ប្រធានបទ “ទេសចរណ៍ម្នាក់ ដើមឈើមួយដើម” របស់រដ្ឋាភិបាលកម្ពុជារៀបចំ និងផ្តួចផ្តើមឡើងដោយក្រសួងទេសចរណ៍ ត្រូវបានបើកប្រជុំនាទីក្រុងប្រវត្តិសាស្រ្ត សៀមរាប-អង្គរនារសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១២ ដែលមានការចូលរួមពីគ្រប់ភាគីដែលជាប់ពាក់ព័ន្ធ និងផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ទេសចរណ៍បៃតងជាជម្រើសដែលប្រកបដោយភាពវៃឆ្លាតក្នុងការអភិវឌ្ឍន៍ និងរក្សានូវនិរន្តរភាពលើវិស័យទេសចរណ៍។
គោលការណ៍ទេសចរណ៍បៃតង គឺជា បរិបទដ៏មានសារ:សំខាន់ ក្នុងការចូលរួមស្តារឡើងវិញនូវព្រៃឈើ បរិស្ថាន ធនធានធម្មជាតិនៅកម្ពុជា។ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងនៅក្នុង កិច្ចប្រជុំនោះថា ទេសចរណ៍បៃតងគឺជាការធ្វើដំណើរ និងប្រើប្រាស់ប្រភពធនធានទាំងឡាយណាដែល បម្រើឲ្យការអភិវឌ្ឍន៍វិស័យ ទេស ចរណ៍ ប្រកបដោយការទទួលខុស ត្រូវខ្ពស់ ពោលគឺធ្វើយ៉ាងណាធានា ឲ្យបានថា ការប៉ះពាល់ជាអវិជ្ជមាននៃវិស័យទេសចរណ៍លើធនធានធម្មជាតិនិងវប្បធម៌ស្ថិតក្នុងកម្រិតអប្បរមា។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រដើមអំពិល។
លោករដ្ឋមន្ត្រីបានមានប្រសាសន៏ទៀតថាដើម្បីអភិវឌ្ឍន៍ទេសចរណ៍បៃតង ត្រូវទាមទារឲ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការអភិវឌ្ឍន៍គ្រប់គ្រង និងការធ្វើធុរកិច្ច នៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ដោយគិតចាប់តាំងពីថ្នាក់ដឹកនាំ រហូតដល់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងអ្នកផ្តល់សេវាកម្មនានា ដែលទ្រទ្រង់ ដល់វិស័យទេសចរណ៍។ ជាពិសេសបណ្តាដៃគូរអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងទេសចរណ៍ផងដែរ ត្រូវបានផ្សារភ្ជាប់ទៅនិងជម្រើសប្រកបដោយការទទួលខុសត្រូវខ្ពស់ខាងផ្នែកបរិស្ថាន។
លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប បានលើកឡើងថា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជារដ្ឋាភិបាលបានដាក់ចេញនូវការប្រលងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ដែលត្រូវបានប្រតិបត្តិ និងដាក់ចេញនូវគោលការណ៍ច្បាស់លាស់ ដោយក្រសួងទេសចរណ៍ក្នុងន័យសំដៅធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតប្រកបដោយបរិស្ថានបៃតង។ លោកក៏បានផ្តល់អនុសាសន៍ ជាគន្លឹះដល់អ្នកចូលរួមទាំងអស់ថា ដើម្បីសម្រេចបាននូវយុទ្ធនាការទេសចរណ៍ម្នាក់ ដើមឈើមួយដើម ក្នុងការរួមគ្នា ឆ្ពោះទៅរកការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ក្នុងបុព្វហេតុសម្រាប់ យើងទាំងអស់គ្នា នាពេលបច្ចុប្បន្ននិងសម្រាប់កូនចៅយើងទៅថ្ងៃអនាគត ប្រកបទៅដោយបរិស្ថានល្អ។
គួរបញ្ជាក់ថា នៅពេលខាងមុខនេះ ដើម្បីសម្រេចបាន ទេសចរណ៍ម្នាក់ ដើមឈើមួយដើម គឺក្រសួងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ននានា ក៍ដូចជាគណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាតសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អាជ្ញារដែនដីខេត្តសៀមរាប អាជ្ញាធរអប្សារា និងផ្នែកឯកជននានា នឹងរៀបចំគម្រោងគំរូមួយ ដើម្បីអនុវត្តយុទ្ធនាការនេះ ដោយផ្សារភ្ជាប់ជាមួយពិធីរុក្ខទិវាជាតិ ដែលនិងប្រព្រឹត្តិ ទៅនាថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១២ខាងមុននេះនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
បើយោងតាម របាយការណ៍របស់ក្រសួងទេសចរណ៍នាពេលបច្ចុប្បន្នបានឲ្យដឹងថា ស្តង់ដាទីក្រុងស្អាត គឺមាន៧សូចនាករគោលដែលត្រូវបានចែកចេញជា៣៣សូចនាករលម្អិត និង៧៧មានលក្ខណៈវិនិច្ឆ័យ សម្រាប់ផ្តល់ពិន្ទុ ដល់ទីក្រុងបេក្ខភាព។ គួររំឮកថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យអនុវត្តចលនាប្រឡងប្រណាំងទីក្រុងស្អាត ដែលក្នុងនោះក៏មានរាប់បញ្ចូលទាំងការមិនឲ្យមានថង់ប្លាស្ទិក និងក្រដាសសម្រាមនៅតាមទីសាធារណៈ ព្រមទាំងការបញ្ឈប់មិនឲ្យមានការធ្វើអាជីវកម្មដុតគោ ដាក់លក់តាមដងផ្លូវសាធារណៈថែមទៀតផង។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២
Leave a Reply