ការជួញដូរមនុស្ស គឺជាអំពើដ៏អប្រិយមួយដែលសង្គមមនុស្សទូទៅនៅលើសកលលោកចាត់ទុកថា ជាអំពើល្មើសនឹងច្បាប់សិទ្ធមនុស្សជាតិ។ រូបភាពនៃការជួញដូររបស់មនុស្សនាសម័យទំនើបនេះ មានសភាពកាន់តែទំនើបទៅៗ បើទោះបីជាក្រុមមន្ត្រីនគរបាលបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមទប់ស្កាត់បញ្ហានេះនៅទូទាំងពិភពលោកក្តី។ តែទោះជាយ៉ាងណា នៅក្នុងឆ្នាំនេះកម្ពុជានៅតែរក្សាតំណែងលេខ២របស់ខ្លួនដដែល ក្នុងការចូលរួមទប់ស្កាត់អំពើជួញដូរមនុស្ស។
សហរដ្ឋអាមេរិក បានរក្សាចំណាត់ពិន្ទុកម្ពុជា ចំពោះកិច្ចប្រឹងប្រែងប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងកម្រិតចំណាត់ទី២ (Tier2) ក្នុងឆ្នាំ២០១២នេះ ដែលជាកម្រិតផ្តល់ឲ្យចំពោះប្រទេសមានកិច្ចប្រឹងប្រែងខ្លាំងក្នុងការឈានទៅរកការអនុវត្តកិច្ចការប្រឆាំងការជួញដូរ តាមលក្ខណៈស្តង់ដារអន្តរជាតិ បើទោះបីជាកម្ពុជាមិនទាន់បានបំពេញលក្ខខណ្ឌជាអប្បបរមាបានក៏ដោយ។
ការរក្សាក្នុងកម្រិតដដែលនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០១២ បានកោតសរសើរចំពោះប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយថែមទាំងបានផ្តល់ជំនួយចំនួន៥លាន៤ សែនដុល្លារថែមទៀតផង ក្នុងកិច្ចបន្តគម្រោងប្រឆាំងអំពើជួញដូរ។
យោងតាមគេហទំព័រ state.gov/j/tip របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានមានប្រសាសន៍កាលពីថ្ងៃទី១៩ ខែមិថុនាថា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះថា នៅលើសកលលោកនេះ នៅមានជនរងការជួញដូរចំនួន២៧លាននាក់ ដែលសហរដ្ឋអាមេរិកត្រូវតែខិតខំប្រឹងប្រែងជួយពួកគេឲ្យបានរួចនិងមានសេរីភាពសារឡើងវិញ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃអង្គារ៍ថា ដោយតម្រូវទៅតាមច្បាប់ការពារជនរងគ្រោះ ដោយការជួញដូរ (TVPA) នៃរបាយការណ៏ស្តីពីការជួញដូរមនុស្ស បានធ្វើការវាយតម្លៃដល់រដ្ឋាភិបាលនានា នៅជុំវិញពិភពលោកស្តីអំពីកិច្ចខិតខំប្រឹងប្រែងរបស់គេក្នុងការប្រយុទ្ធប្រឆាំងទាសភាពសម័យទំនើបយើងនេះ។ ការចេញផ្សាយនូវរបាយការណ៍នៃការជួញដូររបស់ស្ថានទូតអាមេរិកនេះ បានធ្វើឡើងចំនួន១២ដងហើយ ដែលមានករណីនៃការជួញដូរមនុស្សក្នុងចំនួន១៨៦ប្រទេសនៅលើសកលលោក។
នៅក្នុងពិធីប្រកាសចេញផ្សាយនេះផងដែរ លោកស្រីរដ្ឋមន្រ្តីការបរទេស Clinton នឹងផ្តល់ជាកិត្តិយសដល់វីរជនជាបុរស និងស្រ្តី ដែលបានធ្វើសកម្មភាពផ្ទាល់ខ្លួន ដើម្បីធ្វើឲ្យមានភាពប្រសើរឡើង ក្នុងការប្រយុទ្ធប្រឆាំងនូវ ទាសភាពសម័យទំនើបនៅជុំវិញពិភពលោក។ នៅឆ្នាំនេះ លោកស្រីរដ្ឋមន្រ្តី Clinton នឹងផ្តល់ជាកិត្តិយសដល់ លោក ព្រំ វណ្ណៈអាណន់ ដែលរឿងរាវរបស់គាត់ត្រូវបានសរសេរនៅក្នុងរបាយការណ៍ក្នុងឆ្នាំនេះ។ របាយការណ៍ នៃការជួញដូរមនុស្សឆ្នាំ២០១២ នេះ នឹងត្រូវដាក់បង្ហោះនៅក្នុងគេហទំព័រស្ថានទូតសហរដ្ឋអាមេរិក នៅពេលដែលពិធីប្រកាសចេញផ្សាយរបាយការណ៍នេះត្រូវបានបញ្ចប់។
អត្ថបទដោយ ៖ សេង វីរះ
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២
Leave a Reply