សិល្បៈកីឡាប្រដាល់របស់ខ្មែរមានដើមកំណើតដក់ជាប់ក្នុងបេះដូងខ្មែរតាំងពីមុនសម័យអង្គរមកម្ល៉េះ។ ដើម្បីទប់ទល់នឹង សត្រូវឈ្លានពានទឹកដី បុព្វបុរសខ្មែរបានស្រាវជ្រាវបង្កើតជាក្បាច់គុន ប្រើថ្នាំ ប្រទាល បាលីគាថាសក្ដិសិទ្ធ បង្ហាត់បង្រៀនមនុស្សខ្មែរ តៗគ្នាដើម្បីការពារខ្លួន ការពារទឹកដី រហូតក្បាច់ប្រដាល់នេះក្លាយជាសិល្បៈកីឡាដ៏មានប្រជាប្រិយភាពក្នុងសង្គមខ្មែរជារៀងរហូត មក។ តាំងពីដើមរៀងមក មុនការប្រកួតសិល្បៈកីឡានេះ គេមានរៀបបាយសី និងបង្ហាញក្បាច់រំលឹកគុណគ្រូ ឬហៅថាថ្វាយបង្គំគ្រូពុំ ដែលខានឡើយ។ តើការថ្វាយបង្គំគ្រូធ្វើដើម្បីអ្វី និងមានរបៀបដូចម្ដេចខ្លះ?
ដើម្បីប្រិយមិត្ដបានជ្រាបពីរបៀបរំលឹកគុណគ្រូក្នុងសិល្បៈកីឡាប្រដាល់ខ្មែរ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាស ជាមួយលោកទ្រឿង សុសសាយ ជាអាជ្ញាកណ្ដាល និងចាប់គូប្រកួតប្រចាំសហព័ន្ធកីឡាប្រដាល់កម្ពុជាស្ម័គ្រចិត្ដ។
អ្វីជាការថ្វាយបង្គំគ្រូ?
ថ្វាយបង្គំរំលឹកគុណគ្រូ ឬថ្វាយបង្គំគ្រូជាការសម្ដែងឡើងនូវកាយវិការប្រកបដោយក្បូរក្បាច់ផ្សេងៗរបស់កីឡាករតាមការ បង្ហាត់បង្រៀនរបស់គ្រូនីមួយៗ។ ការថ្វាយបង្គំគ្រូរបស់គូភាគីទាំងសងខាងនឹងធ្វើឡើងនៅមុនការចាប់ផ្ដើមប្រកួតគ្នា។ កាលពីដើម ឡើយ និងក្នុងសម័យសង្គមរាស្ដ្រនិយម ការថ្វាយបង្គំគ្រូមានរយៈពេលប្រមាណពី១០ទៅ១៥នាទី។ ប៉ុន្ដែបច្ចុប្បន្នការថ្វាយបង្គំគ្រូ ត្រូវបានគេធ្វើសង្ខេបតម្រូវតាមពេលវេលាខ្លី ពិសេសការប្រកួតដែលមានការចាក់ផ្សាយតាមប៉ុស្ដិ៍ទូរទស្សន៍។ រយៈពេលនេះ ត្រូវគេ បង្រួញមកត្រឹម២ទៅ៤នាទីប៉ុណ្ណោះ។ ឯក្បាច់ដែលគេសម្ដែងក៏ធ្វើឡើងកាត់ៗ និងក្លាយខុសពីលក្ខណៈដើមប្រហែល៧០%។
មូលហេតុថ្វាយបង្គំគ្រូ
ខ្មែរយើងជាពូជពង្សដែលកតញ្ញូតាធម៌ចំពោះអ្នកមានគុណណាស់ រហូតចាត់ទុកគ្រូបាធ្យាយគឺជាអ្នកមានគុណធ្ងន់ជាឪពុក ម្ដាយទីពីរទៀតផង។ ដើម្បីតបស្នងចំពោះការបង្ហាត់បង្ហាញ ការលះបង់កម្លាំងកាយចិត្ដផ្ដល់នូវចំណេះដឹង និងអប់រំទូន្មានរបស់គ្រូ សិស្សគុនចាំបាច់ត្រូវតែរំលឹកដល់គុណគ្រូមុនធ្វើការប្រកួតប្រដាល់ ដែលយើងហៅថាថ្វាយបង្គំគ្រូ។ ធ្វើដូច្នេះគឺដើម្បីរំលឹកឡើងវិញ នូវពាក្យពេចន៍ទូន្មានរបស់គ្រូក្នុងការហាត់ប្រដាល់ រំលឹកនូវតម្រេះស្នៀតផ្សេងៗ។ លើសពីនេះដើម្បីតាំងអារម្មណ៍ឱ្យមូល បង្កើនភាព ក្លាហានមិនតក់ស្លុត និងរំលឹកគុណឪពុកម្ដាយឱ្យតាមជួយថែរក្សា។ ម្យ៉ាងទៀតគឺដើម្បីរំលឹកនូវមន្ដអាគមន៍គាថាបាលីទាំងឡាយ ដែលគ្រូបានបង្ហាត់ ដូចជាបាលីបំភាន់ភ្នែកសត្រូវ បាលីធ្វើឱ្យសត្រូវវង្វេង បាលីធ្វើឱ្យភ្នែករឹង បាលីបញ្ចុះទម្ងន់ដៃជាដើម។
- សុខមុខ សំបុកមេដែក សះលាទុក្ខបលៈមៈអរៈ ជាបាលីបញ្ចុះទម្ងន់ដៃ សូត្រ៧ចប់រួចយកក្រមួនលាបផ្នែកមុខកណ្ដាប់ ដៃ។
- អធិឥមៈស្មឹង សម្បើមខ្លាធំ ឧបស្វាហយ្យ ជាបាលីត្រៀមចូលប្រយុទ្ធ សូត្រ៧ចប់ដោយយកជើងធាក់ដីរួចដើរសំដៅគូ ប្រកួត។
- អ្នក ឧ ឥ អ អ្នក អ ឱ ឧ ជាបាលីសម្រាប់បំបិទភ្នែកសត្រូវ គេសូត្រ៧ចប់ហើយដាល់សំដៅទៅមុខគូប្រកួត។
លក្ខណៈពិសេសនៃការថ្វាយបង្គំគ្រូ
ការថ្វាយបង្គំគ្រូនៅក្នុងសិល្បៈកីឡាប្រដាល់របស់ខ្មែរមិនមែនចេះតែធ្វើឡើងតាមការនឹកឃើញនោះទេ។ បុព្វបុរសខ្មែរបាន ដកស្រង់ចេញពីផ្នែកមួយនៃសិល្បៈវប្បធម៌របស់ខ្លួន ដែលមានលក្ខណៈទន់ភ្លន់ និងរក្សាបានទាំងលក្ខណៈអត្ដសញ្ញាណជាតិផង ដូចជា របាំរឿងរាមកេរ្ដិ៍ ក្រមុំចូលម្លប់ជាដើម។ ទាំងការបង្ហាញក្បាច់ប្រដាល់ផងនោះ គឺមានឆ្លាក់ជាប់នឹងជញ្ជាំងប្រាសាទបាយ័ន ប្រាសាទ ព្រះលានជល់ដំរី ប្រាសាទព្រះខ័នជាដើម។ លើសពីនេះក៏បានដកស្រង់ពីការធ្វើតម្រាប់តាមសត្វ ដែលលោកធ្លាប់ស្គាល់ ធ្លាប់ពើប ប្រទះក្នុងជីវភាពប្រចាំថ្ងៃ ក្ន្នុងនោះមានដូចជាក្បាច់ខ្លាក្រាប ក្បាច់ក្រពើហា និងក្បាច់ផ្សេងទៀត។
ពិធីថ្វាយបង្គំគ្រូនៅផ្ទះ
មុនថ្វាយបង្គំគ្រូនៅលើសង្វៀន ចាស់បុរាណលោកមានរៀបជាបាយសី៧ថ្នាក់ ឬ៨ថ្នាក់ដើម្បីរំលឹកគុណគ្រូនៅនឹងផ្ទះគ្រូសិន (កន្លែងហាត់រៀន)មុននឹងចេញទៅប្រកួត។ ការមិនរៀបបាយសីអាចធ្វើឱ្យបារមីគ្រូប្រកាន់ខឹង និងអាចធ្វើឱ្យកីឡាករមានគ្រោះថ្នាក់ ពេលប្រកួត។ ការរៀបបាយសីនេះជាការថ្វាយបង្គំគ្រូក្នុងដំណាក់កាលទីមួយ ព្រោះនៅក្នុងពិធីមានសូត្របាលីមន្ដអាគមន៍ ដែលគ្រូ បង្ហាត់ គ្រូប្រោះព្រំសុំបារមីសក្ដិសិទ្ធតាមជួយថែរក្សាជាដើម។ បាយសីនឹងធ្វើពីធីរើចេញវិញពេលការប្រកួតត្រូវបញ្ចប់ ដោយមាន មើលពីពេលវេលាល្អត្រូវរើ។ លើសពីនេះគ្រូនឹងត្រៀមខ្លង់ព្រះកេសគ្រូ ឬហៅថាឈើតីគ្រូដែលធ្វើពីអំបោះឆៅ(អំបោះសីមា)សម្រាប់ ពាក់លើក្បាល និងពាក់ខ្លង់នៅលើដើមដៃម្ខាងមួយៗឱ្យសិស្សគុណ ពេលថ្វាយបង្គំគ្រូនៅលើសង្វៀន។ កីឡាករបង្គោលខៀវ គ្រូនឹង ពាក់ខ្លង់នៅលើដើមដៃនោះពណ៌ខៀវ បើជាបង្គោលក្រហម គ្រូនឹងពាក់ខ្លង់នៅលើដើមដៃពណ៌ក្រហម។ ខ្លង់ដែលពាក់លើក្បាល និង ដើមដៃនោះមានបញ្ចុះសិល្ប៍ប្រសាទដើម្បីជួយប្រសិទ្ធីដល់សិស្សគុនឱ្យមានកម្លាំង និងកុំឱ្យតក់ស្លុតផងដែរ។ សិស្សគុននីមួយៗមាន រៀនសិល្ប៍ប្រសាទធ្វើឱ្យស្បែកស្វិតនិងបាលីផ្សេងទៀត។ ព្រោះពីដើមពុំមានប្រដាប់ការពារប្រដាប់ភេទ ពុំមានហ្កង់ពាក់ស្រោប កណ្ដាប់ដៃ គឺគេប្រើក្រណាត់ជ្រលក់នឹងទឹកបបរហាលទុករហូតរឹង(ក្រោយមកហៅថាបង់គូទខ្ចៅ)។
ក្បាច់ថ្វាយបង្គំគ្រូ
ចូលដល់ទីដែលរៀបចំសម្រាប់ប្រដាល់ គ្រូនឹងបំពាក់ខ្លង់ព្រះកេសគ្រូលើក្បាល និងពាក់ខ្លង់នៅដើមដៃឱ្យសិស្សគុន។ ខ្លង់ ពាក់លើក្បាលគ្រូនឹងសូត្រគាថាដោះចេញវិញពេលថ្វាយបង្គំគ្រូនៅលើសង្វៀនចប់។ ឯខ្លង់ពាក់នៅដើមដៃទាំងសងខាង គឺទុករហូតចប់ ការប្រកួត។ ការថ្វាយបង្គំគ្រូលើសង្វៀនប្រកួត កីឡាករនឹងបញ្ចេញក្បាច់ថ្វាយបង្គំយ៉ាងទន់ភ្លន់រំពើតរំពើងតាមប្រភេទក្បាច់រៀងៗ ខ្លួន។ ក្បាច់ថ្វាយបង្គំគ្រូរបស់ខ្មែរមានច្រើនប្រភេទណាស់តាំងពីបុរាណមកនិងសម័យក្រោយៗក៏មានបង្កើតបន្ថែមទៀតដែរ។ ក្បាច់ ទាំងនោះរួមមាន ៖ ក្រុងរាពណ៍សម្ដែងឫទ្ធិ ព្រះរាមថ្លែង-ស ហនុមានលីថ្មចងស្ពានយកនាងសិតា ព្រះលក្ម្សណ៍ព័ទ្ធសីមា ក្រមុំចូលម្លប់ ព្រហ្មមុខបួន ឥស្សីប្រោះព្រំ ទន្សាយប្រឡែងព្រះចន្ទ គ្រុឌឆក់នាគ នាគញំកែវ នាគលេងទឹក ក្បាច់ល្បុក្កតោ ក្បាច់ស្រងែពេន ក្បាច់ខ្លា ក្រាប ក្បាច់ក្រពើហាជាដើម។
ការថ្វាយបង្គំគ្រូបច្ចុប្បន្ន
បច្ចុប្បន្នការថ្វាយបង្គំគ្រូមានលក្ខណៈសង្ខេប និងក្លាយច្រើន តែនៅមានលក្ខណៈដើមពីបុរាណប្រមាណ៣០%ប៉ុណ្ណោះ។ ក្បាច់ដែលនៅនិយមមានដូចជាព្រហ្មមុខបួន ក្បាច់ខ្លាក្រាប ក្បាច់ក្រពើហា ក្បាច់នាគញំកែវ ឥន្ទ្រីសម្ដែងឫទ្ធិហនុមានចងស្ពាន យកនាងសីតាជាដើម។ ការបាត់បង់ទៅកាន់តែច្រើនបែបនេះ ដោយសារឯកសារសំណេរ ឯកសាររស់(ចាស់ទុំដែលចេះដឹង)បាត់បង់ ក្នុងសម័យសង្គ្រាម ខ្វះការចងក្រងផ្សព្វផ្សាយ និងត្រូវតម្រូវទៅតាមពេលវេលាដែលមានខ្លីក៏ទម្លាប់ថ្វាយបង្គំគ្រូដោយធ្វើកាត់ខ្លីៗតាម គ្នារហូតមក។ ឯការរៀបបាយសីមន្ដអាគមន៍ក៏មានកាន់តែតិចបំផុត។
ដំបូន្មានអ្នកប្រឹក្សា
ដោយសារប្រវត្ដិសិល្បៈប្រដាល់របស់ខ្មែរយើងមានតាំងពីយូរយារណាស់មកហើយនោះ កីឡាករប្រដាល់ទាំងអស់គួរចេះ និងអនុវត្ដថ្វាយបង្គំគ្រូតាមបែបខ្មែរបុរាណទើបប្រសើរ ដើម្បីរួមចំណែកថែរក្សា និងសម្គាល់ថាក្បាច់ទាំងនេះយើងមានខ្លួនឯងផ្ទាល់ មិនបានចម្លងពីសាសន៍ណាឡើយ។ ម្យ៉ាងទៀតគ្រប់ស្ថាប័នផ្សព្វផ្សាយ និងក្រសួងអប់រំគួរជួយផ្សព្វផ្សាយដល់ស្រទាប់ប្រជាពលរដ្ឋឱ្យ បានទូលំទូលាយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨
Leave a Reply