ខ្ញុំកើត​ផ្សិត​អណ្ដាត

កាលពី​លេខមុន​តាមរយៈ​ទស្សនា​វដ្ដី សុខភាព​យើង ប្រិយមិត្ដ​ធ្លាប់បាន​ជ្រាបរួច​មកហើយ​អំពី​ជម្ងឺ​​ផ្សិត​​អណ្ដា​ត​(ជ្រាំង​អណ្ដាត)​​ដែល​តែង​តែកើត​មាន​ចំពោះ​កុមារ។ សម្រាប់​ការចេញ​ផ្សាយលេខ​នេះ យើងសូម​លើកយក​ជម្ងឺផ្សិត​អណ្ដាត​ដែលកើត​មាន ចំពោះ​មនុស្ស​ពេញ​វ័យ និងចាស់​ជរាមក​ជម្រាប​ជូនវិញ​ម្ដង។ ចង់ដឹង​ទេថា តើ​ជម្ងឺនេះ អាចផ្ដល់​ផលប៉ះ​ពាល់​អ្វីខ្លះ? បើចង់​ជ្រាប​ច្បាស់ សូមធ្វើការ​តាម​ដាន និង​ស្វែងយល់​ជាមួយ​ទស្ស​នាវដ្ដី សុខភាព​យើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជម្ងឺ​ផ្សិត​អណ្ដាត ជា​អ្វី?

តាម​ប្រសាសន៍​របស់​លោក​វេជ្ជ​បណ្ឌិត ថៃ គា អ្នក​ជំនាញ​ផ្នែក​ជម្ងឺសើ​ស្បែក និងកាម​រោគបាន​ឱ្យដឹង​ថា ជម្ងឺ​ផ្សិត​អណ្ដាត ជាទូទៅ​ត្រូវបាន​គេនិយម​ហៅថា​ជាជម្ងឺ​ជ្រាំង​អណ្ដាត ឬ​អណ្ដាត​កើត​ជ្រាំង។ ជម្ងឺមួយ​ប្រភេទ​នេះបង្ក​ឡើង​ដោយ​មេរោគ​ផ្សិត​ដែល មាន​ឈ្មោះថា កង់ឌីដា អាល់ប៊ី​កង ដែល​អាចកើត​មាន​ចំពោះ​មនុស្ស​គ្រប់វ័យ។ វាជា​ជម្ងឺ​ដែល​ឆ្លៀត​ឱកាស​និយម​កើតមាន​នៅពេល ដែលការ​រស់នៅ​ប្រចាំថ្ងៃ​មិនមាន​អនាម័យ​ល្អ ហើយវា​បន្សាំ​ខ្លួននៅ​ជាមួយ​ជម្ងឺដទៃទៀ​តដែល​ជាជម្ងឺ​រ៉ាំរ៉ៃ ធ្វើឱ្យ​ប្រព័ន្ធភាព​ស៊ាំនៃ​រាង កាយ​ថយ​ចុះ។

រោគ​សញ្ញា​ជម្ងឺផ្សិត​អណ្ដាត

គេអាច​ជ្រាបច្បាស់​ថាកើត​មានជម្ងឺ​ផ្សិត​អណ្ដាត​ទៅបាន គឺ​អាស្រ័យ​ទៅលើ​រោគ​សញ្ញា​មួយ​ចំនួន​ដែល​ស្ដែង​ចេញ​ចំពោះ​អ្នក ជម្ងឺ​ដោយ​ផ្ទាល់។

  • នៅ​ដំណាក់​កាល​ដំបូង ៖ ពេល​កម្រិត​ជម្ងឺ​នៅ​ស្រួច​ស្រាល គេឃើញ​មាន​ផ្ទាំង​ពណ៌-សៗ(ផ្សិត​ពណ៌ស​)នៅលើ​អណ្ដាត នៅ ជញ្ជាំង​ខាងក្នុង​នៃថ្ពាល់​លើ​បបូរមាត់​ខាងក្នុង និងនៅ​ច្រវែប​មាត់ទាំង​សងខាង។ លើសពី​នោះនៅ​លើអណ្ដាត​អ្នកជម្ងឺ​ឃើញមាន​ស្នាម កន្ទួល​ក្រហមៗស្រដៀង​គ្នាទៅ​នឹងស្នាម​រលាក ដែលអាច​ធ្វើឱ្យ​អ្នកជម្ងឺ​ឈឺ​ក្រហាយ ឬផ្សា​នៅក្នុង​មាត់ ពិបាក​នៅក្នុង​ការនិយាយ​ស្ដី ជាពិសេស​មានអា​រម្មណ៍​ថាឈឺ​ខ្លាំងនៅ​ពេល​ទទួល​ទាន​អាហារ។
  • ដំណាក់​កាលរ៉ាំ​រ៉ៃ ៖ នៅពេល​ដែលជម្ងឺ​ឈានចូល​ដល់​ដំណាក់​កាលធ្ងន់​ធ្ងរ ក្រៅពី​មានរោគ​សញ្ញា​មួយ​ចំនួន​ដែល​យើង​អាច មើល​ឃើញដោយ​ផ្ទាល់ភ្នែក​នៅក្នុង​មាត់ និងលើ​អណ្ដាត​នោះ អ្នក​ជម្ងឺមិន​អាចស្វែង​យល់អំពី​រោគ​សញ្ញា​បានដោយ​ខ្លួនឯង​ឡើយ គឺមាន តែ​អ្នកជំនាញ​តែប៉ុ​ណ្ណោះ។ អ្វីដែល​សំខាន់គឺ​គេអាច​ស្វែងយល់​ដោយសា​រការយក​លាមក​ទៅ​ពិនិត្យ និងធ្វើ​ការថត​ឆ្លុះដោយ​ឧបករណ៍ អង់ដូស្កូ​ពី។

មូល​ហេតុបង្ក​ជម្ងឺផ្សិត​អណ្ដាត

បើតាម​ការសិក្សា​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា មូល​ហេតុដែល​បង្កឱ្យ​កើតមាន​ជម្ងឺ​ផ្សិត​អណ្ដាត គឺ​បណ្ដាល​មកពី​មេរោគ​ផ្សិត កង់ឌីដា អាល់​ប៊ីកង ដូច​ដែលបាន​ជម្រាប​ជូនខាង​លើ។ ម្យ៉ាង​វិញ​ទៀតវា​អាចកើត​ឡើង​ដោយ​សារ​ការបង្ក​ពីជម្ងឺ​ផ្សេងៗ​ជាច្រើន​ ទៀត។ ជាទូទៅ​គេសង្កេត​ឃើញ​មានជម្ងឺ​មួយ​ចំនួន​ដែល​ឧស្សាហ៍​បង្ក​ឡើង​មាន​ដូចជា ៖

  • បណ្ដាល​មកពី​ការប្រើ​ប្រាស់នូវ​ប្រភេទ​ថ្នាំអង់​ទីប៊ី​យូតិក​(ពពួក​ថ្នាំផ្សះ)​ច្រើនពេក។
  • បណ្ដាល​មកពី​បណ្ដា​ជម្ងឺមួយ​ចំនួន​ដែលធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុងរាង​កាយចុះ​ខ្សោយ ឧទា​ហរណ៍ ជម្ងឺ​អេដស៍​ជាដើម។
  • បណ្ដាល​មកពី​ជម្ងឺទឹក​នោមផ្អែម​រ៉ាំរ៉ៃ។ល។

ផល​ប៉ះពាល់​បណ្ដាល​មកពី​ជម្ងឺ​ផ្សិត​អណ្ដាត

ក្នុងកំឡុង​ពេលដែល​កើតមាន​ជម្ងឺផ្សិត​អណ្ដាត អ្នកជម្ងឺ​ត្រូវ​ប្រឈម​មុខទៅ​នឹងការ​កង្វះ​ជីវជាតិ ដោយសារ​តែការ​បរិភោគ មិន​បាន​គ្រប់​គ្រាន់។ អ្នកជម្ងឺ​អាច​ឈឺ ក្រហាយ ឬផ្សា​នៅក្នុង​មាត់ និ​ងអណ្ដាត។ បើទោះ​បីជា​ជម្ងឺផ្សិត​អណ្ដាត​ពុំសូវ​មានផ្ដល់ លំបាក​ធ្ងន់ធ្ងរដូចជា​ជម្ងឺ​ផ្សេងទៀត​យ៉ាង​ណាក្ដី ប៉ុន្ដែ​នៅពេល​ដែលអ្នក​ជម្ងឺមិន​បាន​ទទួល​ការព្យា​បាលទាន់​ពេល​វេលា វាអាច​បណ្ដាល​ឱ្យ កើតមាន​ផ្សិត​នៅបំពង់​ក ក្រពះ ពោះ​វៀន រន្ធគូទ ធ្វើឱ្យ​កើតមាន​ជម្ងឺ​រាករូស សុខភាព​ចុះខ្សោយ ដែលជា​ហេតុធ្វើ​ឱ្យពពួក​ជម្ងឺ​ឆ្លៀត ឱកាស​មួយចំនួន​ងាយកើត​មាន។ លើសពី​នេះវា​អាចរីក​រាលដាល​រហូត​ដល់​ប្រដាប់​ភេទ ដែលធ្វើ​ឱ្យមាន​ដុះផ្សិត​នៅក្បាល​លិង្គ​(ចំពោះ បុរស) ឬនៅតាម​មាត់យោ​នី(ចំពោះស្ដ្រី) ហើយថែម​ទាំង​បណ្ដាល​ឱ្យស្ដ្រី​មានធ្លាក់​សទៀតផង។ អ្វីដែល​សំខាន់គឺ​អាចជា​កត្ដា​មួយ ដែល​បង្ក​លក្ខណៈងាយ​ស្រួលដល់​ពពួក​ជម្ងឺឆ្លៀត​ឱកាស​មួយ​ចំនួនរីក​ដុះដាល​ឡើង។

វិធី​ព្យាបាល​ជម្ងឺ​ផ្សិត​អណ្ដាត

ចំពោះ​វិធីសា​ស្ដ្រនៅក្នុង​ការព្យា​បាលជម្ងឺ​ប្រភេទ​នេះ អាចមាន​ភាពងាយ​ស្រួលជាង​ជម្ងឺដទៃ​ទៀត។ ក្រោយពី​បានឆ្លង​កាត់ នូវ​ការពិនិត្យ​រួច អ្នក​ជំនាញ​អាច​ចេញវេ​ជ្ជបញ្ជា ឬធ្វើ​ការព្យា​បាល ដោយ​គ្រាន់តែ​ប្រើថ្នាំ​ប្រភេទ​គ្រាប់ ឬប្រើ​ថ្នាំប្រភេទ​ទឹកបន្ដក់​លាប នៅលើ​អណ្ដាត ឬថ្នាំ​បៀមជា​ការ​ស្រេច នៅក្នុង​ករណី​ជម្ងឺស្ថិត​នៅក្នុង​លក្ខណៈ​ស្រួច​ស្រាល។ ផ្ទុយទៅ​វិញ នៅពេល​ដែល​ពិនិត្យ​ឃើញ ថា ជម្ងឺ​ឈានចូល​ដល់​ដំណាក់​កាលធ្ងន់​ធ្ងរ នោះអ្នក​ជំនាញ​អាចធ្វើ​ការព្យា​បាលទៅ​តាម​បច្ចេក​ទេស និងបទ​ពិសោធន៍។ ក្នុង​ករណី​ដែល ពិនិត្យ​ឃើញ​ថា ជម្ងឺផ្សិត​នេះបង្ក​មកពី​ជម្ងឺដទៃ​នោះ អ្នក​ជំនាញ​ត្រូវធ្វើ​ការព្យាបាល​ទៅលើ​ជម្ងឺដែល​បង្ករួម​គ្នាជាមួយ​នឹងការ​ព្យាបាល​ ជម្ងឺ​ផ្សិតអណ្ដាត​ដែរ។

វិធី​បង្ការ​ជម្ងឺផ្សិត​អណ្ដាត

មិនមែន​ជារឿង​ដែល​ពិបាក​ការពារ​នោះទេ ដើម្បី​ប្រាសចាក​ពីជម្ងឺ​ផ្សិត​អណ្ដាត​បាន។ លោកអ្នក​គ្រាន់តែ​បង្ការ​ខ្លួនឱ្យ​ឆ្ងាយពី ជម្ងឺ​ផ្សេងៗ តាមរយៈ​ការទទួល​ទាន​ចំណីអា​ហារប្រចាំ​ថ្ងៃ មានអ​នាម័យនៅក្នុង​ជីវភាព​រស់នៅ ជា​ពិសេស​សុខភាព​មាត់​ធ្មេញ ដោយ ត្រូវ​ព្យាយាម​សម្អាត​គ្រប់ពេល​ក្រោយពី​បរិភោគ​អាហារ​រួច យ៉ាងហោច​ណាស់ឱ្យ​បាន៣​ដងក្នុង​មួយថ្ងៃ។ លើសពី​នេះទៅ​ទៀត នៅ ពេល​ដែល​មានការ​សង្ស័យ ត្រូវ​ប្រញាប់ទៅ​ជួបពិគ្រោះ​ជាមួយ​គ្រូពេទ្យដែល​មានឯក​ទេសច្បាស់​លាស់ ចៀស​វាងនូវ​ការប្រើ​ឱសថ ដោយ​គ្មានវេជ្ជបញ្ជា​ត្រឹមត្រូវ។

ដំបូន្មាន​អ្នក​ជំនាញ

នៅពេល​ដែល​លោក​អ្នកជួប​ប្រទះនឹង​រោគ​សញ្ញា​មួយ​ចំនួន​ដូចដែល​បានជ​ម្រាបជូនខាង​លើនេះ សូមមក​ជួបពិ​គ្រោះជា​មួយ គ្រូពេទ្យ ឬអ្នក​ជំនាញ ដើម្បី​ធ្វើការ​ពិនិត្យ​ទើបជាកា​រប្រសើរ។ ចៀស​វាងការ​ទុកឱ្យជម្ងឺ​កាន់តែ​មានភាព​ធ្ងន់ធ្ងរ ដែលជា​ហេតុធ្វើ​ឱ្យ សុខ​ភាពលោក​អ្នកធ្លាក់​ចុះ និង​ពិបាកនៅ​ក្នុងការ​ព្យាបាល។ ជា​ពិសេស​ចៀសវាង​នូវការ​សន្និដ្ឋាន​ខុស ព្រោះផ្ទាំ​ងសៗ ដែល​មាននៅ​លើ អណ្ដាត​ ឬជញ្ជាំង​ផ្នែកខាង​ក្នុងនៃថ្ពា​ល់ ក៏អាច​ជារោគ​សញ្ញារ​បស់ជម្ងឺ​ដទៃទៀ​តដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *