នៅឆ្នាំ២០០៦អត្រា​​​អ្នកផ្ទុក​​​មេរោគអេដស៍​​​ស្ដ្រី​​​ថយចុះ

ជម្ងឺ​អេដស៍​ជាជម្ងឺ​ដែល​គ្មានថ្នាំ​ព្យាបាល ប៉ុន្ដែ​អាច​បង្ការ​បាន។ យើង​អាច​កាត់​បន្ថយ​ការឆ្លង​មេរោគ​អេដស៍​តាម​រយៈការ​រួម ភេទ​បាន បើដៃ​គូ​ទាំងពីរ​នាក់​គ្មាន​ផ្ទុក​មេរោគ​អេដស៍ និងការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ។ ស្ដ្រីមាន​ផ្ទៃពោះ និង ស្ដ្រី​ដែល​រកស៊ី​ផ្លូវភេទ​នៅ​ឆ្នាំ២០០៦ មាន​អត្រា​ឆ្លង​ជម្ងឺ​អេដស៍​ចុះទាប​ជាង​ឆ្នាំមុនៗ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅ​ពេលថ្មីៗ​នេះ ក្រសួង​សុខា​ភិបាល​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួន​បាន​បើក​អង្គ​សិក្ខា​សាលា​មួយ​បង្ហាញ​ពី​លទ្ធផល នៃការ​អង្កេត​ឈាម​រក​អត្រា​ផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុជា​ឆ្នាំ២០០៦ ដែល​ជាការ​ខិតខំ​របស់​ខ្លួន​កន្លង​មក។ សិក្ខា​សាលា​នេះ​រៀបចំ ឡើង​ដោយ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ​សហ​ប្រតិបត្ដិ​ការ​ជាមួយ​អង្គកា​USAID, UNAIDS និង WHO។

គោល​បំណង​នៃការ​ធ្វើការ​អង្កេត​អត្រា​ប្រេ​វ៉ាឡង់

ចំពោះ​គោល​បំណង​នៃការ​អង្កេត​តាមដាន​អត្រា​អ្នកផ្ទុក​មេរោគ​អេដស៍​នេះ គឺជា​ការប៉ាន់​ប្រមាណ​មួយទៅ​លើ​ក្រុម​ស្ដ្រី​គោលដៅ​ប្រចាំ​ឆ្នាំ២០០៦ និងធ្វើ​ការប៉ាន់​ប្រមាណ​អត្រា​អ្នកឆ្លង​មេរោគ​អេដស៍​ថ្មី ទៅលើ​ក្រុម​មនុស្ស​គោលដៅ​ទាំង​នោះ។ គោល បំណង​មួយទៀត​នោះ គឺការ​ប៉ាន់​ប្រមាណ​អត្រា​ប្រេវ៉ា​ឡង់​មេរោគ​អេដស៍​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ទូទៅ​ប្រមូល​ទិន្នន័យ​ដើម្បី​ធ្វើការ តាមដាន​និន្នាការ​អត្រា​ប្រេវ៉ាឡង់​មេរោគ​អេដស៍ ថែម​ទាំង​ផ្ដល់​ព័ត៌មាន​អត្រា​មេរោគ​អេដស៍​ដើម្បី​ធ្វើជា​គម្រោង​ផែនការ​អន្ដរាគមន៍ និងការ​ខិតខំ​បង្ការ​ថែទាំ​ឱ្យមាន​ប្រសិទ្ធ​ភាព។

លទ្ធផល​នៃការ​អង្កេត​តាមដាន​អ្នក​ផ្ទុក​មេរោគ​អេដស៍

តំបន់​ដែល​បានធ្វើការ​អង្កេត​មាន​២២ខេត្ដ​ក្រុង ដោយ​ធ្វើការ​តាមដាន និង​អង្កេត​ទៅលើ​តែស្ដ្រី​ដែល​មាន​ផ្ទៃពោះ​និង​ស្ដ្រី ដែល​រកស៊ី​ផ្លូវភេទ​តាម​ផ្ទះបន​តែ​ប៉ុណ្ណោះ។ ការ​អង្កេត​ចំពោះ​ស្ដ្រីរក​ស៊ីផ្លូវ​ភេទ​មាន​ចំនួន​តែ១៥០​នាក់​ប៉ុណ្ណោះ​ក្នុងមួយ​ខេត្ដៗ និង​ស្ដ្រី ដែល​មាន​ផ្ទៃពោះ​ចំនួន​៦០០នាក់​ក្នុង​មួយ​ខេត្ដ(៣០០នាក់​មកពី​ទីរួម​ខេត្ដ-ក្រុង​និង៣០០​នាក់ទៀត​មកពី​ជនបទ)។

ជា​លទ្ធផល​អង្គ​សិក្ខា​សាលា​នេះបាន​បង្ហាញ​នូវតារាង​ក្រាហ្វិក​នៃ​អត្រា​មួយ​ចំនួន​ដែលមាន​ការទាក់​ទងទៅ​នឹង​អ្នក​ផ្ទុក​មេរោគ​អេដស៍ ទៅតាម​ក្រុម​មនុស្ស​គោលដៅ​ដែលមាន​ដូច​ខាងក្រោម​នេះ។

  • ក្រុមស្ដ្រី​ដែល​រកស៊ី​ផ្លូវភេទ​នៅ​កម្ពុជា នៅឆ្នាំ​២០០៦​នេះមាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ចំនួន​១៤.៧%​មានការ​ចុះ​ជាង បណ្ដា​ឆ្នាំមុនៗ​ដែល​យើង​បានធ្វើ​ការ​អង្កេត និង​តាមដាន​កន្លង​មក។ ស្ដ្រី​ដែល​រកស៊ី​ផ្លូវភេទ​ភាគ​ច្រើន​មានការ​យល់ដឹង​ច្រើនពី​ការ ឆ្លង​ជម្ងឺ​អេដស៍ និង​ការប្រើ​ប្រាស់​ស្រោម​អនាម័យ។
  • ក្រុមស្ដ្រី​ដែលមាន​ផ្ទៃពោះ​វិញ​នោះ មាន​អត្រា​តែ១.១%​ប៉ុណ្ណោះ​ផ្អែក​ទៅលើ​ទិន្នន័យ​នេះ​យើងអាច​ធ្វើការ​ប៉ាន់​ប្រមាណ ថា អត្រា​មនុស្ស​ពេញវ័យ​ដែលផ្ទុក​មេរោគ​អេដស៍​នៅ​ទូទាំង​ប្រទេស​គឺមាន​០.៩%នៅឆ្នាំ​២០០៦។ តួលេខ​នេះមាន​ន័យថា នៅក្នុង​ចំ​ណោម​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែលមាន​អាយុពី​១៥ទៅ​៤៩ឆ្នាំ​ចំនួន១០០នាក់​មានមួយ​នាក់មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​អត្រា​ប្រេវ៉ាឡង់ នេះបាន​ធ្លាក់ចុះ បើធ្វើ​ការ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ២០០៣ ដែលមាន​អត្រា​ប្រមាណ​១.២%។

អត្រា​អ្នកឆ្លង​មេរោគ​អេដស៍​ថ្មី

គ្រប់ពេល​កន្លងមក​ការ​តាមដាន និង​អង្កេត​អត្រាអ្នក​ផ្ទុក​មេរោគ​អេដស៍​ថ្មី គ្រាន់តែ​ជាការ​ប៉ាន់​ប្រមាណ​ប៉ុណ្ណោះ​មិនមាន​តួ លេខពិត​ប្រាកដ​ទេ ព្រោះការ​តាមដាន​នេះធ្វើ​ឡើងតែ​ចំពោះ​ស្ដ្រី​ដែល​រកស៊ី​ផ្លូវភេទ​និង​ចំពោះ​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​តែប៉ុណ្ណោះ ហើយ មានចំនួន​តែ១៥០​នាក់​ប៉ុណ្ណោះ ទើបធ្វើ​ឱ្យ​លទ្ធផល​ចេញមក​មិនមាន​ការ​ជាក់លាក់។ បើគិត​តាមការ​ប៉ាន់​ប្រមាណ​មើលនោះ ក្នុងមួយ ឆ្នាំៗ​ក្នុង​ចំណោម​មនុស្ស​១០០​នាក់ មានតែ​២នាក់ទេ​ដែលឆ្លង​ជម្ងឺ​អេដស៍។ ចំណែក​ឯស្ដ្រី​ដែលមាន​ផ្ទៃពោះ​វិញនោះ ក្នុង១០០០០នាក់ មានអ្នក​ឆ្លង​មេរោគ​អេដស៍​ចំនួន៧​នាក់​ក្នុង​មួយឆ្នាំៗ។

ការប៉ាន់​ប្រមាណ​ករណី​អ្នកឆ្លង​មេរោគ​អេដស៍​ថ្មី ក្នុងចំណោម​ប្រជា​ពលរដ្ឋ​ទូទៅ ដែលមាន​អាយុ​លើសពី​១៥ឆ្នាំ​គឺក្នុង​ចំណោម​មនុស្ស​១០០០នាក់ មានអ្នក​ឆ្លងមេរោគ​អេដស៍​៣ទៅ​៤នាក់​ក្នុងមួយ​ថ្ងៃ នៅឆ្នាំ២០០៦​កន្លង​ទៅ​នេះ។

សេចក្ដី​សន្និដ្ធាន​ជារួម

អត្រា​ប្រេវ៉ាឡង់​អ្នកផ្ទុក​មេរោគ​អេដស៍​មានការ​ថយចុះ​ក្នុង​ចំណោម​ក្រុម​គោលដៅ​ទាំងពីរ គឺក្រុម​នារី​រកស៊ី​ផ្លូវភេទ​និង​ក្រុមស្ដ្រី​មក​ពិនិត្យ​ផ្ទៃ​ពោះ។ តាមរយៈ​ទិន្នន័យ​បានឱ្យ​ដឹងថា មាននារី​រកស៊ី​ផ្លូវ​ភេទ​ខ្លះ​បាន​ឆ្លង​មេរោគ​អេដស៍​រួច​ហើយ​នៅ​ពេល​ពួកគេ ចាប់​ផ្ដើម​មក​បម្រើ​សេវា​ផ្លូវភេទ។ ប្រេវ៉ាឡង់​មេរោគ​អេដស៍​ក្នុង​ចំណោម​ស្ដ្រីមក​ពិនិត្យ​ផ្ទៃពោះ​នៅទី​ប្រជុំជន​ប្រាកដ​ជាមាន​អត្រា​ខ្ពស់ ជាង​ក្នុងចំណោម​ស្ដ្រីមក​ពិនិត្យ​ផ្ទៃពោះ​នៅ​ជនបទ។

អត្រាឆ្លង​មេរោគ​អេដស៍​ថ្មីមាន​ការ​ថយចុះ​ក្នុងចំណោម​ក្រុម​ទាំងពីរ។ តាមការ​ប៉ាន់ស្មាន​សម្រាប់​ឆ្នាំ២០០៦​អាចឱ្យ​ដឹងថា មានស្ដ្រី​មាន​ផ្ទៃពោះ​៧០នាក់​ក្នុងចំណោម​ស្ដ្រី​មាន​ផ្ទៃពោះ​១០០.០០០នាក់ បានឆ្លង​មេរោគ​អេដស៍​ថ្មី។

អនុ​សាសន៍​បន្ថែម

ទោះបី​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អគួរ​កត់​សម្គាល់​ក៏ដោយ ក្នុងការ​កាត់បន្ថយ​អត្រា​ប្រេវ៉ាឡង់ និង​អាំងស៊ីដង់​របស់​មេរោគ​អេដស៍ ការបង្កើន​សេវា​ធ្វើតេស្ដ​ឈាម​រក​មេរោគ​អេដស៍​ដោយ​ស្ម័គ្រចិត្ដ និង​សម្ងាត់​និងការ​ផ្ដល់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ដល់អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​ត្រូវការ​ក៏ដោយ ក៏យើង​នៅតែ​អាច​ជួបការ​ផ្ទុះឡើង​សាជា​ថ្មី​របស់​មេរោគ​អេដស៍​ដែរ​ប្រសិន​ជា​កម្មវិធី ប្រយុទ្ធ​នឹងជម្ងឺ​អេដស៍​កំពុងតែ​អនុវត្ដ​មិនត្រូវ​បាន​ពង្រឹង និងបាន​ធានាឱ្យ​មាន​និរន្ដរភាព។ ដូចនេះ​ដើម្បី​កាត់បន្ថយ​ឱ្យបាន​ជា​អតិបរមា នូវ​អត្រា​ឆ្លង​របស់​មេរោគ​អេដស៍ រាជ​រដ្ឋា​ភិបាល​កម្ពុជា​នឹង​បន្ដការ​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​និង​ការពារ​ការរាត​ត្បាត​របស់​មេរោគ អេដស៍ និង​ធានា​នូវការ​បង្ការ និងការ​ថែទាំ​ព្យាបាល​សម្រាប់​អ្នកជម្ងឺ​ដែល​ត្រូវការ។ បន្ថែម​ពីនេះ​ទៅទៀត​នោះ ការគាំទ្រ​ពីដៃគូ​ជាតិ និង​អន្ដរជាតិ​នៅតែ​មាន​សារៈ​សំខាន់​ក្នុងការ​បន្ដ​និង​ជំរុញ​ការ​ឆ្លើយ​តបទៅ​នឹងការ​រីក​រាលដាល​របស់​មេរោគ​អេដស៍-ជម្ងឺអេដស៍​នៅ កម្ពុជា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

Categories: , , , ,