សុភាពបុរសមួយចំនួនដែលពុំមានចំណូលចិត្ដទុកពុកមាត់ ពិតជាខ្វល់ខ្វាយក្នុងការរិះរកវិធីដែលល្អសមស្របក្នុងការបំបាត់ បញ្ហាទាំងនេះ។ ក្នុងករណីដែលលោកអ្នកជ្រើសរើសប្រើនូវវិធីកោរពុកមាត់មិនត្រឹមត្រូវនោះទេ វានឹងបង្កនូវផលវិបាកកាន់ច្រើន ដោយសារភាពកើនឡើងទ្វេដងនៃការដុះរោមពុកមាត់ ឬក៏ពុកចង្កាទាំងនោះឡើងវិញ។
ដើម្បីឱ្យអស់ចម្ងល់ សូមស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង តាមរយៈការបកស្រាយរបស់លោក ជ្រំ ផល្លា ជាងកាត់សក់នៅហាងកាត់សក់ វ័នដុល្លារ ស្ដៃយ៏។
វិធីសាស្ដ្រនៃការកោរពុកមាត់
ជាការពិតណាស់ ការកោរពុកមាត់ជាប្រធានបទដ៏ងាយស្រួលក្នុងការដោះស្រាយ តែវាក៏នៅតែជាបញ្ហាសំខាន់របស់ សុភាពបុរសគ្រប់រូប ដែលមិនចង់ធ្វើខ្លួនឱ្យដូចជាមនុស្សចាស់ ឬក៏ចំណាយពេលវេលាច្រើននៅពេលព្រលឹម ដើម្បីកោរពុកមាត់ ដែលឧស្សាហ៍ដុះមិនចេះចប់មិនចេះហើយនោះទេ។ ខាងក្រោមនេះជាវិធីងាយៗដែលលោកអ្នកអាចជ្រើសរើសយកទៅប្រើប្រាស់បានដែលមិនព្រួយបារម្ភពីផលអាក្រក់ដែលនឹងអាចកើតឡើងនោះទេ ៖
1 . កោរពុកមាត់ដោយប្រើផលិតផល ៖ ជាវិធីល្អបំផុតសម្រាប់សុភាពបុរសទាំងអស់ និងអាចជួយបង្ការមិនឱ្យមានការ ដាច់រលាត់ស្បែកមុខរបស់លោកអ្នកបាន និងការដុះលើសឡើងវិញយ៉ាងឆាប់រហ័ស។ សូមសាកល្បងដោយគ្រាន់តែយកឡេ ឬផលិត ផលពពុះទឹកមកលាបលើបរិវេណដែលលោកអ្នកចង់កម្ចាត់ចោលជាមុនសិន បន្ទាប់មកលោកអ្នកចាប់ផ្ដើមប្រតិបត្ដិការណ៍កម្ចាត់រោម ទាំងនោះ។
2 . កោរពុកមាត់ដោយប្រើទឹក ៖ វាមើលទៅហាក់ដូចជាធម្មតា តែវាប្រសើរសម្រាប់សុភាពបុរសមួយចំនួនដែលមិនចូល ចិត្ដក្នុងការចាយប្រាក់ខ្ជះខ្ជាយលើផលិតផលសម្អាង។ ងាយបំផុតគ្រាន់តែលោកអ្នកជួយផ្ដល់សំណើមដល់ស្បែកមុខដោយទឹករួចរាល់ ហើយលោកអ្នកអាចអនុវត្ដកោរជាធម្មតាបានដោយពុំមានការឈឺចាប់។
3 . ការកាត់ពុកមាត់ ៖ ជាជម្រើសចុងក្រោយសម្រាប់សុភាពបុរស។ វិធីនេះក៏ជួយផ្ដល់គុណប្រយោជន៍ដ៏ប្រសើរក្នុងការ ពន្យារនៃការដុះឡើងរបស់ពុកមាត់ និងពុកចង្កា។ ប្រការសំខាន់ក្នុងវិធីនេះគឺការជ្រើសរើសកន្ដ្រៃដែលមុតល្អមកកាត់តម្រឹមជាការ ស្រេច ប៉ុន្ដែសូមប្រយ័ត្នការកាត់ចំសាច់ស្បែករបស់លោកអ្នក។
ផលប៉ះពាល់នៃការកោរពុកមាត់
ការកោរពុកមាត់ថ្វីត្បិតវាជារឿងសាមញ្ញ តែវាក៏មានផលប៉ះពាល់បន្ដិចបន្ដួចដែរ ប្រសិនជាលោកអ្នកជ្រើសរើសប្រើវិធី ខុស។ ចំពោះវិធីទាំងបីខាងលើ វិធីទីពីរ និងទីបី អាចមានការប៉ះពាល់ចំពោះការដុះឡើងវិញនៃពុកមាត់ដែលមានគល់ធំ និង លក្ខណៈ រឹង។ ដូចនេះលោកអ្នកគួរតែជ្រើសយកវិធីទីមួយមកប្រើប្រាស់ ទើបជាការប្រសើរសម្រាប់លោកអ្នក។
ដំបូន្មានអ្នកឯកទេស
ភាពស្រស់ស្អាតរបស់មនុស្សគឺកើតឡើងពីការថែរក្សាបន្ដិចបន្ដួចរបស់លោកអ្នក។ ប្រសិនបើសុភាពបុរសធ្វេសប្រហែសតែ
បន្ដិចបន្ដួច នោះវានឹងផ្ដល់ផលប៉ះពាល់ដល់សម្រស់លោកអ្នកជាមិនខាន។ ការយកចិត្ដទុកដាក់តែបន្ដិចរបស់លោកអ្នក ជាកត្ដាចាំបាច់ នៃសម្ផស្សដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩
Leave a Reply