ការផ្តល់សេវាកម្មធានារ៉ាប់រងសុខភាពសង្គមបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាជាបន្តបន្ទាប់ចាប់តាំងពីមានការបង្កើតឡើងកាលពីឆ្នាំ១៩៩៨ បន្តរហូតមកដល់បច្ចុប្បន្ន។ ដោយឃើញអំពីគុណប្រយោជន៍ និងគុណតម្លៃនៃសេវាធានារ៉ាប់រងសង្គមនេះហើយ ទើបក្រសួងសុខាភិបាលកម្ពុជា បានជម្រុញឲ្យមានការអនុវត្តកម្មវិធីធានារ៉ាប់រងសុខភាពសង្គមបន្ថែមទៀត ដើម្បីចូលរួមការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងវិស័យសេដ្ឋកិច្ចរៀបរយ និងមិនរៀបរយ។
លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានកម្មវិធីទ្រទ្រង់វិស័យសុខាភិបាលជំហានទី២ នៃក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីបើកដំណើរការសកម្មភាពរបស់អង្គការ សមាគមគាំពារសុខភាពសង្គម នៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ថាក្រសួងសុខាភិបាលបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវផែនការយុទ្ធសាស្រ្តរបស់ខ្លួនដើម្បីផ្តល់ការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឈានទៅរកការសម្រេចនូវគោលដៅសហសវត្សន៍នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងទសវត្សន៍ចុងក្រោយនេះក្រសួងបាននិងកំពុងយកចិត្តទុកដាក់ប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការស្វែងរក និងអនុវត្តន៍នូវយន្តការគាំពារសុខភាពជូនប្រជាជនកម្ពុជា ជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រឲ្យនៅកម្រិតទាបបំផុត។ នេះបើយោងតាមចេញផ្សាយរបស់គេហទំព័រដើមអំពិល។
លោកបន្តថាក្រសួងបាននិងកំពុងដំណើរការកម្មវិធីមូលនិធិសមធម៌សុខភាពនៅស្រុកប្រតិបត្តិជាង៥០គ្របដណ្តប់ជិត៨០ភាគរយនៃជនក្រីក្រសរុបក្នុងប្រទេសកម្ពុជា ដោយបានធ្វើប័ណ្ណសុខភាពនៅតាមបណ្តាស្រុកមួយចំនួនដើម្បីពន្លឿនអត្រាគ្របដណ្តប់សុខភាពផ្លូវភេទ និងបន្តពូជ ហើយក្រសួងក៏បានជំរុញការអនុវត្តកម្មវិធីធានារ៉ាប់រងសុខភាពសង្គមទាំងក្នុងវិស័យសេដ្ឋកិច្ចរៀបរយ និងមិនរៀបរយ។ ក្នុងការពង្រីកកម្មវិធីធានារ៉ាប់រងសុខភាពសង្គមដោយផ្សារភ្ជាប់ជាមួយនឹងកម្មវិធីមូលនិធិសុខភាព ហើយក្រសួងត្រូវការធនធានជាច្រើនទាំងធនធានថវិកា និងបច្ចេកទេស ហើយជម្រើសមួយដែលសំខាន់មិនអាចខ្វះបាននោះ គឺការស្វែងរកធនធានបច្ចេកទេសពីដៃគូសង្គមស៊ីវិល ដើម្បីឲ្យពួកគេជួយបំពេញតម្រូវការរបស់ក្រសួងសុខាភិបាលក៏ដូចជាប្រតិបត្តិករ ដែលកំពុងអនុវត្តកម្មវិធីនេះ នៅតាមមូលដ្ឋានរបស់ខ្លួន។
លោក ឡុង ឡេង ប្រធានគណៈកម្មាធិការនាយក នៃអង្គការសមាគមន៍គាំពារសុខភាពសង្គម និងជានាយកអង្គការសកម្មភាព ដើម្បីសុខភាពបានមានប្រសាសន៍ នៅក្នុងពិធីនោះដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍន៍វិស័យសុខាភិបាល នៃប្រទេសកម្ពុជាតាំងពីដើម ក៏ដូចជាថ្ងៃអនាគត ព្រមទាំងជួយកាត់ផ្តាច់នូវរបាំងឧបសគ្គនានា ក្នុងការចូលរួមមកប្រើប្រាស់សេវារបស់ប្រជារាស្រ្ត ក្នុងការការពារមិនឲ្យ ប្រជារាស្រ្តធ្លាក់ទៅក្នុងភាពក្រីក្រ និងការកាត់បន្ថយភាពក្រីក្រ។ លោកបន្តថា «ខ្ញុំសុំសំណូមពរ ដ៏ទទូចដល់ដៃគូពាក់ព័ន្ធនានា មេត្តាបន្តកិច្ចខិតខំប្រឹងប្រែងជួយឲ្យអស់ពីលទ្ធភាព កម្លាំងកាយចិត្ត ស្មារតី និងប្រើប្រាស់ធនធានដោយ ភាពវ័យឆ្លាត ធ្វើយ៉ាងណាឲ្យ កម្មវិធីគាំពារសុខភាពសង្គមនេះទទួលបានជោគជ័យ»។
សូមជម្រាបថា ប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គមដំបូងគេ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ និងបច្ចុប្បន្ននេះមានប្រព័ន្ធធានារ៉ាប់រងសុខភាព សហគមន៍បាន និងកំពុងត្រូវបានអនុវត្តនៅក្នុងស្រុកប្រតិបត្តិលើសពី១៥ ក្នុងប្រទេសកម្ពុជា ដោយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិក្នុងរូបភាពស្របជាមួយ ឬរួមបញ្ចូលជាមួយប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល និងប្រព័ន្ធសុខភាពសង្គមផ្សេងទៀត ក្នុងគោលដៅជំរុញវិស័យគាំពារសុខភាពសង្គមក្នុងប្រទេសកម្ពុជា។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២
Leave a Reply