តើមិត្ដអ្នកអានទាំងអស់ធ្លាប់មានអាការជាប់សរសៃក ងាកមិនរួចដូចខ្ញុំនេះដែរឬទេ? មិនដឹងថាដូចម្ដេច នៅសុខៗគ្រាន់តែភ្ញាក់ពីគេងឡើងក៏ឈឺយ៉ាងនេះ? នៅពេលសួរម្ដ្កាយរបស់ខ្ញុំគាត់ប្រាប់ខ្ញុំថា មកពីខ្ញុំនេះគេងធ្លាក់ពីលើខ្នើយ ដូចនេះដើម្បីឱ្យវាជា បាត់ទៅវិញត្រូវយកខ្នើយដែលខ្ញុំគេងនោះទៅហាលថ្ងៃ។ ខ្ញុំឆ្ងល់ណាស់ ដោយគ្រាន់តែយកខ្នើយទៅហាលថ្ងៃ តើហេតុអ្វីក៏អាច ព្យាបាលអាការជាប់សរសៃនេះបាន?
ដើម្បីឱ្យអស់ចម្ងល់ថាតើទម្លាប់តៗគ្នានេះមានប្រសិទ្ធភាពកម្រិតណានោះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកប្រធានបទនេះមកបកស្រាយដោយមានលោកគ្រូ សារ៉ាយ ចន្ថារិទ្ធ អ្នកឯកទេសព្យាបាលដោយចលនា ជាអ្នកផ្ដល់ប្រឹក្សា។
អាការជាប់សរសៃ
អាការជាប់សរសៃជាអាការឈឺចាប់នៅត្រង់សាច់ដុំណាមួយ ជាពិសេសបរិវេណនៅជុំវិញឆ្អឹងកងក។ ការឈឺចាប់នេះអាចប្រព្រឹត្ដទៅអស់រយៈពេលយូរថ្ងៃ ដែលវានឹងបាត់ទៅវិញនៅពេលដែលមានការស្ទាប ច្របាច់ ម៉ាស្សាចំលើសរសៃដែលមានបញ្ហានោះឬដោយការប្រើប្រាស់ថ្នាំសង្កូវវេជ្ជសាស្ដ្រ។
មូលហេតុបណ្ដាលឱ្យជាប់សរសៃ
អាការកប់សរសៃ ឬជាប់សរសៃនេះកើតឡើងក្នុងពីរកម្រិតផ្សេងគ្នា និងដោយមូលហេតុខុសគ្នាផងដែរ។
1 . កម្រិតស្រាល ៖ ភាគច្រើនកើតនៅត្រង់កន្លែងណាដែលមានចលនាតិចៗ ហើយមានគន្លងតូច មានន័យថាកន្លែងដែលសាច់ដុំអាចបត់ចុះឡើងត្រឹម៤៥ទៅ៥០ដឺក្រេយ៉ាងច្រើន។ ដោយសារការលេងកីឡាច្រើនហួសហេតុ ឬលេងកីឡាដោយមិនបានធ្វើ ចលនាកម្ដៅសាច់ដុំជាមុនទើបធ្វើឱ្យមានការឈឺចាប់ដោយសារសាច់ដុំស្អិតជាប់គ្នា។ ម្យ៉ាងទៀតការធ្វើការងារធ្ងន់ដោយប្រើកម្លាំងខ្លាំងក៏អាចបណ្ដាលឱ្យកើតមានអាការបែបនេះផងដែរ គឺមានការឈឺចាប់រោយចុកនៅត្រង់សាច់ដុំដែលធ្វើចលនា ដែលគេហៅថាកប់ ចន្លក ឬកប់សរសៃនេះឯង។ អាការមួយទៀតនោះគឺភាគច្រើនកើតនៅត្រង់ម្ដុំបរិវេណកញ្ចឹងកដែលបណ្ដាលឱ្យមានការឈឺចាប់ និង មានការលំបាកក្នុងការងាករេចុះឡើង។ ហើយវាបណ្ដាលមកពីការងាកជាប់រយៈពេលយូរ ពិសេសនៅពេលដែលយើងគេង ប្រសិន បើក្បាលរបស់យើងបត់ជាប់ក្នុងរយៈពេលមួយដែលអាចធ្វើឱ្យស្អិតសរសៃកនោះក៏បណ្ដាលឱ្យឈឺចាប់ផងដែរ។ ប្រជាពលរដ្ឋខ្មែរ យើងបានសន្និដ្ឋានថា ការជាប់សរសៃនេះបណ្ដាលមកពីការគេងធ្លាក់ពីលើខ្នើយដូចនេះត្រូវយកខ្នើយទៅហាលថ្ងៃ ដើម្បីបំបាត់ការ ឈឺចាប់បាន។
2 . កម្រិតធ្ងន់ ៖ ការកប់ចន្លកក្នុងករណីនេះបណ្ដាលមកពីជម្ងឺសសរឆ្អឹងខ្នង។ ការឈឺចាប់នេះច្រើនកើតឡើងនៅម្ដុំស្មាដែលបណ្ដ្កាលមកពីសាច់ដុំក និងឈឺនៅត្រង់ចង្កេះ ហើយអាចរាលដាលមកដល់ជើងថែមទៀតផង។
ផលវិបាកនៃការជាប់សរសៃ
ពុំមានអ្វីជាផលវិបាកយូរអង្វែងនោះទេ សម្រាប់ជម្ងឺកប់សរសៃកម្រិតស្រាលនោះ។ វាគ្រាន់តែធ្វើឱ្យយើងឈឺចាប់មានការលំបាកក្នុងការប្រកបកិច្ចការងារប៉ុណ្ណោះ លើសពីនេះទៅទៀតវាមានការរំខានយ៉ាងខ្លាំង ដែលមិនអាចឱ្យយើងធ្វើបានគ្រប់កាយវិការ នោះទេ។ ឧទាហរណ៍ប្រសិនបើយើងឈឺនៅជុំវិញបរិវេណកញ្ចឹងក ធ្វើឱ្យមានការឈឺចាប់នៅពេលងាករេម្ដងៗ ដូចនេះយើងមិនហ៊ាន ងាករេចុះឡើងទៀតនោះទេព្រោះខ្លាចឈឺនេះឯង។ នេះហើយជាផលរំខានដែលបណ្ដាលមកពីការកប់សរសៃ។
ចំពោះកម្រិតធ្ងន់ធ្ងរវិញក៏បណ្ដ្កាលឱ្យឈឺចាប់ដូចគ្នាដែរ ក៏ប៉ុន្ដែការឈឺចាប់នេះបណ្ដាលមកពីជម្ងឺសសរឆ្អឹងខ្នង ដូចនេះប្រសិនបើពុំមានការព្យាបាលឆ្អឹងខ្នងនោះទេ វាអាចបណ្ដ្កាលឱ្យខូចឆ្អឹងរបស់យើងនោះតែម្ដង។ ហេតុនេះត្រូវរួសរាន់ទៅរកវេជ្ជបណ្ឌិត ជំនាញ ដើម្បីពិគ្រោះ ពិភាក្សានិងព្យាបាល ចៀសវាងធ្វើឱ្យខ្លួនឯង និងក្រុមគ្រួសារមានវិប្បដិសារីទៅថ្ងៃក្រោយ ដោយសារការធ្វេស ប្រហែសនេះ។
វិធីព្យាបាលជាប់សរសៃ
កប់ចន្លក ឬកប់សរសៃនេះពុំអាចជាសះស្បើយដោយឯកឯងនោះទេ គឺត្រូវទាមទារឱ្យមានការព្យាបាលដោយចលនា ឬប្រើប្រាស់ថ្នាំវេជ្ជសាស្ដ្រ។ ការព្យាបាលនេះទៀតសោតក៏ត្រូវតែពិនិត្យតាមដានដោយគ្រូពេទ្យជំនាញឱ្យបានដិតដល់ផងដែរ ដើម្បីដឹងពី មូលហេតុច្បាស់លាស់ទៅតាមករណីធ្ងន់ឬស្រាល។
- ករណីស្រាល ៖ ត្រូវធ្វើម៉ាស្សា ស្ទាប ច្របាច់ និងរឹតដោយបច្ចេកទេសនៅត្រង់កន្លែងដែលឈឺចាប់ ពោលគឺត្រូវព្យាបាលដោយចលនាជាមួយអ្នកឯកទេស ដើម្បីកាត់បន្ថយឬបំបាត់ការឈឺចាប់ដែលបណ្ដ្កាលមកពីការកប់សរសៃនោះ។ ចំពោះការធ្វើម៉ាស្សាដោយអ្នកពុំមានឯកទេស ឬបច្ចេកទេសច្បាស់លាស់ ជម្ងឺនេះពិតពុំអាចធូរស្រាលសមតាមបំណងនោះទេ ហើយវាក៏បណ្ដ្កាល ឱ្យខាតពេលវេលាប្រាក់កាក់ដោយឥតប្រយោជន៍ទៀតផង។
- ករណីធ្ងន់ធ្ងរ ៖ ចំពោះករណីធ្ងន់ធ្ងរវិញ គឺត្រូវស្រាវជ្រាវរកឫសគល់ឬដើមហេតុដែលបណ្ដាលឱ្យឈឺនោះដើម្បី ព្យាបាល។ ជាងនេះទៅទៀតក៏ត្រូវតែមានការរួមសហការពីសំណាក់គ្រូពេទ្យឯកទេស អ្នកជម្ងឺ និងអ្នកព្យាបាលដោយចលនាផង ដែរ។
- ការលាបប្រេង ៖ ការលាបប្រេងគឺពុំសូវមានផលប្រយោជន៍ចំពោះការព្យាបាលជាប់សរសៃប៉ុន្មាននោះទេ ក៏ប៉ុន្ដែការលាបប្រេងនេះគឺចាំបាច់ក្នុងការព្យាបាលដោយចលនា ដើម្បីកុំឱ្យមានការកកិតខ្លាំងរវាងដៃរបស់អ្នកធ្វើម៉ាស្សាជាមួយស្បែករបស់អ្នក ជម្ងឺដែលបណ្ដ្កាលឱ្យមានការឈឺផ្សា ក្រហាយ ឬដាច់រលាត់នៅលើស្បែក។
ដំបូន្មានអ្នកប្រឹក្សា
ចំពោះអ្នកជម្ងឺទាំងអស់ដែលមានបញ្ហានេះ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ដើម្បីស្រាវជ្រាវរកមូលហេតុដែលបណ្ដាលឱ្យឈឺ។ ប្រសិនបើជម្ងឺនោះត្រូវធ្វើការព្យាបាលដោយចលនានោះ គ្រូពេទ្យនឹងធ្វើការណែនាំអ្នកជម្ងឺនោះទៅរកអ្នកឯកទេសព្យាបាលដោយចលនាតែម្ដង មិនចាំបាច់អ្នកជម្ងឺស្វែងរកសេវាដោយខ្លួនឯងនោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply