ស្ដ្រី​ត្រូវ​ស្ទាប​សុដន់?

សុដន់​គឺជា​អវយវៈ​មួយ​គូរបស់​មនុស្ស ដែល​ធម្មជាតិ​បាន​ផ្ដល់​ឱ្យ​ហើយ​ក៏ជា​ផ្នែក​មួយ​នៃ​សោភ័ណ​ភាព​ជួយ​លើក​សម្រស់ សម្រាប់​ស្ដ្រីដែរ។ ហេតុនេះ​ស្ដ្រីត្រូវ​មាន​ការ​យក​ចិត្ដ​ទុក​ដាក់​ថែ​ទាំ​សុដន់​ខ្លួនឯង ដោយ​ធ្វើការ​ស្ទាប​ជារៀង​រាល់​ខែ​ព្រោះ​ខ្លាច​សុដន់ មាន​បញ្ហា នាំឱ្យ​បាត់​បង់នូវ​សោ​ភ័ណ​ភាព​និង​សុខភាព។ បញ្ហា​ជាពិសេស គឺជម្ងឺ​មហារីក​សុដន់។ ម្យ៉ាង​ទៀត យោង​តាម​លទ្ធផល របាយ​ការណ៍​អន្ដរ​ជាតិ​បាន​បង្ហាញ​ថា ៧០ភាគ​នៃជម្ងឺ​មហារីក​សុដន់​គឺស្ដ្រី​ជាអ្នក​រកឃើញ​ដោយ​ការស្ទាប​ដោយ​ខ្លួនឯង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត ថៃហ្វា វ៉ីហ្គង់ អ្នក​ឯកទេស​ផ្នែក​រោគស្ដ្រី និង​សម្ភព នៃ​​​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​មាន​វត្ដ​មាន​​បក​ស្រាយ បំភ្លឺ​ប្រធាន​បទស្ដីពី​ស្ដ្រីត្រូវ​ស្ទាប​សុដន់ ជូន​ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន​ជ្រាប តាមរយៈ​ទស្សនាវដ្ដី សុខភាព​យើង។

ប្រការ​ដែល​ស្ដ្រី​ស្ទាប​សុដន់

យើង​ដឹង​ហើយ​ថា សុដន់​គឺជា​សរីរាង្គ​មួយ​គូរ​បស់​មនុស្ស ផ្ដល់នូវ​សម្រស់​ពិសេស​សម្រាប់​ស្ដ្រី។ មិន​តែ​ប៉ុណ្ណោះ​សុដន់ ក៏ជា​សរីរាង្គ​ដែល​​មាន​សារៈ​សំខាន់​ចម្បង​របស់​មនុស្ស​ស្រី​ក្នុង​ការ​បំបៅ​ដោះ​កូន។ សុដន់​ក៏ជាវត្ថុ​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ភាព​រំញោច ដែល​ជា​លក្ខណៈ​​ជំនួយ​ដល់​ការ​រួមភេទ​ផង​ដែរ។ មូល​ហេតុ​ដែល​ស្រីតែង​តែ​ចូលចិត្ដ​ធ្វើការ​ស្ទាប​សុដន់​ខ្លួនឯង គឺក្នុង​គោល​បំណង ផ្សេងៗ​គ្នាដូច​ជា​ស្ដ្រីខ្លះ​ចង់ដឹង​ពី​ជម្ងឺ​មហារីក​សុដន់។ ព្រោះ​ការ​ស្ទាប​សុដន់​ជារៀង​រាល់ ខែ​អាច​ធ្វើឱ្យ​ដឹង​នូវជម្ងឺ​មហារីក​សុដន់។ ដោយ សារ​នៅ​ប្រទេស​ជឿន​លឿន ជម្ងឺ​មហារីក​សុដន់​គឺជា​ជម្ងឺ​មហារីក​នៅ​លំដាប់​ទី១​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​ជម្ងឺ​មហារីក​សុដន់​គឺនៅ លំដាប់​ទី២​បន្ទាប់​ពីជម្ងឺ​មហារីក​មាត់​ស្បូន។ នៅ​ប្រទេស​កម្ពុជា​ច្រើន​ជួប​ជម្ងឺ​មហារីក​សុដន់​ស្ថិត​នៅក្នុង​ដំណាក់​កាល​មួយ​ខ្ពស់ បើ​ប្រៀប ធៀប​ជាមួយ​ជម្ងឺ​មហារីក​សុដន់​ដែល​រក​ឃើញ​នៅ​ស្រុក​គេ។ តាម​របាយ​ការណ៍​លទ្ធ​ផល​នៃការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អន្ដ​រជាតិ​បាន បង្ហាញ​ថា ៧០ភាគ​រយ​នៃ​អ្នក​កើត​ជម្ងឺ​មហារីក​សុដន់​គឺស្ដ្រី​ជាអ្នក​រកឃើញ​ដោយ​ការ​ស្ទាប​សុដន់​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ទៅ​ថត​សុដន់​ដោយ​ប្រើ​ឧបករណ៍​ម៉ាស៊ីន​ទំនើប​គាប​សុដន់ ដើម្បី​ពិនិត្យ​ចង់ដឹង​ឡើយ។ ដូចនេះ​ស្ដ្រី​ដែល​មាន​អាយុ​កាល​លើស​ពី៤០​ឆ្នាំ​ត្រូវធ្វើ​ការ​ស្ទាប​សុដន់​ខ្លួន​ឯង​ដើម្បី​ដឹង​ថាមាន​ជម្ងឺនេះ ឬក៏​មិនមាន។ ចំណែក​ឯស្ដ្រី​មួយ​ចំនួន​ទៀត​បាន​ធ្វើការ​ស្ទាប​សុដន់​ខ្លួនឯង​ដែរ​ប៉ុន្ដែ​ក្នុង​គោល​បំណង​ចង់​បង្កើត​នូវ​រំញោច​អារម្មណ៍​ស្រើប​ស្រាល​ចំណង់​ផ្លូវភេទ។

របៀប​ស្ទាប​សុដន់​ដោយ​ខ្លួន​ឯង ដើម្បី​ចង់​ដឹង​ជម្ងឺ​មហារីក​សុដន់

ចំពោះ​ការ​ស្ទាប​សុដន់​ដោយ​ខ្លួនឯង ស្ដ្រី​ត្រូវ​មាន​បច្ចេក​ទេស​ក្នុង​ការ​ស្ទាប។ ការ​ស្ទាប​សុដន់​គឺធ្វើ​ឡើង​ដោយ​យក​ម្រាមដៃ មក​សង្កត់​ទៅលើ​សុដន់ ហើយ​រុញ​សុដន់​ទៅជល់​នឹង​ឆ្អឹង​ជំនីរ ទើប​អាច​ដឹង​ពីមហារីក​សុដន់​បាន។ មាន​ស្ដ្រី​មួយ​ចំនួន​មិន​បាន​ដឹង​ពីរបៀប ឬ​បច្ចេក​ទេស​នៃ ការ​ស្ទាប​សុដន់​ឡើយ​ដោយ​យក​ម្រាម​ដៃចេះ​តែ​ស្ទាប​ច្របាច់​សុដន់​រុញ​ចុះ​រុញ​ឡើង។ កាល​ដែល​ធ្វើបែប​នេះ​គឺមិន​អាច ឱ្យដឹង​បានទេ។ សម្រាប់​ស្ដ្រី​ដែល​មិនបាន​ដឹងពី​របៀប​នៃការ​ស្ទាប​ច្របាច់​មិន​គួរ​មាន​ការ​អៀន​ខ្មាស​ឡើយ ត្រូវ​មាន​ចិត្ដ​ក្លាហាន​ទៅ មន្ទីរ​ពេទ្យ ដើម្បី​ជួប​គ្រូពេទ្យ​ឱ្យធ្វើ​ការស្ទាប​សុដន់​ដើម្បី​រក​ដុំរឹង​ឬរក​កន្លែង​សង្ស័យ​នៅលើ​សុដន់។ ចំពោះ​ការ​ស្ទាប​សុដន់​ដោយ​ប្រើដៃ គឺជា​កិច្ចការ​មួយ​ដែល​ងាយ​ស្រួល ហើយ​មិន​អស់​ថវិកា​ទៀត​ផង​ជា​ពិសេស​អាច នាំ​មកនូវ​លទ្ធផល​មួយ​ចំនួន​គួរឱ្យ​កត់​សម្គាល់​ទៀត​ផង ដូចជា​ការស្ទាប​ប៉ះ​ដុំ​ឬចំ​កន្លែង​ដែល​រឹងខុស​ពីកន្លែង​ផ្សេង​ទៀត​ជាដើម។ ជាទូទៅ​ការ​ស្ទាប​ប៉ះដុំ​ដែលរឹង​នេះ គឺទាល់​តែដុំ​នោះ​មាន​ទំហំ លើស​ពី១សង់​ទីម៉ែត្រ​ឡើង​ទៅ។ ក្នុង​ករណី​ដែល​ស្ទាប​សុដន់​ចង់ដឹង​ពីជម្ងឺ​មហារីក​សុដន់​ដោយ​ធ្វើការ​យកដៃ​សង្កត់​ដោះ ហើយ​បណ្ដាល​ឱ្យមាន​ការ​ហូរ​ទឹក​ក្បាល​ដោះ។ ស្ដ្រីមិន​ត្រូវ​អូស​បន្លាយ​ពេល​វេលា​ដោយ​គិតថា វាជារឿង​ធម្មតា​នោះទេ ព្រោះ​អាចជា ដំណាក់​កាល​ខ្ពស់​ហើយ​ការ​ព្យាបាល​ក៏មិន​សូវទទួល​បាន​លទ្ធផល​ល្អទេ។ ហេតុ​នេះត្រូវ​មក​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​ដែល​មាន​សមត្ថ​ភាព​អាច​ពិនិត្យ​រក​មូល​ហេតុ និង​ពន្យល់​អ្នក​ជម្ងឺ​អំពី​ស្ថានភាព​នេះ។

ប្រការ​ដែល​ស្ដ្រីគួរ​ប្រតិបត្ដិ

អាយុ​ជាមធ្យម​នៃស្ដ្រី​ដែល​បាន​កើត​ជម្ងឺ​មហារីក​សុដន់ គឺស្ដ្រី​ដែល​មានវ័យ​៥៥ឆ្នាំ។ ជម្ងឺ​មហារីក​សុដន់​កើត​ឡើង​មុន​គឺអាយុ​៥០ឆ្នាំ មុន​ពេល​ដែល​ស្ដ្រីអស់​រដូវ។ ដូចនេះ​ស្ដ្រី​ដែល​មាន​អាយុ​លើស​ពី៥០​ឆ្នាំ​ត្រូវតែ​មាន​ការថត​ដោយ​ប្រើម៉ាស៊ីន​គាប​ដោះ ជារៀង​រាល់២​ឆ្នាំម្ដង​រហូត​ដល់​វ័យ៧៥​ឆ្នាំ។ តាម​ស្ថិតិ​អន្ដ​រជាតិ​បាន​បង្ហាញ​ថា​ស្ដ្រី​ដែល​ឧស្សាហ៍​ស្ទាប​សុដន់​ខ្លួនឯង​ជារៀង​រាល់​ខែ ហើយ​ពុំមាន​ចំណុច​ណាមួយ​ដែល​គួរ​ឱ្យ​សង្ស័យ ប៉ុន្ដែ​ដោយ​ការ​មិន​អស់​ចិត្ដ​សូម​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ថត​សុដន់។ ចំពោះ​ស្ដ្រី​ដែល​មិន​មាន រោគ​សញ្ញាអ្វី​ទាំង​អស់​នេះ គេ​អាច​រក​ឃើញ​នៅពេល​ដែល​ទៅថត​ដោយ​ប្រើម៉ាស៊ីន​គាប​ដោះ​ទើប​ដឹងថា​មាន​មហារីក​សុដន់។  ៥៥​ភាគ​រយ​នៃ​ជម្ងឺ​មហារីក​សុដន់​ដែល​រក​ឃើញ​ដោយ​ការថត​នេះ​គឺមាន​ទំហំ​តូច​ជាង១​សង់​ទី ម៉ែត្រ។ ក៏ប៉ុន្ដែ​ដោយ​សារ​នៅ​ប្រទេស កម្ពុជា​យើង ម៉ាស៊ីន​ថតដោះ​មានមិន​លើស​ពី១០​គ្រឿង​ឡើយ​ហើយ​តម្លៃ​នៃការ​ពិនិត្យ​មាន​តម្លៃ​ខ្ពស់​បន្ដិច ទើបធ្វើ​ឱ្យស្ដ្រី​ខ្មែរ​យើង ភាគ​ច្រើន​មិន​មាន​លទ្ធភាព​ក្នុង​ការថត​ដោះ​ឡើយ។

ដំបូន្មាន​អ្នក​ឯកទេស

ស្ដ្រីទាំង​ឡាយ​ត្រូវចេះ​ថែទាំ​សុដន់​ខ្លួន​ឯង ដើម្បី​ចៀស​វាង​កើត​មាន​ជម្ងឺ​មហារីក​សុដន់។ ស្ដ្រី អាច​ធ្វើការ​ស្ទាប​សុដន់​ខ្លួន​ឯង ដោយ​យក​ម្រាមដៃ​មក​សង្កត់​ទៅលើ​ដោះ​ដោយ​រុញ​ដោះ​ទៅ ជល់​ឆ្អឹង​ជំនីរ នោះ​នឹងដឹង​ថា​មាន​ឬ​អត់។ ប្រសិនបើ​មិន​ចេះពីរ​បៀប​ក្នុង ការ​ស្ទាបទេ ស្ដ្រី អាច​ទៅជួប​គ្រូពេទ្យ​ជំនាញេ​ធ្វើការ​ស្ទាប​ដោះ។ ក្នុង​ករណី​ដែល​ស្ទាប​មិន​មាន​រោគ​សញ្ញា​ឬគ្មាន​ចំណុច​សង្ស័យ​ណា មួយ​ទេ ត្រូវ​ធ្វើការ​ថត​ដោះ​ដោយ​ប្រើ​ម៉ាស៊ីន​ទំនើប​គាប​ដោះ​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *