ជម្ងឺ​ភ្នែក​ឡើង​បាយ

ភ្នែក​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​មើល​សព្វ​អ្វីៗ​ដែល​មាន ពិសេស​អ្វីៗ​ដែល​មាន​នៅ​ក្បែរ​ខ្លួន។ ថ្វី​ត្បិត​ថាភ្នែក​មាន​ត្របក​បិត​បើក​ដោយ​ស្វ័យ​ប្រវត្ដិ​យ៉ាង​លឿន ដើម្បី​ជួយ​ការ​ពារ​គ្រាប់​ភ្នែក​ពីការ​ប៉ះ​ទង្គិច​តិច​តួច​ទាំង​ឡាយ។ ប៉ុន្ដែ​ការ​គ្រោះ​ថ្នាក់​នៅ​តែ​មិន អាច​គេច​ផុត​ដដែល។ គ្រាប់​ភ្នែក​អាច​កើត​មាន​ជម្ងឺ​ផ្សេងៗ ដូច​ជាដុះ​កន្ទុយ​ថ្លែន រលាក​កញ្ចក់​កែវ​ភ្នែក មីញ៉ូប ឡើង​បាយ​ជា​ដើម។ ឡើង​បាយ​ភ្នែក​ធ្វើឱ្យ​អ្នក​ជម្ងឺ​មិន​អាច​មើល​ឃើញ ប៉ុន្ដែ​ជម្ងឺ​នេះក៏​អាច​ព្យាបាល​បាន​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទាក់​ទិន​នឹង​ជម្ងឺ​ភ្នែក​ឡើង​បាយ និង​ការ​ព្យាបាល​ជម្ងឺ​នេះ លោក​វេជ្ជ​បណ្ឌិត ម៉ារ អមរិន្ទ អ្នក​ជំនាញ​ផ្នែក​ភ្នែក​ប្រចាំ​មន្ទីរ ពេទ្យ​ព្រះ​អង្គ​ឌួង​បាន​បក​ស្រាយ​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ជ្រាប​តាម​រយៈទស្ស​នា​វដ្ដី សុខភាពយើង។

អ្វីទៅ​ជាជម្ងឺ​ភ្នែក​ឡើង​បាយ?

ជម្ងឺ​ភ្នែក​ឡើង​បាយ​មាន​ន័យថា​គ្រាប់​ភ្នែក​បាត់​ភាព​ថ្លានៃ​កែវ​ភ្នែក ដែល​ជា​មូល​ហេតុ​ធ្វើឱ្យ​គំហើញ​របស់​អ្នក​ជម្ងឺ​ថយ​ចុះ។ ពាក្យ​ថាឡើង​បាយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​តែង​តែ​សម្គាល់​ទៅ លើ​ភ្នែក​ដែល​មាន​សម្លាក​កញ្ចក់​ភ្នែក។ ដូច្នេះ​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន​តែង​តែ​យល់​ច្រឡំ​រវាង​ជម្ងឺ​ឡើង​បាយ​ភ្នែក និង​ជម្ងឺ​រលាក​កញ្ចក់​ភ្នែក។ ជម្ងឺ​ឡើង​បាយ​គឺមាន​ជា​យូរ​យារ​ណាស់​​មក​ហើយ ​ហើយ​មាន​​ការ​​ព្យាបាល​ជម្ងឺ​នេះ​​តាំង​តែពី​​មុន​គ្រិស្ដ​ស​ក​រាជ​​ទៅ​ទៀត។ ជម្ងឺ​ឡើង​បាយ​ភ្នែក ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ពិការ​ភ្នែក។

រោគ​សញ្ញា​ជម្ងឺ​ភ្នែក​ឡើង​បាយ

ជម្ងឺ​ភ្នែក​ឡើង​បាយ​កើត​ឡើង​មាន​លក្ខណៈ​យឺតៗ ដោយ​គ្មាន​រោគ​សញ្ញា​ពិសេស​អ្វី​ឡើយ។ លក្ខណៈ​សម្គាល់​មួយ​ដែល​អ្នក​ជម្ងឺ​អាច​សម្គាល់​ដោយ​ខ្លួន​ឯង​បាន គឺ​ចាប់​ផ្ដើម​ស្រវាំង​ភ្នែក​បន្ដិច​ម្ដងៗ។ លក្ខណៈ​បន្ទាប់​បន្សំ​ផ្សេង​ទៀត ដូច​ជា​ចាញ់​ពន្លឺ​ថ្ងៃ ជា​ពិសេស ពេល​នៅ​ក្រៅ​ផ្ទះ។ ភ្នែក​ឡើង​បាយ​ពុំបាន​បង្ក​ឱ្យមាន​ការ​ឈឺ​ចាប់​ទេ។ ការ​ស្រវាំង​ភ្នែក​នេះ​គឺ​អាស្រ័យ​ទៅលើ​មូល​ហេតុ​ដែល​វិវត្ដ​លឿន ឬ​យឺត​ជាពិសេស​លើ​មនុស្ស​ចាស់​គឺ​មាន​រយៈ​ពេល​យូរ​រាប់​ឆ្នាំ។ ការ​ស្រវាំង​អាច​ជា​រោគ​សញ្ញា​នៃ​ជម្ងឺ​ផ្សេង​ទៀត​បាន​ដែរ។ ដូច្នេះ​គឺ​អ្នក​ជម្ងឺ​ចាំបាច់​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឯក​ទេស​ភ្នែក ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឱ្យ​បាន​ច្បាស់​លាស់។ នៅ​ពេល​ពិនិត្យ​ភ្នែក​យើង​នឹង ឃើញ​កញ្ចក់​ភ្នែក​ថ្លា​ធម្មតា ប៉ុន្ដែ​កែវ​ភ្នែក​នឹង​មាន​ពណ៌​ចាប់​ផ្ដើម​លឿង​ឬស-​ប្រផេះ និង​កាន់​តែ​ស្រអាប់​ឡើងៗ​ទៅ​តាម​ពេល​វេលា។ អ្នក​ជម្ងឺ​ខ្លះ​មាន​អាការ​ស្រវាំង​បែក​ផ្សែង ឬ​មើល​ឃើញ​ព្រិល​បែក​ជា​ពីរ។ អ្នក​ជម្ងឺ​ខ្លះអាច​មើល​ច្បាស់​ក្នុង​ចម្ងាយ​ជិត (ដំណាក់​កាល ដំបូង​នៃ​ជម្ងឺ​បាយ​ភ្នែក) តែ​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​នឹង​ប្រែ​ជា​ស្រវាំង​ភ្នែក​ខ្លាំង។

មូល​ហេតុ​បង្ក​ជម្ងឺ​ភ្នែក​ឡើង​បាយ

1 . ជរា​ភាព ៖ មនុស្ស​វ័យ​ចាស់​មាន​កើត​ជម្ងឺ​ភ្នែក​ឡើង​បាយ​ដល់​ទៅ​៩០% កើត​ឡើង​ដោយ​សារ​អាយុ​កាន់​តែ​ចាស់ កែវ​ភ្នែក​នឹង​ប្រែពី​ភាពថ្លា​ទៅជា​មាន​ពណ៌​ស្រអាប់ ឬ​ពណ៌​លឿង ឬ​ពណ៌ស​ល្អក់ ជា​ពិសេស​ចាប់ពី​អាយុ​៦០ឬ​៧០​ឆ្នាំឡើង​ទៅ។

2 . ករណី​មាន​ជម្ងឺ ៖ ជម្ងឺ​មួយ​ចំនួន​បណ្ដាល​ឱ្យភ្នែក​ឡើង​បាយ​ដែរ ដូចជា​ជម្ងឺ​ទឹកនោម​ផ្អែម រលាក​ក្នុង​ភ្នែក ការ​ប៉ះ​ទង្គិច ភ្នែក កាំ​រស្មី​ខ្សែ​ភ្លើង​ឆក់ ការ​ប្រើ​ថ្នាំ​យូរ​អង្វែង ក្រោយ​ការ​វះ​កាត់​ភ្នែក​ជា​ដើម។

3 . ឡើង​បាយ​ពី​កំណើត អាច​កើត​ឡើង​ដោយ​ឯកឯង ឬក៏​មាន​លក្ខណៈ​តពូជ​ដោយ​ហ្សែន ឬ​ក្រូម៉ូ​សូម​នៃ​ជម្ងឺ​មួយ​ចំនួន​អាច​មាន​ដោយ​សារ​ជម្ងឺ​ដែល​ឆ្លង​ពីម្ដាយ​ទៅកូន ឬ​លក្ខណៈ​ខុស​ធម្មតា​តាំង​ពី​កំណើត ប៉ុន្ដែ​ក៏​អាច​បណ្ដាល​មក​ពីការ​ប្រើ​ថ្នាំ​ប្រភេទ​មួយ​ចំនួន​ក្នុង​រយៈ​ពេល​វែង​ដែរ។

ការ​ព្យាបាល​ជម្ងឺ​ភ្នែក​ឡើង​បាយ

នាពេល​បច្ចុប្បន្ន​នេះ ការ​ព្យាបាល​អាច​មាន​វិធី​តែមួយ​គត់  គឺការ​វះកាត់​ដើម្បី​បូម​យក​គ្រាប់​បាយ​ភ្នែក ដែល​បាំង​ប្រស្រី​ភ្នែក​នោះ​ចេញ រួច​ហើយ​ដាក់​ចូល​ជំនួស​វិញ​នូវ​កែវ​សិប្ប​និម្មិត។ ការវះ​កាត់​ភ្នែក​ឡើង​បាយ​មាន​បច្ចេក​ទេស​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ តែ​អាស្រ័យ​ទៅលើ​គ្រូ​ពេទ្យ​ម្នាក់ៗ ដែល​ត្រូវ​ជ្រើស​រើស​វិធី​សាស្ដ្រ​ណា​មួយ​សម្រាប់​ប្រើ​សម​ស្រប​ទៅលើ​លក្ខ​ខណ្ឌ​របស់​អ្នក​ជម្ងឺ​នីមួយៗ។ នៅ​ប្រទេស​កម្ពុជា​យើង​មាន​ម៉ាស៊ីន​ទំនើបៗ និង​មាន​ប្រើ​កែវ​សិប្ប​និម្មិត​ដែល​មាន​គុណ​ភាព​ខ្ពស់ ក្នុង​នោះ​មាន​ប្រើ​ម៉ាស៊ីន​ហ្វេកូ និង​កែវ អាក្រាយ​សូហ្វ​ណេ​ទួរ៉ល​ដែល​មាន​គុណ​ភាព​ខ្ពស់​ក្នុង​ការ​មើល ព្រម​ទាំង​ជួយ​ការពារ​កោ​សិ​កានៃ​សរសៃ​បាត​ភ្នែក​(ផ្នែក​ខាង​ក្រោយ នៃ​ភ្នែក) ដែល​បណ្ដាល​មកពី​កាំ​រស្មី​ព្រះ​អាទិត្យ​ដូចជា​កាំរស្មី​ពណ៌​ស្វាយ(យូវី) កាំ​រស្មី​ពណ៌​ខៀវ ដែល​មាន​ផល​ប៉ះ​ពាល់​មិន​ល្អធ្វើ​ឱ្យ ខូច​កោ​សិកា​ភ្នែក។

ផល​វិបាក​ពីការ​ឡើង​បាយ​ភ្នែក

នៅពេល​ដែល​ដឹង​ខ្លួនថា​មាន​ជម្ងឺ​ឡើង​បាយ​ភ្នែក អ្នក​ជម្ងឺ​ជាច្រើន​តែង​តែព្រួយ​បារម្ភ​អំពី​ការ​វះ​កាត់​ព្យាបាល ឬ​លទ្ធ​ផល​ដែល​ទទួល​បាន​ក្រោយ​ការ​វះ​កាត់ ដោយ​ភ័យ​ខ្លាច​មិន​ជា​សះ​ស្បើយ ហើយ​ប្រែជា​ងងឹត​លើស​ដើម។ ប៉ុន្ដែ​ប្រសិន​បើ​យើង​បណ្ដោយ​ទុក​យូរ​មិន​ព្រម​ទទួល​យក​ការ​ព្យាបាល​ទេ​នោះ វានឹង​អាច​បណ្ដាល​ឱ្យ​មាន​ផល​វិបាក​ជា​ច្រើន​កើត​ឡើង ដូច​ជាកើត​ជម្ងឺ​ទឹក​ដក់​ក្នុង​ភ្នែក ដែល​បណ្ដាល​មកពី​ឡើង​បាយ​ការ​រលាក​ក្នុង​ភ្នែក ឬ​ពេល​គ្រាប់​បាយ​ភ្នែក​នោះ​ឡើង​ទុំ​ខ្លាំង ពេល​នោះ​ធ្វើ​ឱ្យ​គ្រាប់​បាយ​ទុំនោះ​ប្ដូរ​ទីតាំង ធ្លាក់​ចូល​ក្នុង​ភ្នែក​ឬក៏​មិនអាច​ឃើញ​អ្វីទាល់​តែសោះ​ក៏មាន។ ម្យ៉ាង​វិញ​ទៀត​អ្នក​ជម្ងឺ​ពិត​ជាពិបាក​ក្នុង​ការ​អាន ការ​សរសេរ ការ​ធ្វើ ដំណើរ មើល​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​ជា​ដើម។

វិធី​បង្ការ​ពីការ​ឡើង​បាយ​ភ្នែក

បើសិន​ជាជម្ងឺ​ឡើង​បាយ​ភ្នែក​កើត​ឡើង​ដោយ​សារ​តែ​វ័យ​ចាស់​នោះ គឺពុំ​មាន​វិធី​បង្ការ​នោះ​ទេ លើក​លែង​តែ​ជម្ងឺ​ឡើង​បាយ​បណ្ដាល​ពី​មូល​ហេតុ​ផ្សេង​ទៀត ដូចជា​ការ​ត្រូវ​របួស ការ​រលាក​ក្នុង​ភ្នែក ការ​ប្រើថ្នាំ​ប្រភេទ​ខ្លះ​មាន​រយៈ​ពេល​វែង​ពេក​ជា​ដើម។ ជា​ទូទៅ​បើ​សិន​កែវ​ភ្នែក​ចាប់​ផ្ដើម​ឡើង​បាយ​ហើយ ទោះ​ដោយ​មូល​ហេតុ​ណាក៏​ដោយ​ចុះ ជម្រើស​ចុង​ក្រោយ​គឺការ​វះកាត់​យក​គ្រាប់-​បាយ​នោះ​ចេញ​ឱ្យ​ទាន់​ពេល​វេលា​ដែលវា​នៅមិន​ទាន់​ធ្ងន់​ធ្ងរ និង​ជំនួស​វិញ​ដោយ​ការ​ប្រើកែវ​សិប្ប​និម្មិត។ ការ​ប្រើកែវ​សិប្ប​និម្មិត​នេះ អាច​ធ្វើឱ្យ​ភ្នែក​មើល​ឃើញ​ដូច​ធម្មតា​វិញ​ដូច​ភ្នែក​ដែល​គ្មាន​បញ្ហា​ហើយ​៩៥%​នៃ​អ្នក​ជម្ងឺ​ដែល​វះ​កាត់​យក​គ្រាប់​បាយ​នេះពុំ​មាន​បញ្ហា​អ្វី កើត​ឡើង​ឡើយ។

ដំបូ​ន្មាន​អ្នក​ប្រឹក្សា

ជាទូ​ទៅ​អ្នក​ដែល​មាន​អាយុ​លើស​ពី៥០​ឆ្នាំ​ឡើង​ទៅ គួរតែ​ទៅ​ពិនិត្យ​យ៉ាង​តិច​ណាស់១​ឆ្នាំឱ្យ​បាន​ម្ដង។ ការ​វះ​កាត់​ភ្នែក​នៅ​ពេល​បច្ចុប្បន្ន​នេះ ផ្នែក​វេជ្ជ​សាស្ដ្រ​នៅ​កម្ពុជា​យើង​មាន​លក្ខណៈ​ជឿន​លឿន​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ជិត​ខាង​ដែរ​ហើយ។ ក្នុង​នោះ​ក៏អាច​មាន​រយៈ​ពេល​រហ័ស​និង​គ្មាន​ការ​ឈឺ​ចាប់​ចំពោះ​អ្នក​ជម្ងឺ​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *