កញ្ញាវ៉ាងស្រីណូជាតារាមួយរូបដែលមានឈ្មោះបោះសម្លេងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលធ្វើឱ្យទស្សនិកជនជាច្រើនបានស្គាល់ និងមានការពេញចិត្ដយ៉ាងខ្លាំងចំពោះកាយវិការ ក្បាច់រាំ និងសំនៀងរបស់កញ្ញា។ កញ្ញាស្រីណូ មានរូបសម្ផស្សស្រស់ស្អាត តូចច្រឡឹង សាច់ហ្មត់រលោងគួរជាទីគយគន់ មិនថាជានារី ឬបុរសទេក៏សម្លឹងមើលកញ្ញាមិនដាក់ភ្នែក ដែរ។នេះបញ្ជាក់ថាទោះជាមានការមមាញឹកយ៉ាងណាក៏ស្រីណូនៅតែមានសុខភាពល្អនិងសម្រស់រឹតតែទាក់ទាញចំពោះទស្សនិកជន ទាំងអស់។
ប្រវត្ដិមុនពេលចូលសិល្បៈ
កញ្ញា វ៉ាង ស្រីណូ មានស្រុកកំណើតនៅខេត្ដកំពង់ឆ្នាំង។ កញ្ញាបានរៀននៅបឋមសិក្សាពន្លឺក្រុង ហើយក៏បន្ដចូលសិក្សា វិទ្យាល័យព្រះបាទសុរាមរិទ្ធ។ បន្ទាប់មកទៀតនោះកញ្ញាត្រូវបានលោក ម៉ែន សំផន ជាអ្នកបង្ហាត់បង្រៀននាងឱ្យចេះច្រៀង និងការ សម្ដែងផ្សេងៗ រហូតដល់មានផលិតកម្មមួយចំនួនមកទាក់ទងឱ្យថតចម្រៀងប្រចាំផលិតកម្មនោះតែម្ដង។ កញ្ញាបានថតឱ្យផលិតកម្ម មួយមុនដំបូងគេក្នុងការប្រឡូកក្នុងវិស័យសិល្បៈនោះ គឺផលិតកម្មផ្កាយព្រឹក ហើយបទដំបូងគេនោះគឺបទ នារីសិចស៊ី ដែលជាចង្វាក់ ម៉ាឌីហ្សូន។
វិធីថែរក្សាសម្រស់
កញ្ញា ស្រីណូ មានសម្រស់ស្រស់ស្អាតពីធម្មជាតិទៅហើយដូច្នេះគ្រាន់តែតុបតែងបន្ដិចៗទៅជាការស្រេចទៅហើយ។ កញ្ញា ប្រើប្រាស់ផលិតផលដែលមានតម្លៃថ្លៃៗព្រោះកញ្ញាយល់ថារបស់ដែលថ្លៃគឺអាចធ្វើឱ្យសម្រស់នាងស្រស់ស្អាតបានយូរ និងមិនបង្កឱ្យ ខូចស្បែក ថែមទាំងមានគុណភាពខ្ពស់ទៀតផង។ ក្រៅពីនេះកញ្ញាក៏មានវិធីសាស្ដ្រមួយចំនួនទៀតគួបផ្សំនឹងការប្រើប្រាស់ផលិត ផលផងដែរ។តើកញ្ញាមានរូបមន្ដអ្វីដែលធ្វើឱ្យរូបសម្ផស្សរបស់កញ្ញាគួរឱ្យទាក់ទាញយ៉ាងដូចនេះ?
- ការថែរក្សាសក់ ៖ ស្រីណូមានសរសៃសក់មិនសូវជាខូចខ្លាំងទេ ទោះបីជាកញ្ញាលាបថ្នាំពណ៌ក៏ដោយ។ កញ្ញាយល់ថា សក់ពណ៌ទង់ដែងមិនសូវជាមានប្រតិកម្មនឹងពន្លឺថ្ងៃ។ ជាទូទៅកញ្ញាតែងតែកក់សក់ជារៀងរាល់២ថ្ងៃម្ដងនិងប្រើក្រែមបន្ទន់សក់ ពេលដែលកក់សក់រួច។ ស្រីណូជ្រើសរើសយកថ្នាំអប់សក់ដែលតម្រូវទៅតាមសរសៃសក់របស់កញ្ញាហើយកញ្ញាតែងអប់មួយសប្ដាហ៍ ម្ដង ដើម្បីកុំឱ្យសក់ខូច ស្ងួត និងធ្វើឱ្យសក់មានទម្ងន់ ភ្លឺរលោងដូចជាធម្មជាតិ។
- ការថែរក្សាភ្នែក ៖ ចំពោះស្រីណូវិញ ការថែរក្សាភ្នែកជារឿងដែលសំខាន់ខ្លាំងណាស់។ កញ្ញាតែងញ៉ាំអាហារដែល មានជាតិបន្លែច្រើន ជាពិសេសគឺផ្លែការ៉ុត ប៉េងប៉ោះ និងបន្លែបៃតង ដើម្បីជួយឱ្យភ្នែកភ្លឺច្បាស់ល្អ។ ពេលខ្លះទៀតកញ្ញាចេញទៅ ខាងក្រៅ តែងតែមានធូលីដីហុយជាច្រើនដែលធ្វើឱ្យភ្នែកកញ្ញារកាំភ្នែកប៉ុន្ដែកញ្ញាបានជ្រើសរើសយកថ្នាំបន្ដក់ភ្នែក ដើម្បីលាងសម្អាត កែវភ្នែកឱ្យស្អាត និងមិនបណ្ដាលឱ្យឈឺភ្នែកទៀតផង។
- ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ដោយសារតែកញ្ញាជាតារា ដូចនេះត្រូវមានការតុបតែងច្រើន ទើបកញ្ញាត្រូវ ពាក់រោមភ្នែកនៅពេលដែលចេញច្រៀង ឬសម្ដែងផ្សេងៗ ដោយមិនសូវជាប្រើរោមភ្នែកពិតប្រាកដប៉ុន្មានទេ។ ចំណែកឯចិញ្ចើមវិញ កញ្ញាចូលចិត្ដគូសបែបសិចស៊ីបន្ដិច តម្រូវទៅតាមការផាត់មុខ ពេលចូលរួមកម្មវិធីឬពេលចេញទៅសម្ដែង។ ភាគច្រើនស្រីណូប្រើជា ក្រែមលាបបបូរមាត់ដែលមានជាតិសំណើម កុំឱ្យមាត់ស្ងួត និងក្រៀមព្រោះកញ្ញាត្រូវការនិយាយច្រើន មានសកម្មភាពច្រើន ដូច្នេះ មាត់ចាំបាច់ត្រូវស្រស់ស្អាតជានិច្ច។
- ការថែរក្សាធ្មេញ ៖ ស្រីណូដុសធ្មេញមួយថ្ងៃ២ដង នៅពេលព្រឹកក្រោកពីដំណេក និងពេលយប់។ ក្រោយពេលញ៉ាំ អាហារផ្សេងៗរួចនោះ កញ្ញាតែងតែខ្ពុរមាត់រាល់ពេល ព្រោះបញ្ហាមាត់ធ្មេញជារឿងមួយសំខាន់សម្រាប់ទំនាក់ទំនងជាមួយអ្នកដទៃ ដែលនៅជុំវិញខ្លួនយើង។ ជារៀងរាល់ពេល៣ខែម្ដង កញ្ញាតែងតែពិនិត្យមើលសុខភាពមាត់ធ្មេញ។
- ការថែរក្សាស្បែកមុខ ៖ ជាទូទៅកញ្ញាតែងតែលុបលាងមុខនៅពេលដែលត្រឡប់មកពីខាងក្រៅនិងមុនពេលចូលគេងជា រៀងរាល់ថ្ងៃ មិនថារវល់យ៉ាងណានោះទេ។ ពេលយប់កញ្ញាបានជ្រើសរើសយកផលិតផលជាទឹកជូតសម្អាតមុខបន្ទាប់មកទៀតទើប ប្រើប្រាស់ក្រែមរក្សាស្បែកមុខជាក្រោយ។ ចំណែកឯពេលថ្ងៃវិញកញ្ញាបានប្រើប្រភេទក្រែមលាបការពារស្បែក នៅពេលដែល ស្រីណូចេញទៅខាងក្រៅក៏ដូចជាពេលចេញទៅសម្ដែង ឬចេញទៅកាន់កម្មវិធីសង្គម។
- ការថែរក្សាស្បែកដងខ្លួន ៖ កញ្ញាស្រីណូបានប្រើប្រាស់ឡេជាប្រចាំ ដើម្បីឱ្យសម្រស់ស្បែកស្រស់ថ្លាបែបធម្មជាតិតែមិន ធ្វើឱ្យសាច់កញ្ញាសពេកនោះទេ។ ជារៀងរាល់មួយសប្ដាហ៍ម្ដង កញ្ញាតែងតែទៅស្ទីមស្បែកខ្លួនដើម្បីកម្ចាត់ជាតិក្អែលធូលីដី និងជួយ ឱ្យស្បែកទន់រលោង មានសំណើមថែមទៀតផង។
- ការថែរក្សាក្រចកដៃជើង ៖ ចំណែកឯក្រចកដៃជើងកញ្ញាស្រីណូវិញនោះគឺកញ្ញាមិនសូវជាចូលចិត្ដទុកវាឱ្យវែងប៉ុន្មាន ទេ នាងចូលចិត្ដទុកវាឱ្យខ្លីៗ សមល្មមទៅនឹងម្រាមដៃជើងតែប៉ុណ្ណោះ។ កញ្ញាតុបតែងលាបថ្នាំបន្ដិចៗនៅពេលដែលចេញទៅកម្មវិធី ឬចេញទៅសម្ដែងផ្សេងៗ។
ការថែរក្សាសុខភាពរាងកាយ
ស្រីណូគ្មានពេលវេលាសម្រាប់ហាត់ប្រាណទេ។ ពេលខ្លះទៀតកញ្ញាស្ទើរតែគ្មានពេលគេងផងដោយសារការងារមមាញឹក ច្រើន។ ចំពោះអាហារវិញកញ្ញាចូលចិត្ដញ៉ាំបន្លែនិងផ្លែឈើច្រើនដែលវាអាចជួយឱ្យមានសុខភាពល្អបានមួយកម្រិតដែរ ក្រៅអំពីការ ហាត់ប្រាណ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏កញ្ញាខិតខំឆ្លៀតពេលវេលាសម្រាប់ហាត់ប្រាណដែរជាពិសេសជាងនេះទៅទៀតនោះ គឺស្រី ណូតែងតែទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពជាប្រចាំរៀងរាល់៣ខែម្ដង។
បណ្ដាំផ្ញើ
នាងខ្ញុំមិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើលំហាត់ប្រាណទេ ដោយសារតែការងាររវល់ពេកដូច្នេះបងប្អូនមិត្ដអ្នកអានទាំង អស់កុំធ្វើដូចជារូបខ្ញុំ គួរតែឆ្លៀតពេលវេលាហាត់ប្រាណដើម្បីសុខភាព និងសម្រស់ស្រស់ស្អាតរបស់លោកអ្នក។ ចំណែកឯរឿងថែរក្សា សម្រស់វិញនោះ មុនជ្រើសរើសយកផលិតផលណាមួយមកប្រើប្រាស់ត្រូវយល់ដឹងពីម៉ាកផលិតផលនោះឱ្យបានច្បាស់លាស់ និងត្រូវ ដឹងថា វាផលិតនៅប្រទេសណា វាអាចជួយអ្វីខ្លះដល់លោកអ្នកធ្វើដូចនេះទើបធ្វើឱ្យលោកអ្នកទទួលបានលទ្ធផលល្អទៅបាន។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងជាការអនុវត្ដរបស់កញ្ញា វ៉ាង ស្រីណូ តែប៉ុណ្ណោះ។ សូមលោកស្រី អ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ វ៉ាង ស្រីណូ
- អាយុ ៖ ២០ឆ្នាំ
- កម្ពស់ ៖ ១,៦០ម៉ែត្រ
- ទម្ងន់ ៖ ៤៥គីឡូក្រាម
- ទំហំទាំងបី ៖ ៣៦ ២៥ ៣៥
- បងប្អូន ៖ ៧នាក់ ប្រុស៣នាក់ ស្រី៤នាក់(ជាកូនទី៦)
- កម្រិតវប្បធម៌ ៖ ត្រឹមថ្នាក់បាក់ឌុប
- អាជីពបច្ចុប្បន្ន ៖ តារាចម្រៀង និងសម្ដែង
- ទីកន្លែងកំណើត ៖ ខេត្ដកំពង់ឆ្នាំង
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Leave a Reply