បញ្ញើក្អែកជារុក្ខជាតិដែលរស់ដោយសារគេគឺដើមឈើផ្សេងទៀត។ រីឯសត្វចៃក៏ដូចជាបញ្ញើក្អែកដែរដែលវាអាស្រ័យជីវិត ដោយរស់នៅលើខ្លួនមនុស្ស ដោយជ្រកកោននៅលើស្បែកខ្លួន ស្បែកក្បាល និងជ្រកកោនតាមកន្លែងដែលសម្បូររោមតាមរយៈការ បឺតឈាមដើម្បីចិញ្ចឹមជីវិត។ ចៃងាយកើតឡើងនៅលើមនុស្សណាដែលគ្មានអនាម័យ។ ចៃមិនមានលទ្ធភាពបង្កជារោគដោយខ្លួនវា ផ្ទាល់នោះទេ តែវាអាចជាដើមចម បណ្ដាលឱ្យមេរោគផ្សេងៗចូលក្នុងខ្លួនមនុស្សនិងបង្កជាជម្ងឺផ្សេងៗទៀតបាន។
នៅក្នុងលេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកអត្ថបទស្ដីអំពីសត្វចៃមកបរិយាយជូនប្រិយមិត្ដអ្នកអានស្វែងយល់ និងបង្ការខ្លួន តាមរយៈការជួបសម្ភាសន៍លោកវេជ្ជបណ្ឌិត ម៉ី ស៊ីថាច ឯកទេសផ្នែកជម្ងឺសើស្បែក និងកាមរោគនៃមន្ទីរពេទ្យ ព្រះកុសុមៈ។
ប្រភេទសត្វចៃ
ចៃជាប្រភេទសត្វល្អិតម្យ៉ាង មានជើង៦ ដែលបឺតឈាមនិងស៊ីកម្អែលជាអាហារ។ ចៃអាចមានជីវិតរស់នៅលើមនុស្សបាន រាប់ខែ និងអាចស្លាប់ទៅវិញក្នុងអំឡុងពេលពីរសបា្ដហ៍ប្រសិនបើ នៅក្រៅខ្លួនមនុស្ស។ សត្វចៃចែកចេញជាបីប្រភេទដែលមានរូបរាង ស្ទើរដូចគ្នា។
1 . ចៃលើក្បាល ៖ ចៃប្រភេទនេះវារស់នៅតែលើក្បាលប៉ុណ្ណោះ។ វាចិញ្ចឹមជីវិតដោយការបឺតឈាមជាអាហារដូចចៃ ប្រភេទផ្សេងទៀតដែរ។ ចៃលើក្បាលបង្កកំណើតដោយការពងជាប់នៅ នឹងសក់ហើយញាស់ជាកូនចៃក្រោយពងប្រហែលមួយ សបា្ដហ៍។
2 . ចៃតាមរោម ៖ ប្រភេទចៃនេះរស់នៅតាមរោមក្រាស់ៗស ដូចជារោមក្លៀក រោមលើប្រដាប់ភេទ រោមភ្នែករោម ចិញ្ចើម រោមដៃ រោមជើងជាដើម។ ចៃលើរោមពងនៅតំបន់ដែលវារស់នៅហើយអាចឆ្លងទៅរស់នៅតាមសក់បានដែរ។
3 . ចៃលើសាច់ ៖ ជាប្រភេទចៃដែលរស់នៅតាមសម្លៀកបំពាក់ ហើយមកទំលើស្បែកពេលត្រូវការអាហារ។ ចៃប្រភេទ នេះពងនៅតាមសម្លៀកបំពាក់ កន្សែង និងរបស់ប្រើប្រាស់ផ្សេងទៀតជាក្រណាត់។ នេះជាហេតុនាំឱ្យមានការយល់ច្រឡំពី ប្រជាពលរដ្ឋថា ជាប្រភេទចៃចេញពីសាច់ ព្រោះមិនឃើញមានពងនៅលើរោម។
មូលហេតុកើតចៃ
សត្វចៃច្រើនកើតនៅតាមកន្លែងដែលមានស្ថានភាពវឹកវរ សង្គ្រាម គ្រោះមហន្ដរាយនិងកន្លែងដែលមានក្រុមមនុស្សរស់ នៅច្រើនចម្រុះគ្នា។ នៅតាមទីកន្លែងទាំងនោះ មនុស្សច្រើនតែខ្វះអាហារ និងអនាម័យខ្លួនប្រាណមិនស្អាតបាត។ ប៉ុន្ដែមិនមែនមាន ន័យថា អ្នកហូបចុកគ្រប់គ្រាន់ មានអនាម័យស្អាតបាតមិនមានកើតចៃនោះទេគ្រាន់តែថាមានអត្រាភាគរយតិចប៉ុណ្ណោះ។
ការឆ្លងចៃ
ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតគឺដោយសារការប៉ះពាល់ដោយផ្ទាល់ ការរួមភេទ ការប្រើសម្លៀកបំពាក់ឬ របស់ប្រើប្រាស់រួមគ្នា ការប្រើក្រាសសិតសក់ ឬស្និតសិតចៃរួមគ្នាជាដើម។
ផលវិបាកដែលបង្កដោយចៃ
ចៃមិនអាចចម្លងជម្ងឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការបឺតឈាមបានទេ។ ប៉ុន្ដែវាបានបើកឱកាសឱ្យមេរោគ មួយចំនួនចូលទៅបង្កជម្ងឺក្នុងខ្លួនមនុស្ស ដូចជាមេរោគរីគែតស្យា ស្ពីរ៉ូគែត ស្ដាហ្វ៉ីឡូកុក ស្ដ្រិបតូកុកជាដើម។ ពេលលោកអ្នកអេះ មានជាប់មេរោគដែលនៅនឹងក្រចក វានឹងចូលតាមការដាច់រលាត់នោះទៅក្នុងសរីរៈរាងកាយហើយអាចបង្កជាជម្ងឺ។ ជួនកាល មេរោគដែលនៅនឹងធូលីដីពាសពេញក្នុងស្រទាប់ខ្យល់ក៏អាចចូលក្នុងខ្លួនមនុស្សយើងបានដែរតាមរយៈស្នាមអេះ កន្ទួលរមាស់ ស្នាមពងខ្ទុះជាដើម។ មេរោគទាំងនោះអាចបង្កឱ្យមានជម្ងឺរលាកតម្រងនោម រលាកសន្លាក់ពិសេសច្រើនកើតឡើងចំពោះកុមារ ឬក្មេងតូចៗ ព្រោះក្មេងមានអង្គបដិបក្ខប្រាណខ្សោយ។ មនុស្សពេញវ័យឬវ័យចាស់ក៏អាចកើតមានជម្ងឺទាំងនេះបានដែរ នៅពេល មានជម្ងឺនិងអង្គបដិបក្ខប្រាណថមថយសុពលសភាព។
ដំណោះស្រាយករណីមានចៃ
ចៃអាចស្លាប់ក្នុងអំឡុងពីរសបា្ដហ៍បើសិននៅក្រៅខ្លួនមនុស្ស។ ដូច្នេះលោកអ្នកគួរយកសម្លៀកបំពាក់ទៅត្រាំនឹងទឹកក្ដៅដាំ ពុះប្រហែល១៥នាទីសិន ទើបយកមកបោកគក់នឹងទឹកត្រជាក់ធម្មតាវិញ។ បើសិនជាប្រើម៉ាស៊ីនបោកខោអាវ គួរដាក់កម្ដៅចាប់ពី៦៥ អង្សាឡើងទៅដោយទុករយៈពេលកន្លះម៉ោង។ លោកអ្នកគួរអ៊ុតសម្លៀកបំពាក់ដោយប្រើកម្ដៅក្ដៅតាមដែលអាចធ្វើបាន និងតាម ប្រភេទសាច់សក្រណាត់។ សម្លៀកបំពាក់ឬរបស់ប្រើប្រាស់ណាដែលមិនចាំបាច់ត្រូវច្រកស្បោងចងមាត់ឱ្យជិតទុកចោលរយៈពេលយ៉ាង តិចពីរសបា្ដហ៍ ដើម្បីបង្អត់អាហាររបស់ចៃ និងហាមយកទៅទុកនៅកន្លែងត្រជាក់។ ម្យ៉ាងទៀតអាចប្រើស្និតសិតយកមេចៃ កូន ចៃ និងអាចប្រើទឹកខ្មេះកក់លើសក់បូតពងចៃចោល។ នៅក្នុងវិធានចុងក្រោយបើធ្ងន់ធ្ងរចាំបាច់គួរជួបប្រឹក្សានឹងអ្នកជំនាញ ពេលនោះអ្នក ជំនាញអាចឱ្យប្រើថ្នាំលាបដើម្បីសម្លាប់ចៃ និងព្យាបាល។ ក្នុងនោះត្រូវលាបថ្នាំលើកទីពីរក្រោយលាបលើកទីមួយមួយសប្ដាហ៍ ដើម្បី សម្លាប់ផ្ដាច់ពូជកូនចៃដែលទើបនឹងញាស់។ គេអាចប្រើស្ពាន់ធ័រលាយទឹកដើម្បីលាបសម្លាប់ចៃបាន។ ប៉ុន្ដែបើប្រើមិនបានសមស្រប អាចបណ្ដាលឱ្យពុលដល់មនុស្ស។
ការបង្ការកុំឱ្យមានចៃ
លោកអ្នកត្រូវចាប់ផ្ដើមពីការមានអនាម័យខ្លួនប្រាណឱ្យបានល្អចេះប្រុងប្រយ័ត្នទោះរស់នៅក្នុងទីកន្លែងមិនសូវល្អក៏ដោយ ។ កុំប្រើរបស់របររួមនឹងអ្នកមានចៃ ដូចជាសម្លៀកបំពាក់ កន្សែង ក្រមា ក្រាសសិតសក់ជាដើម។ កុំប៉ះពាល់ផ្ទាល់ដេកក្បែរ ឬកើយខ្នើយជាប់គ្នានឹងអ្នកមានចៃ។ បើមានឆ្លងចៃតិចតួចហើយត្រូវឆាប់កម្ចាត់ចោលតាមវិធីផ្សេងៗកុំទុកយូររហូតចៃបង្កើតកូន ចៅច្រើន។
ដំបូន្មានអ្នកជំនាញ
នៅលើជញ្ជាំងប្រាសាទអង្គរវត្ដក៏មានរូបភាពដែលបង្ហាញឱ្យឃើញពីការរកចៃលើក្បាលឱ្យគ្នាដែរ។ ដូច្នេះនេះជាទម្លាប់ល្អ មួយដែលគួរធ្វើនៅពេលទំនេរពីការងារ។ ថ្វីត្បិតថាថ្នាំសម្លាប់សត្វមូស ស្ពាន់ធ័រអាចសម្លាប់ចៃបានប៉ុន្ដែបើប្រើលើសជ្រុល មិនត្រឹម ត្រូវអាចធ្វើឱ្យពុលដល់មនុស្ស។ លើសពីនេះបើលើខ្លួនមានកន្ទួល រមាស់ ពងខ្ទុះដោយការអេះរមាស់ចៃខាំគួរជួបប្រឹក្សានឹងអ្នកជំនាញ ជម្ងឺសើស្បែក ដើម្បីព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Leave a Reply