មាតាបិតាជាអ្នកមានតួនាទីយ៉ាងសំខាន់ក្នុងការថែទាំធ្មេញរបស់កូនឱ្យស្អាត និងមានសុខភាពល្អ។ លោកអ្នកអាចជួយ ពួកគេឱ្យចៀសផុតពីការពុកផុយនៃធ្មេញ ដោយចាប់ផ្ដើមពីខ្លួនលោកអ្នកដោយផ្ទាល់ ដោយការសម្អាតធ្មេញឱ្យបានស្អាតជារៀងរាល់ ថ្ងៃ និងការទម្លាប់ញ៉ាំអាហារដែលល្អសម្រាប់សុខភាពធ្មេញ។សូមស្វែងយល់ពីការលូតលាស់នៃធ្មេញ និងវិធីថែរក្សាធ្មេញដំបូងរបស់កូនលោកអ្នក តាមរយៈការណែនាំរបស់លោកទន្ដ បណ្ឌិត ឃុត មី នាយកគ្លីនិកធ្មេញអន្ដរជាតិ ជាមួយទស្សនាវដ្ដី សុខភាពយើង។
ការវិវត្ដន៍របស់ធ្មេញទឹកដោះ ឬធ្មេញព្រៃ
ធ្មេញទឹកដោះ ឬធ្មេញព្រៃនោះ គឺចាប់ផ្ដើមដុះនៅពេលដែលក្មេងមានអាយុចាប់ពី៦ខែរហូតដល់២៥ខែ ឬ៣៣ខែ។ ធ្មេញ ដុះដំបូងមានម្ភៃ គឺដុះនៅជួរលើ១០ និងជួរក្រោម១០ ហើយជាទូទៅក្មេងចាប់ដុះធ្មេញក្រោមមុខមុនគេ។
ប្រសិនបើកូនរបស់លោកអ្នកកំពុងដុះធ្មេញទឹកដោះ ហើយមើលទៅគេទំនងជាឈឺចាប់នោះ លោកអ្នកអាចជួយសម្រាល ការឈឺចាប់របស់ពួកគេបានដោយគ្រាន់តែអនុវត្ដវិធីមួយចំនួន។
- សូមដុសអញ្ចាញធ្មេញរបស់គេដោយប្រើម្រាមដៃដែលស្អាត ហើយមានអនាម័យ
- សូមដុសអញ្ចាញធ្មេញដោយប្រើខ្នងស្លាបព្រាដែលតូច ហើយត្រជាក់
- សូមយកក្រណាត់ទន់ៗសស្អាត ឬសំឡីជ្រលក់ទឹកដែលមិនត្រជាក់ពេកដោយយកទៅដុសលើអញ្ចាញ និងក្រអូមធ្មេញ ក្មេង ឬអាចយកផ្លែប៉ោមដែលត្រជាក់ចិតជាចំណិតឱ្យគេញ៉ាំ
- ប្រសិនបើកូនរបស់លោកអ្នកមើលទៅនៅតែមិនទាន់បាត់ឈឺចាប់ទៀតនោះ លោកអ្នកអាចទៅពិគ្រោះយោបល់ជាមួយ ទន្ដបណ្ឌិត ដើម្បីទទួលថ្នាំបំបាត់ការឈឺចាប់។
ប្រការគួរចៀសវាង ដើម្បីថែរក្សាធ្មេញកុមារ
ចំណុចទាំងអស់ខាងក្រោមនេះ ជាចំណុចដែលលោកអ្នកជាមាតាបិតាមិនគួរគប្បីធ្វើ ៖
- សូមកុំប្រើប្រភេទថ្នាំបំបាត់ការឈឺចាប់ ដោយលាបនៅលើអញ្ចាញធ្មេញកូនរបស់លោកអ្នកឱ្យសោះ ព្រោះវាអាចផ្ដល់ ផលវិបាក ដោយសារតែពេលដែលកូនរបស់លោកអ្នកលេបទឹកមាត់នោះ គេអាចនឹងលេបថ្នាំនោះចូលទៅដែរ។
- សូមកុំឱ្យកូនរបស់លោកអ្នកញ៉ាំអាហារដែលមានជាតិស្ករច្រើន ដូចជានំស្រួយៗ ស្ករគ្រាប់ ឬនំដែលមានជាតិស្អិត មុនពេលចូលគេង ព្រោះវាអាចស្ថិតនៅជាប់នឹងធ្មេញរបស់កូនលោកអ្នក ដែលជាហេតុធ្វើឱ្យធ្មេញកូនរបស់លោកអ្នកខូចបាន។
ដំបូន្មានអ្នកជំនាញ
សូមកុំព្រងើយកន្ដើយឱ្យសោះ នៅពេលដែលកូនរបស់អ្នកមានជម្ងឺគ្រុន។ ការដុះធ្មេញដំបូងមិនមែនសុទ្ធតែធ្វើឱ្យក្មេងឈឺ ឬគ្រុននោះទេ។ ដូច្នេះប្រសិនបើកូនលោកអ្នកមានអាការគ្រុនក្ដៅបែបនេះ សូមនាំគេទៅជួបវេជ្ជបណ្ឌិតដើម្បីធ្វើការពិនិត្យជាបន្ទាន់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