ការហក់ឡើងនូវតម្លៃទំនិញលើទីផ្សារគ្រប់ប្រភេទ ជាការ បំផ្លាញនូវ សេដ្ឋកិច្ចជាតិ និង ប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ ប៉ុន្ដែការចលាចលនូវទំនិញ ពិសេស តម្លៃអង្ករ ប្រេងឥន្ធនៈ និងឧស្ម័ន កន្លងមកថ្មីៗនេះហាក់មានភាពធូរស្រាល ជាងមុន បន្ទាប់ពីតម្លៃទំនិញលើទីផ្សារមួយចំនួនបានធ្លាក់ចុះតម្លៃបន្ដិចម្ដងៗ។
ទោះបីជាយ៉ាងណាក៏ដោយកម្ពុជានៅតែជួបបញ្ហា អតិផរណានៅឡើយ ហើយបញ្ហានេះបាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋត្រដរខ្យល់យ៉ាងខ្លាំងជាពិសេសអ្នកក្រ។ ទន្ទឹមនឹងភាព សុទិដ្ឋិនិយមពីការហក់ឡើងនូវសេដ្ឋកិច្ចរបស់ប្រទេស ការហូរចូលនូវវិនិយោគិនការឡើងថ្លៃទំនិញនៅលើទីផ្សារបាននិងកំពុងក្លាយ ជាកង្វល់មួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាហើយវាក្លាយជាចលករដ៏សំខាន់បំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសនេះ។
នៅពេលនេះ ទស្សនាវដ្ដី សុខភាពយើងសូមលើកយកបញ្ហាមួយចំនួនមកបង្ហាញជូនលោកអ្នកឱ្យបានជ្រាបអំពីអ្វីដែល កំពុងតែប្រឈមមុខទាក់ទងនឹងសេដ្ឋកិច្ចសង្គម។
កំណើនសេដ្ឋកិច្ច តែនៅជួបបញ្ហា
ការហក់ឡើងសេដ្ឋកិច្ចមានកំណើនពីរខ្ទង់ជាប់គ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំនេះបានធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី២ បន្ទាប់ពីមហាយក្សអាស៊ី គឺប្រទេសចិនដែលមានកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស។ ប៉ុន្ដែបន្ទាប់ពីឆ្នាំដ៏មានហុងស៊ុយកន្លងផុតទៅ ឆ្នាំនេះ កម្លាំងសេដ្ឋកិច្ចនៅប្រទេសកម្ពុជាហាក់បានទ្រោមចុះបន្ដិចវិញដោយបានធ្លាក់ពីកម្រិតពីរខ្ទង់មកត្រឹមមួយខ្ទង់វិញ។
បញ្ហាអតិផរណានៅកម្ពុជា
តម្លៃទំនិញនៅលើទីផ្សារគ្រប់ប្រភេទឡើងថ្លៃទាំងអស់ ដែលធ្វើឱ្យកើតមានក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋគ្រប់រូបព្រោះ ប្រាក់ចំណូលមិនអាចបំពេញគ្រប់លើការចំណាយបាន។ ប្រភេទទំនិញចាំបាច់មួយចំនួនដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃដូចជាអង្ករ ប្រេង ឧស្ម័នជាដើម បាននឹងកំពុងបង្កនូវបញ្ហានៅកម្ពុជា ព្រោះប្រជាពលរដ្ឋគ្មានរំពឹងថាតម្លៃទំនិញនឹងអាចចុះមកវិញឡើយ។
រីឯបញ្ហាអង្ករវិញទោះជាតម្លៃអង្ករបានឡើងដល់កម្រិតឯកត្ដកម្មក្ដី ក៏ត្រូវបានគេមើលឃើញថានិន្នាការនេះមិនមានការ ធ្លាក់ចុះវិញងាយៗឡើយ ដោយហេតុផលចំនួនពីរ។ ទី១ទំនិញនៅស្រុកខ្មែរតែឡើងហើយមិនងាយចុះវិញទេនិងទី២និន្នាការពិភព លោកកំពុងមានកង្វះខាតអង្ករសម្រាប់ផ្គត់ផ្គង់អ្នកប្រើប្រាស់។ តារាងតម្លៃអង្ករនៅតាមទីផ្សារនានាក្នុងក្រុងភ្នំពេញបច្ចុប្បន្នមានតម្លៃ ចាប់ពី២.២០០រៀលទៅ៤.០០០រៀលក្នុងមួយគីឡូក្រាម។
បើតាមការឱ្យដឹងពីលោក ភូ ភុយ ប្រធានសមាគមសម្ព័ន្ធម៉ាស៊ីនកិនស្រូវកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថាអង្ករមានគុណភាពល្អតម្លៃរបស់វាមានការកើនឡើង២០០ដុល្លារក្នុងមួយតោន បើប្រៀបធៀបជាមួយឆ្នាំមុន។ លោកបញ្ជាក់ថាកម្ពុជាមិនមាន ការខ្វះខាតអង្ករទេ ហើយលោកបន្ទោសថា តម្លៃអង្ករបានកើនឡើងទូទាំងពិភពលោកដែលជាចលករជំរុញឱ្យតម្លៃអង្ករក្នុងស្រុក មានការកើនឡើង។ ការឡើងថ្លៃទំនិញលើទីផ្សារសព្វបែបយ៉ាងត្រូវបានគេបន្ទោសទៅលើតម្លៃសាំងឡើងថ្លៃមិនចេះឈប់ឈរ។ បញ្ហាអតិផរណានៅកម្ពុជាមួយភាគអាចបណ្ដាលមកពីប្រទេសយើងកំពុងមានព្រឹត្ដិការណ៍បោះឆ្នោតសកលផងនោះ។
ផលប៉ះពាល់នៃអតិផរណា
ទោះជាអតិផរណាមានការកើនឡើងគួរឱ្យខ្លាចក៏ដោយ ក៏លោកបណ្ឌិត សុខ ស៊ីណាសេដ្ឋវិទូឯករាជ្យបានមានប្រសាសន៍ ថា ស្ថានភាពនេះមិនប៉ះពាល់សេដ្ឋកិច្ចរយៈពេលវែងទេ តម្លៃទំនិញឡើងថ្លៃពិសេសអង្ករវានឹងមានភាពធូរស្រាលឡើងវិញ បើសិន រដ្ឋាភិបាលប្រកាសផ្អាកការនាំចេញអង្ករទៅប្រទេសជិតខាងវិញ។ កម្ពុជាដែលជាប្រទេសនាំចេញអង្ករនៅតែទទួលរងផលច្រើនពីការ ឡើងថ្លៃអង្ករ។ នៅក្នុងពិភពលោកទោះបីជាមានការកើនឡើងនៃម្ហូបអាហារជាទូទៅនឹងជះឥទ្ធិពលដល់អ្នកងាយរងគ្រោះបំផុត ពិសេសអ្នកក្រីក្រនៅទីក្រុង និងអ្នកគ្មានដីកម្មសិទ្ធក្ដី។ ទោះជាមានការខិតខំប្រឹងប្រែងពីរដ្ឋាភិបាល ដើម្បីបញ្ចុះថ្លៃអង្ករលើទីផ្សារក្ដី ប៉ុន្ដែតម្លៃប្រេងឥន្ធនៈមិនបានធ្លាក់ចុះទេ ហើយប្រហែលជាបន្ដឡើងថ្លៃតទៅទៀតព្រោះទីផ្សារប្រេងពិភពលោកឡើងថ្លៃ។
ទំនិញនៅលើទីផ្សារឡើងថ្លៃបានបង្កនូវបញ្ហាជាច្រើន ដូចជាភាពអត់ឃ្លាន ការលួចប្លន់ កាប់សម្លាប់គ្នាដើម្បីរស់ព្រោះប្រាក់ចំណូលមិនអាចបំពេញអ្វីដែលត្រូវការចាំបាច់សម្រាប់បំពេញជីវភាពជារៀងរាល់ថ្ងៃបាន។ បានន័យថាអ្នកក្រកាន់តែក្រជាពិសេសអ្នកដែលមានប្រាក់ចំណូលក្រោម២០០០០រៀលក្នុងមួយថ្ងៃ។
ក្រសួងផែនការបានលាក់មិនបញ្ចេញព័ត៌មានអំពីបញ្ហាអតិផរណាក្នុងប្រទេស ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបើ ទោះបានបញ្ចេញអតិផរណាកាលពីខែមករាបានកើនឡើងដល់១៨.៧០ភាគរយហើយក៏ដោយ។
តើត្រូវទប់ស្កាត់បញ្ហាអតិផរណាបែបណា?
ដោយបង្ហាញនូវការព្រួយបារម្ភនៃអតិផរណាក្នុងប្រទេស រដ្ឋាភិបាលមានវិធានការណ៍នានាមួយចំនួនដូចជាការទប់ស្កាត់ ការនាំចេញអង្ករ ការប្រកាសឧបត្ថម្ភធន ការរក្សាជំហរសារពើពន្ធដ៏ប្រុងប្រយ័ត្នគាំពារការចំណាយជាអាទិភាពជាដើម។ ការទាក់ ទាញវិនិយោគិន ដើម្បីដាក់ទុនវិនិយោគមានការលំបាកដែលយើងត្រូវក្នុងការប្រណាំងប្រជែងទាក់ទាញវិនិយោគិនជាមួយប្រទេស ដទៃ។ នេះជាអនុសាសន៍របស់ក្រុមបេសកកម្មនៃមូលនិធិរូបិយប័ណ្ណអន្ដរជាតិ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Leave a Reply