កាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០១២ សាលារាជធានី ភ្នំពេញ បានចេញសេចក្តីប្រកាសជូនដំណឹងដល់សម្តេច ទ្រង់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យបានជ្រាបអំពីព័ត៌មានទាក់ទងទៅនឹងការបិទផ្លវមួយចំនួននៅទីក្រុងភ្នំពេញ ដោយសារគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នឹងរៀបចំកម្មវិធីរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២ ចាប់ពីម៉ោង៦:០០ដើម្បីអបអរសាទរថ្ងៃកំណើតកីឡាអូឡាំពិកលើកទី១១៨ និងព្រះរាជពិធីបុណ្យចំរើន ព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
សេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីឲ្យពិធីនេះ ប្រព្រឹត្តទៅទទួលបានជោគជ័យ សុំឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចូលរួមនិងយោគយល់អធ្យាស្រ័យ ចំពោះការធ្វើចរាចរតាមដងមហាវិថីព្រះសុធារស មហាវិថីព្រះនរោត្តម មហាវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ និងត្រឡប់មកបញ្ចប់នៅមុខព្រះបរមរាជវាំង ដោយមានការបិទផ្លូវរយៈពេលខ្លី សម្រាប់កីឡាកររត់ប្រណាំងឆ្លងកាត់។ សាលារាជធានីភ្នំពេញ បានសម្តែងសេចក្តីសង្ឃឹម និងជឿជាក់ថា សម្តេច ទ្រង់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រ និងយោគយល់អធ្យាស្រ័យជាពុំខាន។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២
Leave a Reply