ស្វែង​ជ្រក​ពួន បន្លា​យួន​ដេញ

ពពួក​មច្ឆ​ជាតិ​ទាំង​ឡាយ​ត្រូវ​ការ​ទឹក និង​ព្រៃ​លិច​ទឹក​ដើម្បី​រស់​ជ្រក​កោនពង​​​​​កូន​​​ និង​ ស្វែង​រក​ចំណី​ដ៏​សម្បូរ​បែប​តាម​បណ្ដា ព្រៃ​លិច​ទឹក​ទាំង​នោះ​ក្នុង​រដូវ​វស្សា ដើម្បី​ចិញ្ចឹម​ ជីវិត​របស់​វា។ ដូច្នេះ​​ ព្រៃ​លិច​ទឹក​​​ពិត​ជា​ជម្រក​ដ៏​វិសេស​ វិសាល​សម្រាប់​ពពួក​មច្ឆជាតិ គ្រប់​ប្រភេទ។ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថាមាន​វត្ដ​មាន​ដើម​បន្លា​យួន ដែល​ជា​ ប្រភេទ​រុក្ខ​ជាតិ​ធន់​និង​អាច​រស់​នៅ​ក្នុង​ទឹក​បានតែ​មិន​ជាទី​ពេញ​ចិត្ដ​ឱ្យ​ពពួក​មច្ឆ​ជាតិ​ ទាំង​នោះ​រស់​ក្បែរ​ឡើយ។ តើ​ដើម​បន្លា​យួន​មាន​ផល​ប៉ះ​ពាល់​ដូច​ម្ដេច​ខ្លះ​ចំពោះ​ពពួក​ មច្ឆ​ជាតិ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នា​វដ្ដី សុខភាពយើង​​ លេខនេះ​ ទទួលបានបទសម្ភាសន៍ពីលោក រាជ សុ​ភាព អ្នក​ស្រាវ​ជ្រាវ​និង​បណ្ដុះ​បណ្ដាល​ផ្នែកវារី​វប្ប​កម្មនិង​ ផលិត​ពូជ​នៃ​អង្គ​ការ​សេ​ដាក ស្ដី​អំពី​ផល​ប៉ះ​ពាល់​នៃ​ដើម​បន្លា​យួន។

ប្រភព​ដើម​បន្លា​យួន

មាន​ការ​និយម​ហៅ​ឈ្មោះ​រុក្ខ​ជាតិ​បន្លា​យួន​តាម​តំបន់​ដោយ​ឡែកៗ​អំពី​គ្នា​ដោយ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​នៅ​តំបន់​មួយ​ចំនួន ហៅ​ថា ដើម​បន្លា​យួន និង​ខ្លះ​ទៀត​ហៅ​ថា​ដើម​បន្លា​អ៊ុយ​យ៉ាស់ ឬ​អូយ​យ៉ះ។ ប្រជា​ពល​រដ្ឋមួយ​ចំនួន​ដែល​និយម​ហៅ ថា​ដើម​បន្លា​យួន មកពី​លោក​គិត​ថា ដើម​រុក្ខ​ជាតិ​នេះ​មាន​ប្រភព​មកពី​ប្រទេស​វៀត​ណាម។ ឯ​ប្រជា​ពលរដ្ឋ​មួយចំនួន​ផ្សេង​ទៀត​ដែល​តែង​និយម​ហៅ​ថា ដើម​បន្លា​អ៊ុយ​យ៉ាស់ មកពី​គេ​យល់​ថា​ដើម​នេះ​មាន​បន្លា​ហើយ​នៅ​ពេល​ប៉ះ​មុត​ក៏​ភ្ញាក់​ភ្លាត់​មាត់​ពោល​ថា​អ៊ុយ​យ៉ាស់ ឬ​អី​យ៉ាស់។ តាម ពិត​ទៅ​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​អះ​អាង​ឬ​បញ្ជាក់​ថា មាន​ប្រភព​មក​ពី​ណា​និង​មាន​ឈ្មោះ​ជាក់​លាក់​ពិត​ប្រាកដ​នោះ​នៅ​ឡើយ​ទេ ព្រោះ​នៅ​ប្រទេស​ដទៃ​ទៀត​ប្រមាណ​១៨​ប្រទេស ក៏​មាន​ដើម​បន្លា​នេះ​ដែរ។

