វិស័យសុខាភិបាលនៅប្រទេសកម្ពុជាត្រូវបានគេមើលឃើញថានៅមានលក្ខណៈខ្វះចន្លោះនោះឡើយ បើទោះបីជាក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលខិតខំបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏ការបម្រើសេវានៅមានកម្រិត។ នាពេលថ្មីៗនេះចំនួនកុមារដែលចូលសម្រាកនៅក្នុងមន្ទីរពេទ្យមានចំនួនច្រើន គួរឲ្យព្រួយបារម្ភ។
កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២ ដែលទើបតែកន្លងទៅថ្មីៗនេះ លោកវេជ្ជបណ្ឌិត ប៊ីត រិចណឺ (Beat Richner) បានចេញផ្សាយនូវរបាយការណ៍មួយនៅលើទំព័រFacebookរបស់លោក ដោយបានសរសេរថា បច្ចុប្បន្ននេះ មានកុមារ ឈឺជម្ងឺធ្ងន់ធ្ងរជាច្រើន កំពុងសម្រាកពេទ្យដើម្បីព្យាបាលជម្ងឺ។ ក្នុងចំណោមកុមារទាំងនោះ មានកុមារ៣៤២នាក់ មានជម្ងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរ។
នៅថ្ងៃទី០៧ មិថុនាដដែលនេះ មានកុមារឈឺធ្ងន់ចំនួន៥៩៦នាក់ ត្រូវបានទទួលឲ្យសម្រាកព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកជម្ងឺកុមារទាំងនោះ មានអ្នកជម្ងឺកុមារឈឺធ្ងន់ចំនួន១០៧នាក់ដែលឈឺជម្ងឺគ្រុនឈាម។ ហើយក្នុងចំណោមកុមារឈឺធ្ងន់ចំនួន៥៩៦នាក់នោះ មានកុមារចំនួន១០៤នាក់ត្រូវបានផ្ទេរទៅកាន់មណ្ឌលថែទាំអ្នកជម្ងឺដោយមានការពិនិត្យយ៉ាងល្អិតល្អន់ បើមិនដូច្នោះទេពួកគេនឹងត្រូវស្លាប់ភ្លាមមួយរំពេជក្នុងរយៈពេលមិនលើសពី២៤ម៉ោង។
លិខិតនោះបានបន្តថា កាលពីថ្ងៃទី០៦ មិថុនា ឆ្នាំ២០១២ មានកុមារ៦៤នាក់ ត្រូវបានវះកាត់ ហើយ៤នាក់ទៀតត្រូវព្យាបាលដោយវះកាត់ដាក់បញ្ចូលបំពង់កាតេទែ(គឺជាបំពង់តូចម្យ៉ាងដែលគេច្រកចូលទៅក្នុងសរីរាង្គក្នុង តាមរន្ធផ្សេងៗនៃខ្លួនមនុស្សដើម្បីបញ្ចូល ឬបញ្ចេញវត្ថុរាវ)។ នេះគឺជាស្ថានភាពដ៏ល្អិតល្អន់បំផុតដែលរាជរដ្ឋាភិបាលកម្ពុជា គួរតែគិតគូអំពីបញ្ហានេះ ព្រមទាំងសហគមអន្តរជាតិផងដែរ។ លោកបានបញ្ជាក់ថា ប្រព័ន្ធសុខាភិបាលសាធារណៈមិនដំណើរការល្អទេ ដោយបុគ្គលិករបស់ពួកគេកំពុងឆបោកនៅពីក្រោយខ្នងនៃវិស័យសុខាភិបាលឯកជន។ វិស័យសុខាភិបាលឯកជនកំពុងតែយកលុយជាច្រើនពីអ្នកជម្ងឺយ៉ាងអាក្រក់ក្រៃលែងរួមទាំងទីក្រុងភ្នំពេញផងដែរ។ លិខិតនោះបានបន្តថា យើងបានឲ្យអ្នកជម្ងឺចូលសម្រាកពេទ្យក្នុងឆ្នាំ២០១២ច្រើនជាងអ្នកជម្ងឺគ្រុនឈាមដល់ទៅ៦០០០នាក់ឯណោះ ហើយអ្នកជម្ងឺ១៨នាក់ត្រូវបានបាត់បង់ជីវិត។ ក្មេងៗទាំងអស់នេះបានស្លាប់ក្រោយការព្យាបាលមុនពេលដែលគ្លីនិកពេទ្យ ឬវិស័យសុខាភិបាលឯកជនបានព្យាបាលមុនរួចទើបបញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផា។ វិស័យសុខាភិបាលឯកជន បានធ្វើការព្យាបាលដោយបង្កជាកំហុសឆ្គងផ្សេងៗនៅក្នុងការព្យាបាល រួមមានទាំងគ្លីនិកឯកជននៅទីក្រុងភ្នំពេញមួយចំនួនផងដែរ ដោយអ្នកជម្ងឺត្រូវបានបាត់បង់ជីវិតដោយសារថ្នាំពុលដែលធ្វើឲ្យស្រវឹងម្យ៉ាងដែលហៅឈ្មោះជាភាសាអង់គ្លេសថា អ៊ីនថូស៊ីខេសិន (Intoxication) ដែលជាថ្នាំម្យ៉ាងដែលធ្វើឲ្យស្រវឹងបណ្តាលមកពីការប្រើថ្នាំ (ដោយមិនមែនជាការស្រវឹងស្រានោះទេ)។
រាជរដ្ឋាភិបាលកម្ពុជា អ្នកមានថវិការច្រើនក្រាស់ក្រែល សហគមអន្តរជាតិ រួមទាំងរដ្ឋាភិបាលស្វីស ពួកគេគួរតែបរិច្ចាក ឬវិភាគទានកញ្ចប់ថវិការច្រើនបន្ថែមទៀតសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាទាំងឡាយ។ បើគ្មានមន្ទីរពេទ្យគន្ធបុប្ផានោះទេ ៨០ភាគរយនៃកុមារនៅកម្ពុជា ដែលកំពុងត្រូវបានឲ្យចូលសម្រាកព្យាបាលនៅពេទ្យនោះ ច្បាស់ជានឹងត្រូវស្លាប់បាត់បង់ជីវិតជាក់ជាមិនខាន។ លោកបានសរសេរបញ្ជាក់នៅក្នុងរបាយការណ៍នោះថា ពីខែមករា ដល់ខែឧសភាឆ្នាំ២០១២នេះ កុមារចូលព្យាបាលជម្ងឺនៅមន្ទីរពេទ្យមានចំនួន៤៨៨៦៥នាក់រួចមកហើយនៅមន្ទីរពេទ្យគន្ធបុប្ផា។
ដើម្បីបញ្ជាក់ទៅលើរបាយការណ៍នេះ អ្នកយកព័ត៌មានរបស់គេហទំព័រសុខភាពកម្ពុជា បានព្យាយាមទាក់ទងលោក អាន សាបិណ្ឌ ជាមន្ត្រីផ្នែកតាមដាន និងវាយតម្លៃនៃក្រសួងសុខាភិបាល ដើម្បីសាកសួរបំភ្លឺអំពីរឿងដែលទាក់ទិនទៅនឹងការព្យាបាលខុសឆ្គងរបស់គ្លីនិក ឬមន្ទីរពេទ្យឯកជន និងមូលហេតុនៃការស្លាប់របស់កុមារ ព្រមទាំងមូលហេតុដែលបណ្តាលឲ្យមានកុមារឈឺច្រើនយ៉ាងនេះ ដោយលោកបានបញ្ជាក់ថាលោកមិនទាន់បានដឹងអំពីរឿងនេះនៅឡើយទេនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១២នេះ។
កាលពីអត្ថបទមុនៗ គេហទំព័រសុខភាពកម្ពុជាបានចេញផ្សាយជាច្រើនមកហើយទាក់ទិនទៅនឹងបន្ទុះនៃការស្លាប់របស់កុមារដោយសារជម្ងឺគ្រុនឈាម ព្រមទាំងអត្ថបទផ្សេងៗជាច្រើនផ្សេងទៀតផងដែរ។ អត្ថបទទាំងនោះរួមមាន៖ ជម្ងឺគ្រុនឈាមកំពុងចូលរាតត្បាតប្រជាជននៅខេត្តកំពង់ឆ្នាំង វីរ៉ុសជម្ងឺគ្រុនឈាមដែលកប់បាត់៤០ឆ្នាំផ្ទុះឡើងសារជាថ្មីនៅកម្ពុជា និងជម្ងឺគ្រុនឈាមនៅកំពង់ស្ពឺជាដើម។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១២
Leave a Reply