ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មក បណ្ដាប្រជាជាតិនៅលើ ពិភពលោកបានចាប់ផ្ដើម យកចិត្ដទុកដាក់ ពី បញ្ហាបំពុលបរិស្ថាន ។ វាអាចធ្វើឱ្យមានផលប៉ះពាល់ទៅដល់ជីវិតមនុស្ស សត្វ រុក្ខជាតិ និងជីវៈចម្រុះ ដែល បង្កឡើងដោយសារធាតុគីមីពុលរាប់ម៉ឺន ប្រភេទ និងការបញ្ចេញសំណល់ គ្រប់ប្រភេទដែលមាន ផ្ទុកជាតិ ពុលចូលទៅក្នុងបរិស្ថាន(ទឹក ដី ខ្យល់)។ ទន្ទឹមនឹងនេះដែរ វាធ្វើឱ្យ ជីវិតមនុស្ស និងសត្វរងនូវការ ប៉ះពាល់ ជាច្រើនប្រភេទដល់សុខភាព រួមទាំងអ្នកប្រតិបត្ដិផ្ទាល់ និងប្រជាពលរដ្ឋដែលរស់នៅក្បែរ កន្លែង គ្រោះ ថ្នាក់នោះថែមទៀតផង។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោក ភិន រ៉ាឌី ប្រធានការិយាល័យគ្រប់គ្រងគុណភាពទឹក និងដី នៃនាយកដ្ឋាន ត្រួតពិនិត្យការបំពុលបរិស្ថាននៃក្រសួងបរិស្ថាន ដើម្បីសុំការបកស្រាយពីផលប៉ះពាល់ដោយសារទឹកស្អុយ ឬគេអាចហៅម្យ៉ាងទៀត បានថាជាសំណល់រាវ ជូនប្រិយមិត្ដអ្នកអានទាំងអស់ឱ្យជ្រាបជាព័ត៌មានដូចតទៅនេះ។
ទឹកសម្អុយ(ទឹកលូ)
ទឹកសម្អុយគឺជាបរិមាណទឹកដែលត្រូវបានគេផ្គត់ផ្គង់ដ៏មានសារៈសំខាន់ចំពោះសហគមន៍ ក្រោយពីវាត្រូវបានគេប្រើប្រាស់ ក្នុងគោលបំណងផ្សេងៗក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ។ សំណល់រាវអាចប្រៀបប្រដូចជាល្បាយនៃសូលុយស្យុងមួយដែលមាន សមាសធាតុបន្សំរបស់វាមានផ្ទុកទៅដោយសារធាតុផ្សេងៗ។
- សារធាតុសរីរាង្គដែលអាចបង្កើតជាឧស្ម័ន និងដែលមានក្លិនស្អុយជាខ្លាំងពពួកមេរោគបង្កជម្ងឺ និងពពួកមីក្រូសរីរាង្គផ្សេងៗ ដែលអាចរស់នៅក្នុងខ្លួនមនុស្សសារធាតុចិញ្ចឹមដែលអាចធ្វើឱ្យពពួករុក្ខជាតិក្នុងទឹកដុះលូតលាស់ច្រើន និងមានផ្ទុកសារធាតុគីមីពុលផ្សេងៗទៀត។
ផលវិបាកនៃទឹកស្អុយ
ជាធម្មតាពាក្យថាទឹកស្អុយគឺមានក្លិន ហើយក្លិននេះធ្វើឱ្យមានផលប៉ះពាល់ទៅដល់មនុស្ស ធ្វើឱ្យមនុស្សមិនឃ្លានចំណីអាហារ ធ្វើឱ្យទន់ខ្សោយក្នុងការដកដង្ហើម ការឆ្អើមចង់ក្អួត ក្អួតចង្អោរ និងការបង្កឱ្យមានវិបត្ដិដល់ខួរក្បាលជាដើម។
1 . ផលប៉ះពាល់ដល់សោភ័ណភាព ៖ អាចនាំឱ្យមានការថយចុះនូវមោទនភាពរបស់បុគ្គល និងសហគមន៍បានទៀតផង ហើយនឹងអាចមានផលរំខានរវាងមនុស្សនិងមនុស្ស គ្មានការលើកទឹកចិត្ដវិនិយោគ ធ្វើឱ្យមានផលប៉ះពាល់ទៅដល់សង្គម និងស្ថានភាព ជាច្រើនប្រភេទទៀត។
2 . ផលប៉ះពាល់ដល់សុខភាព ៖ ទឹកស្អុយមានផលប៉ះពាល់ជាច្រើនទៅដល់មនុស្ស សត្វ និងរុក្ខជាតិ បើតាមការស្រាវជ្រាវ និងអង្កេតមកដល់សព្វថ្ងៃនេះ។ មេរោគដែលនៅក្នុងទឹកសម្អុយមានច្រើន ជាពពួកមេរោគដែលអាចធ្វើឱ្យមនុស្សយើងកើតជម្ងឺថ្លើម ដោយសារតែបរិភោគក្ដាម ខ្យង និងរស់នៅកន្លែងដែលបង្ហូរទឹកសម្អុយចូល។ មានប្រភេទវីរុស និងបាក់តេរីមួយចំនួនទៀតដែលបង្ក ជម្ងឺទៅដល់មនុស្សសត្វ ដូចជាពពួកអង់គីឡូស្ដូមីយ៉ាស់(Ankylostomiase) ដោយឆ្លងតាមស្បែក ដោយដង្កូវចូលតាមស្បែក នៅ ពេលដែលយើងងូតទឹកមិនស្អាតជាដើម។
ម្យ៉ាងវិញទៀតចំពោះពួកប៉ារ៉ាស៊ីត មានដូចជាពួកព្រូន តេនញ៉ា ឬអៀន ឆ្លងមកមនុស្សតាមរយៈម្ហូបអាហារ បន្លែឆៅ ដែលប្រើប្រាស់ទឹកមិនស្អាត និងពពួកអាម៉ីបដែលអាចធ្វើឱ្យមនុស្សមានការរាករូស ថែមទាំងអាចធ្វើឱ្យមានដំបៅថ្លើម ដែលជា ជម្ងឺមួយប្រភេទច្រើនកើតមាននៅស្រុកក្ដៅ ដែលមិនសូវមានអនាម័យល្អ។ គេបានរកឃើញមានប្រមាណ៥០%នៅប្រទេសក្ដៅ និង ប្រមាណ១០%នៅប្រទេសត្រជាក់។ ក្នុងនោះផងដែរ ទឹកខ្លះក៏អាចបង្កជម្រកឱ្យសត្វមូសដែលជាភ្នាក់ងារមួយចម្លងជម្ងឺគ្រុនចាញ់ និង ជម្ងឺគ្រុនឈាមបានទៀតផង។
3 . ផលប៉ះពាល់ទៅដល់គុណភាពទឹក ៖ សារធាតុពុលដែលមាននៅក្នុងទឹកស្អុយនោះ វាមិនបង្កគ្រោះថ្នាក់ដល់មនុស្សសត្វ ភ្លាមៗទេ ប៉ុន្ដែវានឹងបង្កជាជម្ងឺរ៉ាំរ៉ៃ ដែលមានដូចជាមហារីក រលាកថ្លើម រលាកស្បែក នៅពេលដែលបានឆ្លងចាប់ពី១០ទៅ២០ឆ្នាំ ក្រោយ។
កត្ដាជាច្រើនខាងលើនេះធ្វើឱ្យមានផលប៉ះពាល់ទៅដល់ភាពក្រីក្ររបស់មនុស្ស ដែលរស់នៅជួបនឹងបញ្ហាអស់ទាំងនេះ។
មូលហេតុបង្កការបំពុលទឹក
មានមូលហេតុមួយចំនួនដែលធ្វើឱ្យទឹកមានជាតិពុល មិនអាចយកទៅប្រើប្រាស់បាន និងថែមទាំងធ្វើឱ្យមានសារធាតុពុល ក្នុងទឹក បាត់បង់ជីវចម្រុះក្នុងទឹក ប៉ះពាល់សុខភាពមនុស្ស បាត់បង់ធនធានសម្រាប់ប្រើប្រាស់។ កត្ដាទាំងនេះគឺបណ្ដាលមកពីកត្ដា ធម្មជាតិ និងកត្ដាមនុស្សផ្ទាល់តែម្ដង។
ជាតិបំពុលដែលមាននៅក្នុងទឹកស្អុយចែកចេញជា៤ប្រភេទធំៗ ដូចតទៅនេះ។
- ភ្នាក់ងារចម្លងជម្ងឺ
- សារជាតិចិញ្ចឹម និងសារជាតិសរីរាង្គពុកផុយរលួយ
- ភ្នាក់ងាររូប(ក្លិន ពណ៌…)
- សារជាតិគីមីពុល(សំណល់ទឹកលូមិនសូវមានជាតិគីមីច្រើនទេ)។
ក្រៅពីនេះទៀត គ្រោះមហន្ដរាយដោយធម្មជាតិកម្រផ្សេងៗក៏ជាកត្ដាបំពុលទឹកផងដែរ។
ទឹកសម្អុយប៉ះពាល់សុខភាពមនុស្ស និងសត្វ