ការ​លូត​លាស់​នៃ​ដើម​បន្លា​យួន

ដើម​បន្លា​យួន​ជា​រុក្ខ​ជាតិ​មួយ​ប្រភេទ​ដែល​ងាយ​លូត​លាស់​ជាទី​បំផុត។ វាអាច​ចេញ​ផ្កាផ្លែ​បាន​គ្រប់​រដូវ​កាល​លើក​លែង​តែ ទឹក​លិច​ផុត​ចុង​ប៉ុណ្ណោះ។ នៅ​រដូវ​វស្សា​ទោះ​ទឹក​ជន់​លិច​ផុត​ចុង​ហើយ​ក្ដី ក៏​រុក្ខ​ជាតិ​នេះ​មិន​ងាប់​ដែរ​នៅ​ពេល​ដែល​ទឹក​ចាប់​ផ្ដើម​ស្រក​វា ក៏​ដុះ​លូត​លាស់ និង​សាយ​កូន​ជា​បន្ដ​ទៀត។ ដើម​បន្លា​នេះ​មាន​កម្ពស់​ជា​មធ្យម​២​ម៉ែត្រ​ដើម​មែក​មាន​បន្លា​ស្រួច​រឹង ស្លឹក​ល្អិតៗ។ រុក្ខ​ជាតិ​នេះ​ទោះ​បី​ដុត​ឬ​កាប់​ដល់​គល់​ហើយ​ក៏​ដោយ​ក៏វា​អាច​ដុះ​បាន​វិញ​ដែរ​ប្រសិន​បើវា​នៅ​មាន​ឫស​ក្នុង​ដី​មិន​ទាន់​ងាប់ ហើយ​ក៏​អាច ដុះ​កូន​ចេញ​ពីឫស​របស់​វា​បាន​ដែរ។ នៅ​តាម​តំបន់​ដី​សើម វាល​ទំនាប តាម​មាត់​បឹង ត្រញំង​ព្រែក ស្ទឹង ទន្លេ និង​តំបន់​ព្រៃ​លិច​ទឹក រុក្ខ​ជាតិ​នេះ​ដុះ​បាន​ល្អ​ជាទី​បំផុត។ ក្រោយ​ផ្លែ​ទុំ គ្រាប់​វានឹង​ជ្រុះ​ពាស​វាល​ពាស​កាល​និង​ចាប់​ផ្ដើម​ដុះ​ជា​បន្ដ។ បើ​គ្រាប់​របស់​វា​អណ្ដែត តាម​ទឹក​ទៅ​ដល់​ទីណា វា​នឹង​ដុះ​នៅ​ទី​នោះ។ ហេតុ​នេះ​ហើយ​ទើប​វាដុះ​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​ប្រទេស​កម្ពុជា។

ផល​ប៉ះ​ពាល់​របស់​ដើម​បន្លា​យួន

1 . ចំពោះ​មច្ឆ​ជាតិ ៖ មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​បំផុត​សម្រាប់​មច្ឆ​ជាតិ​គ្រប់​ប្រភេទ ពិសេស​ពពួក​ត្រី​គ្មាន​ស្រកា។ ធម្មតា​ព្រៃ​លិច​ទឹក​ជា ជម្រក​ដ៏​ប្រសើរ​សម្រាប់​មច្ឆ​ជាតិ។ ប៉ុន្ដែ​រុក្ខ​ជាតិ​នេះ​បែរ​ជា​ផ្ដល់​ផល​រំខាន​ដល់​ពពួក​ត្រី​ទៅ​វិញ​ព្រោះ​ដើម​នេះ​មាន​បន្លា​ចាប់​ពីគល់​រហូត ដល់​ចុង ធ្វើឱ្យ​មុត​ខ្លួន​ត្រី។ នោះ​ជា​ហេតុ​ផល​ទីមួយ​ដែល​ត្រី​មិន​អាច​ហែល​ទៅ​ជ្រក​ពួន​បាន។ ហេតុ​ផល​ទី​ពីរ ជ័រ​ពុល និង​ស្លឹក​ដែល រលួយ​នៃ​រុក្ខ​ជាតិ​នេះ​បាន​បំផ្លាញ​ជីវ​ចម្រុះ​តូចៗ និង​ធ្វើឱ្យ​រុក្ខ​ជាតិ​តូចៗ​ផ្សេង​ទៀត​ជា​ចំណី​ជា​ប្រភព​ចំណី​មិន​ឱ្យ​កើត​ឡើង និង​មិន​អាច ដុះ​លូត​លាស់​បាន។ វា​មិន​ដូច​ជា​រុក្ខ​ជាតិ​ដទៃ​មួយ​ចំនួន​ដែល​រលួយ​ហើយ​អាច​បង្កើត​ជាប្លង់​តុង​ជា​ចំណី​ត្រី។ ហេតុ​ផល​ទីបី ការ​ស្អុយ រលួយ​នៃ​ស្លឹក​របស់​វា និង​ជ័រ​ពុល​ដែល​ចេញ​ពី​គ្រប់​ផ្នែក​នៃ​ដើម​របស់​វា​ធ្វើឱ្យ​គ្រប់​មច្ឆ​ជាតិ​មិន​អាច​រស់​នៅ មិន​ឱ្យ​កើត​ឡើង​បាន។

2 . ចំពោះ​បរិ​ស្ថាន​ទឹក ៖ រុក្ខ​ជាតិ​នេះ​ធ្វើឱ្យ​ទឹក​មាន​ជាតិ​ពុល ស្អុយ ជា​ពិសេស​តំបន់​ដែល​មាន​ដើម​បន្លា​យួន​នេះ​ច្រើន។ ទឹក​ដែល​មាន ជាតិ​ពុល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ជា​បន្ដ​ទៀត​ដល់​ជីវ​ចម្រុះ មនុស្ស និង​រុក្ខ​ជាតិ​ផ្សេងៗ។

3 . ចំពោះ​មនុស្ស ៖ មាន​ប៉ះ​ពាល់​ដោយ​ផ្ទាល់​គឺ​រំខាន​ដល់​ការ​ធ្វើ​កសិ​កម្ម ងាយ​មុត​ដៃ​មុត​ជើង​ពេល​បំផ្លាញ​វា។ តំបន់​ទឹក​ដែល​មាន បន្លា​យួន គេ​មិន​អាច​ប្រើ​ប្រាស់​ទឹក​នោះ​បាន​ទេ និង​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព។ ឯការ​ប៉ះ​ពាល់​ដោយ​ប្រយោល​គឺ​ប្រជា​ពល​រដ្ឋ នឹង​កាន់​តែ​ពិបាក​រក​ម្ហូប ជា​ពិសេស​ប្រជា​ពល​រដ្ឋ​ដែល​អាស្រ័យ​នៅ​ក្បែរ​បឹង ស្ទឹង ទន្លេ​និង​ដែល​ពឹង​ផ្អែក​លើ​ធន​ធាន​ធម្ម​ជាតិ​ជាធំ។ ថ្វី​ត្បិត​មាន​ហេតុ​ផល​ច្រើន​ផ្សេង​ទៀត​ដែល​ធ្វើឱ្យ​ពពួក​មច្ឆា​ចុះ​ថយ​បរិមាណ​ប៉ុន្ដែ​រុក្ខ​ជាតិ​បន្លា​យួន​ក៏ជា​មូល​ហេតុ​មួយ​ដែរ។

4 . ចំពោះ​បរិ​ស្ថាន​ផ្សេង​ទៀត ៖ ពពួក​តិណ​ជាតិ ដូច​ជា​ពពួក​ស្មៅជា​ដើម​ពិបាក​នឹង​ដុះ និង​តិណ​ជាតិខ្លះ​មិន​អាច​ដុះ​បាន​ទេ​បើសិន​ដើម បន្លា​យួន​នេះ​ដុះ​កាន់​តែ​ក្រាស់។ ការ​រលួយ​ស្អុយ​នៃ​ស្លឹក និង​ជាតិ​ពុល​របស់​ដើម​បន្លា​យួន​នៅ​រដូវ​វស្សា​ធ្វើឱ្យ​ពពួក​តិណ​ជាតិ​ដែល​រស់ ក្បែរ​វាក្នុង​ទឹក​ពិត​ជាមិន​អាច​រស់ ឬមិន​អាច​ដុះ​បាន។ ម្យ៉ាង​ទៀត​ឥទ្ធិ​ពល​អាក្រក់​នេះអាច​ធ្វើឱ្យ​ពពួល​សត្វ​ល្អិត ប្លង់​តុង​ក្នុង​ទឹក​ក្នុង តំបន់​នោះ​មិន​អាច​កើត​ឡើង​បាន​ទេ។

5 . ចំពោះ​សត្វ​ពាហនៈ ៖ ទី​កន្លែង​ស្មៅ​ដុះ​ត្រូវ​បាន​ដើម​បន្លា​យួន​ដុះ​ទ្រុប​ទ្រុល​ហើយ​បើ​សត្វ​ពាហនៈ​ព្យាយាម​ចូល​ទៅស៊ី​ស្មៅ​បន្លា​នឹង មុត​ខ្លួន​វា។ នេះ​ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​ចំណី​អាហារ​របស់​គោ ក្របី និង​សត្វ​ពាហនៈ​ផ្សេង​ទៀត​ត្រូវ​ថយ​ចុះ​ឬ​បាត់​បង់។

ផល​ប្រយោជន៍​របស់​ដើម​បន្លា​យួន

មាន​ផល​ប្រយោជន៍​តិច​តួច​ប៉ុណ្ណោះ​ដែល​ប្រជា​ពល​រដ្ឋ​អាច​ទាញ​យក​ពី​ដើម​បន្លា​យួន​គឺការ​កាប់​ដើម​វាយក​មកធ្វើ​ជាអុស​ដុត ដើម្បី​បំពេញ​តម្រូវ​ការ​ផ្សេងៗ។ អាច​កែច្នៃ​ដើម​បន្លា​យួន​ធ្វើជា​ធ្យូង​ធម្មតា​និង​ធ្វើជា​ធ្យូង​ម្យ៉ាង​ទៀត​ដែល​មាន​ការ​កែច្នៃ​ពី​ផេះ​នៃ​ការ ដុត​ដើម​បន្លា​យួន។ បច្ចេក​ទេស​នៃការ​កែ​ច្នៃ​ធ្វើ​ធ្យូង​នេះ​នៅ​មិន​ទាន់​ទូលំ​ទូលាយ​ដល់​ស្រទាប់​ប្រជា​ពល​រដ្ឋ​នៅ​ឡើយ​ទេ។

វិធាន​ការ​បំផ្លាញ​ដើម​បន្លា​យួន

ដោយ​សារ​ដើម​បន្លា​យួន​គឺជា​រុក្ខ​ជាតិ​ងាយ​លូត​លាស់ ងាយ​ដុះ​ឡើង​វិញ ធន់​នឹង​ទឹក​នោះ​ធ្វើឱ្យ​ការ​បំផ្លាញ​រុក្ខ​ជាតិ​ចង្រៃ​នេះ មាន​ការ​ពិបាក និង​មិន​ងាយ​រេច​រិល​ឡើយ។ កន្លង​មក​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​ក៏​ព្យាយាម​បំផ្លាញ​វា​ដែរ​ប៉ុន្ដែ​នៅ​ពុំ​ទាន់​ទទួល​បាន​លទ្ធ​ផល ល្អ​នៅ​ឡើយ។ វិធាន​ការ​ល្អ​មួយ​គឺ​កាប់​ដើម​បន្លា​យួន​ទាំង​ស្រស់​អូស​យក​មក​គរ​ដោយ​មិន​ត្រូវ​ទុក​យូរ​ថ្ងៃ​រហូត​ស្ងួត​ជ្រុះ​ផ្លែ ហើយ​នៅ ពេល​ដើម​រុក្ខ​ជាតិ​នោះ​ស្ងួត​គួរ​ឆាប់​ដុត​វា​ចោល។ ធ្វើ​ដូច្នេះ​គ្រាប់​ទុំ​មិន​ធ្លាក់​រាយ​ប៉ាយ​គឺ​ទាំង​ដើម​ទាំង​គ្រាប់​ទុំត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង។ បន្ទាប់​មក​គួរ​ភ្ជួរ​ដី គាស់​យក​គល់ ឫស​របស់​វា​ដុត​បំផ្លាញ​ថែម​ទៀត​រឹត​តែ​ប្រសើរ។ បើ​អាច​លួស​យក​ដើម និង​គល់​ទៅ​ប្រើ​ជា ប្រយោជន៍​បាន​គឺល្អ​បំផុត។ រីឯ​អង្គ​ការ​អភិ​វឌ្ឍន៍​និង​បច្ចេក​ទេស​សម​ស្រប​បាន​រក​ឃើញ​វិធី​បំផ្លាញ​ដើម​បន្លា​យួន​ដោយ​ច្នៃ​ធ្វើ​ជា​ធ្យូង សម្រាប់​ដុត។ ចំណែក​អង្គ​ការ​ភ្លើង​បៃ​តង​ក៏​បាន​រក​ឃើញ​វិធី​បំផ្លាញ​ដោយ​ការ​ច្នៃវា​ធ្វើ​ជា​ធ្យូង​មួយ​ប្រភេទ​ផ្សេង​ទៀត​ដែរ។ តែ​វិធី​ទាំង នេះ​នៅ​ពុំ​ទាន់​ផ្សព្វ​ផ្សាយ​បាន​ទូលំ​ទូលាយ​នៅ​ឡើយ​ទេ។ ថ្មីៗ​នេះ​មាន​ការ​ស្រាវ​ជ្រាវ​ពិសោធន៍​រក​ឃើញ​ថ្នាំ​កម្ចាត់​ដើម​បន្លា​យួន ប៉ុន្ដែ​ក៏​មិន​ទាន់​ផលិត​ចេញ​ជា​ផលិត​ផល​លក់​នៅលើ​ទីផ្សារ​នៅ​ឡើយ​ដែរ។

ដំបូ​ន្មាន​អ្នក​ប្រឹក្សា

ដោយ​សារ​ដើម​បន្លា​យួន​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ពពួក​មច្ឆ​ជាតិ សូម​ប្រជា​ពល​រដ្ឋ​រួម​គ្នា​កម្ចាត់​រុក្ខ​ជាតិ​នេះ​ឬ​ទាញ​យក ផល​ប្រយោជន៍​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ លើស​ពីនេះ​គឺ​ដើម្បី​រួម​ចំណែក​ការ​ពារ​ពពួក​មច្ឆ​ជាតិ​ដែល​យើង​ធ្លាប់​មាន​យ៉ាង​សម្បូរ​បែប​នោះ ឱ្យ​មាន​ជា​និរន្ដរ​ភាព និង​ដើម្បី​ផ្គត់​ផ្គង់​ជា​អាហារ​សម្រាប់​ពល​រដ្ឋ​ខ្មែរ​ឱ្យ​បាន​គ្រប់​គ្រាន់។ ម្យ៉ាង​ទៀត​ក៏​ដើម្បី​ប្រើ​ប្រាស់​ដីឱ្យ​មាន ប្រយោជន៍​ផង​ដែរ ពិសេស​សម្រាប់​វិស័យ​កសិកម្ម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *