ភ្នែកជាសរីរាង្គឬញាណមួយយ៉ាងសំខាន់បំផុត សម្រាប់មនុស្សគ្រប់រូបក្នុងការរស់នៅប្រចាំថ្ងៃ។ បើភ្នែករបស់លោកអ្នក មានបញ្ហា នោះការរស់នៅប្រចាំថ្ងៃច្បាស់ជាមានជួបការលំបាកជាមិនខានឡើយ។ ដូច្នេះយើងគ្រប់រូបត្រូវតែយកចិត្ដទុកដាក់ក្នុងការ ថែរក្សាភ្នែកឱ្យបានល្អ ដើម្បីចៀសវាងនូវហេតុទាំងឡាយដែលនាំឱ្យមានផលអាក្រក់។ នៅក្នុងទំព័រនេះ ទស្សនាវដ្ដី សុខភាពយើង សូមបង្ហាញនូវវិធីសាស្ដ្រខ្លះៗសម្រាប់ថែរក្សាកែវភ្នែកឱ្យបានល្អ។
ជួបជាមួយលោកវេជ្ជបណ្ឌិត អេង គឹមបូរិទ្ធ ឯកទេសជម្ងឺភ្នែក បានធ្វើការបកស្រាយយ៉ាងច្បាស់ និងផ្ដល់នូវវិធីសាស្ដ្រខ្លះៗ ក្នុងការថែរក្សាកែវភ្នែក ចែកជូនដល់បងប្អូន និងមិត្ដអ្នកអានទាំងអស់បានជ្រាប។
ភ្នែកមីញ៉ូប ជាអ្វី?
ភ្នែកមីញ៉ូបគឺជាលក្ខណៈរបស់ភ្នែកដែលមិនអាចមើលឆ្ងាយបានច្បាស់លាស់(មើលព្រិលៗ) ដោយសារកាំពន្លឺ ឬកំណុំរូបភាព នៅផ្ដុំគ្នានៅខាងមុខនៃសរសៃរ៉េទីនរបស់ភ្នែក។
រោគសញ្ញាភ្នែកមីញ៉ូប
ជាធម្មតាភ្នែកមានប្រវែងប្រហាក់ប្រហែលពី២៣ទៅ២៤មីលីម៉ែត្រ។ បើភ្នែកយើងមានប្រវែងវែងជាងនេះ នោះអាចជា សញ្ញាណនៃភ្នែកមីញ៉ូបភ្នែកហើយ។ រោគសញ្ញារបស់ភ្នែកមីញ៉ូបមានដូចខាងក្រោម។
- មើលទៅឆ្ងាយមិនច្បាស់ ប៉ុន្ដែមើលជិតច្បាស់ល្អ
- ធ្វើភ្នែកព្រឹមៗពេលមើលវត្ថុដែលនៅឆ្ងាយ ដោយភាពស្រវាំង
- សៀវភៅអាននៅជិតភ្នែក
- ចាញ់ពន្លឺ
- ចុករោយគ្រាប់ភ្នែក ក្ដៅភ្នែក ហៀរទឹកភ្នែកជាញឹកញាប់
- ឈឺក្បាល ចុករោយគ្រាប់ភ្នែកនៅពេលប្រើប្រាស់ផ្នែកច្រើន ដូចជាការអានសៀវភៅ ឬប្រើប្រាស់កុំព្យូទ័រជាដើម។
មូលហេតុបង្កភ្នែកមីញ៉ូប
មនុស្សដែលមានបញ្ហាភ្នែកមីញ៉ូប បង្កឡើងដោយកត្ដាខុសៗគ្នាទៅតាមប្រភេទនីមួយៗ។
- មកពីកែវភ្នែកធម្មជាតិដែលតម្រូវឱ្យកើតមានតែម្ដង
- មកពីទំហំភ្មែ្នកវែងជាងភ្នែកធម្មតា
- មកពីសេនេទិច(សួពូជ ឬតំណពូជ)
- មើលច្រើន ឬសម្លឹងយូរក្នុងរយៈពេលដ៏វែងណាមួយ(អាចកើតមានជាបណ្ដោះអាសន្ន)
វិធីព្យាបាលភ្នែកមីញ៉ូប
ការព្យាបាលភ្នែកមីញ៉ូមពិតជាពិបាកនឹងជាសះស្បើយខ្លាំងណាស់ ប៉ុន្ដែអ្នកដែលកើតជម្ងឺនេះអាចនឹងប្រើប្រាស់វ៉ែនតាជំនួយ ។ ការពាក់វ៉ែនតាក៏អាចឱ្យយើងទទួលបានផលប្រយោជន៍ច្រើនគួរសមដែរ ដូចជាធ្វើឱ្យភ្នែកអាចមើលឃើញនូវវត្ថុដែលតូចៗ និងនៅ ឆ្ងាយបានយ៉ាងច្បាស់ និងធ្វើឱ្យយើងមើលឃើញប្រសើរជាងមុន។ សូមកុំគិតថាការពាក់វ៉ែនតាជាការរំខានមួយឱ្យសោះ តាមពិតទៅ វាជាជម្រើសមួយប្រសើរបំផុតចំពោះលោកអ្នក។ ព្រោះវាមានការចំណាយក្នុងតម្លៃតិច និងមិនប៉ះពាល់ដោយផ្ទាល់ទៅនឹងកែវភ្នែក របស់យើងទេ។
មានវិធីមួយទៀតគឺដោយការដាក់ខនថិកឡែននៅក្នុងភ្នែក។ ខនថិកឡែន ឬកែវបិតលើភ្នែកធ្វើឡើងពីជាតិជ័រទន់ម្យ៉ាង ដែលគេផលិតឡើងសម្រាប់បិទដាក់លើកញ្ចក់ភ្នែកយើងផ្ទាល់។ វាមានភាពងាយស្រួលជាងការពាក់វ៉ែនតា ប៉ុន្ដែវាត្រូវចំណាយប្រាក់ ច្រើនទៅលើការប្ដូរខនថិកឡែននេះ ទៅតាមរយៈពេលកំណត់នៃការប្រើប្រាស់។ វាមានប្រយោជន៍ល្អចំពោះអ្នកដែលមិនចង់ឱ្យគេដឹង ថាខ្លួនមីញ៉ូប ដោយសារការដាក់ខនថិកឡែននេះមើលទៅដូចជាភ្នែកយើងធម្មតា មិនមានអ្វីគួរឱ្យកត់សម្គាល់ទេ។ ប៉ុន្ដែគុណវិបត្ដិគឺ យើងត្រូវមានអនាម័យខ្ពស់ចំពោះការសម្អាត។
ប្រសិនបើមីញ៉ូបនោះមានកម្រិតកាន់តែធ្ងន់ធ្ងរ យើងមានវិធីព្យាបាលដោយធ្វើការវះកាត់ ឬដោយការបាញ់កាំរស្មីឡាស៊ែរ ។ ការព្យាបាលប្រភេទនេះត្រូវការចំណាយខ្ពស់ ត្រូវជ្រើសរើសអ្នកជំនាញដែលមានបទពិសោធច្រើន។ ជាទូទៅការព្យាបាលទទួល បានជោគជ័យគួរឱ្យកត់សម្គាល់។
វិធីបង្ការភ្នែកមីញ៉ូប
យើងនៅពុំទាន់មានវិធីបង្ការណាមួយឱ្យជាក់លាក់ ដើម្បីកុំឱ្យកើតភ្នែកមីញ៉ូបនៅឡើយទេ។ ប៉ុន្ដែយើងមានវិធីខ្លះក្នុងការ ការពារកុំឱ្យមានបញ្ហាជាផលប៉ះពាល់ដល់ភ្នែករបស់លោកអ្នក ឬរបស់កូនលោកអ្នក។
- ត្រូវយកកុមារតូចៗមុនពេលចូលសាលាមកពិនិត្យភ្នែក
- មិនត្រូវអានសៀវភៅក្នុងបរិយាកាសមិនល្អ ដូចជាពន្លឺខ្សោយពេក ឬពន្លឺខ្លាំងពេក
- កុំបណ្ដោយឱ្យកុមារមើលទូរទស្សន៍នៅជិតពេក គឺត្រូវនៅចម្ងាយមួយសមរម្យដែលអាចទទួលយកបាន
- បើលោកអ្នកមើលឆ្ងាយឃើញព្រិលៗ មិនច្បាស់ល្អ លោកអ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសភ្នែក។
ដំបូន្មានអ្នកជំនាញ
សូមលោកអ្នកមិត្ដអ្នកអានមកពិនិត្យភ្នែកឱ្យបានមុនពេលដែលភ្នែកលោកអ្នកជួបបញ្ហាធ្ងន់ធ្ងរ។ កុមារដែលទើបនឹងចូល សាលារៀនដំបូងគួរតែត្រូវទទួលការពិនិត្យកែវភ្នែក ដើម្បីដឹងជាមុននូវស្ថានភាពភ្នែករបស់កូនៗលោកអ្នក។ ម្យ៉ាងទៀតសូមកុំគិតថា ការពាក់វ៉ែនតាធ្វើឱ្យលោកអ្នកពិបាក រំខាន ឬខ្មាសអៀនឱ្យសោះ ព្រោះវាជាជម្រើសមួយដែលល្អប្រសើរបំផុតសម្រាប់លោកអ្នក និងកូនលោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨
Leave a Reply