ខួរក្បាលគឺជាសរីរាង្គមួយដែលមានតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងការគ្រប់គ្រងនិងបញ្ជាទៅដល់បណ្ដុំនៃប្រព័ន្ធប្រសាទ របស់មនុស្សឱ្យមានសកម្មភាព។ ទន្ទឹមនឹងនោះផងដែរ ប្រសិនបើខួរក្បាលមានបញ្ហាឬមានអ្វីមួយមកប៉ះទង្គិចនោះវាពិតជាអាចបង្ក ឱ្យមានផលលំបាកជាច្រើនដល់សុខភាព និងការរស់នៅ។ ជាពិសេសអាចបណ្ដាលអ្នកជម្ងឺពិបាកនឹងថែរក្សាអាយុជីវិតថែមទៀតផង ប្រសិនបើពុំមានដំណោះស្រាយ និងទទួលការព្យាបាលឱ្យទាន់ពេលវេលាទេនោះ។ មានមនុស្សភាគច្រើនមានការយល់ថាជម្ងឺដុំ ស្រោមខួរក្បាល គឺគ្រាន់តែជាបូសមួយដែលកើតនៅលើក្បាលតែប៉ុណ្ណោះ។ នេះជាការមួយដែលយល់ខុសទាំងស្រុង។
ដើម្បីឱ្យមានការយល់ដឹងឱ្យកាន់តែច្បាស់ពីផលវិបាក ដែលទទួលបានមកពីជម្ងឺដុំស្រោមខួរក្បាលលោកវេជ្ជបណ្ឌិតហែម សុគន្ធា អ្នកឯកទេសវះកាត់ប្រព័ន្ធប្រសាទ នៃមន្ទីរពេទ្យព្រះកុសុមៈនឹងបកស្រាយជូនលោកអ្នកតាមរយៈទំព័រនៃទស្សនាវដ្ដី សុខ ភាពយើង។
ជម្ងឺដុំស្រោមខួរក្បាល ជាអ្វី?
ជម្ងឺដុំខួរក្បាលមានច្រើនប្រភេទ ច្រើនសណ្ឋានដែលមានពេលខ្លះជម្ងឺដុំខួរក្បាលនេះអាចមាននៅក្នុងបណ្ដុំនៃខួរក្បាល និង មានពេលខ្លះទៀតជម្ងឺនេះ ក៏អាចមានលេចចេញនៅលើស្រោមខួរក្បាលទៅវិញ។ ចំពោះប្រភេទជម្ងឺដុំខួរក្បាលដែលមាននៅលើ ស្រោមខួរនោះ គេក៏អាចហៅម្យ៉ាងទៀតបានថា“មេណាំងស្យូម”។ ជាទូទៅគេតែងតែសង្កេតឃើញជាញឹកញាប់ថា ចំពោះប្រភេទ ជម្ងឺដុំខួរក្បាលដែលមាននៅលើស្រោមខួរក្បាលនេះគឺមានអត្រាចាប់ពី១៥%ទៅ២០%នៃដុំខួរក្បាល។
រោគសញ្ញាជម្ងឺដុំស្រោមខួរក្បាល
ចំពោះរោគសញ្ញានៅដំណាក់កាលដំបូង មានមួយភាគបីនៃជម្ងឺនេះពុំមានរោគសញ្ញាអ្វីទាំងអស់។ ដំណាក់កាលកាន់តែ ធ្ងន់ធ្ងរទើបគេឃើញមានរោគសញ្ញា ដូចជាអ្នកជម្ងឺមានអាការឈឺក្បាល ក្អួតចង្អោរ បាត់បង់ស្មារតីជាដើម។ រោគសញ្ញាធ្ងន់ ឬស្រាល អាស្រ័យទៅលើកន្លែងដែលដុះដុំសាច់នោះធ្វើការវិវត្ដន៍។ បើដុំនោះកាន់តែធំឡើងៗវាអាចស៊ីទម្លុះឆ្អឹងក្បាល ហើយពកចេញមក ក្រោមស្បែកក្បាលឃើញចេញមកខាងក្រៅផ្ទាល់តែម្ដងមានសភាពដូចជាបូសដែលកើតឡើងនៅលើក្បាលអ៊ីចឹង។ គេប្រទះឃើញ មានដុំពកនៅលើក្បាលនេះ ដែលបណ្ដាលមកពីដុំមេណាំងស្យូមនេះតែម្ដងដែលធ្វើឱ្យយើងអាចឃើញវាដោយភ្នែកទទេបាន ដោយ មិនចាំបាច់ធ្វើការថតអេកូសាស្ដ្រទេ។
មូលហេតុបង្កជម្ងឺដុំស្រោមខួរក្បាល
បើតាមការសិក្សាស្រាវជ្រាវបានបញ្ជាក់ឱ្យឃើញថា ចំពោះប្រភេទជម្ងឺដុំស្រោមខួរក្បាល ឬមេណាំងស្យូមនេះនៅមិនទាន់ ដឹងថា អាចបណ្ដាលមកពីមូលហេតុអ្វីច្បាស់លាស់នៅឡើយនោះទេ។ ប៉ុន្ដែបើតាមការសង្កេតមើលរបស់អ្នកស្រាវជ្រាវមួយចំនួនបាន កត់សម្គាល់ថា ជម្ងឺនេះច្រើនមានកើតឡើងទៅលើស្ដ្រីដែលមានជម្ងឺដុំដោះនិងមានការវិវត្ដន៍រីករាលដាលលឿននៅពេលដែលស្ដ្រី កំពុងមានគភ៌ ពីព្រោះជម្ងឺប្រភេទនេះវាមានទំនាក់ទំនងផ្ទាល់ជាមួយអ័រម៉ូនរបស់ស្ដ្រី។
ផលវិបាកក្រោយពេលកើតជម្ងឺដុំស្រោមខួរក្បាល
នៅក្នុងខណៈពេលដែលអ្នកជម្ងឺមិនទាន់មានការព្យាបាលឱ្យរួចចាកផុតពីជម្ងឺនេះទេនោះដុំដែលដុះលើស្រោមខួរនឹងមាន ការរីកធំឡើងៗសង្កត់ទៅលើខួរក្បាលតែម្ដង ដែលជាហេតុធ្វើឱ្យអ្នកជម្ងឺទទួលរងនូវការឈឺចាប់ជាខ្លាំង។ ជាពិសេសវាអាចបណ្ដាល ឱ្យអ្នកជម្ងឺបាត់បង់អាយុជីវិតបានថែមទៀតផង ដែលជាប្រការមួយតម្រូវឱ្យអ្នកជម្ងឺត្រូវទទួលការពិនិត្យនិងព្យាបាលឱ្យទាន់ពេល វេលា និងត្រឹមត្រូវ។
វិធីសាស្ដ្រក្នុងការព្យាបាលដុំស្រោមខួរក្បាល
នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានអ្នកកើតជម្ងឺដុំខួរក្បាលនេះ ភាគច្រើនជាស្ដ្រីដែលមានភាគរយច្រើនជាងបុរស។ ការ ព្យាបាលមានប្រសិទ្ធភាពទៅបាននោះ ទាល់តែធ្វើការពិនិត្យទៅលើស្ថានភាពនៃការរីករាលដាលនៃដុំខួរក្បាលនោះសិនដោយថត អេកូសាស្ដ្រ ទើបធ្វើការព្យាបាលជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺបាន។ ការធ្វើរោគវិនិច្ឆ័យមុនព្យាបាលដោយយកអ្នកជម្ងឺ ទៅពិនិត្យរោគសញ្ញា តាមរយៈការថតកាំរស្មីអ៊ិច និងពិនិត្យមើលឆ្អឹងក្បាលតាមរយៈការថតអេកូសាស្ដ្រ។
ការព្យាបាលដុំមេណាំងស្យូមនេះគឺមានតែវិធីវះកាត់មួយគត់ដែលអាចជួយសង្គ្រោះជីវិតជនរងគ្រោះបានហើយភាគរយ នៃការជាសះស្បើយនោះក៏មានឱកាសច្រើនណាស់ដែរអ្វីដែលសំខាន់នោះគឺអ្នកជម្ងឺត្រូវទៅកាន់មន្ទីរពេទ្យឱ្យទាន់ពេលវេលា។ ប៉ុន្ដែ អត្រានៃការលាប់រោគឡើងវិញមានកម្រិតខ្ពស់ផងដែរបើអ្នកជម្ងឺវះកាត់ហើយមិនបានប្រើថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងធ្វើអ្វី មួយដែលអាចប៉ះពាល់ទៅដល់កន្លែងដែលទើបនឹងធ្វើការវះកាត់នោះ។
ប្រការគួរចៀសវាង
ពេលដែលលោកអ្នកឃើញដុំពកនៅលើក្បាល ត្រូវចៀសវាងធ្វើការព្យាបាលដោយខ្លួនឯងព្រោះវាអាចជាករណីធ្ងន់ធ្ងរ មួយបាន បើគ្មានការព្យាបាលឱ្យបានត្រឹមត្រូវទេនោះ។ វាអាចហូរឈាមចូលក្នុងខួរក្បាលដុំសាច់នោះអាចសង្កត់ខួរក្បាលបង្កគ្រោះ ថ្នាក់បានដោយមិនដឹងខ្លួនទៀតផង។ មួយវិញទៀតមិនត្រូវសាកល្បងធ្វើការវះកាត់ទេគួរតែពិនិត្យឱ្យបានត្រឹមត្រូវជាមុនសិន ត្រូវ ថតកាំរស្មីអ៊ិច មើលពីលលាដ៍ក្បាលសិនទើបធ្វើការវះកាត់ជាក្រោយ។ ហើយត្រូវជ្រើសរើសគ្រូពេទ្យណាដែលមានជំនាញ និង បទពិសោធត្រឹមត្រូវទើបមានសំណាងល្អ។
ដំបូន្មានអ្នកឯកទេស
ប្រសិនបើលោកអ្នកមានអាការដូចបានជម្រាបជូនខាងលើនេះ គួរគប្បីប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យជួបជាមួយអ្នក ឯកទេស ឬគ្រូ ពេទ្យជំនាញជាបន្ទាន់។ លោកអ្នកទទួលបានការពិគ្រោះពិនិត្យដោយកាំរស្មីអ៊ិចថតឆ្លុះមើលពីលលាដ៍ក្បាល ដើម្បីឱ្យ ដឹងច្បាស់ថា វាពិតជាជម្ងឺដុំខួរក្បាលមែន ឬមិនមែន ទើបជាការប្រសើរ។ ការដឹងច្បាស់ពីលក្ខណៈនិងប្រភេទនៃជម្ងឺ គឺជាមធ្យោបាយ ដ៏ល្អក្នុងការជួយស្រោចស្រង់អាយុជីវិតរបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨
Leave a Reply