ត្អើកជាប្រភេទជម្ងឺមួយដែលមានការរំខានដល់លោកអ្នក និងធ្វើឱ្យលោកអ្នកពិបាកក្នុងការនិយាយស្ដីទៅរកអ្នកដទៃទៀតផង។ ពេលខ្លះលោកអ្នករកទឹកមកពិសាដើម្បីបំបាត់ការត្អើកនេះ ប៉ុន្ដែពេលខ្លះទៀតទឹកមិនអាចជួយលោកអ្នកបានទេ។ លោកអ្នកពិបាកនៅក្នុងអារម្មណ៏ និងពិបាកប្រាប់អ្នកដទៃអំពីអាការរបស់ខ្លួនអ្នកឱ្យទៅអ្នកដទៃដឹងខ្លាំងណាស់។
ទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយលោក ខៀវ មី ជាគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតបកស្រាយនូវ ប្រធានបទត្អើកនេះជូនដល់មិត្ដអ្នកអានទាំងអស់ឱ្យបានជ្រាប។
អ្វីទៅជាអាការត្អើក?
ត្អើកជាការកន្ដ្រាក់មួយដែលបណ្ដាលមកពីការរួមត្បៀតនៃសន្ទះទ្រូង។ ការកន្ដ្រាក់នេះគឺបញ្ជាក់ឱ្យដឹងថាជាការកន្ដ្រាក់ យ៉ាងគំហុកៗ ឬយ៉ាងខ្លាំងនៃផ្នែកពោះទៅផ្នែកទ្រូងដែលមានលាយឡំដោយសម្លេងស្អកៗបន្ដិចៗផងដែរ។ ត្អើកបង្កជាហេតុទៅជា រលកនៃខ្យល់រត់ប្រដេញគ្នាកាត់ទទឹងពោះនោះឯង។
មូលហេតុបង្កអាការត្អើក
ការត្អើកនេះបណ្ដាលមកពីការរលាក ឬការក្រហល់ក្រហាយនៃសរសៃញ្ញាណសន្ទះទ្រូង។ ត្អើកចែកចេញជាពីរប្រភេទ សំខាន់ៗ ត្អើកស្រួចស្រាវ និងត្អើករ៉ាំរ៉ៃ។
1 . ត្អើកស្រួចស្រាវ ៖ បណ្ដាលមកពីជម្ងឺរលាកបំពង់អាហារ ដំបៅក្រោមសន្ទះទ្រូងឬរលាកក្រពះតិចតួចដែលបណ្ដាល មកពីការបរិភាគសារជាតិស្រវឹង។ មានប្រភពផ្សេងទៀតចេញមកពីអារម្មណ៍ផ្លូវចិត្ដ ដូចជាការគិតច្រើនឬសម្រាកមិនលក់ជាដើម។
2 . ត្អើករ៉ាំរ៉ៃ ៖ ត្អើកនេះស្ថិតលើអ្នកជម្ងឺដែលមានបញ្ហាផ្នែកពោះដូចជាអ្នកជម្ងឺក្រោយការវះកាត់នៅចំណុចពោះផ្សេងៗ ក្នុងករណីមានបញ្ហាផ្លូវបំពង់អាហារផ្នែកលើដែលនាំឱ្យដុំពកនៅដើមទ្រូង ឡើងប៉ោងសរសៃឈាមអាអ៊រ័្សជម្ងឺប្រព័ន្ធសរសៃប្រសាទ ជាដើម។ ជម្ងឺសរសៃប្រសាទមានដូចជាដុំពកក្នុងខួរក្បាល រលាកស្រោមខួរក្បាលការប៉ះទង្គិចខ្លាំងផ្នែកក្បាល។
តើត្អើកមានអាការបែបណា?
ត្អើកនាំឱ្យមានអាការពិបាកក្នុងខ្លួនជាខ្លាំង ដែលធ្វើឱ្យអ្នកជម្ងឺត្រូវមានចិត្ដធ្ងន់ក្នុងការទ្រាំជាអាទិមានចំណុចដូចខាងក្រោម នេះ។
- ធ្វើឱ្យអ្នកជម្ងឺនោះពិបាកក្នុងខ្លួនខ្លាំង
- ពិបាកដកដង្ហើម
- ចង់ក្អួតចង្អោរ
- ចុកពោះតិចៗតែពិបាកទ្រាំ
- នៅស្ងៀមៗតែត្រជាក់ខ្លួនបែកញើស ដោយសារតែការខំប្រឹងទ្រាំនូវអាការទាំងនោះ។
វិធីព្យាបាលត្អើក
ជាដំបូងត្រូវឱ្យអ្នកជម្ងឺបិទភ្នែក ហើយយកមេដៃសង្កត់លើប្រអប់ភ្នែកធ្ងន់ល្មមដែលអាចឱ្យអ្នកជម្ងឺទ្រាំបានប្រហែលជា១ ទៅ២នាទីតែប៉ុណ្ណោះ។ ម្យ៉ាងទៀតត្រូវឱ្យអ្នកជម្ងឺពិសាទឹកត្រជាក់ឱ្យបានច្រើន។
ចំណែកឯការប្រើប្រាស់ថ្នាំវិញ អ្នកជម្ងឺអាចប្រើប្រាស់បានលុះត្រាតែមានវេជ្ជបញ្ជាពីគ្រូពេទ្យត្រឹមត្រូវ។ គួរតែទៅពិភាក្សា ជាមួយគ្រូពេទ្យឬអ្នកឯកទេសណាម្នាក់ ឬអ្នកជំនាញដែលអាចឱ្យលោកអ្នកទុកចិត្ដបានដើម្បីធ្វើការពន្យល់ណែនាំលោកអ្នកពីការប្រើ ប្រាស់ថ្នាំផ្សេងៗក្នុងការការពារកុំឱ្យមានត្អើកនេះកើតឡើងតទៅទៀត។
វិធីបង្ការត្អើក
វិធីបង្ការកុំឱ្យមានអាការត្អើកមានប្រការមួយចំនួនដែលលោកអ្នកអាចអនុវត្ដបាន។
- ហាមមិនឱ្យអ្នកត្អើកពិសាជាតិស្រវឹង
- អ្នកជម្ងឺមិនត្រូវគិតច្រើន ដែលធ្វើឱ្យទាក់ទងទៅនឹងសតិអារម្មណ៍រ៉ាំរ៉ៃ
- សូមកុំឱ្យមានការប៉ះទង្គិចផ្នែកក្បាល។
ដំបូន្មានអ្នកជំនាញ
ការត្អើកនេះមិនមានអ្វីគួរឱ្យព្រួយបារម្ភខ្លាំងនោះទេ ឬជាជម្ងឺមួយដែលធ្ងន់ធ្ងរនោះឡើយ។ បើលោកអ្នកមានបញ្ហាត្អើក រ៉ាំរ៉ៃ ត្រូវប្រញាប់ទៅរកគ្រូពេទ្យជំនាញ ឬអ្នកឯកទេសដើម្បីធ្វើការពិគ្រោះកុំចេះតែទុកវាឱ្យកើតឡើងយូរអង្វែងតទៅទៀតឱ្យ សោះ។ អ្នកជម្ងឺអាចធុញទ្រាន់នឹងការចេះតែត្អើកមិនឈប់ឈរនោះ សូមធ្វើការព្យាបាលភ្លាមៗផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Leave a Reply