បច្ចុប្បន្ន ការដាស់ស្មារតីមនុស្សជាតិគ្រប់រូប ឲ្យក្រោកឈរទាំងអស់គ្នាដើម្បីចូលរួមថែរក្សាបរិស្ថាន របស់យើងឲ្យមានភាពស្រស់បំព្រង គឺជាបញ្ហាសំខាន់ដែល ប្រជាជននៅលើពិភពលោក និងជាពិសេសយុវជនត្រូវនាំគ្នាគិតគូរួមគ្នា។ បញ្ហាដែលកំពុងប្រឈម និងភាពងាយរងគ្រោះថ្នាក់ដោយកត្តាសកម្មភាពមនុស្ស និងកត្តាធម្មជាតិ បានឆ្លុះបញ្ចាំងពីស្ថានភាពបរិស្ថាននៅភពផែនដី។
គ្រោះថ្នាក់បរិស្ថាន ដែលបាននឹងកំពុងកើតមានឡើង ជាអាទិ៍រួមមានការកើនឡើងកម្ដៅភពផែនដីរដូវកាលមិនទៀងទាត់ គ្រោះរាំងស្ងួត គ្រោះទឹក ជំនន់ រញ្ជួយផែនដី ការខូចខាតប្រព័ន្ធអេកូឡូស៊ី ការបាត់បង់ជីវចម្រុះបាតុភូតធម្មជាតិបំផ្លាញជីវិតមនុស្ស ព្រមទាំងខ្យល់ព្យុះសង្ឃរាធំៗ បានជះឥទ្ធិពលជាអវិជ្ជមានដល់ការបង្កបង្កើនផល និងធ្វើឲ្យខូចខាតផ្ទះសម្បែង និងការចិញ្ចឹមសត្វ ដែលជាគ្រោះអាសន្នបង្កឲ្យ កើតមានបញ្ហាអសន្តិសុខស្បៀង គ្រោះទុរភិក្ស និងសុវត្ថិភាព សុខុមាលភាពសាធារណៈ។
ទិវាបរិស្ថាន ០៥ មិថុនា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាអន្តរជាតិ ហើយទិវានេះ គឺជាសារមួយដ៏សំខាន់សម្រាប់ប្រជាជាតិទូទាំងសកលលោក ឲ្យយកចិត្តទុកដាក់ទៅលើភយន្តរាយ នានាដែលបង្កឡើងដោយសារសកម្មភាពមនុស្ស ហើយបាននឹងកំពុងជះឥទ្ធិពលអាក្រក់ ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជន ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់សហគមន៍ទូទាំងពិភពលោកផងដែរ។ ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនាថ្ងៃ ០៥ មិថុនា ឆ្នាំ ២០១២ និងក្លាយជាឆន្ទៈដ៏មោះមុត និងការតាំងចិត្តប្ដូរផ្ដាច់របស់មនុស្សជាតិក្នុងការចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុការពារថែរក្សា គ្រប់គ្រងបរិស្ថាននៅព្រះរាជាណាចក្រកម្ពុជា និងបរិស្ថានពិភពលោកឲ្យមាននិរន្តរភាព។
កាលពីម្សិលមិញនេះ មានយុវជនប្រមាណ៤០០នាក់ មកពីខេត្តផ្សេងៗគ្នា បាននាំគ្នាចូលរួមដឹកនាំដង្ហែក្បួន ការពារបរិស្ថានដោយអ្នកខ្លះបានតុបតែងខ្លួន ធ្វើជារូបសត្វព្រៃ និងកាន់កូនឈើជាដើម ក្នុងន័យបង្ហាញថា ពួកគេជាអ្នកស្រឡាញ់បរិស្ថាន និងចង់ឲ្យមានការអភិរក្សបរិស្ថានឲ្យមាននិរន្តរភាព។ ការប្រារព្ធការដង្ហែរក្បួនផ្សព្វផ្សាយអប់រំនេះ មានគោលបំណងចង់ផ្សព្វផ្សាយទៅដល់ប្រជាជនកម្ពុជាឲ្យបានយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថាន មកលើជីវិតរបស់មនុស្ស ដែលយុវជន និងប្រជាពលរដ្ឋដែលបានចូលរួម នឹងដង្ហែញត្តិទៅដាក់ជូនរដ្ឋសភានៅថ្ងៃនេះដោយមានការសំណូមពរមួយចំនួនត្រូវបានលើកឡើង ដូចជាការអំពាវនាវឲ្យរាជរដ្ឋាភិបាលបញ្ឈប់រាល់បទល្មើសព្រៃឈើដែលកំពុងកើតមាន ការគ្រប់គ្រងការប្រើប្រាស់ធនធានធម្មជាតិឲ្យមានតម្លាភាព និងគណនេយ្យភាពដោយមានការវាយតម្លៃផលប៉ះពាល់ត្រឹមត្រូវ ជំរុញឲ្យអាជ្ញាធរ សមត្ថកិច្ចនិងស្ថាប័នរដ្ឋាភិបាលអនុវត្តតាមបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីការបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យមានប្រសិទ្ធភាព។ ជាពិសេស រដ្ឋាភិបាលត្រូវដាក់ទោសទណ្ឌចំពោះមន្ត្រីទាំងឡាយណាដែលឃុបឃិតជាមួយឈ្មួញក្នុងការបំផ្លាញព្រៃឈើខុសច្បាប់ ដោយមានការគាំទ្រ និងទទួលស្គាល់រាល់សកម្មភាពរបស់សហគមន៍ សមាគម សិស្ស និស្សិតដែលខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ ព្រមទាំងត្រូវបញ្ឈប់ការគម្រាមកំហែងគ្រប់រូបភាពមកលើអ្នកការពារព្រៃឈើ និងការការពារធនធានបរិស្ថានធម្មជាតិ។
បើយោងតាមសេចក្ដីថ្លែងការណ៍រួមរបស់បណ្ដាញយុវជនកម្ពុជា បានឲ្យដឹងថា ការការពារបរិស្ថានជារឿងចាំបាច់បំផុត ព្រោះបើមិនបាន គ្រប់គ្រងឲ្យបានល្អទេ គ្រោះភយន្តរាយ និងគ្រោះធម្មជាតិ នឹងកើតមានដល់ប្រជាជនកម្ពុជា ព្រមទាំងពិភពលោកផងដែរ។
លោកខៀវសំភ័ស្សដែលបានចូលរួមក្នុងការដង្ហែក្បួនបរិស្ថាននេះនិងជានិស្សិតនៃសកលវិទ្យាស្ថានសហប្រតិបត្តិការ បានប្រាប់អ្នកយកព័ត៌មាន គេហទំព័រសុខភាពកម្ពុជាថា ការឡើងកម្តៅផែនដី បានជះឥទ្ធិពលដល់ប្រទេសជាច្រើននៅក្នុងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ដោយសារអាកាសធាតុកាន់តែក្តៅឡើងៗ បានធ្វើឲ្យប្រជាជនជាច្រើន នៅក្នុងប្រទេសកម្ពុជា កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីមូលហេតុនៃការប្រែប្រួលអាកាសធាតុ ហើយកំពុងព្យាយាមស្វែងរកដំណោះស្រាយ។ ព្រោះថាបញ្ហាបរិស្ថាន មិនមែនប៉ះពាល់ត្រឹមតែយើងនោះទេ គឺវាថែមទាំងប៉ះពាល់ទៅដល់កូនចៅយើងជំនាន់ក្រោយផងដែរ។
លោក សំភ័ស្ស បានបន្តថា ដើម្បីជួយសង្គ្រោះ និងថែរក្សាបរិស្ថាន ជាដំបូងយើងត្រូវតែអប់រំប្រជាជនឲ្យយល់អំពីអត្ថប្រយោជន៍នៃរបៀបរស់នៅដោយស្និទ្ធស្នាលជាមួយបរិស្ថាននិងរបៀបដែលយើងអាចការពារបរិស្ថាន។ នៅពេលប្រជាជនមានការយល់ដឹងពីបរិស្ថាន ពួកគេអាចចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថ ងាកទៅចាប់អារម្មណ៍ពីបញ្ហាបរិស្ថាន។ ជាឧទាហរណ៍ នៅប្រទេសដទៃទៀត ដូចជាជប៉ុន និងកូរ៉េខាងត្បូង បានអប់រំប្រជាជនរបស់គេបានយ៉ាងជោគជ័យអំពីរបៀបការពារបរិស្ថាន និងថែរក្សាបរិស្ថានស្អាត ហើយទោះបីជាក្មេងៗដែលមានអាយុតិចក៏ដោយ ក៏ពួកគេមិនដែលបោះសម្រាមចោលផ្តេសផ្តាសនៅតាមផ្លូវសាធារណៈដែរ។
កញ្ញា ជុំ រដ្ឋា ដែលបានចូលរួមក្នុងពិធីដង្ហែក្បួននេះ បានមានមតិយោបល់ថា រដ្ឋាភិបាលត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីជម្រុញការអភិរក្សបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ប្រទេសរបស់យើង អាចកាត់បន្ថយចំនួនយានយន្តដែលកំពុងកើនឡើង នៅក្នុងពេលបច្ចុប្បន្ន ដោយយើងអាចជំនួសបានដោយការដើរ ឬជិះកង់ ឬជិះរថយន្តក្រុង ដើម្បីកិច្ចការពារបរិស្ថាន។ ហើយដើម្បីដោះស្រាយបញ្ហាបរិស្ថានក្នុងពេលបច្ចុប្បន្ននេះ យើងទាំងអស់គ្នាត្រូវតែចូលរួមកាត់បន្ថយការបំពុលនានាដូចជាផ្សែងចេញពីរោងចក្រ និងសម្រាមដែលយើងបោះចោល ជាពិសេសយុវជន គឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងកិច្ចថែរក្សាបរិស្ថាននៅកម្ពុជាឲ្យមាននិរន្តរភាព។
សូមបញ្ជាក់ថា ដើម្បីកាត់បន្ថយការឡើងកំដៅផែនដី និងថែរក្សាបរិស្ថានបៃតង ជាដំបូងយើងត្រូវតែចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ទីពីរ កាត់បន្ថយកំណើនប្រជាជន ពីព្រោះនៅពេលកំណើនប្រជាជន កើនឡើងនោះតម្រូវការរបស់មនុស្សក៏នឹងកើនឡើងផងដែរ។ តួយ៉ាងល្បាយប្រជាជនច្រើននឹងត្រូវការដីធ្វើស្រែកាន់តែច្រើន ដើម្បីចិញ្ចឹមជីវិត។ មានប្រជាជនកាន់តែច្រើន ការបញ្ចេញឧស្ម័នកាបូនិក (CO2) ក៏កាន់តែច្រើនដែរ។ ឧស្ម័នមេតាន (CH4) ដែលជាឧស្ម័នដែលប៉ះពាល់ដល់ស្រទាប់អូហ្សូនក៏កើនឡើងផងដែរ ដោយសារវាកើតចេញពីការពុកផុយ ដូចជាគំនរសំរាមជាដើម។
ការធ្វើការកែលម្អសោភ័ណភាពទីក្រុង និងតំបន់ទីប្រជុំជនឲ្យមានភាពស្រស់បំព្រង តាមរយៈនៃការរៀបចំ និងធ្វើឲ្យប្រសើរ ឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន រៀបចំប្រព័ន្ធលូ ប្រព័ន្ធបង្ហូរ ទឹក ទីកន្លែងកម្សាន្ត សួនច្បារសាធារណៈ អនាម័យ សណ្ដាប់ធ្នាប់សាធារណៈទីប្រជុំជន ការអភិរក្ស និងដាំដុះដើមឈើឡើងវិញ រួមទាំងយន្តការធ្វើការផ្សព្វផ្សាយដល់សាធារណជនឲ្យបានយល់ដឹងពីតម្លៃបរិស្ថាន។ ហើយដើម្បីលើកស្ទួយគុណភាពបរិស្ថាននិងរួមចំណែកជួយលម្អសោភ័ណភាពទីក្រុង និងទីប្រជុំជន ឲ្យកាន់តែប្រសើរឡើងនោះ ក៏ជាកត្តារួមចំណែកដល់បម្រែបម្រួលជីវិតបរិស្ថាននៅក្នុងសង្គមពិភពលោកផងដែរ ប្រសិនបើធ្វើមិនបានគិតគូរឲ្យល្អិតល្អន់ និងសព្វជ្រុងជ្រោយ ។
ជាមួយគ្នានេះការលើកកម្ពស់ការពារ និងថែរក្សាគុណភាពភពផែនដី ជាពិសេសការថែរក្សាគុណភាពបរិស្ថានធម្មជាតិ ការកាត់បន្ថយនូវសារធាតុពុល និងកម្ដៅផែនដីដើម្បីអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែប្រសើរឡើង គឺជាគោលបំណងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន និងឈានទៅបំបាត់ភាពក្រីក្រក៏ពិតមែន ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ការប្រែប្រួលធាតុអាកាសនៅក្នុងសង្គមនោះបានផងដែរ។
គួររំឮកផងដែរថា កាលពីឆ្នាំ២០១១ទឹកជំនន់បានធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង១.៦លាននាក់ ហើយ៧សែននាក់ជាកុមារ ដែលត្រូវបានរងគ្រោះ និងមានកុមារមួយចំនួននៅតាមបណ្តាខេត្ត បានស្លាប់បាត់បង់ជីវិតដោយសារការលង់ទឹកនៅគ្រានោះ។ ជាពិសេស គ្រោះទឹកជំនន់កាលពីឆ្នាំ២០១១កន្លងទៅនេះ បានសម្លាប់មនុស្សប្រមាណ ២៤៧នាក់ រងរបួសប្រមាណ២០នាក់ និងផ្ទៃដីកសិកម្មខូចខាតចំនួន ២៣២,៣៧៧ ហិចតា។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១២
Leave a Reply