មានមនុស្សមួយចំនួនចាត់ទុកការហ៊ឹងត្រចៀកជាបញ្ហាមួយសាមញ្ញធម្មតា ទើបធ្វើឱ្យគេខ្វះការយកចិត្ដទុកដាក់ដែលអាច បណ្ដាលឱ្យទៅជាមានបញ្ហាធ្ងន់ធ្ងរបាន។ ដូចយើងដឹងហើយថាត្រចៀកមានសារៈសំខាន់ណាស់ក្នុងការទំនាក់ទំនងការងារប្រចាំថ្ងៃ។ បើកាលណាត្រចៀកមានបញ្ហា ការរស់នៅក៏ត្រូវជួបប្រទះនូវបញ្ហាដែរ។ ហ៊ឹងត្រចៀកមិន មែនជាជម្ងឺថ្លង់នោះទេ ក៏ប៉ុន្ដែអាការហ៊ឹង ត្រចៀក គឺជារោគសញ្ញានៃជម្ងឺដទៃទៀត ដែលអាចកើតមានឡើងចំពោះអ្នកជម្ងឺ។
នៅក្នុងទំព័រនេះ លោកអ្នកនឹងបានស្វែងយល់ពីបញ្ហាហ៊ឹងត្រចៀកជាមួយទស្សនាវដ្ដី សុខភាពយើងដោយជួបជាមួយលោក វេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ឯកទេសខាងត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង។
អ្វីទៅដែលហៅថាហ៊ឹងត្រចៀក?
ហ៊ឹងត្រចៀកមិនមែនជាជម្ងឺទេ តែវាជារោគសញ្ញានៃជម្ងឺមួយចំនួនដែលតែងតែយាយីដល់អ្នកជម្ងឺ។ អាការហ៊ឹងត្រចៀក អាចកើតឡើងនៅលើត្រចៀកតែម្ខាង ឬអាចទាំងសងខាង ដោយមានសម្លេងប្លែកៗឥតដាច់។ លើសពីនេះហ៊ឹងត្រចៀកអាចកើតមាន ឡើងលើមនុស្សគ្រប់វ័យ គ្រាន់តែកូនក្មេងអាចបណ្ដាលមកពីមូលហេតុតិចតួចប៉ុណ្ណោះ។ ឯមនុស្សចាស់ដែលហ៊ឹងត្រចៀកអាចបង្ហាញ ពីអាការនៃជម្ងឺផ្សេងៗដែលធ្ងន់ធ្ងរហើយបញ្ហាទាំងនេះគឺទាមទារឱ្យមានការតាមដានព្យាបាលជាចាំបាច់ពីគ្រូពេទ្យជំនាញ។
មូលហេតុនាំឱ្យហ៊ឹងត្រចៀក
អាការហ៊ឹងត្រចៀកច្រើនកើតឡើងភាគច្រើនលើមនុស្សវ័យចាប់ពីអាយុ៤០ទៅ៧០ឆ្នាំ។ តាមបទពិសោធន៍ដែលបានជួប ប្រទះកន្លងមកឃើញថា ៩០%នៃអ្នកហ៊ឹងត្រចៀកគឺបណ្ដាលមកពីជម្ងឺត្រចៀក។ រីឯ១០%ផ្សេងទៀតច្រើនបណ្ដាលមកពីជម្ងឺផ្សេងៗ ។ ហ៊ឺងត្រចៀកមានពីរប្រភេទ ដែលបណ្ដាលមកពីមូលហេតុដោយឡែកពីគ្នា។
1 . ហ៊ឹងត្រចៀកប្រភេទទី១ ឬបែបអុបជិកធីវ ៖ ការហ៊ឹងរបៀបនេះមានចំនួនតិចតួចប៉ុណ្ណោះ។ គ្រូពេទ្យអាចប្រើប្រាស់ ឧបករណ៍វាស់ស្ដាប់ពីសូរសម្លេង ដែលលាន់ឡើងនៅក្នុងត្រចៀករបស់អ្នកជម្ងឺ។ នៅក្នុងករណីហ៊ឹងត្រចៀកបែបអុបជិកធីវនេះ ភាគ ច្រើនបណ្ដាលមកពីការចូលគ្នានៃសរសៃឈាមស និងសរសៃក្រហមរបស់ក្បាល ឬក្បែរត្រចៀក។ មូលហេតុផ្សេងទៀតបណ្ដាលមក ពីការស្ទះ ឬការរីកប៉ោងនៃសរសៃឈាមជុំវិញត្រចៀក ឬនៅនឹងត្រចៀកដែលជាភាពមិនប្រក្រតីមានមកតាំងពីកំណើតរបស់មនុស្ស មួយចំនួន។ ម្យ៉ាងទៀតនៅក្នុងត្រចៀកមានកូនឆ្អឹងតូចៗដែលមានសរសៃឈាមចិញ្ចឹម បើកាលណាសរសៃឈាមទាំងនោះស្ទះ អាច ធ្វើឱ្យកូនឆ្អឹងគាំង ឬស្លាប់ ឬសាច់ដុំកន្ដ្រាក់នៃកូនឆ្អឹងទាំងនោះមានបញ្ហា វាក៏បណ្ដាលឱ្យមានសម្លេងហ៊ឹងកើតឡើងដែរ។ មានករណី តិចតួចខ្លះដែរ ដែលបណ្ដាលមកពីតំណពូជ។
