ឫស ជា​ជម្ងឺ​ឆ្លង​តែ​អាច​ព្យា​បាល​បាន

នៅ​ក្នុង​បរិយា​កាស​ដែល​មនុស្ស​រស់​នៅ​ត្រូវ​បាន​ញាំ​ញី​ដោយ​មេ​រោគ​គ្រប់​ប្រភេទ។ ក្នុង​នោះ​ក៏​មាន​មេ​រោគ​មួយ​ប្រភេទ​ដែល ឈ្មោះ​ថា HPV។ ឫស​ជា​ជម្ងឺ​សើ​ស្បែក​មួយ​ប្រភេទ​ដែល​បង្ក​ឡើង​ពី​មេ​រោគ​ឈ្មោះ​ថាះភ្វ​នេះ។ ឫស​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ជា​ជម្ងឺ​ឆ្លង​ផង​ដែរ។ តើ​ត្រូវ​ព្យា​បាល​ជម្ងឺ​ឫស​ដោយ​របៀប​ណា?

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅ​លើ​ទំពរ័​វេជ្ជ​សាស្ដ្រ​ទស្ស​នា​វដ្ដី សុខ​ភាព​យើង សូម​លើក​យក​ជម្ងឺ​ឫស​មក​បក​ស្រាយ​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ទុក​ជា​ការ ស្វែង​យល់​តាម​រយៈ​ការ​ជួប​សម្ភាសន៍​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត ឡា ភៀវ ឯក​ទេស​ជម្ងឺ​សើ​ស្បែក និង​កាម​រោគ។

ជម្ងឺ​ឫស​ជា​អ្វី?

ឫស​ជា​ជម្ងឺ​សើ​ស្បែក​មួយ​ប្រភេទ​ដែល​ជា​ភាសា​បរ​ទេស​ហៅ​ថា វែរុកា វុល​ហ្សឺ​រី (Verruca Vulgeris). វា​ជា​ប្រភេទ​ជម្ងឺ មួយ​បង្ក​ឡើង​ដោយ​វីរុ​សះ​ភ្វ ដែល​មាន​នៅ​ក្នុង​បរិយា​កាស​ជុំ​វិញ​មនុស្ស​រស់​នៅ ហើយ​វា​មាន​ទំនាក់​ទំនង​ទៅ​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់ មនុស្ស​ម្នាក់ៗ។ មាន​ន័យ​ថា​មនុស្ស​ធម្មតា​ក៏​អាច​កើត​ឫស​ដែរ ប៉ុន្ដែ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ  ដូច​ជា​អ្នក​ជម្ងឺ​អេដស៍​ជា ដើម ជម្ងឺ​ឫស​កើត​ចេញ​មាន​សភាព​ខ្លាំង និង​មាន​ចំនួន​ច្រើន​ជាង​មនុស្ស​ធម្មតា។

រោគ​សញ្ញា​និង​ផល​វិ​បាក​ជម្ងឺ​ឫស

ជា​ទូ​ទៅ​ប្រជា​ពល​រដ្ឋ​ខ្មែរ​អាច​សម្គាល់​ឫស​បាន​ដោយ​ខ្លួន​ឯង។ ឫស​ជា​សាច់​ដុះ​ជួន​កាល​មាន​ទំហំ​ប៉ុន​ចុង​ធូប ឬ​ចុង​ចង្កឹះ​ដែល ស្ទាប​ទៅ​មាន​លក្ខណៈ​រឹង និង​មាន​ផ្ទៃ​រឆេ​ចរ​ឆូច​ប្រៀប​ដូច​ជា​ផ្កា​ស្ពៃ ហើយ​មាន​ពណ៌​ដូច​ពណ៌​ស្បែក​របស់​មនុស្ស​ដែរ។ ឫស​កើត​នៅ គ្រប់​កន្លែង​ទាំង​អស់​នៃ​សរីរាង្គ​កាយ​របស់​មនុស្ស សូម្បី​តែ​ផ្ទៃ​មុខ​ក៏​អាច​កើត​មាន​ដែរ។

ជា​ទូ​ទៅ​ជម្ងឺ​ឫស​មិន​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ជីវិត​ឡើយ។ ប្រសិន​បើ​កើត​ឫស​កាន់​តែ​ច្រើន​នាំ​ឱ្យ​ស្បែក​គគ្រាត​គគ្រើម​មិន មាន​សោ​ភ័ណ​ភាព ហើយ​អាច​ចម្លង​ជម្ងឺ​នេះ​ទៅ​ដល់​អ្នក​ដទៃ​ទៀត​តាម​រយៈ​ការ​ប៉ះ​ពាល់​ឫស​នេះ។

ការ​ព្យា​បាល​ជម្ងឺ​ឫស

ជម្ងឺ​ឫស​ខ្លះ​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង ដោយ​មិន​បាច់​ព្យា​បាល​គឺ​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ជម្ងឺ​ខ្លាំង។ ករណី​ខ្លះ ទៀត​ឫស​មិន​ជ្រុះ ហើយ​មិន​ជា​សះ​ស្បើយ​ដោយ​ឯក​ឯង​ទេ។ ហេតុ​ដូច្នេះ​ហើយ​ទាម​ទារ​ឱ្យ​មាន​ការ​ព្យាបាល​ជា​ចាំ​បាច់ ដើម្បី​កុំឱ្យ​ជម្ងឺ ឫស​កើត​ច្រើន​ឡើងៗ និង​ឆ្លង​ទៅ​ដល់​អ្នក​ដទៃ​បាន។

ជម្ងឺ​ឫស ឬ​វែ​រុកា វុល​ហ្សឺ​រី ខ្លះ​ក៏​អាច​ព្យា​បាល​ដោយ​ប្រើ​ថ្នាំំ​លាប​បាន។ ក្នុង​ករណី​លាប​ថ្នាំ​ហើយ​មិន​ជា​សះ​សើ្បយ​គ្រូ​ពេទ្យ នឹង​ធ្វើ​ការ​ព្យា​បាល​ដោយ​ដុត​ឫស​នោះ​ដោយ​ប្រើ​ម៉ាស៊ីន​អគ្គិ​សនី ឬ​ដុត​ដោយ​បាញ់​ភាព​ត្រជាក់។ ពេល​ខ្លះ​គ្រូ​ពេទ្យ​ក៏​អាច​ព្យា​បាល ដោយ​ប្រើ​កាំ​រស្មី​ឡាស៊ែរ​ផង​ដែរ។ សម្រាប់​វិធី​ព្យា​បាល​ដែល​បាន​រៀប​រាប់​មក​នេះ វិធី​ដែល​ល្អ​ជាង​គេ គឺ​វិធី​ព្យា​បាល​ដុត​ដោយ​ម៉ាស៊ីន អគ្គិ​សនី។ ការ​ព្យា​បាល​ឫស​ដោយ​ដុត​ជា​មួយ​ពុយ​ត្នោត​ត្រូវ​បាន​ហាម​ឃាត់ ព្រោះ​ការ​ដុត​នេះ​ផ្ទុយ​ទៅ​នឹង​លក្ខណៈ​បច្ចេក​ទេស​ពេទ្យ ដែល​នាំ​ឱ្យ​ស្បែក​រឹត​តែ​ក្រហូង ដោយ​ការ​ដុត​ជ្រុល​ហួស​នាំឱ្យ​ក្លាយ​ទៅ​ជា​ដំបៅ​ដោយ​សារ​ការ​ដុត​កង្វះ​អនា​ម័យ។

ដំ​បូ​ន្មាន​អ្នក​ជំនាញ

ករណី​ឫស​មិន​ជា​សះ​ស្បើយ​ដោយ​ឯក​ឯង យើង​គួរ​ព្យា​បាល​វាឱ្យ​ទាន់​ពេល​វេលា ព្រោះ​បើ​ទុក​យូរ​ទៅ​អាច​ដុះ​ច្រើន​ឡើងៗ​។ លោក​អ្នក​មិន​គួរ​យក​ម្រាម​ដៃ​ទៅ​ប៉ះ​ឬ​ក្ដិច​ឫស​លេង​ទេ ព្រោះ​នាំឱ្យ​ឫស​អាច​ឆ្លង​ទៅ​កន្លែង​ដទៃ​ទៀត​បាន។ ចូរ​បំប៉ន​ចំណី​អាហារ បន្ថែម និង​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​ឱ្យ​បាន​ស្អាត​ជានិច្ច ព្រោះ​វា​ជា​កត្ដា​មួយ​ជួយ​មិន​ឱ្យ​មេ​រោគ​យាយី​លើ​ស្បែក​ខ្លួន​ប្រាណ​របស់​លោក អ្នក​បាន។ រាល់​ការ​ប្រើ​ប្រាស់​ថ្នាំ​លាប​បំបាត់​ឫស ត្រូវ​មាន​ការ​ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត​ជំនាញ​ជា​មុន​សិន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *