ស្នាមញញឹមដ៏ស្រស់ស្អាត មួយចំណែកធំក៏បានមកពីសម្រស់នៃធ្មេញផងដែរ។ ការដាំត្បូងនៅលើធ្មេញ គឺជាម៉ូតទាន់ សម័យថ្មីមួយ ដែលជាជម្រើសរបស់យុវវ័យសម័យថ្មីពេញនិយម ដើម្បីបង្កើននូវភាពស្រស់ស្អាតនៃស្នាមញញឹមរបស់ពួកគេ។ ប៉ុន្ដែ មិនមែនមានន័យថា ការដាំត្បូងនៅលើធ្មេញសុទ្ធតែអាចជួយបង្កើននូវភាពស្រស់ស្អាតនៃស្នាមញញឹមទាំងអស់នោះទេ វាក៏អាស្រ័យ ទៅលើបច្ចេកទេស និងភាពប៉ិនប្រសព្វរបស់អ្នកជំនាញផងដែរ។ ដើម្បីជ្រាបថា បច្ចេកទេសនៃការដាំត្បូងលើធ្មេញនេះ ប្រព្រឹត្ដយ៉ាង ណានោះ សូមប្រិយមិត្ដអ្នកអានទាំងអស់ធ្វើការតាមដានស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង។
សម្រាប់ប្រធានបទមួយនេះ ទស្សនាវដ្ដី សុខភាពយើង បានអញ្ជើញការចូលរួមពីសំណាក់លោកទន្ដបណ្ឌិត យូ លាងគ័ង ដែលជាអ្នកឯកទេសផ្នែកសុខភាពមាត់ធ្មេញ នៅគ្លីនិកធ្មេញម៉ាយធីស។
ដើមហេតុនៃការដាំត្បូងលើធ្មេញ
ជាការពិតណាស់ អ្នកណាក៏ចង់ឱ្យមានការចាប់អារម្មណ៍ពីអ្នកដទៃមកលើរូបខ្លួនដែរ ជាពិសេសយុវវ័យ។ កាលពីមុនការត ធ្មេញ ការពត់ធ្មេញ និងការដាំត្បូងលើធ្មេញ គេពុំដែលឃើញមានទេនៅក្នុងសង្គម ជាពិសេសសង្គមខ្មែរ។ ប៉ុន្ដែឈានចូលមកដល់ សម័យថ្មី ដែលជាសម័យមានការរីកចម្រើនជឿនលឿន ការតុបតែងច្នៃម៉ូតប្លែកៗ ដើម្បីជួយលើកកម្ពស់សម្រស់ត្រូវបានគេធ្វើជា បន្ដបន្ទាប់។ មូលហេតុនៃការដាំត្បូងនៅលើធ្មេញ មានតែមួយគត់គឺ បង្កើននូវភាពស្រស់ស្អាតនៃស្នាមញញឹម។
វិធីសាស្ដ្រនៃការដាំត្បូងលើធ្មេញ
ចំពោះវិធីសាស្ដ្រនៅក្នុងការដាំត្បូងនៅលើធ្មេញនេះ អ្នកជំនាញបានបែងចែកចេញជាពីរប្រភេទ គឺការដាំបន្ដុបស្កាយ៍នៅលើ ធ្មេញ និងការដាំគ្រាប់ត្បូងគ្រីស្ដាល់ ឬពេជ្រលើធ្មេញ។
1. ការដាំបន្ដុបស្កាយ៍នៅលើធ្មេញ
ស្កាយ៍ជាវត្ថុម្យ៉ាង ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងគ្រាប់ត្បូងគ្រីស្ដាល់ ឬត្បូងពេជ្រដែរ ទាស់ត្រង់ថា វាពុំសូវមាន ចេញពន្លឺភ្លឺដូចជាគ្រីស្ដាល់ ឬពេជ្រតែប៉ុណ្ណោះ។ ក្នុងការដាំបន្ដុបស្កាយ៍នៅលើធ្មេញ អ្នកជំនាញមិនចាំបាច់ធ្វើការចោះ ឬខួងធ្មេញ នោះទេ ដោយដំបូងគ្រាន់តែធ្វើការលាងសម្អាតធ្មេញដែលអតិថិជនចង់ដាក់ រួចធ្វើការបាញ់ពន្លឺកាំរស្មីដើម្បីបិតបន្ដុបភ្ជាប់គ្រាប់ ស្កាយ៍នៅលើធ្មេញជាការស្រេច។ វិធីសាស្ដ្រនេះមិនមានផ្ដល់ផលលំបាក ឬប៉ះពាល់អ្វីនៅថ្ងៃក្រោយនោះឡើយ។
2. ការដាំគ្រាប់ត្បូងគ្រីស្ដាល់ ឬពេជ្រលើធ្មេញ
ការដាំត្បូងគ្រីស្ដាល់ ឬពេជ្រនៅលើធ្មេញ ដំបូងអ្នកជំនាញធ្វើការសម្អាតនៅលើធ្មេញដែលចង់ដាំដូចគ្នាទៅនឹងការដាំបន្ដុប ស្កាយ៍ដែរ។ ប៉ុន្ដែការដាំនេះចាំបាច់ត្រូវតែតម្រូវឱ្យអ្នកជំនាញធ្វើការចោះ ឬខួងធ្មេញដើម្បីធ្វើការដាំជាដាច់ខាត។ បន្ទាប់ពីធ្វើការចោះ ឱ្យមានប្រហោងរួច និងលាងសម្អាតកម្ទេចកម្ទីនៅក្នុងប្រហោងឱ្យស្អាត ទើបធ្វើការបាញ់ពន្លឺកាំរស្មីដើម្បីធ្វើការភ្ជាប់គ្រាប់ត្បូង គ្រីស្ដាល់ ឬពេជ្រជាមួយធ្មេញ។ ថេរវេលានៅក្នុងបច្ចេកទេសនៃការដាំនេះ អាចចំណាយត្រឹម១០-១៥នាទីប៉ុណ្ណោះ។ ចំពោះគុណភាព បានយូរ ឬឆាប់នោះ គឺវាអាស្រ័យទៅលើបច្ចេកទេសរបស់អ្នកជំនាញនីមួយៗ។ ជាទូទៅ គេសង្កេតឃើញថាវាអាចមានប្រសិទ្ធភាព បានចាប់ពីមួយឆ្នាំទៅពីរឆ្នាំ។
ចំពោះវិធីសាស្ដ្រនៃការថែរក្សាវិញ ក៏មិនមានអ្វីដែលពិបាកនោះដែរ ដោយគ្រាន់តែធ្វើការសម្អាតដូចធម្មតា មួយថ្ងៃ៣ដង យ៉ាងតិច ឬក្រោយពីបរិភោគអាហាររួចគ្រប់ពេល។
ផលវិបាកនៃការដាំត្បូងលើធ្មេញ
ការដាំបន្ដុប ឬចោះធ្មេញដាំត្បូង អាចជួយបង្កើននូវសម្រស់នៃស្នាមញញឹមបានមួយកម្រិតពិតមែន ប៉ុន្ដែវាក៏អាចមានផល លំបាកទៅថ្ងៃក្រោយផងដែរ។ ក្រោយពេលដែលជាតិថ្នាំ ឬកាវដែលបិតត្បូងនៅលើធ្មេញអស់ប្រសិទ្ធភាព វានឹងមានការជ្រុះរបូតបាន យ៉ាងងាយស្រួល។ លើសពីនេះទៅទៀត នៅពេលដែលធ្វើការប្ដូរចិត្ដបញ្ឈប់ការដាំ ឬដកយកត្បូងចេញ នោះវានឹងបន្សល់ទុកនូវស្នាម ប្រហោងធ្មេញដែលអាចធ្វើឱ្យមានការបាត់បង់នូវសម្រស់ធ្មេញ រហូតធ្វើឱ្យមានអាការស្រៀវធ្មេញ ដែលតម្រូវឱ្យមានការប៉ះ ឬបិទភ្ជិតប្រហោងធ្មេញទាំងនោះវិញ។
ដំបូន្មានអ្នកឯកទេស
បញ្ហាសុខភាពមាត់ធ្មេញ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្សគ្រប់រូប។ ដូច្នេះគួរយកចិត្ដទុកដាក់ និងថែរក្សាឱ្យ បានល្អ គួរមានការសម្អាតធ្មេញយ៉ាងតិចឱ្យបាន៣ដងក្នុងមួយថ្ងៃ ឬរៀងរាល់ក្រោយពីការបរិភោគចំណីអាហារគ្រប់ប្រភេទគ្រប់ពេល បើអាចធ្វើទៅបាន។ ចៀសវាងការបរិភោគអាហារដែលមានជាតិផ្អែមខ្លាំង ដែលអាចធ្វើឱ្យធ្មេញពុកបាន។ បើសុខភាពមាត់ធ្មេញល្អ ការទំនាក់ទំនងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃកាន់តែមានភាពស្និទ្ធស្នាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply