លោកអ្នកបានជ្រាបហើយថា អ្នកជម្ងឺទឹកនោមផ្អែមទាមទារឱ្យមានការថែរក្សាខ្លួនឱ្យបានដិតដល់ ទើបលោកអ្នកអាចប្រឆាំង ការយាយីពីជម្ងឺនេះបាន។ ជាការពិតក្រៅពីការទទួលទានថ្នាំតាមវេជ្ជបញ្ជា និងការបរិភោគមានកម្រិត ការហាត់ប្រាណក៏លោកអ្នក ត្រូវអនុវត្ដឱ្យបានត្រឹមត្រូវផងដែរ ដើម្បីសុខភាពលោកអ្នក។ អ្នកជម្ងឺទឹកនោមផ្អែមខុសពីអ្នកដែលមិនមានជម្ងឺ ព្រោះការហាត់ ប្រាណរបស់ពួកគេមិនធ្វើតាមការនឹកឃើញបានទេ ព្រោះបើភ្លាត់តែបន្ដិចនោះនឹងមានការប៉ះពាល់ដល់សុខភាពជាមិនខាន។
លោកវេជ្ជបណ្ឌិត សេង សេរី អ្នកឯកទេសជម្ងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យព្រះកុសមៈ នឹងជម្រាបជូនអ្នកជម្ងឺទឹកនោមផ្អែម ទាំងអស់ ឱ្យបានជ្រាបអំពីវិធីសាស្ដ្រនៃការហាត់ប្រាណ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ហាត់ប្រាណជួយសុខភាព
អ្នកជម្ងឺទឹកនោមផ្អែមត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ អ្នកជម្ងឺទឹកនោមផ្អែមត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាមុន សិន មុនពេលចាប់ផ្ដើមហាត់ប្រាណជាដំបូង។ ព្រោះការហាត់ប្រាណត្រូវមានកម្រិត និងរបៀបរបបរបស់វា ដោយយោងទៅតាមសុខ ភាព អាយុ និងសភាពជម្ងឺរបស់យើងម្នាក់ៗ។ អ្នកជម្ងឺទឹកនោមផ្អែមត្រូវខំបង្កើនសកម្មភាពពលកម្មក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និង ការកម្សាន្ដផ្សេងៗឱ្យបានកាន់តែច្រើន ដូចជា ៖
- ផ្លាស់ប្ដូរពីការធ្វើដំណើរដោយយានយន្ដមកដើរ បើមានពេលវេលាដែលអាចធ្វើបាន។
- ឡើងជណ្ដើរដោយជើង ជាជាងប្រើជណ្ដើរយន្ដ។
- លេងកីឡាដែលអាចលេងបាន ដូចជារត់ លោត ធាក់កង់ វាយកូនគោលជាដើម។
- ត្រូវហាត់រយៈពេល៣០ទៅ៦០នាទី ២ឬ៣ដងយ៉ាងតិចក្នុងមួយអាទិត្យ។
លំហាត់ប្រាណដ៏ប្រសើរបំផុតសម្រាប់អ្នកជម្ងឺទឹកនោមផ្អែម ហើយមិនបង្កហេតុបច្ច័យផ្សេងៗគឺការដើរ តែសូមដើរឱ្យបាន យ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ។ ការងារពលកម្មតូចតាចផ្សេងៗក្នុងផ្ទះមួយចំនួនក៏ជាលំហាត់ប្រាណដែរ ហើយអាចមានតម្លៃដូចការ ដើរក្នុងរយៈពេល៣០នាទីនេះដែរ ដូចជា ៖
- បោសផ្ទះ ជូតផ្ទះ ជូតកញ្ចក់ ក្នុងរយៈពេល៤៥នាទី។
- ដើរលេង ឬដើរមើលទំនិញក្នុងផ្សារក្នុងរយៈពេល៤០នាទី។
- ធ្វើការដាំដុះក្នុងសួនច្បារ ឬក្នុងចម្ការក្នុងរយៈពេល៣០នាទី។
- ឡើងជណ្ដើរដោយជើងក្នុងរយៈពេល១៥នាទី។
- ដើរក្នុងល្បឿន៥គីឡូម៉ែត្រក្នុងមួយម៉ោង រយៈពេល៣០នាទី។
- រាំកម្សាន្ដក្នុងរយៈពេល៣០នាទី។
- ហែលទឹកក្នុងរយៈពេល២៥នាទី។
- រត់ក្នុងល្បឿន១៣គីឡូម៉ែត្រក្នុងមួយម៉ោង រយៈពេល១៥នាទី។
- លេងបាល់ទាត់ បាល់បោះ ក្នុងរយៈពេល២៥នាទី។
ផលប្រយោជន៍ដែលបានពីការហាត់ប្រាណ
លំហាត់ប្រាណជាទៀងទាត់មានផលប្រយោជន៍សំខាន់ដល់អ្នកជម្ងឺទឹកនោមផ្អែមដូចតទៅ ៖
- ជួយធ្វើឱ្យអាំងសុយលីនដែលខូចប្រសិទ្ធភាព ដែលកើតមាននៅលើអ្នកជម្ងឺទឹកនោមផ្អែមឱ្យមានប្រសិទ្ធភាពឡើងវិញ។
- ជួយធ្វើឱ្យអត្រាជាតិស្ករ ជាតិខ្លាញ់ក្នុងឈាម សម្ពាធឈាមថយចុះបានមួយកម្រិត។
- ជួយការពារមិនឱ្យមានកំណកខ្លាញ់ក្នុងសរសៃឈាម។
- អាចជួយកាត់បន្ថយនូវការប្រើប្រាស់ថ្នាំជម្ងឺទឹកនោមផ្អែម ថ្នាំលើសឈាម ថ្នាំលើសជាតិខ្លាញ់។
- ជួយសន្សំសំចៃប្រាក់ពីការទិញថ្នាំបានមួយផ្នែក។
- ជួយទប់ស្កាត់ការឡើងទម្ងន់ចំពោះអ្នកជម្ងឺទឹកនោមផ្អែម ដែលលើសទម្ងន់ ឬធាត់។
ដំបូន្មានអ្នកជំនាញ
លោកអ្នកដែលមានជម្ងឺទឹកនោមផ្អែមទាំងអស់ចាំបាច់ត្រូវតែហាត់ប្រាណដើម្បីសុខភាព ព្រោះលោកអ្នកជ្រាបទេថា អ្នកជម្ងឺ ទឹកនោមផ្អែមដែលលើសទម្ងន់ ឬធាត់អាចប្រឈមមុខនឹងគ្រោះថ្នាក់ និងផលវិបាកផ្សេងៗច្រើនជាងអ្នកជម្ងឺទឹកនោមផ្អែមដែល មានទម្ងន់មិនលើស ឬធាត់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩
Leave a Reply