឬប៉ះ​ទង្គិច អ្នក​ជម្ងឺ​អាចឮ​សូរឆ្អឹង​បាក់ ឬឆ្អឹង​កកិត​គ្នានៅ​ពេលអ្នក​ជម្ងឺ​សាក​ល្បង​ធ្វើ​ចលនា
  • មានការ​ឈឺចាប់​ខ្លាំង​នៅកន្លែង​ឆ្អឹងបាក់ ដែល​ធ្វើឱ្យ​អ្នក​ជម្ងឺ​មិនអាច​កម្រើក​អវយវៈ​បាន
  • កន្លែង​ឆ្អឹងបាក់​មាន​សភាព​ហើម​ខ្លាំង របួស ឬហូរ​ឈាម
  • គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ តាម​រយៈការ​ថត​កាំរស្មី​អ៊ិច ដែលអាច​ឱ្យដឹង​ពីឆ្អឹង​ដែល​បាក់ ភាព​ខ្ទេចនៃ​ឆ្អឹង​និងការ​ផ្លាស់​ប្ដូរ ទីតាំង​នៃ​បំណែក​ឆ្អឹង។

ផល​វិបាក​នៃឆ្អឹង​បាក់

ផល​វិបាក​នៃការ​បាក់ឆ្អឹង​ត្រូវបាន​បែងចែក​ទៅតាម​ដំណាក់​កាល​ដូចជា ៖

1 . ផល​វិបាក​កើត​ភ្លាមៗ ៖ ដោយ​ជនរង​គ្រោះ​ឈឺចាប់ ដាច់​រលាត់​ស្បែក បែក​សាច់ ឬហើម​សាច់​មាន​មេរោគ​ចូលតាម​មុខ របួស អាចដាច់​សរសៃ​ឈាម​តូចឬ​ធំ។ បើការ​បាក់​ធ្ងន់ធ្ងរ​ខ្ទេចខ្ទី​ដោយ​រថយន្ដ​កិនត្រង់​ដៃ​ជើង​(ករណី​រួចជីវិត)​ជាដើម លទ្ធ​ភាពក្នុង​ការ តភ្ជាប់​ឡើង​វិញ​មានតិច​បំផុត ព្រោះ​សរសៃ​ឈាម​ធំដាច់ និង​ខ្ទេចខ្ទាំ​ខ្លាំង​ពេក។

2 . ផល​វិបាក​កើត​មួយ​សបា្ដហ៍​បន្ទាប់ ៖ ផល​វិបាក​នេះអាច​មានកខ្ទុះ រលាក រលួយ​ឬប៉ះ​ពាល់​ពេលធ្វើ​ពលកម្ម​ផ្សេងៗ។

3 . ផល​វិបាក​កើត​ច្រើនខែ ៖ អាច​មាន​ករណី​អវយវៈ​ខ្លីជាង​ធម្មតា អាច​វៀច​តិចតួច​អាចត​មិនជាប់​ហើយ​ត្រូវវះ​កាត់ត ម្ដងទៀត​ក៏មាន។ បើ​ព្យាបាល​មិនបាន​ត្រឹមត្រូវ​ជើងខ្លី​ជាងគ្នា​ច្រើន​អាច​បង្ក​បញ្ហា​ច្រើន​ទៀត​ដូចជា​ធ្វើឱ្យ​រលាក​តាម​សន្លាក់ ព្រោះ​ទម្ងន់ ធ្ងន់​ផ្អៀង​ទៅម្ខាង។

វិធី​ព្យាបាល​ឆ្អឹង​បាក់

តាម​គោល​ការណ៍​ផ្នែក​វេជ្ជ​សាស្ដ្រ ការ​តឆ្អឹង​បាក់ត្រូវ​មាន​វិធី​ត្រឹមត្រូវ។

1 . វិធី​ទី១​ឬការ​វះ​តម្រង់​ឆ្អឹងឱ្យ​ត្រង់ ៖ គ្រូពេទ្យ​អាចដឹង​ពីការ​ផ្លាស់​ប្ដូរទី​តាំង​ឆ្អឹង​បាក់​ដោយ​ការថត​ឆ្លុះ​កាំរស្មី​អ៊ិច។ ការវះ កាត់​តម្រង់​ឆ្អឹងជា​ដំណាក់​កាល​ដំបូង​នៃការ​វះកាត់ ហើយ​មាន​សារ​សំខាន់​ណាស់​ចំពោះ​អ្នក​ជម្ងឺ ព្រោះ​ក្រោយពី​ឆ្អឹង​បាក់​សាច់​ដុំ និង សរសៃ​បាន​ប្រទាញ ធ្វើឱ្យ​មាន​លក្ខណៈ​រួញខ្លី​ខុស​ប្រក្រតី​(ឆ្អឹង​ជ្រួស​មុខគ្នា) រមួល វៀច ឬកោង​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2 . វិធី​ទី២​ឬការ​ដាក់​ដែក​ទប់ឆ្អឹង មាន​វិធី​ច្រើន​ប្រភេទ​សម្រាប់​ភ្ជាប់​ដែក​ប្រភេទ​អ៊ីណុក ដែល​មិនអាច​កើតច្រែះ​និង បន្ទាប់​ពីបាន​ពិសោធ និងធ្វើ​ការ​សិក្សា​យូរ​អង្វែង​រួចមក។ មាន​ប្រភេទ​ដែក​ច្រើន​បែប​សម្រាប់​ភ្ជាប់​ឆ្អឹង ទៅតាម​ប្រភេទ​ឆ្អឺង​ទីតាំង​ឆ្អឹង បាក់ និងការ​បាក់ឆ្អឹង​ដែល​មាន ឬគ្មាន​របួស​ទៅលើ​សាច់។ ការ​ដាក់ដែក​នេះ​គឺគេ​ចាប់ភ្ជាប់​នឹងឆ្អឹង​បាក់​ទាំងពីរ​កំណាត់ ដែល​តម្រង់​ឱ្យ នៅ​នឹង មិនឱ្យ​វៀច កោង ឬមិន​ឱ្យ​ជ្រួស​មុខគ្នា។ ជា​ទូទៅ​ដែកនឹង​ដក​ចេញវិញ​យ៉ាង​យូរក្នុង​អំឡុង​ពេល៦​ខែទៅ​៨ខែ​សម្រាប់​ដៃ និងមួយ​ឆ្នាំកន្លះ​សម្រាប់​ជើង។

ប្រការ​គួរ​ប្រតិបត្ដិ

អ្នក​រងគ្រោះ​ត្រូវធ្វើ​សកម្ម​ភាព​ដោយ​ថ្នម​នៅពេល​ដែល​ឆ្អឹង​មិនទាន់​ជាជាប់​ល្អ។ ទោះបី​ជាជាប់​ហើយ​ក៏ដោយ​ក៏ត្រូវ​ប្រុង ប្រយ័ត្ន​ចំពោះ​កន្លែង​ដែលធ្លាប់​បាក់នោះ​ដែរ។ លើសពី​នេះ​គប្បី​ទទួល​ទាន​អាហារ​ទាំង​ឡាយ​ណា​ដែលមាន​ជាតិ​កាល់​ស្យូម​ច្រើន។ ប្រការ​ផ្សេង​ទៀត គឺត្រូវ​ធ្វើ​ចលនា​លើ​អវយវៈ​ដែលមាន​ឆ្អឹងបាក់ ដើម្បី​ចៀស​វាងការ​រឹងគាំង​សន្លាក់។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

កន្លង​មកការ​ព្យាបាល​តាម​បែប​បុរាណ ច្រើន​មាន​ផល​ប៉ះពាល់​ច្រើន​ដល់​អ្នក​ជម្ងឺ។ ព្រោះ​អ្នក​ព្យាបាល​មិនអាច​មើល​ឃើញ សភាព​បាក់នៃ​ឆ្អឹងនៅ​ខាងក្នុង​សាច់​បាន ឆ្អឹងដុះ​ជាប់គ្នា មិន​ត្រង់ ដូច​ប្រក្រតី អាច​ខ្លីជាង​ប្រក្រតី អាច​វៀច​ឬឆ្អឹង​មិនត​ភ្ជាប់​ជាដើម។ ទី​បំផុត​ផល​វិបាក​កាន់តែ​ធ្ងន់ធ្ងរ គ្រូពេទ្យ​ជំនាញ​ផ្នែក​វេជ្ជ​សាស្ដ្រ​នឹងធ្វើ​ការ​វះកាត់​ព្យាបាល​ជាថ្មី​តាម​ក្រោយ​ហើយ​ការវះ​កាត់នេះ​ពិបាក ជាង​ការវះ​កាត់ត​ឆ្អឹងបាក់​ថ្មីៗ។ ដូច្នេះ​សូម​លោកអ្នក​ដែល​ជួប​បញ្ហា​បាក់ឆ្អឹង​ឆាប់រក​សេវា​ព្យាបាល​តាម​បែប​វេជ្ជ​សាស្ដ្រ​ទំនើប​ទើប ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *