របៀប​ងូត​ទឹក​ប្រចាំ​ថ្ងៃ

ការ​ងូត​ទឹក​ប្រចាំ​ថ្ងៃជា​រឿង​ងាយ​ស្រួល អ្នក​ណាក៏​ចេះ​ងូត​ទឹក​ដែរ។ ប៉ុន្ដែ​បើ​លោក​អ្នក ចង់​ងូតទឹក​ដើម្បី​ជំនួយ​ដល់​ស្បែក រាង​កាយ​ស្រស់​ថ្លានោះ មិន​មែន​នរណា​ក៏ចេះ​នោះ​ទេ។ ប្រសិន​បើលោក​អ្នកបាន​យល់​ដឹងអំពី​របៀប​ងូត​ទឹកឱ្យ​បាន​ត្រឹម​ត្រូវ លោក​អ្នក មិន​ត្រឹមតែ​ទទួល​បាននូវ​រាង​កាយ​ស្អាត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើឱ្យ​ស្បែក​របស់​លោក​អ្នក​មាន​ភាព​ទន់​រលោង​បាន​មួយ​កម្រិត​ផង ដែរ។ តើ​ការងូត​ទឹក​ប្រចាំ​ថ្ងៃបែប​ណាទៅ​ដែល​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បាន​ជួប​សម្ភាសន៍​ជាមួយ​កញ្ញា ញ៉ែត ថារី ម្ចាស់​ហាង​កែ​សម្ផស្ស​សម្រស់​នារី និង​កាត់​សម្លៀក បំពាក់ ដើម្បី​ធ្វើ​ការ​បក​ស្រាយ​អំពី​របៀប​ងូត​ទឹក​ប្រចាំ​ថ្ងៃ​ជូន​លោក​អ្នក​បាន​ជ្រាប។

ផល​ប្រយោជន៍​នៃ​ការ​ងូត​ទឹក

នៅ​ពេល​ដែល​មាន​អារម្មណ៍​ស្អុះ​ស្អាប់ ប្រឡាក់​​ប្រឡូស ឬ​មាន​ភាព​កខ្វក់ នោះ​លោក​អ្នក​តែង​តែងូត​ទឹក​ដើម្បី​សម្អាត​រាង កាយ។ ការ​ងូតទឹក​មិន​ត្រឹម​តែធ្វើ​ឱ្យ​លោក​អ្នក​បំបាត់​នូវការ​ស្អុះស្អាប់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ការងូត​ទឹក​អាច​ធ្វើឱ្យ​ស្បែក​ភ្លឺថ្លា ប្រាស​ចាក​ពី ក្អែល ធូលី មេ​រោគ និង​បាក់​តេរី​ផ្សេងៗ​ដែល​អាច​បង្ក​ជម្ងឺ​សើ​ស្បែក​បាន។ ការ​ងូតទឹក​វា​អាស្រ័យ​លើ​ចំណង់​ចំណូល​ចិត្ដ​របស់​មនុស្ស ទូ​ទៅ អ្នក​ខ្លះ​ងូត​ទឹក​មួយថ្ងៃ​២ដង​ទៅ៣​ដង ឯ​អ្នកខ្លះ​ទៀត​ងូតទឹក​មួយថ្ងៃ​រហូត​ដល់ទៅ​៥ដង​ទៅ៦​ដង​ក៏មាន។ វិធី​ងូត​ទឹក​ដែល​នាំឱ្យ​ លោក​អ្នក​ទទួល​​បានផល​ប្រយោជន៍​នោះ ជា​ដំបូង​លោក​អ្នក​ចាំបាច់​ត្រូវ​ដឹង​អំពី​ប្រភេទ​ស្បែក​របស់​ខ្លួន​ជាមុន​សិន។ ជា​ទូទៅ​ស្បែក​របស់ មនុស្ស​ចែក​ជា៣​ផ្នែក​ធំៗ គឺ​ស្បែក​មាន​ជាតិ​ខ្លាញ់​ច្រើន ស្បែក​ដែល​ខ្វះ​ជាតិ​ខ្លាញ់ ឬ​ស្បែក​ស្ងួត និង​ស្បែក​ធម្មតា។

របៀប​ងូត​ទឹក​តាម​ប្រភេទ​ស្បែក

1 . ងូត​ទឹក​សម្រាប់​ស្បែក​ខ្លាញ់ សម្រាប់​ស្បែក​ខ្លាញ់ គួរ​តែ​ឧស្សាហ៍​ងូត​ទឹក​មួយ​ថ្ងៃ​យ៉ាង​តិច២​ដង ដើម្បី​កាត់​បន្ថយ​ជាតិ សំណើម​ពីលើ​ស្បែក។ ជាមួយ​គ្នា​នេះ​លោក​អ្នក​គួរ​ជ្រើស​រើស​សាប៊ូ​ដុស​ខ្លួន​សម្រាប់​ជំនួយ​ស្បែក​បន្ថែម​ទៀត​ដើម្បី​បំបាត់​ជាតិ​ខ្លាញ់ ជា ពិសេស​លោក​អ្នក​ត្រូវ​លាង​ទឹក​សម្អាត​ជាតិ​សាប៊ូ​ឱ្យ​បាន​ស្អាត​ចេញ​ពី​ស្បែក​ខ្លួន ហើយ​ជូត​ស្បែក​ឱ្យ​ស្ងួត។ ការ​ប្រតិ​បត្ដិ​បែប​នេះ ដើម្បី ចៀស​វាង​កម្ទេច​ធូលី​មក​ប៉ះ​ជាប់​ជាមួយ​ស្បែក​ដែល​បង្ក​ជា​រមាស់ ឬ​កន្ទួល​បាន។

2 . ងូត​ទឹក​សម្រាប់​ស្បែក​ស្ងួត សម្រាប់​ស្បែក​ស្ងួត លោក​អ្នក​គួរ​ជ្រើស​រើស​យក​ផលិត​ផល​ដែល​ផ្ដល់​សំណើម​ដល់​ស្បែក។ មិន​តែ​ប៉ុណ្ណោះ លោក​អ្នកក៏​អាច​ជ្រើស​រើស​ផលិត​ផល​បន្ថែម​ទៀត ដូច​ជា​ឡេ​លាប​ការពារ​ជំនួយ​ស្បែក និង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មិន ធ្វើឱ្យ​ស្បែក​ស្ងួត​ជា​ដើម។

3 . ងូត​ទឹក​សម្រាប់​ស្បែក​ធម្មតា មិន​មែន​ជារឿង​ពិបាក​នោះ​ទេ លោក​អ្នក​អាច​ងូត​ទឹក​ប៉ុន្មាន​ដង​ក៏​បាន។ ចំណែក​ជ្រើស រើស​សាប៊ូ​ទៀត​សោត​ក៏​មិន​បាច់​ស្មុគ​ស្មាញ​ច្រើន​ដែរ គ្រាន់​តែ​ផ្ដោត​សំខាន់​ទៅលើ​ការ​កម្ចាត់​ពពួក​មេរោគ​បាក់​តេរី​លើ​ស្បែក​ជា​ការ ស្រេច។

ដំ​បូ​ន្មាន​អ្នក​ប្រឹក្សា

ការ​ថែ​រក្សា​សម្រស់​មិន​មែន​អាស្រ័យ​លើ​ការ​សម្អិត​សម្អាង​តែ​មួយ​មុខ​នោះ​ទេ ការ​ធ្វើ​អនា​ម័យ​ខ្លួន​ក៏ជា​ប្រការ​មិនអាច​ខ្វះ បាន​ដែរ។ ហេតុ​ដូច​នេះ​ហើយ​លោក​អ្នក​គួរ​តែ​យក​ចិត្ដ​ទុក​ដាក់​ឱ្យ​បាន​ម៉ត់​ចត់ និង​ទៀង​ទាត់​ពេល​វេលា​ក្នុងការ​សម្អាត​ខ្លួន។ ជា​ពិសេស ពេល​ងូត​ទឹក លោក​អ្នក​គប្បី​ប្រើ​សាប៊ូ​ដុស​ខ្លួន​ជា​ប្រចាំ ដើម្បី​កម្ចាត់​មេរោគ​បាក់​តេរី​ពី​លើ​ស្បែក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *