វិធី​ថែរ​ក្សាស្បែក​ដោយ​ផ្លែ​ឈើ

ស្បែកជា​កត្ដា​មួយ​សំខាន់​សម្រាប់​មនុស្ស​គ្រប់ៗ​រូប និងជា​ភាព​ទាក់​ទាញ​មួយ​ចំពោះ​មនុស្ស​ទូទៅ។ ជា​ពិសេស​ជាងនេះ​ទៅ ទៀត វាអាច​ជួយ​បង្កើន​សម្រស់​មួយ​ភាគធំ​ដល់​មិត្ដស្ដ្រី​ទាំងឡាយ​ថែម​ទៀត​ផង។ នៅ​ប្រទេស​កម្ពុជា​សម្បូរ​ទៅដោយ​រុក្ខជាតិ និង ផ្លែឈើជា​ច្រើន​មុខដែល​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​ស្បែក ដែល​មិនចាំ​បាច់ឱ្យ​លោកអ្នក​ចំណាយ​ថវិកា​អស់​ច្រើន​ទៅលើ គ្រឿង​សម្អាង ដែល​មាន​តម្លៃ​ថ្លៃ និងនាំ​ចូលពី​ប្រទេស​ក្រៅ​នោះ​ទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្ស​នាវដ្ដី សុខភាព​យើង ពេលនេះ​បានធ្វើ​ការ​សម្ភាសន៍​ជាមួយ​លោកស្រី សោភា ជាម្ចាស់​ហាង​ម៉ាលីន​ណា ដែល​លោកស្រី បានផ្ដល់​ការ​សម្ភាសន៍​យ៉ាង​ក្បោះក្បាយ ដើម្បី​ជា​ប្រយោជន៍​ទៅ​ដល់​មិត្ដ​អ្នកអាន ដែល​ចង់បាន​សម្ផស្ស​ស្រស់​ស្អាត។

វិ​ធីថែ​រក្សា​ស្បែក

ការ​មើល​ថែរក្សា​ស្បែកជា​រឿង​មួយ​ដែល​លោកអ្នក​គួរយកចិត្ដ​ទុកដាក់​ជាទី​បំផុត ជា​ពិសេស​គឺការ​រក្សា​នូវ​សម្រស់​ស្បែក​មុខ និង​ស្បែក​ដងខ្លួន​គ្រប់ទីក​ន្លែង។ តើ​លោកអ្នក​មានដឹង​ទេថា កាលណា​ស្បែកមាន​សុខភាព​ល្អ អាច​សបញ្ជាក់​អំពី​សុខភាព​ខ្លួន​ប្រាណ ទាំងមូល​បាន។ ដូច្នេះ​ដើម្បី​ឱ្យស្បែក​លោកអ្នក​ក្លាយ​ទៅជា​មាន​ពន្លឺ​ឡើង​វិញ មិត្ដអ្នក​អាន​ទាំងអស់​គួរតែ​ប្រតិបត្ដិ​វិធី​ខ្លះៗ ដែល​បាន រៀបរាប់​ដូចខាង​ក្រោម​នេះ ៖

1. វិធី​ទី១ ៖ ចំពោះ​ស្បែក​ដែលមាន​ជាតិ​ប្រេង​ច្រើន និង​ជាតិ​ខ្លាញ់​ច្រើន គួរ​ជ្រើស​រើស​យក​អំពិល​ទុំ​ជាមួយ​ទឹកដោះគោ ឆៅ ពីព្រោះ​អំពិល​ទុំក៏​ជា​ឱសថ​មួយ​អាចធ្វើ​ឱ្យស្បែក​សទន់​រលោង និង​កម្ចាត់​ស្នាម​អុជ​ខ្មៅផ្សេងៗ​ដែលមាន​លើស្បែក​បាន គ្រាន់តែ លោកអ្នក​អនុវត្ដ​វាមួយ​សប្ដាហ៍​ម្ដង នោះ​ស្បែក​លោកអ្នក​នឹង​ប្រែពណ៌​ទៅជា​សស្រស់​ស្អាត​ជាក់ជា​មិនខាន​ឡើយ។ ដំបូង​លោក​អ្នក ត្រូវងូត​ទឹក​សម្អាត​ខ្លួន​ប្រាណ​ឱ្យបាន​ស្អាតជា​មុនសិន ទើប​យក​អំពិល​ទុំ​លាយ​ជាមួយ​ទឹកដោះ​គោឆៅ​ច្របាច់​វាឱ្យ​សព្វ​ចូលគ្នា។ បន្ទាប់ មក​ទៀត លោកអ្នក​យកវា​មក​លាប​ពេញ​ខ្លួន​ប្រាណ លើកលែង​តែចុង​សុដន់ ទុក​ប្រមាណ​ជា១០​នាទី ទើប​លាង​ជម្រះនឹង​ទឹក​ធម្មតា ចេញ​វិញ​ជាការ​ស្រេច។ បើលោក​អ្នក​ដែល​មានស្បែក​ស្ងួត ចៀសវាង​កុំប្រើ​វិធី​នេះអី ព្រោះវា​អាចធ្វើ​ឱ្យស្បែក​អ្នកកាន់​តែស្ងួតជាងមុន ទៅ​ទៀត។

2. វិធី​ទី២ ៖ មាន​វិធី​មួយទៀត​ផងដែរ ចំពោះ​ស្បែក​មុខ​គ្រប់​ប្រភេទ ដែលចង់​បំបាត់​ស្នាម និងធ្វើ​ឱ្យផ្ទៃ​មុខស លោកអ្នក អាចយក​សណ្ដែក​បាយ​ស្ងោ​រលាយ​នឹង​ប៉េង​ប៉ោះ និង​ទឹកឃ្មុំ។ គុណ​សម្បត្ដិ​របស់​សណ្ដែក​បាយ ប៉េង​ប៉ោះ និងទឹក​ឃ្មុំ​ទទួល​លទ្ធផល​ឆាប់ រហ័ស​ទាន់​ចិត្ដ ជារូប​មន្ដ​ស្បែក​រលោង​ស្អាត(ប្រើ​ចំពោះ​ស្បែក​មុខ) ជា​ពិសេស​ជួយ​សម្អាត​ស្បែក​ដែលមាន​ស្នាម​ជ្រីវ​ជ្រួញ ជាំអុជខ្មៅ​ និងមាន​កើត​មុនខ្សាច់​ច្រើន ព្រមទាំង​ស្បែកមុខ​ខ្មៅ​ស្រអាប់​ស្រគាំ មិន-សជា​ដើម។ លោកអ្នក​គ្រាន់តែ​យក​សណ្ដែក​បាយ១​ស្លាប​ព្រា បាយ​ស្ងោរ​ឱ្យឆ្អិន​ល្មម កិនឱ្យ​ម៉ដ្ឋ ប៉េងប៉ោះ​ទុំមួយ​ផ្លែកិន​ឱ្យម៉ដ្ឋ និងទឹក​ឃ្មុំ១​ស្លាប​ព្រា​កាហ្វេ។ បន្ទាប់​មក​ទៀត​លាយ​សណ្ដែក​បាយ ជាមួយ​ប៉េងប៉ោះ និងទឹក​ឃ្មុំ​បញ្ចូល​គ្នា។ ប្រើទឹក​ក្ដៅ​ឧណ្ហៗ​លុបលាង​មុខឱ្យ​បាន​ស្អាត ហើយ​ជូតមុខ​ឱ្យស្ងួត​និងរៀប​ចំសក់ឱ្យ​បាន​ត្រឹម ត្រូវ កុំឱ្យ​ធ្លាក់មក​លើផ្ទៃ​មុខ។ សូម​យកវា​មក​បំពោក​ឱ្យ​ពេញ​ផ្ទៃមុខ លើកលែង​តែ​បរិវេណ​ភ្នែក និង​បបូរ​មាត់។ ទុករយៈ​ពេល ប្រមាណ​ជា២០​នាទី​ទើប​លាងមុខ​ចេញ​ដោយ​ទឹកស្អាត ធ្វើ​របៀប​នេះឱ្យ​បាន៥​ថ្ងៃម្ដង។

