សក់គឺជាទីទាក់ទាញការចាប់អារម្មណ៍ពីអ្នកផងទាំងពួង ដែលចាំបាច់ឱ្យលោកអ្នកត្រូវយកចិត្ដទុកដាក់ថែទាំសក់ឱ្យមាន សុខភាពល្អជាពិសេសសម្រាប់ស្ដ្រី។ សក់ទន់រលោងស្អាត មានទម្ងន់ និងមានសំណើម ជាចំណែកមួយជួយលើកសម្រស់ផ្ទៃមុខ ហើយ ក៏ជាក្ដីប៉ងប្រាថ្នាដែរ។ តែបើសក់មិនល្អ ប្រាកដជាធ្វើឱ្យលោកស្រីអ្នកនាងកញ្ញាមានសេចក្ដីសុខមិនពេញលេញឡើយ។
កញ្ញា សោភា ម្ចាស់ហាងម៉ាលីនណា បានបង្ហាញពីវិធីព្យាបាលសរសៃសក់ស្ងួតជូនប្រិយមិត្ដអ្នកអានឱ្យបានស្វែងយល់តាមរយៈការជួបសម្ភាសជាមួយទស្សនាវដ្ដី សុខភាពយើង។
សណ្ឋានសរសៃសក់ស្ងួត
សរសៃសក់ស្ងួតសំដៅដល់សរសៃសក់ដែលគ្មានសំណើម គ្មានទម្ងន់ បែកចុង និងរឹងស្រួយ ហើយមានលក្ខណៈសំពោង និងប៉ោង។ សរសៃសក់នីមួយៗរាងគ្រើម ហើយផុយងាយបាក់។ នៅពេលដែលសិតសក់ម្ដងៗមានការទាក់កណ្ដាញ់ពិបាកសិត ឬអាចធ្វើឱ្យសក់ដាច់កម្ទេចជ្រុះច្រើនជាដើម។
មូលហេតុសរសៃសក់ស្ងួត
សក់ដែលស្ងួតគឺបណ្ដាលមកពីអ៊ុតសក់ត្រង់ អ៊ុតសក់រួញ ដោយប្រើទឹកថ្នាំមិនល្អ រួមផ្សំមិនបានអប់សក់តាមកម្រិត ១ដង ក្នុង១សបា្ដហ៍ជាបញ្ហាធ្វើឱ្យសក់បាត់បង់សំណើម។ ចំពោះសក់ដែលរងការគាប ឬធ្វើជាម៉ូត និងលាបថ្នាំពណ៌ញឹកញាប់ពេក ទាំងនេះសុទ្ធតែជាបច្ច័យធ្វើឱ្យសរសៃសក់ឆាប់រឹងស្រួយហើយផុយគ្មានសំណើម។ ការប្រើចាហួយលាបសក់ ត្រូវកម្ដៅថ្ងៃខ្លាំងពេក ជាហេតុធ្វើឱ្យសក់ងាយបែកចុងឆាប់រឹងស្រួយដែរ។ ម្យ៉ាងទៀតសរសៃសក់ស្ងួតបណ្ដាលមកពីខ្វះការថែទាំ ដូចជាការមិនកក់សក់រយៈពេលយូរ ឬកក់សក់ជារៀងរាល់ថ្ងៃការប្រើប្រាស់សាប៊ូមិនត្រូវជាមួយសរសៃសក់ ជាហេតុធ្វើឱ្យសរសៃសក់ងាយប្រឈមមុខនឹងបញ្ហាស្ងួត ឬ បែកចុង និងឆេះ។
របៀបថែទាំសរសៃសក់ស្ងួត
ចំពោះលោកស្រីអ្នកនាងកញ្ញាដែលមានសរសៃសក់ស្ងួត ត្រូវព្យាបាលសរសៃសក់ដោយជ្រើសរើសសាប៊ូដែលមានគុណភាពហើយត្រូវជាមួយសរសៃសក់ដោយរយៈពេល៣ថ្ងៃកក់សក់ម្ដង។ ក្រោយពេលកក់ ត្រូវជូតសក់ឱ្យស្ងួត ទើបប្រើផលិតផលដែលមានសារធាតុជួយបន្ទន់សក់មកលាបនៅលើសរសៃសក់ ដើម្បីបន្ថែមសំណើមដល់សរសៃសក់។ ក្នុងកំឡុងពេល៥ថ្ងៃឬ១សប្ដាហ៍ត្រូវអប់សក់១ដងជាប្រចាំដោយប្រើថេរវេលា១៥នាទី ហើយលោកស្រីអ្នកនាងកញ្ញាមិនត្រូវគាប និងហាយឡាយពណ៌សក់ជាញឹកញាប់ ឡើយ។ លើសពីនេះទៅទៀតផ្លែក្រូចពោធិ៍សាត់ក៏អាចជួយបន្ទន់សរសៃសក់ឱ្យទន់រលោងស្អាតមានសំណើមដែរ ថែមទាំងបាត់អង្គែ ទៀតផង។ គ្រាន់តែលោកអ្នកនាងកញ្ញាចិតជាចំណិតហើយយកទៅញីនៅលើសរសៃសក់ឱ្យសព្វក្រោយពេលដែលកក់សក់ហើយ ដោយទុក២ឬ៣នាទី សឹមលាងសម្អាតសក់់ឱ្យស្អាតវិញ។
វិធីបង្ការកុំឱ្យសរសៃសក់ស្ងួត
ដើម្បីការពារសរសៃសក់់ឱ្យមានទម្ងន់ ទន់រលោងស្អាត និងមានសំណើមជាប់ជានិច្ចនោះ លោកស្រីអ្នកនាងកញ្ញាត្រូវយកចិត្ដទុកដាក់ថែទាំសរសៃសក់ដោយជ្រើសរើសផលិតផលណាដែលមានគុណភាពហើយត្រូវជាមួយសរសៃសក់។ ត្រូវប្រយ័ត្នផលិតផលដែលមិនបានពិនិត្យឱ្យបានច្បាស់លាស់អាចធ្វើឱ្យសក់ប្រឈមមុខនឹងការខូចលើសដើម។ ចំពោះចាហួយ លោកស្រីអ្នកនាងកញ្ញាមិនត្រូវយកមកលាបនៅលើសរសៃសក់ឡើយ ព្រោះវាធ្វើឱ្យសក់រឹងស្រួយហើយឆាប់បែកចុងនៅពេលលោកស្រីអ្នកនាងកញ្ញាដើរហាល ថ្ងៃ។ គប្បីកុំឱ្យសក់ទទួលរងនៅការគាបឬលេងម៉ូតសក់ និងលាបថ្នាំពណ៌ញឹកញាប់ពេក ព្រោះអាចធ្វើឱ្យសក់ពុំមានសុខភាពល្អ។
ដំបូន្មានអ្នកជំនាញ
លោកស្រីអ្នកនាងកញ្ញាដែលមានសរសៃសក់ស្ងួត គប្បីព្យាបាលសក់ឱ្យទន់រលោងស្អាត មានទម្ងន់ និងមានសំណើមឡើង វិញ។ ដោយប្រតិបត្ដិតាមការរៀបរាប់ខាងលើជាប្រចាំ នោះសក់លោកស្រីអ្នកនាងកញ្ញាប្រាកដជាមានសុខភាពល្អ។ ប្រសិនបើសក់នៅតែមានបញ្ហាធ្ងន់ធ្ងរសូមទៅជួបគ្រូពេទ្យជំនាញឬអ្នកជំនាញខាងសរសៃសក់ ដើម្បីប្រឹក្សា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply