ការលូតលាស់ផ្នែក កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ គឺជាទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរីកចម្រើនខាងផ្លូវគមនាគមន៍។ ដូចដែរលោកអ្នកធ្លាប់បានដឹងរួចមកហើយថា ប្រទេសកម្ពុជាយើងមានផ្លូវដែកចំនួន២ខ្សែ។ ខ្សែទី១ ចេញពីភ្នំពេញទៅអូរជ្រៅ មានប្រវែង ៣៨៥គ.ម។ ខ្សែទី២ចេញពីភ្នំពេញទៅក្រុងព្រះសីហនុ មានប្រវែង ២៦៦គ.ម។ ផ្លូវដែកនៅប្រទេសយើងទាំងពីរខ្សែនេះមិនទាន់មានលក្ខណះទំនើបនៅឡើយទេ ដែលបច្ចុប្បន្នកំពុងធ្វើការស្តារនិងជួសជុលកែលម្អឡើងវិញ។ តើកម្ពុជាអាចបញ្ចប់គម្រោងស្តារ និងជួសជុលផ្លូវដែកទាំងនេះ ដែលជាផ្លូវគមនាគមន៍ដ៏សំខាន់មួយសម្រាប់តម្រូវការរបស់ប្រជាជនកម្ពុជា និងសមស្របទៅតាមការរីកចម្រើនរបស់សកលលោកនាពេលអនាគតដែរឬទេ?
មានការចុះផ្សាយព័ត៌មានថា គម្រោងការលើផ្លូវដែកជួបប្រទះបញ្ហាជាច្រើន ហើយអាចនឹងមិនចប់រួចរាល់ជាស្ថាពរដូចការគ្រោងទុកនោះឡើយ។ កាលថ្ងៃអាទិត្យ ទី១៧ មិថុនានាពេលថ្មីៗនេះ កាសែត ឌឺ ស៊ីដនី មនីងហេរ៉ល់ (The Sydney Morning Herald) របស់ប្រទេសអូស្ត្រាលី បានចេញផ្សាយអំពីរឿងជំនួយអូស្ត្រាលីចំនួន២៦លានដុល្លារ សម្រាប់គម្រោងផ្លូវរថភ្លើងថា មិនបានអនុវត្តទៅតាមផែនការពីខាងដើម ហើយអាចនឹងមិនសម្រេចកិច្ចការដូចការចង់បាននោះទេ។ យោងតាមសេចក្ដីរាយការណ៍សម្ងាត់ ដែលធ្លាយចេញទៅក្រុមអ្នកកាសែតបានឲ្យដឹងថា គម្រោងស្ដារ និងជួសជុលកែលម្អផ្លូវរទេះភ្លើងក្នុងស្រុកឲ្យប្រើការបានដូចដើមឡើងវិញ បានជួបបញ្ហា ដូចជាស្ថាបនាមិនបានត្រឹមត្រូវ ការសិក្សាពិនិត្យមិនបានច្បាស់លាស់ ដែលនាំឲ្យមានការបណ្ដេញប្រជាពលរដ្ឋពីទីលំនៅ ការប្រកែកទាស់ទែងគ្នារវាងក្រុមអ្នកម៉ៅការ ការយឺតយ៉ាវ និងការចំណាយថវិការច្រើនលើសពីការគ្រោងទុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវិទ្យុអាស៊ីសេរី។
តាមផែនការស្ដារ សង់ថ្មី ឬជួសជុលផ្លូវដែកចម្ងាយប្រមាណជាង៦៤០គីឡូម៉ែត្រ ដើម្បីភ្ជាប់បណ្ដាញផ្លូវដែកក្នុងតំបន់ មានប្រទេសថៃ និងវៀតណាមជាដើម ត្រូវចំណាយថវិកាប្រមាណ ១៤៣លានដុល្លារ ហើយរដ្ឋាភិបាលអូស្ត្រាលី មានចំណែកចំណាយក្នុងគម្រោងនេះចំនួន ២៦លានដុល្លារ។ គម្រោងនេះផងដែរ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋខ្មែរប្រមាណ ៤០០០គ្រួសារ ដែលរស់នៅតាមបណ្ដោយផ្លូវដែក។ ក្នុងចំនួននេះ មាន៤០៥០គ្រួសារ ត្រូវចាកចេញពីលំនៅឋាន។ លើសពីនេះទៅទៀត ក្រុមហ៊ុនម៉ៅការមិនបានអនុវត្តតាមក្បួនខ្នាតកំណត់ដោយម្ចាស់ជំនួយ ដែលមានធនាគារអភិវឌ្ឍន៍អាស៊ី រួមចំណែកផងដែរ មានដូចជាការដ្ឋានសម្រាប់កម្មករសំណង់ពោរពេញដោយសំរាម គ្មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ គ្មានបង្គន់ និងភាពគ្មានអនាម័យជាដើម។ ក្រុមហ៊ុនបារាំង TSO (Cambodia) Co. Ltd. និងក្រុមហ៊ុនជប៉ុន Nippon Koei ត្រួតពិនិត្យមិនបានដិតដល់តាមវិធីសាស្ត្រវិស្វកម្ម ហើយគ្មានកិច្ចសហការ ឬការប្រាស្រ័យទាក់ទងគ្នាដិតដល់ជាមួយនឹងនាយកដ្ឋានអយស្ម័យយាន ពោលគឺមិនសូវត្រូវគ្នា។ ការណ៍ទាំងនេះ នាំឲ្យមានការយឺតយ៉ាវ និងធ្វើឲ្យក្រុមហ៊ុនអូស្ត្រាលី ថូល ហូលឌីង (Toll Holdings) ព្យួរសកម្មភាពមួយរយៈ ចាប់ពីខែមីនា ក្នុងឆ្នាំនេះនាពេលកន្លងមក។
ប្រភពសារព័ត៌មានដដែលនេះបានបន្តថា ក្រុមហ៊ុនអូស្ត្រាលីនេះ ទទួលបានសិទ្ធិធ្វើអាជីវកម្មលើផ្លូវដែកខ្មែររយៈពេល ៣០ឆ្នាំ ដោយចូលហ៊ុនជាមួយក្រុមហ៊ុនរបស់ឧកញ៉ា គិត ម៉េង។ មន្ត្រីនាយកដ្ឋានអយស្ម័យយានមិនចង់ចូលរួមគ្រប់គ្រងចាត់ចែងការងារប្រចាំថ្ងៃ។ គម្រោងធ្វើផ្លូវរថភ្លើងប៉ែកខាងត្បូងប្រទេស ដែលត្រូវហើយរួចរាល់កាលពីឆ្នាំ២០១១ ត្រូវអូសបន្លាយរយៈពេល ៣៣៥ថ្ងៃ រហូតដល់ឆ្នាំ២០១៣។ រីឯគម្រោងសម្រាប់ផ្នែកខាងជើងប្រទេស ដែលត្រូវហើយរួចរាល់ចុងខែមិថុនានេះ ត្រូវរុញទៅដល់ខែកញ្ញា ឆ្នាំ២០១៣។ ម្យ៉ាងវិញទៀត ក្រុមពិគ្រោះការងារ បានពោលប្រាប់កាសែតថា គម្រោងស្ដារ និងជួសជុលផ្លូវរថភ្លើងកម្ពុជាអស់លុយ ហើយត្រូវការថវិការពី៥០ ទៅ១០០លានដុល្លារបន្ថែមទៀត ដើម្បីធ្វើបង្ហើយ ប៉ុន្តែធនាគារអភិវឌ្ឍន៍អាស៊ីមិនព្រមចេញទុនថែមទៀត។ រឿងនេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានដឹងដែរ ហើយថែមទាំងបានស្នើឲ្យក្រុមហ៊ុនពាក់ព័ន្ធនានាធ្វើការស៊ើបអង្កេតផង។
គួរបញ្ជាក់ថា ក្រុមអ្នកឃ្លាំមើលជំនួយអូស្ត្រាលីនៅក្រៅប្រទេស ឈ្មោះអង្គការ AID/WATCH ក៏បានរិះគន់ចំពោះការស្ថាបនាផ្លូវដែកនេះផងដែរថា នេះគឺបណ្ដាលមកពីភាពខ្វះការទទួលខុសត្រូវលើជំនួយរបស់រដ្ឋ៕
អត្ថបទដោយ ៖ សេង វីរះ
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២
Leave a Reply