3. វិធី​ទី៣ ៖ ស្បែក​របស់​លោក​អ្នកនឹង​ស្រស់​ស្អាត​ភ្លឺថ្លា​ដោយ​ធម្មជាតិ អាច​ប្រើបាន​ចំពោះ​ស្បែក​ស្ងួត ដែល​ចង់​បាន សំណើម​ពី​ធម្មជាតិ។ គួរតែ​យកផ្លែ​ម្នាស់ និងទឹក​ដោះ​គោឆៅ​(ចំពោះ​ស្បែក​ខ្លួន) ដោយ​យកផ្លែ​ម្នាស់​មួយ​ចម្រៀក​មកចិត​ជាចំណិត ច្របាច់ជាមួយ​ទឹកដោះ​គោឆៅ​ឱ្យល្មម ហើយ​យកមក​លាប​ពេញ​ខ្លួន លើកលែង​តែចុង​សុដន់ ទុក​ប្រមាណ​ជា១០-១៥នាទី ទើប​លាង​ចេញ​ដោយ​ទឹក​ស្អាត។ ធ្វើ​យ៉ាង​នេះឱ្យ​បាន​មួយ​សប្ដាហ៍​ម្ដង នោះ​លោកអ្នក​អាច​ទទួល​បាននូវ​សោភ័ណ​ភាព​ស្រស់​ស្អាត​នៃ ស្បែក​ជាក់​ជាមិនខាន​ឡើយ។ វិធី​នេះអាច​អនុវត្ដ​២ដង​ក្នុង​មួយ​សប្ដាហ៍ និងប្រើ​បាន​គ្រប់​ស្ថានភាព​ស្បែក​ទៀត​ផង។

4. វិធី​ទី៤ ៖ មួយ​វិញទៀត​ចំពោះ​គ្រប់​ប្រភេទ​ស្បែក អាច​ប្រើជា​ក្រូច​ពោធិ៍​សាត់ និងទឹក​ដោះគោ​ឆៅ ដោយ​យកក្រូច ពោធិ៍សាត់​ចិត​សម្បក​ចេញឱ្យ​ស្អាត ហើយ​ពុះ​ទទឹង​ជាពីរ​ជ្រលក់​ជាមួយ​ទឹកដោះ​គោឆៅ​លាប​ពេញខ្លួន ទុក​ប្រមាណ​ជា១​៥នាទី​ទើប លាង​ខ្លួន​ចេញ។ លោកអ្នក​នឹង​ទទួល​បាននូវ​ស្បែក​ទន់​រលោង គ្មាន​ស្នាមអុជ​ខ្មៅ និងក្មេង​ជាង​វ័យទៀត​ផង។

រូបភាពទស្សនាវដ្តីសុខភាពយើង

5. វិធី​ទី៥ ៖ ចំពោះ​ផ្ទៃមុខ​ស្ងួត លោកអ្នក​អាចយក​ផ្លែ​ត្រសក់ ព្រោះថា​ត្រសក់​ជាផ្លែ​ឈើមួយ​ដែលផ្ដល់​សំណើម​ដល់ស្បែក ហើយវា​ក៏មាន​គុណ​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​ស្បែក​មុខ។ ចំណែក​ឯការ​ធ្វើវិញ​នោះ វាងាយ​ណាស់ គឺគ្រាន់​តែយក​ផ្លែត្រសក់ ចំនួន​មួយ​ផ្លែដាក់​ក្នុង​ទូ​ទឹកកក​ឱ្យ​ត្រជាក់ ហើយ​ចិតជា​ចំណិតៗ​យកមក​បិទមុខ​ទុក​ប្រមាណ​ជា១៥​នាទី ទើបយក​វាចេញ ហើយ​លាង មុខ​ចេញនឹង​ទឹកក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច។

6. វិធី​ទី៦ ៖ លោកអ្នក​អាចធ្វើ​វិធី​មួយទៀត​បាន​ដោយ​អនុវត្ដ​ឱ្យបាន​២ទៅ​៣ដង​ក្នុងមួយ​សប្ដាហ៍។ វិធី​នេះអាច​ប្រើបាន គ្រប់​ប្រភេទ​ស្បែក​ទាំង​អស់។ ចេកណាំ​វ៉ាទុំ​(ផ្ទៃមុខ និងរាង​​កាយ) ចេក​ណាំវ៉ា​ទុំមាន​គុណ​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់​សម្រាប់ មនុស្ស​ទូទៅ មិនថា​ជាមនុស្ស​ធំ ឬ​ចំពោះ​ក្មេង​ទេ។ ម្យ៉ាង​វិញ​ទៀត វាថែម​ទាំងធ្វើ​ឱ្យ​សម្រស់​ស្បែកមាន​ភាពទន់​រលោង​បានទៀតផង។ ចេក​ទុំជា​ផ្លែ​ឈើ​ដែល​ងាយ​រក​ណាស់​នៅ​មូលដ្ឋាន​ដែលអ្នក​រស់នៅ។ ចំណែក​វិធី​ធ្វើ​វិញ​នោះ ក៏មិន​មានអ្វី​ពិបាក​ដែរ គឺ​គ្រាន់​តែយក ចេកណាំ​វ៉ាទុំ​២ទៅ​៣ផ្លែ​បក​សម្បក​ចេញ យកមក​ច្របាច់​ឱ្យម៉ដ្ឋ​(កុំឱ្យ​ម៉ដ្ឋពេក​) ហើយ​យកមក​លាប​លើ​ខ្លួន ឬអាច​បិទលើ​ផ្ទៃមុខ ក៏​បាន ទុក​ប្រហែល​ជា១៥​នាទី លាងនឹង​ទឹកក្ដៅ​ឧណ្ហៗ​ចេញ​ជាការ​ស្រេច។ ម្យ៉ាង​ទៀត​លោកអ្នក​អាច​ច្របាច់​លាយ​ជាមួយ​នឹង ទឹកដោះ​គោឆៅ​ក៏បាន​ផងដែរ។

7. វិធី​ទី៧ ៖ ចង់ឱ្យ​ស្បែក​មានភាព​ស្រស់​ស្អាត អាច​អនុវត្ដ​ចំពោះ​ស្បែក​គ្រប់​ប្រភេទ ដោយ​គ្រាន់តែ​យកផ្លែ​ល្ហុង​ទុំកិនឱ្យ ម៉ដ្ឋ១​ស្លាប​ព្រាបាយ​លាយ​ជាមួយ​ទឹកឃ្មុំ​កន្លះ​ស្លាប​ព្រា​កាហ្វេ ច្របល់​ចូលគ្នា​ឱ្យសព្វ ហើយ​លាប​បំពោក​លើស្បែក​មុខ ទុក​ចោល ប្រមាណ​ជា២០​នាទី សឹម​លាងមុខ​ចេញជា​មួយនឹង​ទឹកស្អាត។ រូបមន្ដ​នេះអាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ចាស់ឱ្យ​ជ្រុះ​ចេញ​បំបាត់​ភាព ក្រិន​របស់​ស្បែក ធ្វើឱ្យ​ស្បែក​មុខ​ភ្លឺថ្លា រលោង​ស្រស់​ស្អាត​គួរឱ្យបេ​តី។

ដំ​បូន្មាន​អ្នក​ជំនាញ

លោកអ្នក​ដែលមាន​សម្រស់​ស្បែក​មិនសូវ​ស្អាត ស្រអាប់ ខ្មៅ ជាំជា​ដើម គួរតែ​ឧស្សាហ៍​អនុវត្ដ​វិធី​ខាងលើ​នេះ ដើម្បី​ធ្វើឱ្យ ស្បែក​លោកអ្នក​ប្រែក្លាយ​គួរជា​ទីគយ​គន់ឡើង​វិញ។ ម្យ៉ាង​វិញ​ទៀត វិធី​ទាំងនេះ​ជាវិធី​ងាយៗ​ដែល​លោកអ្នក​អាចធ្វើ​បាន ជា​វិធីបែប ធម្មជាតិ ដែលវា​មិនសូវ​ជាមាន​ផល​ប៉ះពាល់​ទៅលើ​ស្បែកខ្លាំង​ដូចជា​ការ​ប្រើ​ប្រាស់​ឡេ​លាយ និងឡេ​ដែល​មាន​សារ​ជាតិ​គីមី​ច្រើននោះ ទេ។ ម្យ៉ាង​វិញទៀត​វិធី​ទាំងអស់​ខាងលើ​នេះមិន​សូវ​ចំណាយ​អស់​ថវិកា​ច្រើន​ក្នុងការ​ធ្វើទេ ថែមទាំង​ទទួល​បាននូវ​គុណ​ប្រយោជន៍​ខ្ពស់ទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Categories:

Leave a Reply

Your email address will not be published. Required fields are marked *