រហូតមកដល់បច្ចុប្បន្ននេះជម្ងឺអេដស៍ពុំទាន់មានអ្នកប្រាជ្ញណាម្នាក់រកឃើញវិធីព្យាបាលនៅឡើយទេ។ ជម្ងឺនេះនៅតែជា ឃាតករដ៏កាចសាហាវដែលបានប្រហារជីវិតមនុស្សច្រើនបំផុតនៅកម្ពុជា បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍។ ដោយហេតុពុំមានលទ្ធភាព ព្យាបាលអ្នកជម្ងឺអេដស៍ឱ្យបានជាសះស្បើយនោះ ទើបបណ្ដាអង្គការពាក់ព័ន្ធបានរួមសហការជាមួយនឹងក្រសួងសុខាភិបាលនៅកម្ពុជា ព្យាយាម អប់រំ និងណែនាំដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗ ដើម្បីទប់ស្កាត់កុំឱ្យជម្ងឺនេះរីករាលដាលតទៅទៀត។
ជាក់ស្ដែងកាលពីចុងខែមេសា ឆ្នាំ២០០៨កន្លងទៅនេះ ក្រសួងសុខាភិបាល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានបើក អង្គសិក្ខាសាលាមួយបង្ហាញអំពីលទ្ធផលនៃការអង្កេតតាមដានចំណេះដឹងស្ដីពីជម្ងឺអេដស៍ និងការប្រព្រឹត្ដផ្លូវភេទនៅកម្ពុជា ដែលជា លទ្ធផលនៃការខិតខំរបស់ខ្លួន។
ស្ថាន ភាព ទូទៅ នៃជម្ងឺ អេដស៍ នៅ កម្ពុជា
តាមរបាយការណ៍ដែលបង្ហាញជូនសិក្ខាកាមនៅក្នុងអង្គសិក្ខាសាលានោះបានឱ្យដឹងថា នៅប្រទេសកម្ពុជាអត្រាអ្នកផ្ទុក មេរោគអេដស៍បានថយចុះមកត្រឹមប្រមាណ០.៩%នៅឆ្នាំ២០០៦ ដែលការថយចុះនេះអាចជាលទ្ធផលវិជ្ជមានរបស់ការផ្លាស់ប្ដូរការ ប្រព្រឹត្ដ និងវិជ្ជមានសម្រាប់ការងារបង្ការទប់ស្កាត់មេរោគអេដស៍ និងជម្ងឺអេដស៍។ ទន្ទឹមនោះនៅលើពិភពលោកនាពេលបច្ចុប្បន្នមាន មនុស្សពេញវ័យ និងក្មេងចំនួន៤០លាននាក់បានផ្ទុកមេរោគអេដស៍ ហើយយ៉ាងហោចណាស់ក្មេងដែលមានអាយុក្រោម១៥ឆ្នាំ ប្រមាណ១០.៤លាននាក់បានបាត់បង់ម្ដាយ ឬទាំងឪពុកម្ដាយដោយសារជម្ងឺអេដស៍។
សកម្មភាពទប់ស្កាត់មេរោគអេដស៍ និងជម្ងឺអេដស៍នៅកម្ពុជា
ដោយសារតែបញ្ហាដ៏ធ្ងន់ធ្ងរនេះហើយ ទើបចាប់តាំងពីជម្ងឺអេដស៍មានវត្ដមាននៅកម្ពុជារហូតមកដល់បច្ចុប្បន្ន ជម្ងឺអេដស៍ ត្រូវបានគេគិតគូរយកចិត្ដទុកដាក់យ៉ាងខ្ល្លាំងទាំងក្នុងស្ថាប័នរាជរដ្ឋាភិបាល និងអង្គការជាតិនិងអន្ដរជាតិ។ សកម្មភាពទាំងនេះបានធ្វើឱ្យ ប្រជាពលរដ្ឋបានយល់់ដឹងយ៉ាងច្រើន និងបានជំរុញឱ្យការងារនេះមានភាពល្អប្រសើរ។ ទោះជាយ៉ាងណាក៏ដោយ ក៏ដំណើរការនេះត្រូវ ការការចូលរួមពីសំណាក់់ប្រជាពលរដ្ឋផងដែរ ទើបទទួលបានលទ្ធផលល្អនាថ្ងៃអនាគត។
សព្វថ្ងៃនេះការការពារគឺជាយុទ្ធសាស្ដ្រដ៏មានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងការរីករាលដាលនៃមេរោគអេដស៍។ បុគ្គល ម្នាក់ៗមានសិទ្ធក្នុងការធ្វើតេស្ដរកមេរោគអេដស៍ និងការប្រឹក្សាដោយសម្ងាត់ និងស្ម័គ្រចិត្ដ។ ផលប៉ះពាល់ និងរបៀបការពារខ្លួន ត្រូវបានធ្វើការបញ្ជ្រាបទៅកាន់ប្រជាពលរដ្ឋទូទៅតាមរយៈការផ្សព្វផ្សាយអប់រំផ្ទាល់ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។ សកម្មភាពទាំងនេះសុទ្ធសឹងជាប្រភពផ្ដល់នូវចំណេះដឹងស្ដីអំពីមេរោគអេដស៍ និងជម្ងឺអេដស៍ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងចេះប្រព្រឹត្ដខ្លួនចៀសផុតពីការឆ្លងមេរោគអេដស៍។
គោលបំណងនៃការធ្វើអង្កេតតាមដានការប្រព្រឹត្ដផ្លូវភេទនៅកម្ពុជា
ការអង្កេតតាមដានការប្រព្រឹត្ដផ្លូវភេទលើកទីមួយបានដំណើរការនៅឆ្នាំ១៩៩៧ ហើយបានផ្ដល់ព័ត៌មានជាច្រើនស្ដីពីការ ប្រព្រឹត្ដផ្លូវភេទនៅក្នុងចំណោមក្រុមដែលប្រឈមមុខនឹងគ្រោះថ្នាក់។ ការអង្កេតតាមដានការប្រព្រឹត្ដផ្លូវភេទនេះដំណើរការបានចំនួន ៧លើករួចមកហើយ រីឯលើកទី៨ត្រូវបានធ្វើឡើងនៅឆ្នាំ២០០៧ ហើយធ្វើការផ្សព្វផ្សាយលទ្ធផលនៅចុងខែមេសាឆ្នាំ២០០៨ថ្មីៗនេះ។
ចំពោះគោលបំណងនៃការតាមដាននេះគឺចង់ផ្ដល់ព័ត៌មានពិសេសប្រចាំឆ្នាំស្ដីពីស្ថានភាពប្រជារាស្ដ្រ សង្គម និងការប្រព្រឹត្ដ ដែលប្រឈមមុខនឹងគ្រោះថ្នាក់ ដែលទាក់ទងទៅនឹងការឆ្លងមេរោគអេដស៍-កាមរោគ។ គោលបំណងមួយទៀតនោះគឺធ្វើការតាម ដានការប្រព្រឹត្ដផ្លូវភេទរបស់ក្រុមប្រឈមមុខគ្រោះថ្នាក់ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីកំណត់និន្នាការនៃការផ្លាស់ប្ដូរការប្រព្រឹត្ដ។
លទ្ធផល នៃការតាម ដានចំណេះដឹងស្ដីពីជម្ងឺអេដស៍ និងការប្រព្រឹត្ដផ្លូវភេទ
ការផ្សព្វផ្សាយលទ្ធផលនៃការតាមដានចំណេះដឹងស្ដីពីជម្ងឺអេដស៍ និងការប្រព្រឹត្ដផ្លូវភេទនេះ បានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ សើស្បែក និងកាមរោគ(NCHADS)ដោយមានសហប្រតិបត្ដិការដ៏ទូលំទូលាយពីសំណាក់ អង្គការជាតិ អង្គការអន្ដរជាតិ ជាពិសេសអង្គការ USAID , UNAIDS និង WHO ។ជាលទ្ធផលកិច្ចប្រជុំនោះក៏បានផ្ដល់នូវ សារៈសំខាន់យ៉ាងច្រើន ក្នុងការស្វែងយល់ពីការប្រព្រឹត្ដរបស់ក្រុមគោលដៅនានាដែលបានធ្វើការអង្កេតតាមដានដើម្បីចង់ដឹងថា តើពួកគេប្រព្រឹត្ដប្រឈមមុខនឹងគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍កម្រិតណា ហើយជាពិសេសតើការប្រព្រឹត្ដណាខ្លះដែលបានផ្លាស់ ប្ដូរក្នុងរយៈពេលកន្លងមក។ ម្យ៉ាងទៀតលទ្ធផលនេះក៏អាចឆ្លុះបញ្ចាំងនូវនិន្នាការនៃការផ្លាស់ប្ដូរការប្រព្រឹត្ដ និងប្រសិទ្ធភាពនៃការ អនុវត្ដកម្មវិធីអន្ដរាគមន៍របស់យើងក្នុងរយៈពេលកន្លងមក។ ជារួមការអង្កេតតាមដាននេះមានសារៈប្រយោជន៍ខ្លាំងណាស់ក្នុងការ ចង្អុលបង្ហាញទិស សម្រាប់ការរៀបចំគម្រោងផែនការសកម្មភាពប្រយុទ្ធទប់ស្កាត់ឱ្យបានសមស្របទៅតាមស្ថានភាពជាក់ស្ដែង និង កម្រិតគ្រោះថ្នាក់នៃការចម្លងមេរោគអេដស៍ក្នុងចំណោមក្រុមមនុស្សគោលដៅ ហើយក៏ជាមធ្យោបាយក្នុងរយៈពេលកន្លងមក។
ជាលទ្ធផល អង្គសិក្ខាសាលានេះបានបង្ហាញនូវតារាងក្រាហ្វិកនៃការប្រើប្រាស់ស្រោមអនាម័យទៅតាមក្រុមមនុស្សគោល ដៅដូចជា ៖
- ក្រុមអ្នករត់ម៉ូតូឌុប ៖ ការប្រើប្រាស់ស្រោមអនាម័យគ្រប់ពេលរួមភេទជាមួយនារីរកស៊ីផ្លូវភេទមានការកើនឡើងខ្ពស់ ក៏ ប៉ុន្ដែការប្រើប្រាស់ស្រោមអនាម័យជាមួយសង្សារ និងជាមួយប្រពន្ធនៅមានកម្រិតទាបនៅឡើយ។
- ក្រុមអ្នករកស៊ីលក់ផ្លូវភេទនារីដែលបានចូលធ្វើអង្កេត បានរាយការណ៍ថា បានប្រើស្រោមអនាម័យគ្រប់ពេលរួមភេទ ជាមួយភ្ញៀវជាជាងជាមួយសង្សារ។
- ក្រុមបុរសស្រឡាញ់បុរស ជាក្រុមដែលមានសកម្មភាពផ្លូវភេទខ្ពស់ដោយសារមានដៃគូរួមភេទច្រើនសណ្ឋាន។ ក្រុមនេះ បានរួមភេទដោយមិនបានប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូបុរស ក្នុងក្រុមសក់វែងមានកម្រិតខ្ពស់ជាងក្រុមសក់ខ្លី។
ជារួមការអង្កេតតាមដាននេះមានសារៈប្រយោជន៍ខ្លាំងណាស់ ក្នុងការចង្អុលបង្ហាញទិសសម្រាប់ការរៀបចំគម្រោងផែន ការសកម្មភាពប្រយុទ្ធទប់ស្កាត់ឱ្យបានសមស្របទៅតាមស្ថានភាពជាក់ស្ដែង និងកម្រិតគ្រោះថ្នាក់នៃការចម្លងមេរោគអេដស៍ក្នុង ចំណោមក្រុមមនុស្សគោលដៅ។ ហើយវាក៏ជាមធ្យោបាយមួយសម្រាប់អ្នកគ្រប់គ្រងកម្មវិធីអេដស៍ទាំងស្ថាប័នរាជរដ្ឋាភិបាល និង អង្គការក្រៅរដ្ឋាភិបាលធ្វើការលៃលកថវិកាឱ្យចំទិសដៅ និងមានប្រសិទ្ធភាពល្អ។
អនុសាសន៍បន្ថែម
ការផ្សព្វផ្សាយចំណេះដឹងស្ដីពីជម្ងឺអេដស៍នេះមានភាពទូលំទូលាយណាស់ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរសូម្បីតែអ្នក ស្រុកស្រែចម្ការក៏មានការយល់ដឹងអំពីរឿងនេះដែរ។ មិនតែប៉ុណ្ណោះចំណេះដឹងនេះក៏បានបញ្ចូលផងដែរទៅក្នុងកម្មវិធីសិក្សាសម្រាប់ សិស្សនៅមធ្យមសិក្សាទៀតផង។
អ្វីដែលជាការប្រព្រឹត្ដប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការចៀសផុតពីការឆ្លងមេរោគអេដស៍ គឺការប្រើប្រាស់ស្រោម អនាម័យនៅរាល់ពេលរួមភេទជាមួយដៃគូក្រៅផ្ទះ ការមានដៃគូរួមភេទតែម្នាក់ និងមិនប្រើម្ជុល សឺរាំងរួមគ្នាជាដើម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨
Leave a Reply