លោកអ្នកពិតជាខ្លាចហើយមើលទៅ គ្រាន់តែឮពាក្យថាការវះកាត់នោះព្រោះកាលណាគ្រូពេទ្យធ្វើការវះកាត់ទៅលើអ្នក ជម្ងឺណាម្នាក់នោះ មានន័យថាជម្ងឺមានកម្រិតធ្ងន់ធ្ងរ និងមិនអាចពន្យារពេលវេលាបានយូរទេហើយក៏មិនអាចព្យាបាលដោយប្រើថ្នាំ ផ្សេងៗនោះទេ។ លោកអ្នកពិតជាចង់ដឹងហើយមើលទៅ ថាតើសរីរៈក្នុងពោះមានអ្វីខ្លះដែលចាំបាច់ត្រូវធ្វើការវះកាត់ធំនោះ?
ពេលនេះដើម្បីទទួលយល់ពីការវះកាត់ធំត្រង់ពោះ សូមជួបជាមួយលោកវេជ្ជបណ្ឌិត លាង ហ៊ត់ឯកទេសខាងវះកាត់ជម្ងឺ ពោះវៀននៃមន្ទីរពេទ្យព្រះកេតុមាលា តាមរយៈទស្សនាវដ្ដី សុខភាពយើង។
អ្វីទៅជាការវះកាត់ត្រង់ពោះ?
វះកាត់ធំឬការវះកាត់ត្រង់ពោះ គឺជាការវះកាត់មួយដែលស្ថិតនៅក្នុងបន្ទប់វះកាត់ធំមួយត្រឹមត្រូវ ហើយត្រូវមានវេជ្ជបណ្ឌិត និងអ្នកជំនួយវេជ្ជបណ្ឌិតយ៉ាងហោចណាស់ពី៣ទៅ៦នាក់ដែរ ក្នុងការវះកាត់នោះ។ ជាពិសេសជាងនេះទៅទៀតនោះ វេជ្ជបណ្ឌិតត្រូវប្រើប្រាស់ថ្នាំសណ្ដំចាក់ទៅលើអ្នកជម្ងឺជាដាច់ខាត។ ការវះកាត់ពោះសំដៅទៅលើការដែលព្យាបាលមិនមានជម្រើស ក្រៅអំពីការវះកាត់ បើមិនដូចនោះទេ អ្នកជម្ងឺអាចទទួលគ្រោះថ្នាក់បានគ្រប់ពេលវេលា។ ដូចនេះមន្ទីរពេទ្យត្រូវតែធ្វើការសម្រេចចិត្ដ វះកាត់ដោយត្រឹមត្រូវជាទីបំផុត។
ជម្ងឺដែលចាត់ចូលទៅក្នុងការវះកាត់ធំ
មានជម្ងឺជាច្រើនដែលយើងអាចធ្វើការវះកាត់ធំបានហើយវាជាជម្ងឺមួយដែលចាំបាច់កាលណាយើងមិនធ្វើការវះកាត់ទេ នោះ យើងមិនអាចជួយសង្គ្រោះអាយុជីវិតជនរងគ្រោះថ្នាក់នោះបានទេ។ ការវះកាត់អាចធ្វើទៅបានក៏អាស្រ័យទៅលើអ្នកជម្ងឺផង ដែរ។ នៅពេលដែលគ្រូពេទ្យមើលឃើញថា អ្នកជម្ងឺចាំបាច់ត្រូវវះកាត់នោះ ក៏ត្រូវផ្ដល់ដំណឹងទៅដល់បងប្អូនញាតិមិត្ដ និងឱ្យពួកគាត់ ជាអ្នកសម្រេចចិត្ដជាលើកទី២ បន្ទាប់ពីការសម្រេចចិត្ដរបស់គ្រូពេទ្យ។
ការវះកាត់ធំៗនៅត្រង់ពោះមានច្រើនករណី ដែលពឹងផ្អែកទៅលើអ្នកដែលមានភាពជំនាញនិងបទពិសោធន៍ត្រឹមត្រូវ។ ការវះកាត់ធំត្រង់ពោះកើតមានឡើងដោយច្រើនកត្ដា ដូចជាការវះកាត់ពោះវៀនខ្នែង ការវះកាត់ធ្លាយពោះវៀនការវះកាត់ដុំក្នុង ពោះវៀន ការវះកាត់ថង់ប្រមាត់ ការវះកាត់បែកថ្លើម ការវះកាត់ធ្លាយក្រពះ ការវះកាត់ក្រពះ ការវះកាត់លំពែងបែកអណ្ដើក។ល។
ផលវិបាកនៃការវះកាត់ធំ
ការវះកាត់នីមួយៗតែងតែមានផលវិបាកកើតឡើងចំពោះអ្នកជម្ងឺ។ វាអាស្រ័យទៅតាមប្រភេទនៃជម្ងឺដែលធ្វើការវះកាត់ ។ ផលប៉ះពាល់នោះមានពីរករណី គឺមួយក្រោយពេលដែលវះកាត់ និងមួយទៀតពេលកំពុងតែវះកាត់។
1 . ពេលកំពុងតែវះកាត់ ៖ សុំលើកឧទាហរណ៍ពេលកំពុងតែវះកាត់ពោះវៀនខ្នែង។ ក្នុងការកាត់ពោះវៀនខ្នែងជាធម្មតា មិនសូវជាមានផលពិបាកប៉ុន្មានទេ ប៉ុន្ដែក៏មានផលពិបាកមួយចំនួនដែរនៅពេលពោះវៀនខ្នែងនោះស្ថិតនៅខុសពីកន្លែងធម្មតា។ មាន ន័យថាធម្មតាវាស្ថិតនៅខាងស្ដាំនៃពោះ ហើយវាមានទម្រង់មួយច្បាស់លាស់នោះការវះកាត់មានការងាយស្រួល។ ផ្ទុយទៅវិញ បើពោះវៀនខ្នែងមិនស្ថិតនៅទីតាំងធម្មតានោះ ដូចជាវាស្ថិតនៅស្របនឹងពោះវៀនធំឬនៅក្រោមឬនៅក្នុងពោះវៀនធំ ឬនៅជិតស្បូន ចំពោះស្ដ្រី ឬស្ថិតនៅក្រោមថ្លើមឆ្ងាយពីកន្លែងដែលត្រូវវះកាត់នាំឱ្យមានការពិបាកក្នុងការវះកាត់។ ពេលវះកាត់មានឈាមហូរ ដោយការចងសរសៃឈាមមិនបានជាប់ល្អ ឬមិនបានចងដែលជាហេតុធ្វើឱ្យអ្នកជម្ងឺអាចរងគ្រោះថ្នាក់បាន។ មួយវិញទៀតនោះ វាអាចបណ្ដាលមកពីអ្នកដែលដាក់ថ្នាំសណ្ដំធ្វើឡើងមិនបានត្រឹមត្រូវដូចជាលើសពីកម្រិតនៃការប្រើប្រាស់ជាដើម ធ្វើឱ្យអ្នកជម្ងឺពុល ថ្នាំសណ្ដំនោះអាចគ្រោះថ្នាក់បាន។
2 . ក្រោយពេលវះកាត់រួច ៖ ក្រោយពេលវះកាត់ទាមទារឱ្យអ្នកជម្ងឺត្រូវមានអនាម័យចំពោះមុខរបួសឱ្យបានត្រឹមត្រូវ។ ការរបូតចេសដែលគ្រូពេទ្យវះកាត់ចងមិនជាប់ ធ្វើឱ្យមានលាមកហូរចេញតាមពោះវៀនដែលយើងចងមិនបានជាប់និងចេញមកខាង ប៉ះនឹងស្រោមពោះ ធ្វើឱ្យរលាកស្រោមពោះជាដើម។ អាចមានដំបៅនៅត្រង់បាតពោះដែលបណ្ដាលមកពីគ្រូពេទ្យមិនបានធ្វើការ សម្អាតឱ្យបានត្រឹមត្រូវ ជាបច្ច័យអាចបង្កឱ្យមានមេរោគជ្រាបចូលក្នុងឈាមច្រើន។ ការវាយតម្លៃទៅលើអ្នកជម្ងឺក្នុងរយៈតែ៣ថ្ងៃ ក្រោយពេលវះកាត់រួច គេអាចសន្និដ្ឋានបានថាអ្នកជម្ងឺអាចនឹងជាសះស្បើយឆាប់ ឬក៏យូរបានដោយមើលទៅតាមមុខរបួសដែលបាន វះកាត់ហើយ ថាវាស្ងួតល្អ និងពោះទន់។ អ្នកជម្ងឺមានទំនាក់ទំនងនិយាយស្ដីជាមួយគ្រូពេទ្យបានល្អ មិនមានក្ដៅខ្លួន និងដើរខ្យល់ នោះអាចសន្និដ្ឋានថាគាត់ពិតជាជាសះស្បើយបាន១០០%។
ការទទួលជោគជ័យក្រោយពីការវះកាត់ហើយ អាចមានទៅដល់ពី៨០%ទៅ៩០%។ នៅសស់ពី១០%ទៅ២០%តែប៉ុណ្ណោះ ជាការព្យាបាលក្រោយពេលដែលវះកាត់រួច មានជាការលេបថ្នាំ ការថែទាំសុខភាពរាងកាយមើលថែរក្សាមុខរបួសជាដើម។
ជាធម្មតាការវះកាត់ធំអាចធ្វើឡើងចំពោះមនុស្សគ្រប់វ័យទាំងអស់ គ្រាន់តែការវះកាត់នោះត្រូវស្ថិតទៅតាមមុខជំនាញ នីមួយៗរបស់គ្រូពេទ្យ និងទៅតាមប្រភេទនៃមុខជម្ងឺតែប៉ុណ្ណោះ។ ជាអាទិមនុស្សចាស់ត្រូវព្យាបាលដោយគ្រូពេទ្យសម្រាប់មនុស្ស ចាស់ ហើយកុមារត្រូវព្យាបាលដោយគ្រូពេទ្យសម្រាប់ក្មេងក្នុងការវះកាត់។
ប្រការគួរប្រតិបត្ដិចំពោះអ្នកជម្ងឺត្រូវវះកាត់ធំ
ប្រការដែលត្រូវតែធ្វើចំពោះអ្នកជម្ងឺដែលត្រូវវះកាត់ធំនោះ ចែកចេញជាពីរករណី គឺមុនពេលចូលវះកាត់ធំនិងក្រោយ ពេលវះកាត់ធំរួច។
1 . មុនពេលវះកាត់ធំ ៖ ជាទូទៅមុននឹងធ្វើការវះកាត់នោះ គ្រូពេទ្យតែងតែវិភាគឈាមជាមុនសិនមើលពីក្រុមឈាម មើលពីគ្រាប់ឈាមស គ្រាប់ឈាមក្រហម និងមានសារធាតុមួយចំនួនទៀតដែលគេត្រូវតែមើល។ ហើយអ្វីដែលពិសេសនោះគឺមើល ឈាមកក និងឈាមរាវ ដើម្បីការពារគ្រោះថ្នាក់ក្នុងការវះកាត់។ ការងារនេះស្ថិតនៅលើគ្រូពេទ្យផ្នែកដាក់ថ្នាំសណ្ដំ គឺគេពិនិត្យ និង សម្រេចថាតើត្រូវប្រើថ្នាំសណ្ដំទូទៅ ឬក៏ប្រើចាក់ឆ្អឹងខ្នង។ អ្នកជម្ងឺត្រូវតមកុំហូបអាហារមុនការវះកាត់៦ម៉ោង។
2 . ក្រោយពេលវះកាត់ធំ ៖ អ្នកជម្ងឺដែលធ្វើការវះកាត់ធំត្រង់ពោះហើយត្រូវធ្វើចលនាឱ្យបានច្រើនដូចជាធ្វើការប្រែខ្លួន ចុះឡើង ដើម្បីចៀសវាងការស្អិតពោះវៀន ធ្វើឱ្យចលនាពោះវៀនដើរបានល្អ និងដើរខ្យល់បានស្រួល។ ប៉ុន្ដែប្រសិនបើការវះកាត់នៅ កន្លែងផ្សេងក្រៅពីពោះនោះ ទាមទារឱ្យអ្នកជម្ងឺត្រូវដេកសម្រាកស្ងៀម មិនអាចកម្រើកឬធ្វើចលនាផ្សេងៗបានទេ។
ដំបូន្មានអ្នកជំនាញ
សូមផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់ បើសិនជាមានបញ្ហាខាងសុខភាពមិនល្អ ឬមានការឈឺនៅកន្លែងណាមួយសូមបងប្អូន មកជួបគ្រូពេទ្យ ដើម្បីឱ្យគ្រូពេទ្យធ្វើការពិនិត្យ និងព្យាបាលជូន ចៀសវាងជំនឿមិនសមហេតុផល។ ព្រោះវាធ្វើឱ្យពិបាកក្នុងការ ព្យាបាល ធ្វើឱ្យខាតពេលវេលា និងថវិកាក្នុងការព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Leave a Reply