ការប្រមូលសម្រាមនៅរាជធានីភ្នំពេញត្រូវបានប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញមើលឃើញថា មិនមានភាពប្រសើរនៅពេលមានពិធីធំដុំអ្វីមួយត្រូវបានប្រារព្ធនៅកម្ពុជា។ ជាក់ស្តែង ការប្រមូលសម្រាមនៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងទីក្រុងភ្នំពេញមានការរអ៊ូរទាំពីក្លិន ស្អុយ ឆ្អេះឆ្អាបរបស់សម្រាមទាំងនោះ ដោយសារខាងក្រុមហ៊ុនប្រមូលសម្រាមនៅទីក្រុងភ្នំពេញដើរប្រមូលមិនទាន់។ ដោយសារតែបញ្ហានេះហើយទើបបានជាសាលារាជធានីភ្នំពេញបានធ្វើសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋដែលរស់នៅទីក្រុង ធ្វើការវេចខ្ចប់សម្រាមរបស់ខ្លួននៅតាមគេហដ្ឋានឲ្យបានស្អាត និងត្រឹមត្រូវទម្រាំកម្លាំងអ្នកធ្វើការប្រមូលសម្រាមត្រឡប់មកពីចូលរួមការបោះឆ្នោតរួចរាល់។
យោងតាមសេចកក្តីជូនដំណឹងចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ របស់សាលារាជធានីភ្នំពេញ បានប្រកាសឱ្យដឹងថា ដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ១៥៥ក.ប/ស.ជ.ណ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ បានអនុញ្ញាតច្បាប់ជូននិយោជិត កម្មករ កម្មការិនី ដែលនៅតាមបណ្តាខេត្តឈប់សម្រាកចំនួន៣ថ្ងៃ គឺថ្ងៃទី២-៣-៤ ខែមិថុនា ឆ្នាំ២០១២ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សា ឃុំ-សង្កាត់ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ នាពេលខាងមុខនេះ។ ហេតុដូច្នេះហើយ ការផ្តល់សេវាសម្អាតនិងប្រមូល ព្រមទាំងដឹកជញ្ជូនសម្រាមនៅក្នុងរាជធានីភ្នំពេញ នឹងមានការរអាក់រអួលមិនបានពេញលេញចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២ ដោយសារកម្មករ កម្មការិនីរបស់ក្រុមហ៊ុន ស៊ីនទ្រី ភាគច្រើនបានទៅចូលរួមបោះឆ្នោត។ នៅក្នុងរយៈពេល៤ថ្ងៃ ដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាវេចខ្ចប់ និងទុកដាក់សំរាមនៅក្នុងផ្ទះរៀងៗខ្លួនឱ្យបានត្រឹមត្រូវ សូមមេត្តាកុំបញ្ចេញសំរាមមកខាងក្រៅផ្ទះ និងចោលតាមទីសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ការធ្វើចរាចរណ៍ អនាម័យ សោភ័ណភាព និងបរិស្ថានទីក្រុង ។ ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសម្រាមនៅក្នុងរាជធានីភ្នំពេញ នឹងដំណើរការជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១២ តទៅ ។
នៅក្នុងសេចក្តីជូនដំណឹងនោះសាលារាជធានីបានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការរអាក់រអួលនេះ និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់យល់និងចូលរួមអនុវត្តតាមការណែនាំខាងលើ ។
ព្រមជាមួយគ្នានេះ គេហទំព័រ សុខភាពកម្ពុជា ក៏សូមជម្រាបជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅទីក្រុងថា សម្រាមបានផ្តល់ និងជះឥទ្ធិពលអាក្រក់ជាច្រើនដែលអាចចម្លងមេរោគទៅកាន់បងប្អូនដោយមិនដឹងខ្លួនតាមរយៈការហើរសារធាតុកខ្វក់ចេញពីសំណល់សម្រាមដែលផុយរលួយចូលទៅក្នុងសួត បង្កទៅជាជម្ងឺផ្សេងៗ និងតាមរយៈសត្វចង្រៃដូចជាសត្វកណ្តុរ និងសត្វរុយជាដើមដែលទៅតោងទាមសម្ភារៈប្រើប្រាស់របស់លោកអ្នក ដោយបង្កជាមេរោគដល់សម្ភារៈទាំងនោះដោយការខ្វះបំរុងប្រយ័ត្ន។ ដូច្នេះជាប្រការល្អ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មិនថា នៅទីក្រុង ឬជនបទនោះទេ ត្រូវតែវេចខ្ចប់សម្រាប ឬកាកសំណល់ទាំងនោះឲ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែមិថុនា ២០១២
Leave a Reply