ទោះបីជាមានផលប៉ះពាល់តិច ឬច្រើនយ៉ាងណាក៏ដោយ នៅពេលដែលបរិស្ថាន(ទឹក ដី ខ្យល់)ត្រូវបានបំពុល(មានជាតិ ពុល ជាតិកខ្វក់ និងមេរោគ) ការប៉ះពាល់ទៅលើសុខភាពមនុស្ស និងសត្វ តែងតែកើតមានដោយចៀសមិនផុតទេ។ ពីព្រោះទាំង មនុស្ស និងសត្វ គឺបានប្រាស្រ័យទាក់ទងនឹងបរិស្ថាននោះ ជាអាទិផឹកទឹក ដកដង្ហើម ហូបត្រីចាប់ពីក្នុងទឹក និងហូបបន្លែដែលដាំលើដី។ ដូចនេះភាពគ្រោះថ្នាក់អាចកើតមានទៅតាមកម្រិតជាតិពុល និងរយៈពេលទទួលជាតិពុលយូរប៉ុណ្ណា(១ខែ ១ឆ្នាំ ឬ៥ឆ្នាំ)។
ការបំផ្លាញដល់ជីវៈចម្រុះមានន័យថាកាលណាបរិស្ថានត្រូវបំពុលដោយសារជាតិគីមី សំណល់គ្រោះថ្នាក់ដែលមាននៅក្នុង ទឹក នឹងធ្វើឱ្យ ជីវៈចម្រុះមួយចំនួនក្នុងមជ្ឈដ្ឋានបរិស្ថាននោះត្រូវថយចុះ ឬអាចបាត់បង់ទាំងស្រុងក៏អាចថាបាន។ ជាឧទាហរណ៍ ការ កំពប់ប្រេងដោយការក្រឡាប់នាវាដឹកជញ្ជូនក្នុងទន្លេមួយ បានធ្វើឱ្យត្រីងាប់ និងរុក្ខជាតិតូចៗតាមមាត់ស្ទឹងក៏ត្រូវបានងាប់ដែរ ថែម ទាំងធ្វើឱ្យទឹកកខ្វក់ មានសារជាតិគីមី ដែលមិនអាចឱ្យមនុស្សប្រើប្រាស់បាន។
ទឹកសម្អុយជាភ្នាក់ងារចម្លងជម្ងឺ
ភ្នាក់ងារចម្លងជម្ងឺ គឺសំដៅលើការរស់នៅ និងជីវិតរស់នៅក្នុងទឹករបស់ពពួកមីក្រូសរីរាង្គ ដែលអាចបង្កឱ្យមានផលប៉ះពាល់ ផ្ទាល់ទៅលើគុណភាពទឹក។ ផលប៉ះពាល់ដ៏ធំបំផុតនោះគឺ ការចម្លងជម្ងឺដោយពួកមីក្រូសរីរាង្គមួយចំនួននៅក្នុងទឹកទៅកាន់មជ្ឈដ្ឋាន ដទៃទៀត ដូចជាទៅមនុស្សសត្វដែលប្រើប្រាស់ទឹកនោះជាដើម។ ភ្នាក់ងារចម្លងជម្ងឺសំខាន់ៗមានពួកបាក់តេរី ពួកមីក្រុប ពួកវីរុស ពួកប៉ារ៉ាស៊ីត ផ្សិត និងពពួកប្រូតូសូអែរ។ ពពួកមេរោគបង្កជម្ងឺទាំងនេះមានប្រភពមកពីលាមកមនុស្ស សត្វ សំណល់រាវតាមផ្ទះ សម្បែង ទីក្រុង សណ្ឋាគារ ភោជនីយដ្ឋាន និងរោងចក្រផលិតម្ហូបអាហារជាដើម។ ជម្ងឺមួយចំនួនដែលបណ្ដាលមកពីទឹកលូ ឬទឹកស្អុយ មានដូចជាជម្ងឺសើស្បែកនៅលើរាងកាយ និងនៅលើផ្ទៃមុខ។
ដំបូន្មានអ្នកជំនាញ
មនុស្សយើងគ្រប់រូបសុទ្ធតែបានដឹងហើយថា ការបំពុលបរិស្ថានមានផលប៉ះពាល់ទៅដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ទាំងអស់ ហើយនរណាជាអ្នកធ្វើឱ្យបរិស្ថានមានជាតិពុល គឺជាទង្វើរបស់មនុស្សយើងនេះឯង។ ដូច្នេះយើងត្រូវជួយសម្អាតគ្នាទើបធ្វើ ឱ្យបរិស្ថានយើងមានភាពស្រស់បំព្រងឡើងវិញបាន។ ម្យ៉ាងវិញទៀត អ្នកគ្រប់គ្នាគួរតែចៀសវាងការប៉ះពាល់ដោយផ្ទាល់ទៅលើទឹក សម្អុយ ឬសំណល់រឹងគ្រប់ប្រភេទ ទើបមិនបណ្ដាលឱ្យមានផលប៉ះពាល់ទៅដល់សុខភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply