ជម្ងឺរបេងនៅតែជាជម្ងឺមួយដែលមានគ្រោះថ្នាក់សម្រាប់ប្រជាជនកម្ពុជា។ តាមរបាយការណ៍បានបង្ហាញថានៅកម្ពុជាយើងប្រជាជនប្រមាណ២ភាគ៣មានផ្ទុកមេរោគរបេងដែលតួលេខនេះស្មើនឹង៦៤% នៃប្រជាជនទាំងអស់។ ក៏ប៉ុន្ដែក្នុងចំណោមអ្នក ដែលបានឆ្លងមេរោគទាំងនេះមានប្រមាណតែ៥-១០%ប៉ុណ្ណោះដែលអាចវិវត្ដទៅជាជម្ងឺរបេងក្នុងមួយជីវិតរបស់ពួកគេ។ ជម្ងឺរបេង មានពីរប្រភេទ គឺរបេងសួត និងរបេងក្រៅសួត។ ក៏ប៉ុន្ដែវាបណ្ដាលមកពីមេរោគតែមួយដូចគ្នាដែលឆ្លងតាមរយៈផ្លូវដង្ហើមពី មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ អត្រាអាំងស៊ីដង់នៃជម្ងឺរបេងថ្មីសម្រាប់ប្រទេសកម្ពុជាមានចំនួន២២៥ក្នុងចំណោម១០០.០០០ នាក់។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២២នៅលើពិភពលោកដែលមានចំនួនអ្នកផ្ទុកមេរោគរបេងខ្ពស់។
នៅក្នុងលេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកជម្ងឺរបេងឆ្អឹងមកជម្រាបជូនដោយមានលោកវេជ្ជបណ្ឌិតឡេង ឆេងឡាយ មន្ដ្រីបច្ចេកទេសផ្នែកវេជ្ជសាស្ដ្រនៃគម្រោងកម្ចាត់រោគរបស់អង្គការ្ញីជៅ អមកម្មវិធីជាតិកម្ចាត់រោគរបេងជាអ្នកផ្ដល់ ប្រឹក្សា។
ជម្ងឺរបេងឆ្អឹង ជាអ្វី?
របេងឆ្អឹងជាប្រភេទជម្ងឺមួយបណ្ដាលមកពីមេរោគរបេងមានឈ្មោះថាបេកា(បាស៊ីដឹកុក) ដែលកើតនៅលើឆ្អឹងខ្នងឬឆ្អឹង សន្លាក់ណាមួយនៃរាងកាយមនុស្ស។ ជម្ងឺរបេងឆ្អឹងមិនអាចឆ្លងទៅអ្នកផ្សេងនោះទេ។ វាអាចឆ្លងក្នុងករណីដែលអ្នកជម្ងឺរបេងឆ្អឹងកើត ជម្ងឺរបេងសួតរួមផ្សំជាមួយដែរ។ ឯការឆ្លងក៏ឆ្លងតែមេរោគដែលបណ្ដាលឱ្យកើតជម្ងឺរបេងសួតតែប៉ុណ្ណោះចំពោះរបេងឆ្អឹងជាការវិវត្ដ របស់មេរោគរបេងសួតដែលចូលវាយលុកឆ្អឹងនៅពេលប្រព័ន្ធភាពស៊ាំនៃឆ្អឹងចុះខ្សោយតែប៉ុណ្ណោះ។ ប្រសិនបើប្រព័ន្ធភាពស៊ាំរបស់ឆ្អឹង រឹងមាំ ជម្ងឺរបេងមិនអាចវិវត្ដទៅជាជម្ងឺរបេងឆ្អឹងបាននោះទេ។
រោគសញ្ញានៃជម្ងឺរបេងឆ្អឹង
រោគសញ្ញានៃជម្ងឺរបេងឆ្អឹងពុំមានអាការបណ្ដាលឱ្យអ្នកជម្ងឺក្អកដូចជម្ងឺរបេងសួតនោះទេដោយគ្រាន់តែអ្នកជម្ងឺឈឺនៅត្រង់សន្លាក់ឆ្អឹងណាមួយ ឬនៅឆ្អឹងខ្នងដែលមេរោគបេកាទៅទំនៅតែប៉ុណ្ណោះ។ រីឯរោគសញ្ញាទូទៅមានដូចជាអ្នកជម្ងឺក្ដៅខ្លួនស្រៀវ ស្រាញនៅពេលល្ងាច ឬយប់ អស់កម្លាំង បែកញើស ស្រកទម្ងន់ ញ៉ាំបាយមិនបានជាដើម។ ដើម្បីឱ្យដឹងច្បាស់ថាមនុស្សម្នាក់ នោះកើតជម្ងឺរបេងឆ្អឹង ឬអត់នោះមានតែវិធីម្យ៉ាងប៉ុណ្ណោះគឺត្រូវច្រឹបឆ្អឹងកន្លែងដែលឈឺនោះទៅធ្វើតេស្ដរកមេរោគ។ ក៏ប៉ុន្ដែការ ធ្វើបែបនេះមានការលំបាក ដោយសារការធ្វើតេស្ដបែបជាលិកាវិទ្យាមិនសូវសម្បូរបែប។ ដូច្នេះនៅមានវិធីផ្សេងទៀត ដោយធ្វើ រោគវិនិច្ឆ័យតាមរយៈការថតកាំរស្មីអ៊ិច ដើម្បីឱ្យឃើញពីភាពមិនប្រក្រតីរបស់ឆ្អឹងសន្លាក់ ឬឆ្អឹងខ្នងដូចជាមានការស៊ីដាច់សន្លាក់ ឬគមខ្នងជាដើម។
មូលហេតុបណ្ដាលឱ្យកើតរបេងឆ្អឹង
បេកា ឬបាស៊ីដឹកុកជាមេរោគរបេងនៅពេលដែលវាឆ្លងចេញពីមនុស្សម្នាក់ចូលទៅក្នុងខ្លួនមនុស្សម្នាក់ផ្សេងទៀតតាម រយៈការដកដង្ហើម វាបញ្ជ្រាបខ្លួនតាមចរន្ដសរសៃឈាមនៅក្នុងខ្លួនទៅកន្លែងផ្សេងៗ។ នៅពេលដែលផ្នែកណាមួយនៃឆ្អឹងចុះខ្សោយ នោះមេរោគរបេងនឹងចាប់ផ្ដើមពង្រឹងខ្លួនបង្កជម្ងឺនៅឆ្អឹងកន្លែងនោះតែម្ដង។
វិធីព្យាបាលជម្ងឺរបេងឆ្អឹង
ការព្យាបាលជម្ងឺរបេងឆ្អឹងមិនខុសគ្នាពីការព្យាបាលជម្ងឺរបេងសួត ឬរបេងក្រៅសួតដទៃទៀតនោះទេព្រោះវាបណ្ដាលមក ពីមេរោគបេកាដូចគ្នា គ្រាន់តែរូបមន្ដខុសគ្នាបន្ដិចបន្ដួចយោងទៅតាមស្ថានភាពនៃជម្ងឺធ្ងន់ ឬស្រាល។ ដើម្បីព្យាបាលជម្ងឺរបេងឆ្អឹងឱ្យ បានជាសះស្បើយ គេត្រូវចំណាយពេលវេលាតែ៦ខែប៉ុណ្ណោះដោយប្រើប្រាស់ថ្នាំទៅតាមវេជ្ជបញ្ជាពោលគឺអនុវត្ដដូតស៍ ដើម្បីកុំឱ្យមេ រោគរបេងមានការស៊ាំនឹងថ្នាំ។
ការថែទាំអ្នកជម្ងឺរបេងឆ្អឹង
ជាទូទៅអ្នកជម្ងឺត្រូវការការលើកទឹកចិត្ដជាចាំបាច់ណាស់ ហេតុនេះហើយសមាជិកគ្រួសារឬអ្នកស្និទ្ធនឹងអ្នកជម្ងឺត្រូវតែ យល់ដឹង ហើយជំរុញឱ្យអ្នកជម្ងឺធ្វើការព្យាបាលឱ្យបានឆាប់រហ័ស។ មានវិធីម្យ៉ាងដែលមានប្រសិទ្ធភាពគឺឱ្យអ្នកជម្ងឺលេបថ្នាំឱ្យបាន ទៀងទាត់ ដោយសមាជិកគ្រួសារត្រូវធ្វើការរម្លឹករាល់ថ្ងៃចៀសវាងខកខានពុំបានលេបថ្នាំដែលបណ្ដាលឱ្យមេរោគរបេងស៊ាំនឹងថ្នាំ ពិបាកព្យាបាល ចំណាយលុយច្រើន និងត្រូវចំណាយពេលវេលាយូរទៀតផង។
វិធីបង្ការជម្ងឺរបេងឆ្អឹង
នៅពេលយើងដឹងថាមាននរណាម្នាក់កើតជម្ងឺរបេង យើងត្រូវនាំជននោះទៅស្រាវជ្រាវព្យាបាលឱ្យទាន់ពេលវេលាដើម្បី កុំឱ្យជម្ងឺនោះឆ្លងទៅអ្នកដទៃ។ ម្យ៉ាងទៀតត្រូវឱ្យជននោះពាក់ម៉ាស ឬនិយាយដោយយកកន្សែងខ្ទប់មាត់ព្រោះក្នុងការនិយាយ ឬក្អកម្ដងៗមានមេរោគរាប់ពាន់បានសាយភាយ អណ្ដែតក្នុងបរិយាកាសជាហេតុបណ្ដាលឱ្យអ្នកដទៃអាចឆ្លងមេរោគនោះបានដោយ ងាយ។
ផលវិបាករបស់ជម្ងឺរបេងឆ្អឹង
ជាការពិតណាស់មិនថាឡើយចំពោះតែជម្ងឺរបេងឆ្អឹងនោះទេ ដែលបង្កផលវិបាកសម្រាប់សង្គម គ្រួសារ និងខ្លួនឯងសូម្បីតែ ជម្ងឺដទៃផ្សេងទៀតក៏មានផលវិបាកដូចគ្នាដែរ។
1. ចំពោះខ្លួនឯង ៖ អ្នកឆ្លងរោគរបេងអាចក្លាយទៅជាមនុស្សពិការដោយសារតែខូចសន្លាក់ឬខូចឆ្អឹងដែលបណ្ដាលឱ្យធ្វើ កិច្ចការអ្វីមិនបាន។ នៅពេលនោះហើយដែលបញ្ហាផ្លូវចិត្ដកើតមានឡើងចំពោះអ្នកជម្ងឺ។ អ្នកជម្ងឺអាចខូចចិត្ដនិងគិតច្រើនដោយសារ តែភាពពិការរបស់ខ្លួន ដែលបណ្ដាលមកពីជម្ងឺរបេងឆ្អឹង។
2. ចំពោះគ្រួសារ ៖ បើកាលណាបុគ្គលម្នាក់នៅក្នុងគ្រួសារធ្វើការអ្វីលែងកើត នោះប្រាក់ចំណូលនិងកម្លាំងពលកម្មក៏ត្រូវ ថមថយទៅតាមនោះដែរ។ ហើយម្យ៉ាងទៀតគ្រួសារត្រូវខាតបង់ថវិកាសម្រាប់ព្យាបាលជម្ងឺរបេងឆ្អឹងនោះទៀតផង។
3. ចំពោះសង្គមជាតិ ៖ ទន្ទឹមនឹងគ្រួសារត្រូវបាត់បង់នូវកម្លាំងពលកម្ម ហើយខាតបង់ចំណូលថវិកានោះសង្គមជាតិទាំង មូលក៏ទទួលរងនូវការប៉ះពាល់ផងដែរ ព្រោះមនុស្សជាកម្លាំងផលិតកម្មរបស់សង្គម។ បើកាលណានៅក្នុងសង្គមមានមនុស្សពិការច្រើន នោះកម្លាំងផលិតកម្មរបស់សង្គមក៏ត្រូវថយចុះ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ។
ដំបូន្មានអ្នកប្រឹក្សា
សូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់ថា ប្រសិនបើមានរោគសញ្ញាដូចជាក្ដៅខ្លួន ឬស្រៀវស្រាញជា ពិសេសនៅពេលល្ងាច ជួនស្រកគីឡូ ឈឺចាប់នៅត្រង់ឆ្អឹងខ្នង ឬឆ្អឹងសន្លាក់ផ្សេងៗសូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីឱ្យដឹងថា ខ្លួនមានជម្ងឺរបេងឆ្អឹង ឬអត់ ងាយស្រួលក្នុងការព្យាបាលទាន់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Leave a Reply