កុមារ​គេច​សាលា​រៀន

សុភា​សិត​មួយ​ពោល​ទុក​ថា “វិជ្ជា​ជា​ទ្រព្យ​គាប់​ប្រសើរ”។ នេះជា​គតិដ៏​ល្អដែល​កុមារ​គួរតែ​ខិតខំ​សិក្សា​ពុំគប្បី​គេច​វេស​ពីការ រៀន​សូត្រ​នោះ​ឡើយ។ កុមារ​ដែល​ទទួល​ការ​អប់រំ​ល្អ​មាន​ចំណេះ​វិជ្ជា ប្រាកដ​ជាមាន​អនាគត​ភ្លឺ​ស្វាង។ ប្រសិន​បើ​កុមារ​គេច​វេស​សាលា មិន​ចូល​រៀន ទៅ​ប្រព្រឹត្ដ​អំពើ​ដែល​សង្គម​មិនឱ្យ​តម្លៃ​វិញ នោះ​នឹង​ធ្វើឱ្យ​កុមារ​បាត់​បង់​នូវ​អនា​គត។ មិន​តែ​ប៉ុណ្ណោះ ធ្វើឱ្យ​មាន​ផល វិបាក​យ៉ាង​ច្រើន​ទៅ​ដល់​គ្រួសារ និង​សង្គម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​លេខ​នេះ ទស្សនា​វដ្ដី សុខភាព​​​ យើង បាន​លើក​យក​ពីមូល​ហេតុ​ដែល​កុមារ​គេច​សាលា​រៀន​មក​បង្ហាញ​ជូន​ប្រិយ មិត្ដ​អ្នក​អាន​ឱ្យបាន​ស្វែង​យល់​តាម​រយៈ​ការ​ជួប​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត សុខ សេដ្ឋ​បុត្ដ​អ្នកឯក​ទេស​វិកល​វិទ្យា​នៃ​មន្ទីរ ពេទ្យ​មិត្ដ​ភាព​ខ្មែរ​សូវៀត។

សាលា​រៀន ជា​ថ្នាល​អប់រំ

សាលា​រៀន​គឺជា​ថ្នាល​ដែល​ផ្ដល់​នូវ​ការ​អប់​រំ និង​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង​ទូទៅ​ដល់​សិស្សា​នុ​សិស្ស​ដើម្បី​ឱ្យ​សិស្សា​នុ​សិស្ស ក្រេប​យក​ចំណេះ​វិជ្ជា​មក​ដាក់​នៅក្នុង​ខ្លួន ធ្វើជា​ស្ពាន​ឈាន​ទៅរក​អនា​គត​ភ្លឺ​ស្វាង។ មិន​តែ​ប៉ុណ្ណោះ​ធ្វើឱ្យ​កុមារ​ចេះ​ស្គាល់​ពីសុ​ជីវ​ធម៌ និងឱ្យ​ស្គាល់​អ្វីទៅ​ដែល​សង្គម​ឱ្យ​តម្លៃ និង​មិន​ឱ្យ​តម្លៃ។

មូល​ហេតុ​ដែល​នាំ​ឱ្យ​កុមារ​គេច​សាលា​រៀន

មូល​ហេតុ​ដែល​កុមារ​គេច​វេស​សាលា​រៀន មិន​ចូល​សិក្សា គឺ​បណ្ដាល​មកពី​កត្ដា​ជា​ច្រើន។

1 . ពិនិត្យ​ទៅ​តាម​អាយុ​កាល​របស់​កុមារ ៖ កុមារ​គេច​សាលា​ត្រូវ​បាន​គេ​បែង​ចែក​ទៅ​តាម​វ័យ​ដូច​ខាង​ក្រោម ៖

  • កុមារ​អាយុ​៥ឆ្នាំ ៖ វ័យ​នេះ​កុមារ​ប្រកាន់​ចរិត​ចង់​យក​ឈ្នះ។ បើឱ្យ​កុមារ​ចាញ់ គឺ​កុមារ​មិន​សុខ​ចិត្ដ​ចេះ​មាន​កំហឹង​នឹង អ្នក​មើល​ថែទាំ​នៅ​ពេល​ដែល​បញ្ជូន​វាឱ្យ​ទៅ​សាលា។ ថ្ងៃ​ដំបូង​ដែល​កុមារ​ទៅ​សាលា​រៀន​កុមារ​តែងតែ​មាន​ការ​ខ្លាច​សាលា​និង​ខ្លាច មិត្ដ​ភក្ដិ ហើយ​មិនចង់​រៀន​សូត្រ​រៀង​រាល់​ថ្ងៃជា​ប្រចាំ រហូត​កុមារ​ចេះ​គេច​វេស​មិន​ចូល​សិក្សា​និង​ចេះកុហក​អាណា​ព្យាបាល​ថា ថ្ងៃ​នេះ មិន​រៀន ឬថ្ងៃ​ស្អែក​មិន​រៀន​ជាដើម។ ដោយ​សារ​តែភាព​ស្រឡាញ់​ជ្រុល​របស់​អាណា​ព្យាបាល​ទៅលើ​កុមារ ធ្វើឱ្យ​កុមារ​ចេះ​ក្និក​ក្នក់ ប្រឆាំង​អ្វី​មួយ ដែល​កុមារ​មិន​ពេញ​ចិត្ដ ហើយ​មិន​ចង់​ឃ្លាតពី​អ្នក​មើល​ថែ​ទាំ។
  • កុមារ​អាយុ​៥ទៅ​១០ឆ្នាំ ៖ នៅ​ក្នុង​វ័យ​នេះ កុមារ​តែង​មាន​បញ្ហា​ច្រើន ដូចជា​ខ្លាច​យល់​សប្ដិ​អាក្រក់ ព្រួយ​បារម្ភ​ពី​រឿង​មិត្ដ​ភក្ដិ ខ្លាច​គ្មាន​អ្នក​ណា​រាប់​អាន​ខ្លួន​នៅ​សាលា ធ្វើឱ្យ​ខ្លួន​ឯកោ ខ្លាច​ប្រឈម​មុខ​នឹង​កិច្ច​ការ​សាលា​ច្រើន​ជា​ដើម។ កត្ដា​ទាំង​នេះ ធ្វើឱ្យ​កុមារ​ចេះ​គិត​តែ​រឿង​ដដែលៗ មិន​ព្រម​ឈប់ ហើយ​មិន​ចង់​ស្ដាប់​បង្គាប់​អ្នក​ណា​ឡើយ។ ដោយ​ចចេស​រឹង​រូស​មិន​ចង់​ទៅ​សាលា រៀន ឬទៅ​សាលា​បាន​តែ១​ឬ២​ម៉ោង កុមារ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​កុហក​អ្នក​ផ្ទះ​ដោយ​លើក​ហេតុ​ផល​នេះ ឬហេតុ​ផល​នោះ ជា​ដើម។
  •  វ័យ​ជំទង់​អាយុ​១២​ទៅ​១៦ឆ្នាំ ជាវ័យ​ដែល​មាន​ការ​លូត​លាស់ សប្បាយ​ភ្លើត​ភ្លើន​បំផុត​និង​និយម​ត្រូវ​ការ​មនុស្ស​ខាង ក្រៅ​ជាង​គ្រួសារ។ ជាការ​យល់​ដឹង​លើ​ខ្លួន​ឯង​រឹតតែ​ច្បាស់​ទៅៗ​ហើយ​រឹតតែ​ចង់​ដឹង​ច្រើន​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​អស់​ពីអ្នក​ដទៃ។ យុវ​វ័យ ស្ថិត​នៅ​ក្នុង​វ័យ​នេះ គឺចូល​ចិត្ដចង​ក្រុម​សម្ព័ន្ធ​ជាមួយ​អ្នក​ដទៃ។ ម្យ៉ាង​ទៀត​យុវវ័័យ​មាន​ការខ្លាច​មិត្ដ​ភក្ដិ​ឈប់់​រាប់​អាន​ខ្លួន ធ្វើឱ្យ​ខ្លួន​ឯង មាន​ម្ចាស់​ការ​ឯក​រាជ្យ​លើ​ជីវិត​ខ្លួន​ឯង មិន​ស្ដាប់​បង្គាប់​អ្នក​ណា​រហូត​បែក​គំនិត​ចង់​ស្វែង​យល់​ពីផ្លូវ​ភេទ។ យុវ​វ័យ​ចង់​ដឹងពី​ច្បាប់ គ្រួសារ និង​សង្គម ហើយ​អាច​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន ដូច​ជា​កម្សត់​ណាស់ សប្បាយ​ជ្រុល​ឬមាន​ជម្ងឺ​ថប់​អារម្មណ៍​ជា​ដើម ធ្វើឱ្យ​គេ​មាន អារម្មណ៍​មួម៉ៅ​ក្ដៅ​ក្រហាយ​ជាមួយ​អ្នក​ដែល​ប្រឆាំង​ជំទាស់​ខ្លួន​ចង់​បង្កើត​បក្ស​ពួក​បង​ធំ ឬបង​តូច យក​សុរា​និង​ស្រីធ្វើ​ជា​ល្បែង កម្សាន្ដ។ ការ​ភ្លើត​ភ្លើន​សប្បាយ​ជ្រុល​បែប​នេះ​ពង្វក់​ឱ្យមាន​ការគេច​វេស​ពីការ​សិក្សា។

2 . ព្រឹត្ដិ​ការណ៍​បន្ទាប់​បន្សំ កាល​បើគ្មាន​ឥទ្ធិ​ពល​ពី​សង្គម តែ​មាន​ឥទ្ធិ​ពលពី​គ្រួសារ​ក៏​អាច​ធ្វើឱ្យ​កុមារ​រៀន​ពូកែ​អាច​ផ្លាស់ ប្ដូរ​ទៅ​ជា​រៀន​ខ្សោយ​វិញ​ដែរ។ ឧទាហរណ៍ ឪពុក​ម្ដាយ​មាន​ទំនាស់​ទាស់​ទែង​គ្នា​នៅ​ក្នុង​រង្វង់​គ្រួសារ​ពុំបាន​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កុមារ ធ្វើឱ្យ​កុមារ​មាន​ការ​ថប់​អារម្មណ៍ ឬមាន​ជម្ងឺ​ផ្លូវ​ចិត្ដ​រហូត​ធ្វើឱ្យ​កុមារ​គេច​វេសពី​សាលា​ដោយ​សារ​ភាព​ស្មុគ​ស្មាញ​នៅ​ក្នុង​គ្រួសារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះ​ពាល់​ដែល​កើត​ដល់​កុមារ​គេច​សាលា​រៀន

កុមារ​គេច​វេសពី​សាលា​រៀន​មិន​ព្រម​សិក្សា មិន​ត្រឹម​តែអ​វិជ្ជា​ចំពោះ​ខ្លួន​ឯង​ទេ​ថែមទាំង​ធ្វើឱ្យ​មាន​ផល​ប៉ះ​ពាល់​ទៅលើ​គ្រួសារ និង​សង្គម​ទៀត​ផង។

1 . គ្រួសារ កាល​ណា​កុមារ​គេច​វេស​ពី​សាលា​មិន​ចូល​រៀន​សូត្រ​ហើយ​បែរទៅ​ជា​បង្កើត​បក្ស​ពួក​ជាក្រុម​ទៅ​ប្រព្រឹត្ដ​អំពើ មិន​គប្បី ដែល​សង្គម​ស្អប់​ខ្ពើម ដូច​ជាលេង​ល្បែង​ស៊ី​សង ឬ​គ្រឿង​ញៀន​ជា​ដើម។ ដូច​នេះធ្វើ​ឱ្យកុមារ​ចេះ​លួច​លុយ ឬ​ទ្រព្យ​ដែល​មាន តម្លៃ​នៅ​ក្នុង​ផ្ទះ​យក​ទៅ​លក់ ឬ​ដាក់​បញ្ចាំ។ នេះ​ធ្វើឱ្យ​ទ្រព្យ​សម្បត្ដិ​ហូរ​ចេញ​ដោយ​មិន​ចំ​ទិស​ដៅ​សម​ស្រប និង​បង្ក​ឱ្យ​អាណា​ព្យាបាល មាន​ការ​ក្ដៅ​ក្រហាយ កើត​ក្ដី​ហ្មង​សៅ​ដំបៅ​ទ្រូង​ព្រួយ​បារម្ភ​គ្រប់​ពេល​វេលា​ចំពោះ​កូន​ពេល​ដែល​ចាក​ចេញ​ពីផ្ទះ។ លើស​ពីនេះ​វាធ្វើ​ឱ្យ អាណា​ព្យា​បាល​មាន​ការ​គិត​ច្រើន ខ្វល់​ខ្វាយ​ពី​អនា​គត​កូន​រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ។

2 . សង្គម ៖ ប្រទេស​ជាតិ​ដែល​មាន​ការ​អភិវឌ្ឍន៍ ត្រូវ​ការ​ចាំបាច់​សសរ​ទ្រូង​ជាតិ​ដែល​មាន​កម្លាំង​រឹង​មាំ​ពោល​គឺធន​ធាន មនុស្ស។ កុមារ​គេច​សាលា​ប្រាកដ​ជា​បាត់​បង់​ឱកាស​ទទួល​ការ​អប់​រំ បាត់​បង់​អនា​គត​និង​ធ្វើឱ្យ​ពួក​គេអាច​ក្លាយ​ទៅជា​មនុស្ស​ដែល​គ្មាន គុណ​ភាព គ្មាន​ចំណេះ​ដឹង​ជួយ​ដល់​សង្គម​ជាតិ​និង​បាត់​បង់​កោសិកា​ដែល​មាន​សុពល​ភាព​ក្នុងកា​ររួម​ចំណែក​កសាង​ជាតិ។ កត្ដា​ទាំង​នេះ នឹង​ធ្វើឱ្យ​ប្រទេស​ជាតិ​ពុំមាន​ការ​រីក​ចម្រើន​ឡើយ។

វិធាន​ការ​ទប់​ស្កាត់​កុមារ​គេច​សាលា

នៅ​ក្នុង​គ្រួសារ មិន​ត្រូវ​មាន​ជម្លោះ​ទាស់​ទែង​គ្នា​ទេ។ ព្រោះ​ជម្លោះ​នេះ​អាច​ធ្វើឱ្យ​កូន​ចេះ​ពិបាក​ចិត្ដ​ស្ថាន​ភាព​គ្រួសារ​ដែល មានតែ​ភាព​ឈ្លោះ​ប្រកែក​គ្នា​ឥត​ឈប់​ឈរ​ខ្មាស​អ្នក​ដទៃ ខ្លាច​គេ​មើល​ងាយ​ធ្វើឱ្យ​កូនមិន​ព្រម​ទៅ​រៀន​គេច​វេស​រហូត​ទៅជា​ដើរ​ផ្លូវ ខុស​ទៀត​ផង។ អាណា​ព្យាបាល​នៅជា​មួយ​កូន​រាល់​ថ្ងៃ ត្រូវ​យល់​ដឹងពី​សកម្ម​ភាព​របស់​កូន​និង​ចេះ​តាម​ដាន​ការ​សិក្សា​របស់​កូន។ រយៈ ពេល១​ខែ ឪពុក​ម្ដាយ​ត្រូវទៅ​សាលា១​ឬ២​ដង ដើម្បី​សួរ​ព័ត៌​មានពី​គ្រូ​បង្រៀន ឬ​គ្រូ​បន្ទុក​ថ្នាក់។ បើ​អាណា​ព្យាបាល​ដឹង​ថា កូន​គេច សាលា​ជា​ប្រចាំ នោះ​អាណា​ព្យាបាល​ត្រូវ​សហ​ការ​ជាមួយ​គ្រូ​បង្រៀន​ឱ្យ​បាន​ល្អ។ អាណា​ព្យាបាល​ត្រូវ​មាន​ពិន័យ ឬធ្វើ​ទណ្ឌ​កម្ម ទៅ តាម​លំដាប់​នៃការ​ប្រព្រឹត្ដ​ខុស​របស់​កូន ត្រូវ​ចេះ​និយាយ​ជាមួយ​កូន ស្ទាក់​មុន​ថាអាច​ធ្វើ​បែប​នេះ ឬធ្វើ​បែប​នោះ​គឺមិន​ល្អ មិន​ចាំ​បាច់ ទាល់​តែ​កូន​ខុស​ហើយ​នោះ​ទេ។ សុភា​សិត​ពោល​ថា​“ពត់​ដែក​ទាន់​នៅ​ក្ដៅ អប់រំ​កូន​ចៅទាន់​ក្មេង”។ ធ្វើ​បែប​នេះអាច​ឱ្យ​ក្មេង​កែ អត្ដ​ចរិត មាន​គំនិត​ចង់​មក​សិក្សា​វិញ។ ឪពុក​ម្ដាយ​ត្រូវ​ចេះ​ចំណាយ​ពេល​វេលា​ណែនាំ​កូន​ឱ្យ​យល់​កត្ដា​អ្វីខ្លះ​ដែល​សង្គម​ឱ្យ​តម្លៃ ហើយ​ឪពុក​ម្ដាយ​ត្រូវ​បង្ហាញ​ពីអារម្មណ៍​ដែលធ្វើ​ឱ្យកូន​ចេះ​អាណិត​អ្នក​មាន​គុណ។ ប្រាប់​កូន​ថា កាល​បើកូន​រៀន​ចេះដឹង​បាន​ខ្ពង់​ខ្ពស់ គឺជា មោ​ទន​ភាព​និងក្ដី​សង្ឃឹម​របស់​ឪពុក​ម្ដាយ​ដែល​ចង់​បាន​នៅ​បំផុត។ ហើយ​ប្រទេស​ជាតិក៏​ត្រូវ​ការ​ពួក​គេជា​ចាំ​បាច់​ដែរ សម្រាប់​ធ្វើជា​អ្នក ដឹក​នាំ​កសាង​ជាតិ​ឱ្យ​រឹង​មាំ​និង​រីក​ចម្រើន​ទៅ​មុខ។ ត្រូវ​ចេះ​ពន្យល់​កូន​កុំឱ្យ​ភ្លើត​ភ្លើន​តាម​មិត្ដ​ភក្ដិមិន​ល្អ​ពាលា​អាវា​សែ។ ព្រោះ​កាល​ណា​ភ្លើត​ភ្លើន​សប្បាយ​ជ្រុល​នេះ​ពង្វក់​ឱ្យ​គេច​សាលា។

ដំបូ​ន្មាន​អ្នក​ឯក​ទេស

អាណា​ព្យាបាល​គ្រប់​រូប​គប្បី​ចំណាយ​ពេល​វេលា​យក​ចិត្ដ​ទុក​ដាក់​តាម​ដាន​ការ​សិក្សា​របស់​កូន។ ភាព​កក់​ក្ដៅពី​ឪពុក​ម្ដាយ និងបង​ប្អូន​អាច​ធ្វើកូន​មាន​ចរិត​លក្ខណៈ​ល្អ ធ្វើឱ្យ​កុមារ​ចេះ​សម្រប​សម្រួល​នឹង​វិន័យ​សាលា។ កូន​គេច​សាលា​នាំឱ្យ​កូន​អវិជ្ជា​ទៅ​ជា មនុស្ស​គ្មាន​សុពល​ភាព ហើយ​សង្គម​មិនត្រូវ​ការ​ទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *