ទារក​ទល់​លា​មក

ទល់​លាមក​ធ្វើឱ្យ​ប៉ះ​ពាល់​ចំពោះ​ទារក​តូចៗ ដោយ​សារ​តែ​ទារក​មិន​អាច​និយាយ​ប្រាប់​មាតា​បិតា​គេ​បាន ហើយ​​ស្ដ្រី​ជា​ម្ដាយ​ក៏​ពិបាក​នឹង​ដឹង​ពី​អាការ​របស់​កូន​ខ្លួន​ផង​ដែរ។ បញ្ហា​នេះ​ពេល​ខ្លះ​អាច​បង្កឱ្យ​មាន​ជម្ងឺ​ដល់​ទារក ប៉ុន្ដែ​ការ​ទល់​លា​មក​ខ្លះ​មិន​បង្ក​ឱ្យ មាន​គ្រោះ​ថ្នាក់​ទៅ​ដល់​ទារក​ទេ។ មាតា​បិតា​អាច​តាម​ដាន​អាការ​របស់​ទារក​បាន ដោយ​សង្កេត​មើល​ការ​បន្ទោរ​បង់​របស់​ទារក ជា​ប្រចាំ​ថ្ងៃ។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់​ជាង​នេះ​ទៅ​ទៀត​នោះ ទស្ស​នា​វដ្ដី សុខភាពយើង បាន​ធ្វើ​ការ​សម្ភាសន៍​ជា​មួយ​លោក ហ៊យ គឹម​ហេង​ឯក​ទេស​ជម្ងឺ​កុមារ នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ដើម្បី​ធ្វើការ​បក​ស្រាយ​នូវ​ប្រធាន​បទ​ខាង​លើ​នេះ។

ទល់​លា​មក​របស់​ទារក

ជា​ទូទៅ​ការ​ទល់​លាមក​ចំពោះ​ទារក គឺ​មាន​ន័យ​ថាជា​ការ​មិន​បន្ទោរ​បង់​ក្នុង​រយៈ​ពេល​២៤​ម៉ោង។ ការ​ទល់​លាមក​មាន ច្រើន​ប្រភេទ​ដោយ​ពេល​ខ្លះ​ទារក​មិន​បន្ទោរ​បង់​មែន តែ​ក្រោយ​មក​គេក៏​បន្ទោរ​បង់​ដោយ​មិន​មាន​បង្ក​ជា​បញ្ហា​អ្វីទេ។

ជា​ធម្មតា​ទារក​ដែល​មាន​អាយុ​ក្រោម៦​ខែ​តែង​តែ​បៅ​ដោះ​ម្ដាយ​តែ​មួយ​គត់ ដោយ​មិនឱ្យ​បរិ​ភោគ​អាហារ ឬ​សារ​ជាតិ​រាវ អ្វី​ផ្សេងៗ​ទៀត​ទេ​ដើម្បី​ឱ្យ​ទារក​បៅ​ដោះ​ម្ដាយ​បាន​ច្រើន។ ពេល​ដែល​ទារក​ទើប​នឹង​កើត​មក គ្រូ​ពេទ្យ​តែង​តែឱ្យ​ទារក​បៅ​ទឹក ដោះ​ដំបូង​របស់​ម្ដាយ។ ដោយ​សារតែ​ទឹក​ដោះ​ដំបូង​នេះ​អាច​ជួយ​ទារក​ឱ្យ​ចៀស​ផុត​ពីជម្ងឺ​ផ្សេងៗ និង​អាច​ផ្ដល់​សារ​ជាតិ​គ្រប់​គ្រាន់ ដែល រាង​កាយ​របស់​ទារក​ត្រូវ​ការ​ធ្វើឱ្យ​ទារក​មាន​សុខ​ភាព​មាំមួន មិន​សូវ​មាន​ជម្ងឺ​ផ្សេងៗ​មក​បៀត​បៀន និង​មាន​ប្រាជ្ញា​ឈ្លាស​វៃ ថែម ទាំង​អាច​ធ្វើឱ្យ​លាមក​ទារក​ទន់ មិន​ធ្វើឱ្យ​គេទល់​លាមក​ទៀត​ផង។ ការ​ទល់​លាមក​របស់​ទារក​អាច​បណ្ដាល​មកពី​ចំណី​អាហារ ដែល ម្ដាយ​បរិភោគ​មិន​បាន​ត្រឹម​ត្រូវ​និង​អាច​មកពី​ចំណី​អាហារ​ដែល​ម្ដាយ​ផ្ដល់​ឱ្យ​ទារក​បរិភោគ។

