កាកសំណល់គឺជាប្រភពនៃការចម្លងមេរោគ និងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសុខុមាលភាព បរិស្ថានរស់នៅ និងសង្គម។ ប្រភពនៃកាកសំណល់រឹង ត្រូវបានទស្សនាវដ្ដី សុខភាពយីង លើកយកមកជម្រាបជូនវគ្គខ្លះរួចមកហើយកាលពី លេខ០៣៦ចេញផ្សាយប្រចាំខែមករា ឆ្នាំ២០០៩។ នៅក្នុងការចេញផ្សាយសម្រាប់លេខនេះ យើងខ្ញុំសូមលើកយកប្រភេទ និងការ ធ្វើចំណាត់ថ្នាក់ទៅលើកាកសំណល់នីមួយៗ ដែលអាចមានឥទ្ធិពលអាក្រក់ចំពោះបរិស្ថានជុំវិញជាបន្ដទៅទៀត។
មុនធ្វើការគ្រប់គ្រងសំណល់រឹងឱ្យបានល្អទៅបាន គប្បីគួរស្វែងយល់ឱ្យបានច្បាស់ពីប្រភេទនៃសំណល់នីមួយៗសិន។ ប្រភេទ នៃសំណល់រឹង និងការចាត់ថ្នាក់សំណល់រឹងត្រូវបានលើកយកមកបង្ហាញនៅខាងក្រោមនេះ ៖
ចំណាត់ថ្នាក់សំណល់រឹង និងនិយមន័យសំណល់រឹង
ដោយសារការគ្រប់គ្រងសំណល់រឹង គឺជាដំណើរការមួយដែលទាមទារនូវថវិកាខ្ពស់ ជាពិសេសសំណល់រឹងដែលមានសារ ធាតុពុល និងសារធាតុប្រកបដោយគ្រោះថ្នាក់។ ការចែកចំណាត់ថ្នាក់សំណល់រឹង និងឱ្យនិយមន័យសំណល់រឹងគឺធ្វើឡើងទៅតាមការ កំណត់របស់ប្រទេសនីមួយៗ ដោយឡែកប្រទេសកម្ពុជាយើងបានចាត់ថ្នាក់វាជាពីរប្រភេទគឺ សំណល់ប្រកបដោយគ្រោះថ្នាក់ និង សំណល់រឹង(សម្រាម)។
សំណល់ប្រកបដោយគ្រោះថ្នាក់
សំណល់ប្រកបដោយគ្រោះថ្នាក់ គឺសំដៅលើសារធាតុវិទ្យុសកម្ម ផ្ទុះ ពុល ឆេះ បង្កឱ្យមានជម្ងឺមហារីកនិងជម្ងឺឆ្លង ធ្វើឱ្យ រលាក ធ្វើឱ្យច្រែះ ធ្វើអុកស៊ីតកម្ម ឬសារធាតុគីមីដទៃទៀតដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស សត្វ ឬមានការបំផ្លិចបំផ្លាញ ដល់រុក្ខជាតិ ទ្រព្យសម្បត្ដិសាធារណៈ និងបរិស្ថាន។ សំណល់ប្រកបដោយគ្រោះថ្នាក់ភាគច្រើនគឺមានប្រភពចេញពីរោងចក្រ ឧស្សាហ កម្ម សហគ្រាស ដែលប្រើប្រាស់សារធាតុគីមីច្រើន សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និងសេវាកម្ម អាជីវកម្មរ៉ែ មន្ទីរពេទ្យ (ការវះកាត់ និងថតដោយប្រើកាំរស្មី)។ល។ ចំណែកឯសំណល់នៅតាមលំនៅដ្ឋានក៏អាចមានសារធាតុប្រកបដោយគ្រោះថ្នាក់ដែរ តែមានកម្រិតតិចតួច។ ចំពោះវិស័យកសិកម្ម ដោយសារបច្ចេកវិទ្យារបស់យើងនៅមានកម្រិតទាប កសិករភាគច្រើនបានប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិតដែលមានជាតិពុលខ្លាំង និងប្រើប្រាស់ជាតិគីមីដើម្បីបង្កើនទិន្នផលដំណាំរបស់គាត់។ ដូច្នេះសារធាតុប្រកបដោយ គ្រោះថ្នាក់មួយចំនួនក៏បានបង្កើតឡើងដោយវិស័យនេះផងដែរ។
ប្រភេទសំណល់រឹង
សំណល់រឹង-សម្រាម គឺសំដៅទៅលើវត្ថុ ឬរបស់ដែលសល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលសល់ ឬកើតពី សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម សេវាកម្ម និងផលិតកម្ម ហើយដែលវត្ថុ ឬរបស់សល់ទាំងនោះមិនមានផ្ទុកជាតិពុល ឬមិនបង្កឱ្យមាន ជាគ្រោះថ្នាក់។ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងសំណល់រឹង ការិយាល័យគ្រប់គ្រងសំណល់រឹង និងសារធាតុប្រកបដោយគ្រោះថ្នាក់បានធ្វើ ការបែងចែកប្រភេទសំណល់រឹងជាប្រាំប្រភេទដូចខាងក្រោម ៖
1 . សំណល់លំនៅដ្ឋាន ៖ ភាគច្រើនជាប្រភេទសំណល់ចេញពីផ្ទះបាយ ដែលជាប្រភេទសរីរាង្គងាយពុករលួយ អាចយកទៅ ធ្វើជាជីកំប៉ុសបាន ដូចជាបន្លែ សំណល់ផ្លែឈើ សំណល់ម្ហូបអាហារ ប្លាស្ទិក ក្រដាស ដែក ក្រណាត់ និងសម្ភារៈវេចខ្ចប់។ល។ សំណល់ លំនៅដ្ឋានក៏មានប្រភេទប្រកបដោយគ្រោះថ្នាក់ផងដែរ ដូចជាសំណល់ថ្មពិល អាគុយ អំពូលភ្លើង ទូរទស្សន៍ ម៉ាស៊ីនត្រជាក់។ល។ ដែលខូចលែងប្រើប្រាស់កើត។
2 . សំណល់ពាណិជ្ជកម្ម ៖ ជាប្រភេទសំណល់ចេញពីទីផ្សារ ហាងទំនិញ សណ្ឋាគារ រង្គសាល ភោជនីយដ្ឋាន។ល។ ភាគច្រើននៃ ប្រភេទសំណល់នេះជាប្រភេទដែលពុំមានគ្រោះថ្នាក់ ដូចជាប្រភេទសំណល់លំនៅដ្ឋានដែរ។ ចំពោះប្រភេទដែលគ្រោះថ្នាក់មាន ដូចជាសម្ភារៈដែលសេសសល់ពីការវេចខ្ចប់ ថ្នាំសម្លាប់សត្វល្អិត សំណល់សម្ភារៈជជុះ ដូចជាថ្មពិល ទូរទស្សន៍ ម៉ាញ៉េ វិទ្យុ និងគ្រឿង បន្លាស់អេឡិចត្រូនិក ម៉ាស៊ីនត្រជាក់ ទូទឹកកក និងសំណល់កង់ឡានចាស់ៗ។ល។
3 . សំណល់មន្ទីរពេទ្យ ៖ ជាប្រភេទសំណល់ប្រកបដោយគ្រោះថ្នាក់។ សំណល់មន្ទីរពេទ្យចែកចេញជាប្រភេទដូចខាងក្រោម ៖
- សំណល់ដែលបង្កឱ្យមានការឆ្លង ៖ ជាប្រភេទដែលមានភ្នាក់ងារចម្លងជម្ងឺ ដូចជាសំណល់សម្ភារៈចេញពីមន្ទីរពិសោធន៍ បណ្ដុះមេរោគ សំណល់ជាលិកាតាមផ្នែកផ្សេងៗ សម្ភារៈ ឬឧបករណ៍ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយនឹងសំណល់របស់អ្នកជម្ងឺមាន មេរោគឆ្លង។
- សំណល់រោគសាស្ដ្រ ៖ ជាលិកាមនុស្ស ឬវត្ថុរាវ។ ឧទាហរណ៍ ៖ បំណែកសារពាង្គកាយ ឈាម និងទឹករំអិលផ្សេងៗទៀត (ទឹកភ្លោះ)។
- សំណល់ដែលបង្កឱ្យមានការមុត(របួសស្នាម) ៖ ម្ជុល ប្រដាប់សម្រាប់ឆុងទឹក កាំបិតវះកាត់ ឡាម ផ្លែកាំបិត អំបែង ដប។
- សំណល់ឱសថ ៖ សំណល់ដែលមានឱសថ។ ឧទាហរណ៍ ឱសថហួសកាលបរិច្ឆេទ ឬឈប់ប្រើប្រាស់ វត្ថុសម្រាប់ដាក់ឱសថ ដូចជាដប ប្រអប់របស់វាជាដើម។
- សំណល់ពុលសែន ៖ សំណល់ដែលមានសារធាតុបំពុលសែន។ ឧទាហរណ៍ សំណល់ជាតិថ្នាំពុលកោសិកា(ដែលប្រើប្រាស់ ក្នុងការព្យាបាលជម្ងឺមហារីក) សារធាតុគីមីបំពុលសែន និងសារធាតុវិទ្យុសកម្ម។
- សំណល់សារធាតុគីមី ៖ សំណល់ដែលមានសារធាតុគីមី។ ឧទាហរណ៍ ប្រតិករប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ សារធាតុគីមី លាងហ្វីល សារធាតុដែលប្រើសម្រាប់សម្លាប់មេរោគដែលហួសកាលបរិច្ឆេទ ឬឈប់ប្រើ និងសារធាតុរំលាយ។
- សំណល់លោហៈ ៖ ថ្មពិល អាគុយ ឧបករណ៍វាស់កម្ដៅដែលបាក់បែក ឬប្រដាប់វាស់សម្ពាធឈាម។
- សំណល់ធុងឧស្ម័ន ៖ ធុងឧស្ម័ន និងកំប៉ុងថ្នាំបាញ់អាអេរ៉ូសុល។
- សំណល់វិទ្យុសកម្ម ៖ សំណល់ដែលមានសារធាតុវិទ្យុសកម្ម ដូចជាសារធាតុរាវចេញពីការព្យាបាលដោយប្រើកាំរស្មី ឬ ការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ ប្រដាប់ការពារកាំរស្មី ទឹកនោម ឬឈាមក្នុងជម្ងឺព្យាបាលដោយកាំរស្មី។
4 . សំណល់កសិកម្ម ៖ ដែលសេសសល់ពីការប្រើប្រាស់នៃថ្នាំសម្លាប់សត្វល្អិត និងសម្ភារៈវេចខ្ចប់ថ្នាំពុល។ សំណល់ចេញពីផ្នែកនេះជា ប្រភេទសំណល់ដែលប្រកបដោយគ្រោះថ្នាក់បំផុត។
5 . សំណល់ឧស្សាហកម្ម ៖ សំណល់ផ្នែកនេះភាគច្រើនជាប្រភេទសំណល់ប្រកបដោយគ្រោះថ្នាក់។
(សូមបន្ដអាននៅលេខក្រោយ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply