លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជម្ងឺក្រពេញអ័រម៉ូនពកក និងទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែត ធ្វើការបក ស្រាយបំភ្លឺពីជម្ងឺពកកបាសឺដូវ ជូនប្រិយមិត្ដអ្នកអានឱ្យបានជ្រាប តាមរយៈការធ្វើកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺពកកប្រភេទបាសឺដូវ ជាអ្វី?
ជាដំបូងសូមលោកអ្នកស្វែងយល់អំពីក្រពេញក ឬក្រពេញមេអំបៅ(ព្រោះវាមានរាងដូចមេអំបៅ)សិនថា គឺជាក្រពេញ ទីរ៉ូអ៊ីតដែលផលិតជាតិអ័រម៉ូនម្យ៉ាង។ ក្រពេញក ឬក្រពេញមេអំបៅ មានទម្ងន់ពី១០ទៅ២០ក្រាម កម្ពស់៤ទៅ៦សង់ទីម៉ែត្រ និង ប្រវែងទទឹង២ទៅ៦សង់ទីម៉ែត្រ គិតជាមធ្យមវាស្ថិតនៅចំពីមុខបំពង់ដង្ហើមយើងម្នាក់ៗ(កខាងមុខ)។ ក្រពេញក ឬក្រពេញមេ អំបៅមានតួនាទីសំខាន់ណាស់ ក្នុងការសម្របសម្រួលគ្រប់ប្រព័ន្ធទាំងអស់ ដែលមាននៅក្នុងខ្លួនឱ្យដំណើរការបានល្អ។ បានន័យថា សម្របសម្រួលតាំងពីបេះដូង ថ្លើម ប្រព័ន្ធសរសៃប្រសាទ សម្របសម្រួលតាំងពីសាច់ដុំប្រព័ន្ធខ្លាញ់ ប្រព័ន្ធសរសៃឈាម ប្រព័ន្ធ រំលាយអាហារ និងប្រព័ន្ធផ្សេងៗទៀត។ មនុស្សមិនអាចរស់នៅដោយគ្មានអ័រម៉ូនរបស់ក្រពេញកនេះបានទេ ហើយក្រពេញនេះផលិត អ័រម៉ូន និងដំណើរការទៅបានដោយសារមានបរិមាណអ៊ីយ៉ូតគ្រប់គ្រាន់។ ប្រសិនបើខ្វះអ៊ីយ៉ូត ឬលើសអ៊ីយ៉ូត នាំឱ្យមានបញ្ហាក្នុងការ ផលិតអ័រម៉ូននេះ។ ដូចនេះហើយទើបធ្វើឱ្យកើតមានជម្ងឺដ៏ច្រើនពាក់ព័ន្ធនឹងក្រពេញកនេះ។
មូលហេតុបន្ដជម្ងឺពកកប្រភេទបាសឺដូវ
គេចាប់ផ្ដើមស្គាល់ជម្ងឺពកកបាសឺដូវ ដែលជាជម្ងឺមួយក្នុងចំណោមជម្ងឺដទៃទៀតរបស់ក្រពេញកនេះ តាំងពីឆ្នាំ១៨៣៨នៅ ប្រទេសអង់គ្លេស។ មូលហេតុដែលបន្ដឱ្យកើតមានឡើងដោយសារកត្ដាមួយចំនួន។
- ក្រពេញទីរ៉ូអ៊ីត ផលិតលើសជាតិអ័រម៉ូន
- កង្វះ ឬលើសអ៊ីយ៉ូត ដែលជំរុញឱ្យមានបញ្ហាទៅដល់ក្រពេញក ឬក្រពេញមេអំបៅផលិតលើសអ័រម៉ូន
- មានទំនាក់ទំនងផ្នែកខាងហ្សែន និងធ្វើឱ្យប្រព័ន្ធការពារក្នុងខ្លួនយើងប្រឆាំងគ្នាឯង ដោយពុំមានការពន្យល់អំពីមូលហេតុ ណាមួយច្បាស់លាស់
- កត្ដាតំណពូជមានប្រហែល២០ទៅ៣០ភាគរយ។
រោគសញ្ញាជម្ងឺពកកប្រភេទបាសឺដូវ
ដូចដែលបានរៀបរាប់ជូនខាងលើហើយថា ក្រពេញក ឬក្រពេញមេអំបៅដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលប្រព័ន្ធ ខាងក្នុងឬដំណើរការប្រព្រឹត្ដទៅនៃសរីរាង្គ។ ម្ល៉ោះហើយជាហេតុធ្វើឱ្យជម្ងឺនេះ មិនមានរោគសញ្ញាណាមួយឱ្យប្រាកដប្រជានោះទេ។ វាស្ដែងចេញជារោគសញ្ញាចម្រុះ ដែលធ្វើឱ្យមានការភាន់ច្រឡំថាជាជម្ងឺផ្សេងៗទៅវិញ។ នេះជាអន្ទាក់ធំសម្រាប់គ្រូទេព្យ បើពុំ ចំណាយពេលគ្រប់គ្រាន់ជាមួយអ្នកជម្ងឺ។ រោគសញ្ញាទាំងនោះមានដូចជាបេះដូងដើរលឿនខុសចង្វាក់ថប់ដើមទ្រូង ធ្វើការឆាប់ហត់ ហូបច្រើននៅតែស្គម ស្រកទម្ងន់លឿន បែកញើសចុងដៃ អ្នកជម្ងឺឆាប់ចាញ់នូវភាពក្ដៅ(អាកាសធាតុ ឬកម្ដៅថ្ងៃ) ស្បែកស្ដើងស្ងួត គ្មានសំណើម អ្នកជម្ងឺច្រើនតែរាក ភ្នែកលៀនធំចេញមកខាងក្រៅ គេងមិនលក់ឈឺក្បាល ឆាប់ខឹង រដូវដើរមិនទៀង មិនមានផ្ទៃពោះ បានតាមបំណង ឬចំណង់ផ្លូវភេទថយចុះ។ អ្នកជម្ងឺខ្លះត្រូវបានក្រុមគ្រួសារយល់ថា ជារោគវិកលចរិត និងនាំទៅពិគ្រោះផ្នែកខាងរោគ ចិត្ដតែម្ដង។
វិធីព្យាបាលជម្ងឺពកកប្រភេទបាសឺដូវ
នៅប្រទេសកម្ពុជា ជម្ងឺពកកនេះអាចព្យាបាលបានប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយការប្រើឱសថដើម្បីទប់ស្កាត់ក្រពេញ ក ឬក្រពេញមេអំបៅកុំឱ្យផលិតអ័រម៉ូនហួសហេតុពេក។ អ្នកជម្ងឺត្រូវទទួលទានឱសថកម្រិតខ្ពស់ រយៈពេល២ខែដំបូង។ បន្ទាប់ពី២ខែ ហើយ ការទទួលទានឱសថគឺនៅក្នុងកម្រិតទាបវិញ ក្នុងរយៈពេលពី១ឆ្នាំទៅ១ឆ្នាំកន្លះ។ ការព្យាបាលនេះអាចជាបានពី៣០ទៅ៥០ ភាគរយ មានន័យថា២នាក់អាចជា១នាក់ដោយមិនទាមទារការវះកាត់ក្រពេញ។ ប៉ុន្ដែក្នុងស្ថានភាពជម្ងឺខ្លះ ករណីអ្នកជម្ងឺមានវ័យ ចំណាស់ពេក ឬទុកត្រាំត្រែងដោយទទួលថ្នាំព្យាបាលគ្មានការតាមដានម៉ត់ចត់ជាដើម ការព្យាបាលមិនអាចប្រើឱសថមួយមុខទេ គឺការព្យាបាលដោយប្រើអមជាមួយនឹងវិធីវះកាត់។ សម្រាប់នៅប្រទេសជឿនលឿន ការព្យាបាលធ្វើឡើងដោយប្រើវិទ្យុសកម្ម អ៊ីយ៉ូតដែលមានប្រសិទ្ធភាពខ្ពស់យ៉ាងសាមញ្ញបំផុត ដោយគ្រាន់តែលេបម្ដងគត់នូវថ្នាំប្រភេទនេះដើម្បីឱ្យទៅបំផ្លាញក្រពេញក ឬ ក្រពេញមេអំបៅ មិនឱ្យផលិតអ័រម៉ូនបាន។
វិធីបង្ការជម្ងឺពកកប្រភេទបាសឺដូវ
គ្មានមធ្យោបាយណាមកទប់ស្កាត់ជម្ងឺពកកបាសឺដូវ មិនឱ្យកើតឡើងទាំងស្រុងបានទេ។ ប៉ុន្ដែមានកត្ដាមួយចំនួនដែល អាចជួយកាត់បន្ថយបានខ្លះៗពីជម្ងឺពកកនេះ។ លោកអ្នកត្រូវទទួលចំណីអាហារដែលមានជាតិអ៊ីយ៉ូតឱ្យបានគ្រប់គ្រាន់អាចជួយ ការពារបានពី២០ទៅ៣០ភាគរយ។ ជាតិអ៊ីយ៉ូតមាននៅក្នុងចំណីអាហារគ្រប់បែប ដូចជាបន្លែ ផ្លែឈើ សាច់ជាដើម។ ជាពិសេស អ៊ីយ៉ូតមាននៅក្នុងសាច់ត្រី ស៊ុត និងអំបិលអ៊ីយ៉ូត។
ផលប៉ះពាល់នៃជម្ងឺពកកប្រភេទបាសឺដូវ
ប្រសិនបើកើតមានជម្ងឺពកកនេះហើយ មិនប្រញាប់ធ្វើការព្យាបាលទេ នោះនាំឱ្យមានផលប៉ះពាល់ទៅដល់សរីរាង្គផ្សេងៗ។
- ធ្វើឱ្យបេះដូងដើរលឿនខុសពីធម្មតា បណ្ដាលឱ្យអ្នកជម្ងឺប្រឈមមុខនឹងការបាត់បង់ជីវិត ដោយសារចង្វាក់បេះដូងដើរ ញាប់ពេក
- អ្នកជម្ងឺអាចមានបញ្ហាផ្លូវចិត្ដ និយាយច្រើន មិនដឹងខុសត្រូវ
- អ្នកជម្ងឺប្រឈមមុខនឹងជម្ងឺបាក់ឆ្អឹងមុនកំណត់
- អ្នកជម្ងឺប្រឈមមុខនឹងវិបត្ដិបន្ដពូជផ្សេងៗ។
ដំបូន្មានអ្នកឯកទេស
ផលវិបាកនៃជម្ងឺនេះ មានច្រើនដែលគួរឱ្យភ័យខ្លាច។ ចំណែកឯការព្យាបាលអាចប្រឈមមុខនឹងគ្រោះថ្នាក់ ព្រោះនៅពេល ធ្វើការវះកាត់ដោយមានឈាមហូរច្រើន បើសិនជាអ្នកជម្ងឺពុំបានទទួលថ្នាំព្យាបាលត្រឹមត្រូវជាមុននោះទេ។ ដូចនេះបើលោក អ្នកមានអាការណាមួយដូចរោគសញ្ញាដែលបានរៀបរាប់ជូនខាងលើ ហើយលោកអ្នកសង្ស័យថាជាជម្ងឺពកកបាសឺដូវ សូមលោកអ្នក ប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យ រកវិនិច្ឆ័យរោគឱ្យបានឆាប់បំផុត និងព្យាបាលឱ្យបានទាន់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨
Leave a Reply