រោគ​សញ្ញា​ទារក​ទល់​លា​មក

រោគ​សញ្ញា​របស់​ទារក​ទល់​លាមក​ដោយ​ទារក​មិន​ជុះ​រយៈ​ពេល​ពីពីរ​ទៅ​បី​ថ្ងៃ។ ទារក​មាន​អាការ​ផ្សេងៗ​ដូច​ជា​រសេះរ​សោះ នៅ​ក្នុង​ខ្លួន​យំ​ខ្លាំង ក្ដៅ​ខ្លួន ក្អួត​ចង្អោរ តឹង​ពោះ ពោះ​ទារក​ឡើង​រឹង ពោះ​ឡើង​ប៉ោង ឬ​មើល​ឃើញ​សរសៃ​រវាម​ពេញ​ផ្ទៃ​ពោះរ​បស់ ទារក​នោះតែ​ម្ដង​ជា​ដើម។

មូល​ហេតុ​ដែល​ធ្វើឱ្យ​ទារក​ទល់​លាមក

ទារក​ភាគ​ច្រើន​ទល់​លាមក​ដោយ​សារ​តែការ​បរិភោគ​ចំណី​អាហារ​របស់​មាតា​ក្រោយ​ពេល​សម្រាល​រួច។ ស្ដ្រី​ក្រោយ​ពេល​សម្រាល​កូនរួច​ត្រូវ​ការ​អាហារ​ដែល​ផ្ដល់​នូវ​ជាតិ​កាឡូរី​ឱ្យ​បាន​ច្រើន សម​ស្រប​ទៅនឹង​ការ​បញ្ចេញ​ទឹក​ដោះ​របស់​ម្ដាយ។ ស្ដ្រី​ត្រូ​ ការ​បរិភោគ​ចំណី​អាហារ​ឱ្យ​បាន​គ្រប់​គ្រាន់ និង​មាន​អនាម័យ​ត្រឹម​ត្រូវ ដើម្បី​ឱ្យមាន​កម្លាំង​អាច​ទប់​ទល់​នឹង​ជម្ងឺ​ផ្សេងៗ​បាន។ ប្រសិន​បើ ស្ដ្រី​បរិភោគ​អាហារ​មិន​បាន​គ្រប់​គ្រាន់​ទេ​នោះ​ធ្វើឱ្យ​ស្ដ្រី​មិន​សូវ​មាន​ទឹក​ដោះ​សម្រាប់​បំបៅ​កូន​ទេ ហើយ​ទារក​ក៏មិន​សូវ​មាន​ការ​ធំ​ធាត់ ដែរ ដោយ​សារ​ខ្វះ​សារ​ជាតិ​ចិញ្ចឹម​ពី​ម្ដាយ​ហើយ​អាច​មាន​ជម្ងឺ​នានា​ទៀត​ផង។ មួយ​វិញ​ទៀត បើស្ដ្រី​បរិភោគ​ចំណី​អាហារ​ណា​ដែល​រឹង ពិបាក​រំលាយ មិន​សូវ​មាន​ជាតិ​បន្លែ​ផ្លែ​ឈើ​នោះ​ធ្វើឱ្យ​ទារក​មាន​បញ្ហា​មួយ​គឺ​ទល់​លាមក​បាន។ មួយ​វិញ​ទៀត ដោយ​សារតែ​ពោះ​វៀន របស់​ទារក​ងាយ​នឹង​ស្រូប​ជាតិទឹក​ពីចំណី​អាហារ​ពេក ក៏ធ្វើ​ឱ្យ​ទារក​ទល់​លាមក​បាន​ដែរ។HeasPrung

រូបភាពទស្សនាវដ្ដីសុខភាពយើង

មូល​ហេតុ​មួយ​ទៀត​គឺ​ដោយ​សារ​មកពី​ជម្ងឺ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា​ហៀស​ព្រង (HeasPrung) ដែល​ពោះ​វៀន​មិន​សូវ​មាន​សរសៃ​ឈាម​ជួយ​រំញោច​ទៅ​ពោះ​វៀន​ដើម្បី​ធ្វើ​ចលនា។ ដូច្នេះ​វាធ្វើ​ឱ្យ​ពោះ​វៀន​ខ្សោយ​មិន​សូវ​ផលិត​បាន​ល្អ ក៏អាច​ធ្វើឱ្យ​ទារក ទល់​លាមក​បាន​ឡើយ។

ប្រការ​គួរ​ប្រតិបត្ដិ

ស្ដ្រី​ដែល​មាន​កូន​តូច​មាន​អាយុ​ក្រោម​៦ខែ ត្រូវ​ព្យាយាម​បរិភោគ​ចំណី​អាហារ​ណា​ដែល​មាន​ជាតិ​សរសៃ ដូច​ជាបន្លែ ពណ៌​បៃតង ផ្លែ​ឈើ​និង​ត្រូវ​ពិសា​ទឹក​ឆ្អិនឱ្យ​បាន​ច្រើន ឬ​អាច​ពិសា​ទឹក​សណ្ដែក ទឹក​ដោះ​គោឆៅ​បន្ថែម​ទៀត​ក៏រឹត​តែ​ល្អ។ ការ​ប្រតិ​បត្ដិ ខ្លួន​បែប​នេះធ្វើ​ឱ្យ​លាមក​ទារក​ទន់​មិន​ពិបាក​ក្នុង​ការ​បន្ទោរ​បង់។ ម្យ៉ាង​វិញ​ទៀត​នោះ​ចំពោះ​កុមារ​ដែល​មាន​អាយុ​ចាប់​ពី៦​ខែ​ឡើង​ទៅ​មាតា​ភាគ​ច្រើន​តែងឱ្យ​ចំណី​អាហារ​បន្ថែម​ពីលើ​ការ​បំបៅ​ដោះ ដែល​គេ​ហៅ​ថា​អាហា​រូបត្ថម្ភ​របស់​កុមារ។ អាហារ​ទាំង​នោះ​មាន​ដូចជា ចេក​ណាំ​វ៉ា​ទុំ បបរ​ដែល​មាន​ជាតិ​បន្លែ ជាតិ​សាច់ និង​ប្រេង​កិន​ឱ្យម៉ដ្ឋ​ល្អឱ្យ​កុមារ​ញ៉ាំ​ជាដើម។ ពេល​ខ្លះ​ទៀត​មាន​បន្ថែម​ទឹក​ដោះ​គោ​ឱ្យ គេបៅ​ទៀត​ផង។ ចំណី​អាហារ​អស់​ទាំង​នេះ​អាច​ធ្វើឱ្យ​កុមារ​រឹតតែ​មាន​កម្លាំង​មាំ​មួន ឆាប់​លូត​លាស់ មាន​ប្រាជ្ញា​ឈ្លាស​វៃ ចៀង​វាងពី ជម្ងឺ​ផ្សេងៗ​បាន​ទៀត​ផង។

ចំពោះ​កុមារ​ដែល​មាន​អាយុ​ចាប់ពី​មួយ​ឆ្នាំឡើង​ទៅ មាតា​បិតា​មិន​ត្រូវឱ្យ​កុមារ​បរិភោគ​ចំណី​អាហារ​ណា​រឹង​ពេក​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​កុមារ​នោះ​ទល់​លាមក​បាន និង​អាច​មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​ពោះ​វៀន​ទៀត​ផង។

ដំបូ​ន្មាន​អ្នក​ជំនាញ

បើលោក​អ្នក​មាន​ទារក​ដែល​មាន​អាការ​ដូច​ខាង​លើ ត្រូវ​ប្រញាប់​នាំមក​កាន់​មន្ទីរ​ពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យ​ទាន់​ពេល វេលា។ ចំពោះ​ស្ដ្រី​ដែល​ទើប​តែ​សម្រាល​ត្រូវ​បរិភោគ​ចំណី​អាហារ​ឱ្យបាន​គ្រប់​គ្រាន់ និង​មាន​អនាម័យ​ល្អ ទើប​ធ្វើឱ្យ​ទារក​មិន​មាន​បញ្ហា​រឿង​ទល់​លាមក​នេះ​កើត​ឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *