សុភាសិតមួយឃ្លាបានពោលថា ការពារប្រសើរជាងព្យាបាល។ បើទោះបីជាពេលវេលាកន្លងទៅវែងឆ្ងាយយ៉ាងណាក្ដី ក៏ សុភាសិតមួយនេះនៅតែសុក្រឹត។ មនុស្សគ្រប់រូបតែង តែប្រាថ្នានូវសុខភាពល្អបរិបូរណ៍ពុំមាននរណាម្នាក់ចង់ឱ្យជម្ងឺតម្កាត់មកបៀត បៀនខ្លួនឡើយ ហេតុនេះទើបគេព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីការពារខ្លួនឱ្យចៀសផុតពីជម្ងឺ។ សម្រាប់មធ្យោបាយដែលពេញ និយមបំផុតគឺការចាក់វ៉ាក់សាំងការពារដើម្បីឱ្យ ខ្លួនប្រាណមានអង់ទីក័រការពារទប់ទល់នឹងជម្ងឺទាំងនោះ។
នៅក្នុងលេខមុន លោកអ្នកអានបានជ្រាបរួចមកហើយនូវវ៉ាក់សាំងការពារជម្ងឺថ្លើមប្រភេទបេ។ នៅលេខនេះទស្សនាវដ្ដីសុខភាពយើង សូមលើកយកវ៉ាក់សាំងការពារជម្ងឺមហារីកស្បូនមកបង្ហាញប្រិយមិត្ដអ្នកអានដោយមានលោកវេជ្ជ បណ្ឌិតអ៊ាវ សុខា ជាអ្នកប្រឹក្សា។
អត្រាជនរងគ្រោះដោយសារជម្ងឺមហារីកស្បូន
ជម្ងឺមហារីកស្បូនជាប្រភេទជម្ងឺមហារីកបណ្ដាលមកពីមេរោគម្យ៉ាងឈ្មោះភ្វ ដែលរស់នៅជា ប្រចាំក្នុងមាត់ទ្វារមាសរបស់ស្ដ្រី។ មេរោគនេះធ្វើឱ្យរលាកមាត់ស្បូនរ៉ាំរ៉ៃ និងធ្វើឱ្យប្រែប្រួលកោសិកាមាត់ស្បូនដែលយូរទៅអាចបណ្ដាលទៅជាជម្ងឺមហារីក ស្បូនតែម្ដង។
ជាការពិត តាមការសិក្សានៅក្នុងប្រទេសយើងបានឱ្យឃើញថា ក្នុងមួយឆ្នាំៗអ្នកជម្ងឺមហារីកស្បូនកើតមានប្រមាណ៥០០០ករណីស្មើនឹង២៥ភាគរយនៃអ្នកជម្ងឺមហារីកទាំងអស់។ នៅក្នុងប្រទេសយើងអ្នកកើតជម្ងឺមហារីកស្បូនភាគច្រើនជាស្ដ្រីវ័យ ក្មេងដែលមានអាយុជាមធ្យម៤៦ឆ្នាំ។ រីឯនៅបណ្ដាប្រទេសអភិវឌ្ឍនានាភាគច្រើននៃអ្នកជម្ងឺមហារីកស្បូនជាស្ដ្រីវ័យចំណាស់អាយុ លើសពី៦០ឆ្នាំ។ ម្យ៉ាងទៀតចំពោះស្ដ្រីអាយុក្រោម៤០ឆ្នាំដែលកើតជម្ងឺមហារីកស្បូននេះនៅកម្ពុជាមានចំនួន១៧ភាគរយ ដែល ប្រទេសផ្សេងៗនៅលើពិភពលោកមានត្រឹមតែ៥ទៅ៦ភាគរយតែប៉ុណ្ណោះ។ តាមការសង្កេតឃើញថានារីដែលនៅលីវពុំធ្លាប់មាន បទពិសោធន៍រួមភេទក៏មានអត្រាកើតជម្ងឺមហារីកស្បូននេះផងដែរ។ នេះដោយសារតែបញ្ហាអនាម័យផ្លូវភេទរបស់នារីនោះ ជា ពិសេសអនាម័យពេលមានរដូវ។ ប្រសិនបើស្ដ្រីមានដៃគូរួមភេទច្រើនក៏ប្រឈមនឹងការឆ្លងនូវមេរោគភ្វខ្ពស់ ដែលជាហេតុ បណ្ដាលឱ្យកើតជម្ងឺមហារីកស្បូនខ្ពស់ផងដែរ។
ប្រភេទវ៉ាក់សាំងការពារជម្ងឺមហារីកស្បូន
វ៉ាក់សាំងការពារជម្ងឺមហារីកស្បូនជាថ្នាំបង្ការមួយប្រភេទសម្រាប់ចាក់ទៅក្នុងខ្លួនស្ដ្រី ដើម្បីឱ្យសារពាង្គកាយបង្កើតអង់ទីក័រម្យ៉ាងការពារទប់ទល់នឹងជម្ងឺមហារីកស្បូន។ វ៉ាក់សាំងការពារជម្ងឺមហារីកស្បូនមានពីរប្រភេទក៏ប៉ុន្ដែមានតែមួយប្រភេទប៉ុណ្ណោះដែលមានប្រសិទ្ធភាព។ វ៉ាក់សាំងនេះផលិតនៅសហរដ្ឋអាមេរិកដែលទើបតែត្រូវបានឯកភាពឱ្យប្រើប្រាស់ដោយអង្គការ គ្រប់គ្រងឱសថ និងម្ហូបអាហាររបស់ពិភពលោក។ តាមការសិក្សាជាក់ស្ដែងនៅទ្វីបអាមេរិកខាងជើងនិងកាណាដាឃើញថា វ៉ាក់សាំង ការពារជម្ងឺមហារីកស្បូនអាចការពារបុគ្គលដែលចាក់វ៉ាក់សាំងនេះបានត្រឹមតែ៧៥ភាគរយតែប៉ុណ្ណោះជាមធ្យម។
របៀបចាក់វ៉ាក់សាំងការពារជម្ងឺមហារីកស្បូន
ការចាក់វ៉ាក់សាំងការពារជម្ងឺមហារីកស្បូនគឺជាការចាក់អង់ទីសែនមេរោគះភ្វ ដែលជាមេរោគបណ្ដាលឱ្យកើតជម្ងឺមហារីកមាត់ស្បូនបញ្ចូលទៅក្នុងខ្លួនមនុស្សស្រី ដើម្បីឱ្យខ្លួនប្រាណបង្កើតបានអង់ទីក័រប្រឆាំងទៅនឹងមេរោគនោះវិញ។
នៅបណ្ដ្កាប្រទេសអឺរ៉ុប គេចាក់វ៉ាក់សាំងការពារជម្ងឺមហារីកមាត់ស្បូននេះឱ្យក្មេងស្រីចាប់ពីអាយុ១១ឆ្នាំរីឯនៅសហរដ្ឋ អាមេរិកវិញគេចាក់ចាប់ពីអាយុ៩ឆ្នាំឡើងទៅ។ សម្រាប់ប្រទេសកម្ពុជាយើងវិញគួរចាក់វ៉ាក់សាំងនេះឱ្យមនុស្សស្រីចាប់ពីអាយុ ១១ឆ្នាំឡើងទៅ ដោយហេតុផលផ្អែកទៅលើភាពឆាប់មករដូវរបស់ក្មេងស្រី។
សមាគមគ្រូពេទ្យមហារីកអន្ដរជាតិបានអនុម័តឱ្យមានការចាក់វ៉ាក់សាំងការពារនេះចំនួន៣ដងចំពោះស្ដ្រីឬក្មេងស្រីម្នាក់ ដោយចាក់លើកទី២នៅរយៈពេល២ខែក្រោយការចាក់លើកទីមួយនិងចាក់លើកទី៣នៅ៤ខែក្រោយការចាក់លើកទីពីរ។
ប្រការគួរធ្វើក្រោយពេលចាក់វ៉ាក់សាំង
ការចាក់វ៉ាក់សាំងនេះពុំមានផលប៉ះពាល់ដល់សុខភាពរាងកាយ ឬប៉ះពាល់ដល់ការបង្កកំណើតនោះទេ។ ការចាក់វ៉ាក់សាំង នេះទៀតសោតអាចប្រព្រឹត្ដទៅបានគ្រប់ពេលវេលា គ្រប់កាលៈទេសៈហើយក៏ពុំមានតម្រូវឱ្យតមអាហារនោះដែរ។
បើទោះបីជាធ្លាប់ចាក់វ៉ាក់សាំងការពារជម្ងឺមហារីកស្បូនរួចហើយក៏ដោយ ចំពោះស្ដ្រីដែលមានទំនាក់ទំនងផ្លូវភេទគួរទៅ ពិនិត្យកោសិកាមាត់ស្បូនឱ្យបានម្ដងក្នុងមួយឆ្នាំដើម្បីរកមេរោគះភ្វ ឬកោសិកាមហារីកដើម្បីព្យាបាលឱ្យទាន់ពេលវេលាចំពោះ ករណីដែលកើតឡើងដោយចៃដន្យ។ ព្រោះដូចបានរៀបរាប់រួចហើយថា វ៉ាក់សាំងការពារបានតែ៧៥ភាគរយប៉ុណ្ណោះឯ២៥ភាគរយ ទៀតគឺអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារជម្ងឺនេះ។
ដំបូន្មានអ្នកប្រឹក្សា
សូមស្ដ្រីទាំងអស់យកចិត្ដទុកដាក់អំពីបញ្ហាអនាម័យផ្លូវភេទរបស់ខ្លួន ដើម្បីចៀសផុតពីជម្ងឺមហារីកស្បូនដែលជាជម្ងឺមហារីកមួយកើតឡើងច្រើនបំផុតនៅក្នុងប្រទេសយើង។ ប្រការដែលល្អបំផុតគឺត្រូវចាក់វ៉ាក់សាំងការពារព្រោះថាការចាក់វ៉ាក់សាំង ការពារអាចធ្វើឱ្យអ្នកមានទំនុកចិត្ដខ្ពស់ចំពោះការចៀសផុតពីការឆ្លងជម្ងឺនេះ។ ទន្ទឹមនឹងនោះលោកស្រីអ្នកនាងកញ្ញាគួរទៅមន្ទីរពេទ្យ ដើម្បីពិនិត្យកោសិកាមាត់ស្បូនឱ្យបានយ៉ាងហោចណាស់ម្ដងក្នុងមួយឆ្នាំ។
1 . ភេទទី៣
ខ្ញុំបាទអាយុ១៧ឆ្នាំ។ សព្វថ្ងៃខ្ញុំកំពុងសិក្សានៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។ នៅក្នុង ថ្នាក់ រៀនខ្ញុំ មានមិត្ដភក្ដិខ្ញុំម្នាក់ជាក្មេងប្រុស តែមានចរិតមិនប្រក្រតីសោះ ខ្ញុំសង្ស័យថា គាត់ ជាភេទ ទី៣ដូចគេធ្លាប់និយាយតៗគ្នា។ សូមលោកវេជ្ជបណ្ឌិតយើង ជួយបកស្រាយ ឱ្យខ្ញុំ បាទ បាន ដឹងផង តើមកពីហេតុអ្វីទៅ។
យុវជនអ.ប.ហ អាយុ១៧ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិតយើង ៖ ភេទទី៣ដែលប្រជាពលរដ្ឋខ្មែរនាំគ្នាហៅតៗគ្នាមកនេះ ប្រហែលជាចង់សំដៅទៅរកភេទខ្ទើយ។ សព្វថ្ងៃនេះ នៅលើពិភពលោកមានភេទលើសពី២ ដែលធម្មជាតិចង់បង្កើតមនុស្សមកឱ្យមានតែ២ភេទ គឺភេទប្រុស និងភេទស្រី។ នៅប្រទេស លោកខាងលិចខ្លះបានបែងចែកភេទមនុស្សរហូតដល់ទៅ៣ភេទ ៤ភេទ ឬ៥ភេទឯណោះ។ ចំណែកនៅប្រទេសកម្ពុជាយើងសព្វថ្ងៃ យើងធ្វើការបែងចែកជា២ភេទជាផ្លូវការណ៍ ជាពិសេសពេលលោកអ្នកបំពេញប្រវត្ដិរូបឬឯកសារផ្លូវការណ៍ផ្សេងៗ។ រីឯខ្ទើយ និង ភេទទី៣នេះជាការកំណត់អត្ដសញ្ញាណអ្នកដែលមិនមែនជាបុរសឬជាស្ដ្រីពេញលក្ខណៈ។ ជាអាទិភេទទី៣នេះចង់សំដៅបុរស ស្រឡាញ់បុរស ឬស្ដ្រីស្រឡាញ់ស្ដ្រី។ ទាក់ទងនឹងសំណួរប្អូនប្រុសដែលចង់សួរអំពីមូលហេតុនៃភេទទី៣ មានការពិបាកឆ្លើយឱ្យបានឥត ខ្ចោះបន្ដិច ដោយសារចំណេះដឹងនិងការស្រាវជ្រាវសព្វថ្ងៃនៅមានកម្រិត។ ប៉ុន្ដែវេជ្ជបណ្ឌិតយើង សូមធ្វើការឆ្លើយថាវាបណ្ដាលមកពី មូលហេតុធំពីរយ៉ាង គឺកត្ដាសេនេទិច(ជីវសាស្ដ្រ)និងកត្ដាផ្លូវចិត្ដ(ចិត្ដសាស្ដ្រ)។ កត្ដាជីវសាស្ដ្រកើតមានឡើងពេលកកំណើត គឺជាការផ្សំផ្គុំក្រូម៉ូសូម និងការវិវឌ្ឍន៍នៃការផលិតនិងប្រើប្រាស់អ័រម៉ូនភេទ។ រីកត្ដាផ្លូវចិត្ដភេទទាក់ទងនឹងអារម្មណ៍ បរិស្ថានគ្រួសារ និងសង្គម ជួនបណ្ដាលមកពីការសេពគប់និងបុគ្គលិកលក្ខណៈ។
2 . ចាញ់មុនប្រយុទ្ធ
ខ្ញុំបាទរៀបការបាន៦ឆ្នាំមកហើយ។ កាលពីមុនខ្ញុំមានសេចក្ដីសុខផ្លូវភេទ និងបានផ្ដល់សេចក្ដីសុខដល់ភរិយាខ្ញុំបានប្រសើរ។ ប៉ុន្មានខែនេះ ខ្ញុំព្រួយចិត្ដណាស់ ព្រោះពេលខ្ញុំរួមភេទជាមួយភរិយាខ្ញុំ ស្រាប់តែលិង្គខ្ញុំទន់ភ្លាម។ តើខ្ញុំមានបញ្ហា“លិង្គងាប់” ឬយ៉ាង ណា? សូមលោកវេជ្ជបណ្ឌិតយើង ជួយខ្ញុំបាទផង។
លោក ម.ស.ធ អាយុ៣៣ឆ្នាំ ខេត្ដកំពង់ចាម
វេជ្ជបណ្ឌិតយើង ៖ ការទន់លិង្គដែលកំពុងឡើងរឹងនៅក្នុងទ្វារមាសបែបនេះ ពិតជារឿងមិនប្រក្រតីទេ បើលោកមិនទាន់បានបាញ់ចេញទឹកកាមនៅឡើយនោះ។ ព្រោះថាបើបាញ់ចេញទឹកកាមរួចហើយ បន្ទាប់មកលិង្គលែងរឹងហើយទន់គឺជារឿងធម្មតាទេ។ មុននឹងឆ្លើយខ្ញុំសូមជម្រាបថា ការឡើងរឹងនៃលិង្គគឺជាបាតុភូតមិនស្ថិតស្ថេរ ដែលកើតឡើងតែមួយរយៈពេលហើយនឹងទន់ជ្រាយវិញ ភ្លាម ក្រោយពេលចេញទឹកកាម។ ព្រោះការឡើងរឹងនៃលិង្គមិនមែនជារ៉េផ្លិចមួយដែលធានាបានការមានស្ថេរភាពនៃការរួមភេទពី ដើមដល់ចប់នោះទេ។ មានន័យថា ធម្មជាតិផ្ដល់ការស្រើបស្រាលល្មមៗតែត្រូវបូករួមនឹងកត្ដាផ្សេងទៀត។ សូមបញ្ជាក់ថា គ្រាន់តែ ការដាស់សម្រើបមិនបានល្អ និងការអស់កម្លាំងកំហែងម្ដងម្កាលក៏អាចថមថយចំណង់ផ្លូវភេទ និងលែងឱ្យលិង្គឡើងរឹងបានល្អបាន។ ទោះបីលោកមានអាយុប៉ុន្មានមិនសំខាន់ទេតែការទន់ពេលរួមភេទនេះជាបញ្ហាកំប៉ិកកំប៉ុកតែប៉ុណ្ណោះ។ ជារួមការទន់លិង្គដែលកំពុង ឡើងរឹងនេះ មិនមែនជាសញ្ញា ឬបញ្ហា“លិង្គងាប់”នោះទេ។ ដូច្នេះដើម្បីកែតម្រូវសូមលោកត្រួតពិនិត្យឡើងវិញអំពីជីវភាពផ្លូវភេទប្ដី ប្រពន្ធរបស់លោក ទាំងទំនាក់ទំនង ទាំងបរិយាកាសដែលដាក់ទម្ងន់ទៅលើការស្រើបស្រាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply