ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតែងតែយល់ច្រឡំថា ការបញ្ចេញពលកម្ម និងការហាត់ ប្រាណគឺដូចតែគ្នាដោយគាត់គិត សម្អាងថា បានបញ្ចេញកម្លាំងកាយ និងបែកញើសដូច គ្នា។ ការយល់ឃើញបែបនេះធ្វើឱ្យលោកអ្នកដែលមានការងារបញ្ចេញកម្លាំង កាយច្រើន មិនចង់ចូលរួមសកម្មភាពហាត់ប្រាណ។ ទស្សនៈអ្នកជំនាញផ្នែកកីឡាបានញែកឱ្យឃើញនូវលក្ខណៈដាច់ដោយឡែករវាង ការហាត់ប្រាណ និងការធ្វើពលកម្ម ទាំងបែបបទសកម្មភាពទាំងផលប្រយោជន៍ដែលទទួលបាន។
ដើម្បីស្រាយទស្សនៈភាន់ច្រឡំរវាងការហាត់ប្រាណ និងការធ្វើពលកម្មឱ្យដាច់ស្រឡះពីគ្នា លោកស្រី ពេជ្រ យូគ្រូបង្ហាត់ ជម្រើសជាតិផ្នែកកាយសម្ព័ន្ធ មានក្ដីសោមនស្សលាតត្រដាងតាមរយៈទស្សនាវដ្ដី សុខភាពយើង។
បំណែងចែកសកម្មភាពពលកម្ម និងហាត់ប្រាណ
ថ្វីត្បិតថាសកម្មភាពពលកម្ម និងសកម្មភាពហាត់ប្រាណសុទ្ធតែត្រូវបញ្ចេញកម្លាំងដូចគ្នាប៉ុន្ដែវាមានទិសដៅផ្សេងគ្នា។
1 . ពលកម្ម ៖ ពលកម្មមានពីរយ៉ាង គឺពលកម្មកម្លាំងកាយ និងពលកម្មបញ្ញា។
- ពលកម្មកម្លាំងកាយ ៖ ពលកម្មកម្លាំងកាយគឺការបញ្ចេញនូវកម្លាំងកាយទូទៅ ដោយគ្មានសណ្ដាប់ធ្នាប់ឬក្បួនខ្នាតមិនគិតពី ពេលវេលា ឬទីកន្លែង គ្មានកំណត់រយៈពេលប្រតិបត្ដិច្បាស់លាស់ មិនគិតពីផលប៉ះពាល់ដែលមើលមិនឃើញឬផលប៉ះពាល់ដែលនឹង កើតមាននៅថ្ងៃខាងមុខយូរអង្វែង។ សកម្មភាពពលកម្មផ្លូវកាយ គឺជាសកម្មភាពការងារ ទោះបីស្រាលក្ដីធ្ងន់ក្ដី គឺធ្វើឡើងក្នុងគោល បំណងចំណេញផ្នែកសេដ្ឋកិច្ច ឬទទួលផលប្រយោជន៍ណាមួយ។ អ្នកបញ្ចេញពលកម្មកម្លាំងកាយក៏អាចជាអ្នកដែលសកម្មក្នុងពលកម្ម បញ្ញាដែរ ព្រោះគេគិតថាធ្វើពលកម្មកម្លាំងកាយខ្លះជំនួសការហាត់ប្រាណ។ ជាទូទៅអ្នកបញ្ចេញពលកម្មកម្លាំងកាយមិនមែនជាជន សកម្មក្នុងពលកម្មបញ្ញាទេ។ ជាឧទាហរណ៍ ការកាប់គាស់រណ្ដៅដំណាំដាំបន្លែ ដាំរុក្ខជាតិហូបផ្លែ ស្រោចទឹកផ្កា ឬដំណាំ កម្មករ សំណង់ អ្នកធាក់ស៊ីក្លូ កម្មករកាត់ដេរ ធ្វើស្រែចម្ការបំពេញការងារក្នុងផ្ទះជាដើម។
- ពលកម្មបញ្ញា ៖ ពលកម្មបញ្ញាឬពលកម្មខួរក្បាលជាលក្ខណៈសកម្មលើប្រព័ន្ធសរសៃប្រសាទ ខួរក្បាលការគិតជាប្រព័ន្ធ ការ ប្រើចំណេះពីលក្ខណៈអរូបិយឱ្យស្ដែងមកជាលក្ខណៈរូបិយ ដើម្បីទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចពង្រីកឥទ្ធិពល ឬផល ប្រយោជន៍ណាមួយ។ លោកអ្នកដែលប្រើពលកម្មបញ្ញា គឺជាអ្នកដែលមានជំនាញ បទពិសោធន៍និងចំណេះដឹងខ្ពង់ខ្ពស់ ដែលអាចមាន ឥទ្ធិពលខ្ពស់ណាស់ លើអ្នកមានពលកម្មកម្លាំងកាយ។ ប៉ុន្ដែក៏មិនមែនមានន័យថាអ្នកប្រើពលកម្មបញ្ញាបដិសេធចោលពលកម្មកម្លាំង កាយនោះដែរគ្រាន់តែថាការងារសម្រេចទៅបានគឺអាស្រ័យទៅលើពលកម្មបញ្ញាជាអាទិភាព។ ការបញ្ចេញពលកម្មបញ្ញាគឺពុំចេះ អស់ថាមពល និងទទួលបានផលប្រយោជន៍ឥតចេះរីងស្ងួត។ ជាឧទាហរណ៍ជំនាញគ្រូពេទ្យ គ្រូបង្រៀន អ្នកសេដ្ឋកិច្ចទស្សនៈវិទូ អ្នកមានសមត្ថភាពគ្រប់គ្រងដឹកនាំជាដើម។
2 . ការហាត់ប្រាណ ៖ ការហាត់ប្រាណជាសកម្មភាពជាចលនាដែលសម្ដែងចេញមកខាងក្រៅដោយមានក្បួនខ្នាតត្រឹមត្រូវ មានពេលកំណត់ច្បាស់លាស់ មានដំណាក់កាលនៃការហាត់ដែលសកម្មភាពធ្វើឡើងដើម្បីសុខភាព។ ជាឧទាហរណ៍ ការរត់ត្រឹកៗ ការធ្វើចលនាដងខ្លួន ហាត់ប្រាណតាមចង្វាក់ភ្លេង និងការធ្វើចលនាផ្សេងៗទៀត។
ផលប្រយោជន៍ពលកម្ម និងការហាត់ប្រាណ
ទិសដៅនៃការធ្វើពលកម្ម និងការហាត់ប្រាណមានលក្ខណៈដោយឡែកអំពីគ្នាឯការចំណាយក៏មានលក្ខណៈមិនដូចគ្នា នោះញ៉ាំងឱ្យផលដែលទទួលបានក៏មិនដូចគ្នាដែរ។
1 . ពលកម្ម ៖
- ពលកម្មកម្លាំងកាយ ៖ ផលប្រយោជន៍ដែលទទួលបានពីការពលកម្មកម្លាំងកាយអាស្រ័យទៅលើទង្វើរបស់លោកអ្នក។ បើ សង្កេតជាទូទៅទៅលើពលកម្មកម្លាំងកាយស្ទើរសុទ្ធសាធជាអាជីពពុំសូវទទួលបានផលល្អប្រសើរប៉ុន្មានឡើយសម្រាប់ជីវភាព។ ជាឧទាហរណ៍ មុខរបរជាកម្មករសំណង់ ធាក់ស៊ីក្លូជាដើម។ តែបើជាពលកម្មកម្លាំងកាយពាក់កណ្ដាលបញ្ញា និងអនុវត្ដដោយប្រើ បច្ចេកទេសម៉ាស៊ីនផងនោះជីវភាពរបស់គេអាចប្រសើរជាងការធ្វើពលកម្មកម្លាំងកាយសុទ្ធសាធ។ ឧទាហរណ៍ កម្មករកាត់ដេរ កសិកម្មដែលមិនពឹងផ្អែកលើធម្មជាតិសុទ្ធសាធជាដើម។ លើសពីនេះការធ្វើពលកម្មបន្ទាប់បន្សំក្នុងជីវភាព ដូចជាកាប់ដីដាំដំណាំ ធ្វើ ការងារប្រចាំថ្ងៃក្នុងផ្ទះ គឺពុំសូវមើលឃើញផលជាក់ស្ដែងភ្លាមៗទេ។ ប៉ុន្ដែអាចទទួលបានសុខភាពល្អខ្លះដែរ។ សរុបមកពលកម្ម កម្លាំងកាយទទួលបានផលចំណេញតិចតួចណាស់ ទោះជាភោគផលឬជាថវិកាក្ដី។
- ពលកម្មបញ្ញា ៖ ការប្រើសមត្ថភាពបញ្ញាដើម្បីទទួលបានផលមកវិញ ពិតជាទទួលបានផលច្រើនឬច្រើនលើសលប់ទៀតផង។ លើសពីនេះក៏ធ្វើឱ្យបញ្ញាកាន់តែរីកលូតលាស់ថែមឡើង។ ពលកម្មបញ្ញានឹងទទួលបានទាំងសេដ្ឋកិច្ច កិត្ដិយសឥទ្ធិពល និងផ្នែកផ្សេង ទៀត និងអាចក្លាយជាម្ចាស់លើអ្វីៗនៃផ្នែកណាមួយក្រៅពីលក្ខណៈសត្យានុម័តនៃធម្មជាតិ។
2 . ការហាត់ប្រាណ ៖ ការទទួលបានសំខាន់ជាងគេគឺសុខភាព។ ពោលគឺសាច់ឈាមភ្លឺថ្លា រក្សារាងនិងសម្រស់បានប្រសើរ កម្លាំងពលំមាំមួន ជម្ងឺមិនសូវបៀតបៀន កាត់បន្ថយភាពស្ពឹកស្រពន់ និងមិនចាស់តាមវ័យពិសេសធ្វើឱ្យជ្រះថ្លាគំនិត កាត់បន្ថយភាព តានតឹងនៃអារម្មណ៍ជាដើម។ លោកអ្នកគួរចងចាំថា សុខភាពមានតម្លៃជាងអ្វីៗគ្រប់់យ៉ាងព្រោះបើគ្មានសុខភាពគឺគ្មានអ្វីៗទាំងអស់។ ជោគជ័យត្រចះត្រចង់មិនអាចកើតឡើងដោយស្ថាបនិកទ្រុឌទ្រោមសុខភាពឡើយ។
ផលប៉ះពាល់ពីពលកម្ម និងការហាត់ប្រាណ
1 . ពលកម្ម ៖
- ពលកម្មកម្លាំងកាយ ៖ លោកអ្នកចំណាយកម្លាំងកាន់តែច្រើន ផលប៉ះពាល់ក៏មានច្រើនដែរ។ លោកអ្នកអាចបាក់កម្លាំង បាត់បង់សម្រស់ ឆាប់ចាស់ទ្រុឌទ្រោម ឬចាស់មុនអាយុ ជម្ងឺបៀតបៀនច្រើនឬអាចមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ ការបាត់ បង់សុពលភាពនេះ គឺអាស្រ័យលើកម្រិតនៃការខំប្រឹង ឬការចំណាយថាមពលដែលគ្មានសណ្ដាប់ធ្នាប់។
- ពលកម្មបញ្ញា ៖ ការធ្វើពលកម្មខួរក្បាលច្រើនគឺអាចមានផលប៉ះពាល់ខ្លះដល់ខួរក្បាល ឬផ្លូវចិត្ដប្រសិនបើបុគ្គលនោះមិន មានវិធីជម្រុះ ឬកាត់បន្ថយភាពស្មុគស្មាញ ហើយក៏អាចមានជម្ងឺផ្លូវកាយផ្សេងទៀត បើសិនជាអសកម្មផ្នែកផ្លូវកាយ។
2 . ហាត់ប្រាណ ៖ បើសិនជាហាត់មិនបានសមស្រ ពុំមានម្ចាស់ការលើខ្លួនឯងទើបធ្វើឱ្យមានផលប៉ះពាល់ខ្លះកើតឡើង ដូចជា ឈឺចាប់តាមសាច់ដុំ ថ្លោះគ្រិច កាន់តែឡើងទម្ងន់ជាដើម។ ប៉ុន្ដែបើការហាត់ប្រាណមានគ្រូដឹកនាំឬមានក្បួនខ្នាតគឺពុំមានផលអាក្រក់ កើតឡើងចំពោះសុខភាពទេ។
ដំបូន្មានអ្នកប្រឹក្សា
ការធ្វើពលកម្មក៏មានផលប្រយោជន៍ ការហាត់ប្រាណក៏មានផលប្រយោជន៍។ ដូច្នេះលោកអ្នកគួរចេះប្រមាណទៅលើអ្វី ដែលលោកអ្នកនឹងធ្វើ និងគួរគិតពីផលប៉ះពាល់ផង។ ទោះការងារក្ដី ហាត់ប្រាណក្ដី លោកអ្នកត្រូវចេះប្រុងប្រយ័ត្ននិងគួរចាប់យក សុខភាព មុនពេលចាប់យកផលប្រយោជន៍ផ្សេងទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Leave a Reply