2 . ហ៊ឹងត្រចៀកប្រភេទទី២ ឬបែបសាប់ជិកធីវ ៖គេមិនអាចប្រើប្រាស់ឧបករណ៍វាស់ស្ដាប់ពីសូរសម្លេងដែលអ្នកជម្ងឺហ៊ឹង នោះបានឡើយ គឺមានតែអ្នកជម្ងឺទេ ដែលអាចដឹងថាខ្លួនគាត់កំពុងហ៊ឹង។ ដូច្នេះអ្នកជម្ងឺអាចបរិយាយនូវអាការហ៊ឹងត្រចៀករបស់ខ្លួន ជូនគ្រូពេទ្យស្ដាប់ និង ធ្វើការសិក្សាពីមូលហេតុ។ មូលហេតុទាំងនោះអាចមានច្រើនដូចខាងក្រោមនេះ។
- ជម្ងឺមេតាប៉ូលិកជាប្រភេទជម្ងឺដូចជាជម្ងឺពក-ក ជម្ងឺលើសជាតិខ្លាញ់ ជម្ងឺបេះដូង ជម្ងឺទឹកនោមផ្អែមជាដើម
- ជម្ងឺផ្លូវចិត្ដ និងជម្ងឺសរសៃប្រសាទ ដែលបណ្ដាលពីការប៉ះទង្គិចទៅលើផ្នែកណាមួយនៃក្បាលនិងដែលពាក់ព័ន្ធទៅនឹង ប្រព័ន្ធប្រសាទ
- ជម្ងឺក្នុងត្រចៀកមានដូចជាអំបៅអំបែករ៉ាំរ៉ៃ ដុះដុំសាច់ក្នុងត្រចៀក រលាកត្រចៀកក្នុងជាដើម
- ជម្ងឺមេញែឌីហ្ស៊ីស គឺការកើនឡើងខ្ពស់នៃសម្ពាធទឹកដែលត្រាំកោសិកាទទួលសូរសម្លេងអាចបណ្ដាលឱ្យអ្នកជម្ងឺហ៊ឹង ត្រចៀក ឬអាចថ្លង់ក៏មាន
- ករណីមានអាចម៍ត្រចៀកច្រើន អាចហ៊ឹងផង ថ្លង់ផង(អាចកម្រិតស្រាល ឬកម្រិតធ្ងន់)
- ក្រៅពីជម្ងឺទាំងនេះនៅមានបញ្ហាផ្សេងទៀតដែលបណ្ដាលឱ្យហ៊ឹង ដូចជាការប្រើប្រាស់ថ្នាំការបំពេញការងារនៅកន្លែង ដែលមានសម្លេងខ្លាំងជាប្រចាំ ការអស់កម្លាំង កង្វះជីវជាតិ មានករណីរលាកស្រោមខួរ មានដុំសាច់ក្នុងខួរក្បាលការហ៊ឹងដោយសារ ភាពចាស់ជរាជាដើម។
រោគសញ្ញានៃការហ៊ឹងត្រចៀក
ការហ៊ឹងត្រចៀកមិនមានរោគសញ្ញាណាផ្សេងក្រៅពីមានសម្លេង ដែលឮសូរជាប់មិនដាច់នោះឡើយ។ សូរទាំងនោះមានដូច ជាសូរសម្លេងទឹកហូរ ខ្យល់បក់ ឬសម្លេងតឹកៗ ង៉ឺតៗជាដើម។ ក្នុងករណីហ៊ឹងត្រចៀកបណ្ដាលមកពីមានជម្ងឺមួយចំនួនក្នុងត្រចៀក ទើបបណ្ដាលឱ្យឈឺ តែធម្មតាមិនមានការឈឺចាប់ទេ។ មានតែអ្នកជម្ងឺខ្លួនឯងទេដែលដឹងពីរោគសញ្ញានៃការហ៊ឹងច្បាស់លាស់។ ប៉ុន្ដែ បើហ៊ឹងត្រចៀកដែលជារោគសញ្ញានៃជម្ងឺផ្សេងទៀតនោះគឺអាចដឹងដោយការថត(ធ្វើស្គែនណែ) ដូចជាឡើងប៉ោងសរសៃឈាម មាន ដុំសាច់ក្នុងត្រចៀក ឬរលាកត្រចៀកក្នុងជាដើម។ ករណីដែលអាចធ្វើការសន្និដ្ឋានបាន ដូចជាអ្នកជម្ងឺធ្លាប់មានប្រវត្ដិកើតអំបៅអំបែក លុះពេលបច្ចុប្បន្នលេចឡើងនូវអាការហ៊ឹងត្រចៀក នោះគេអាចដឹងថាហ៊ឹងត្រចៀករបស់អ្នកជម្ងឺគឺបណ្ដាលពីការកើតអំបៅអំបែក។ បើអ្នកជម្ងឺមានអាការស្លេកស្លាំង ហើយហ៊ឹងត្រចៀកគឺអាចបណ្ដាលពីកង្វះវីតាមីន។ ប៉ុន្ដែនៅក្នុងការសន្និដ្ឋានជាបឋមនេះ ក៏ត្រូវមាន ការពិនិត្យជាក់លាក់ពីគ្រូពេទ្យជំនាញដែរ។
វិធីការពារកុំឱ្យហ៊ឹងត្រចៀក
- ប្រើប្រដាប់ការពារសម្លេងពាក់នឹងត្រចៀក ពេលធ្វើការនៅកន្លែងដែលមានសម្លេងខ្លាំង ឬសម្លេងតិច តែជាប្រចាំ
- កាត់បន្ថយការពិសាបារី កាហ្វេ តែ ឬបញ្ឈប់តែម្ដង បើវាជាមូលហេតុបណ្ដាលឱ្យហ៊ឹងត្រចៀក
- ក្រោយពីបានប្រើថ្នាំមួយចំនួន បើមានលេចឡើងការហ៊ឹងត្រចៀក ត្រូវបញ្ឈប់ភ្លាមហើយត្រូវជួបប្រឹក្សានឹងគ្រូពេទ្យ ជំនាញ
- សូមបរិភោគអាហារដែលមានវីតាមីនគ្រប់គ្រាន់។
វិធីព្យាបាលការហ៊ឹងត្រចៀក
ក្នុងការព្យាបាលអាការហ៊ឹងត្រចៀកគេសង្កេតឃើញថា ២៥%អាចជាសះស្បើយ ៥០%អាច ត្រឹមតែធូរស្រាលនិង២៥% ទៀតមិនអាចជាសះស្បើយបានទេ ដូចជាករណីមនុស្សចាស់ជាដើម។ ការព្យាបាលនេះគឺធ្វើទៅតាមមូលហេតុដែលបណ្ដាលឱ្យកើត មាន។ មានការព្យាបាលដោយប្រើឧបករណ៍ហៀរីងអ៊ែតពាក់នឹងត្រចៀកដែលអាចស្ដាប់វិទ្យុដោយបើកសម្លេងតិចៗ ក្បែរត្រចៀក ឱ្យបានញឹកញាប់ ពិសេសពេលគេង។ ពេលខ្លះអ្នកជំនាញនឹងព្យាបាលដោយការវះកាត់ដែលជាការព្យាបាលពិសេសអាស្រ័យទៅលើ មូលហេតុ។
ផលវិបាកដែលបណ្ដាលមកពីហ៊ឹងត្រចៀក
វាជាបញ្ហាអាក្រក់មួយដែលក្នុងត្រចៀកពោរពេញទៅដោយសម្លេងរំខានឥតដាច់។
- អារម្មណ៍មួម៉ៅ ឆាប់ខឹង ឆេវឆាវ តប់ប្រមល់
- ធ្វើឱ្យអ្នកជម្ងឺដេកមិនលក់
- រំខានដល់ការបំពេញការងារ
- ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យថ្លង់រហូតតែម្ដង។
ដំបូន្មានអ្នកប្រឹក្សា
អ្នកដែលមានបញ្ហាហ៊ឹងត្រចៀកចាំបាច់ត្រូវទៅជួបគ្រូពេទ្យ ដើម្បីទទួលការប្រឹក្សាពិគ្រោះយោបល់និងព្យាបាលឱ្យបានរួស រាន់ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់យើងបាន។ មានតែគ្រូពេទ្យឯកទេសទេដែលមានលទ្ធភាពក្នុងការព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨
Leave a Reply