នៅក្នុងពិធីមួយផ្សព្វផ្សាយស្ដីពីការរៀបចំផែនការគ្រប់គ្រងសំណល់វេជ្ជសាស្ដ្រ នៅសាលាក្រុងភ្នំពេញកាលពីពេលកន្លង ទៅនេះ លោក ប៉ា សុជាតិវង្ស អភិបាលរងក្រុងភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមក្រុងភ្នំពេញបានមានប្រសាសន៍ថា សំណល់វេជ្ជសាស្ដ្រជាសំណល់ដែលមានផ្ទុកទៅដោយមេរោគឆ្លង ឬសារជាតិគីមីផ្សេងៗជាច្រើនដែលនាំឱ្យមានគ្រោះថ្នាក់ដល់មនុស្ស សត្វ បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ និងបរិស្ថាន។
យោងទៅតាមការសិក្សារបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញបង្ហាញឱ្យឃើញថា សំណល់វេជ្ជសាស្ដ្រដែលត្រូវបានប្រមូល យកចេញពីមន្ទីរពេទ្យ និងគ្លីនិកតូចធំនានាក្នុងក្រុងភ្នំពេញមានចំនួនប្រមាណជាងមួយតោនកន្លះក្នុងមួយថ្ងៃ ហើយត្រូវបានយកទៅ ចាក់ចោលរាយប៉ាយនៅទីលានចាក់សម្រាមស្ទឹងមានជ័យ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា សំណល់វេជ្ជសាស្ដ្រនេះកំពុងបង្កគ្រោះថ្នាក់ចម្លងមេរោគដល់អ្នករើសសម្រាម ប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាជនក្នុងតំបន់នោះផងដែរ។ ដូចនេះដើម្បីដោះស្រាយបញ្ហាខាងលើសាលាក្រុងភ្នំពេញ បានកំណត់នូវទស្សនៈវិស័យទី២ក្នុងផែនការអភិវឌ្ឍប្រកបដោយចីរភាព និរន្ដរភាពការពារគុណភាពនិងការគ្រប់គ្រងសំណល់រឹងរាវ បានត្រឹមត្រូវ ធ្វើឱ្យបរិស្ថានរស់នៅបានល្អ។
លោកបានមានប្រសាសន៍បន្ដទៀតថា ក្នុងមួយថ្ងៃទីក្រុងភ្នំពេញមានសម្រាមជាងមួយពាន់តោន ដែលក្នុងនោះមានបរិមាណសម្រាមប្រមាណ៧០ភាគរយមានឡូកឡំទៅដោយសំណល់វេជ្ជសាស្ដ្រ ត្រូវបានយកទៅចោលនៅទីលានចាក់សម្រាមស្ទឹង មានជ័យ ៩ភាគរយត្រូវទិញយកទៅធ្វើរបស់លក់អេតចាយ សល់ពីនោះគឺនៅរាយប៉ាយគ្មានសណ្ដាប់ធ្នាប់។ ដូចនេះដើម្បីឱ្យការងារ គ្រប់គ្រងសំណល់រឹងមានប្រសិទ្ធភាពនោះ សាលាក្រុងភ្នំពេញបានណែនាំវិធីសាស្ដ្រកែលំអប្រព័ន្ធគ្រប់គ្រងសំណល់រឹងដោយបែងចែកឱ្យ មានការគ្រប់គ្រងសំណល់វេជ្ជសាស្ដ្រដាច់ដោយឡែក ហើយការងារទាមទារឱ្យមានការចូលរួមពីបណ្ដាមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យឯកជន និងគ្លីនិកតូចធំដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្ដល់សេវាសាលាក្រុងភ្នំពេញ និងកាកបាទក្រហមកម្ពុជាទីក្រុងភ្នំពេញ ។
ការបង្កើតប្រព័ន្ធគ្រប់គ្រងសំណល់វេជ្ជសាស្ដ្រ គឺក្នុងគោលបំណងដើម្បីមនុស្សធម៌ ថែរក្សាបរិស្ថាន សុខភាពសាធារណៈ និងទីក្រុងទាំងមូល និងដើម្បីទប់ស្កាត់បានការចម្លងមេរោគនានា ព្រមទាំងរៀបចំឱ្យមានទីលានចាក់សម្រាមសំណល់វេជ្ជសាស្ដ្រមួយ ដោយឡែកមិនមានផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ នៅក្នុងពិធីផ្សព្វផ្សាយក៏ ទទួលបាននូវបទ អន្ដរាគមន៍ពីតំណាងអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាល រដ្ឋាករគ្រប់គ្រងសំណល់ និងមន្ទីរសុខាភិបាលដែលបង្ហាញពីការ រៀបចំទុកដាក់ ការវេចខ្ចប់ ការទប់ស្កាត់ពីការចម្លងមេរោគ និងការងារគ្រប់គ្រងកាកសំណល់ដឹកជញ្ជូន និងដុតបំផ្លាញចោលនូវកាក សំណល់វេជ្ជសាស្ដ្រទាំងនោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨
Leave a Reply