របេងជាជម្ងឺឆ្លងមួយដែលនៅតែបង្កបញ្ហា និងគំរាមកំហែងដល់សុខភាពសាធារណៈនៅកម្ពុជា។ កម្ពុជាត្រូវបានចាត់ចូលជា ប្រទេសមួយក្នុងចំណោមប្រទេសដែលមានបន្ទុកជម្ងឺរបេងខ្ពស់ទាំង២២នៅលើពិភពលោក។ ជម្ងឺរបេងមានពីរប្រភេទ គឺរបេងសួត និងរបេងក្រៅសួត។ របេងស្រោមខួរ ឬរបេងខួរឆ្អឹងខ្នងជាប្រភេទជម្ងឺមួយនៃជម្ងឺរបេងក្រៅសួត ជម្ងឺនេះបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ ដល់អ្នកជម្ងឺ ប្រសិនបើមានការព្យាបាលពុំបានត្រឹមត្រូវ។
អ្វីទៅជាជម្ងឺរបេងស្រោមខួរ?
ជម្ងឺរបេងស្រោមខួរជាប្រភេទជម្ងឺរបេងក្រៅសួតមួយ ដែលកើតនៅលើស្រោមខួរក្បាល ឬស្រោមខួរឆ្អឹងខ្នងរបស់មនុស្ស។ ក្រោយពីបានឆ្លងចូលក្នុងខ្លួនមនុស្សតាមផ្លូវដង្ហើមហើយ មេរោគរបេងអាចសាយភាយតាមចរន្ដទឹករងៃ និងចរន្ដឈាមទៅទំនៅ កន្លែងណាមួយនៃរាងកាយ ហើយអាចបង្ករោគនៅកន្លែងនោះបាន។ អាស្រ័យលើសរីរាង្គដែលមេរោគរបេងបង្កជាជម្ងឺ គេចែកជម្ងឺនេះ ជាពីរប្រភេទគឺ របេងសួតដែលបង្កឱ្យមានដំបៅសាច់សួត និងរបេងក្រៅសួតដែលអាចកើតមានលើសរីរាង្គណាមួយក្រៅពីសួត។ រោគសញ្ញារបស់វាមានលក្ខណៈខុសប្លែកគ្នាទៅតាមសរីរាង្គផ្សេងៗដែលទទួលរងនូវការឈ្លានពានពីមេរោគ។
មូលហេតុបណ្ដាលឱ្យកើតជម្ងឺរបេងស្រោមខួរ
មិនខុសពីជម្ងឺរបេងប្រភេទផ្សេងៗទៀតនោះទេ របេងស្រោមខួរក៏បណ្ដាលមកពីមេរោគរបេងឈ្មោះ“មីកូបាក់តេរីយ៉ូម ទុយប៊ែ គុយឡូស៊ីស” ឬ“បាក់ស៊ីដឺកុក”។ ជម្ងឺរបេងស្រោមខួរមិនអាចឆ្លងទៅអ្នកផ្សេងបានទេ លុះត្រាតែអ្នកជម្ងឺមានជម្ងឺរបេងសួតរួមផ្សំជាមួយផង ទើបអាចចម្លងរោគទៅគេបាន។ កាលណាមេរោគរបេងឆ្លងចូលក្នុងខ្លួនមនុស្សតាមផ្លូវដង្ហើម វាអាចបង្ករោគនៅនឹងសួត ឬក៏សាយភាយតាមចរន្ដឈាមទៅបង្ករោគនៅកន្លែងណាមួយនៃរាងកាយ នៅពេលដែលប្រព័ន្ធការពារខ្លួនចុះខ្សោយ។ បើទោះជា មានការឆ្លងមេរោគរបេងចូលក្នុងខ្លួនក៏ដោយ មេរោគនេះមិនធ្វើឱ្យយើងឈឺបានទេ ប្រសិនបើប្រព័ន្ធការពារខ្លួនរបស់យើងមានភាព រឹងមាំ។ ការបង្ករោគអាចមានសភាពស្រាល ឬធ្ងន់ធ្ងរ អាស្រ័យលើបរិមាណនៃមេរោគដែលបានឆ្លងចូលក្នុងខ្លួន និងស្ថានភាពនៃសុខភាពរបស់បុគ្គលម្នាក់ៗ។ ជាទូទៅជម្ងឺរបេងស្រោមខួរភាគច្រើនកើតលើកុមារ ជាពិសេសកុមារតូចៗដែលសមត្ថភាពនៃប្រព័ន្ធ ការពាររាងកាយរបស់ពួកគេនៅមិនទាន់មានភាពរឹងមាំនៅឡើយ។ មានកត្ដាមួយចំនួនដែលធ្វើឱ្យរាងកាយមនុស្សចុះខ្សោយ ហើយ ងាយនឹងទទួលរងនូវការបង្ករោគជាជម្ងឺរបេងស្រោមខួរ ដូចជាអ្នកដែលមានជម្ងឺប្រចាំកាយរ៉ាំរ៉ៃ អ្នកផ្ទុកមេរោគអេដស៍ ឬអ្នកមាន កង្វះអាហាររូបត្ថម្ភ។ល។
រោគសញ្ញាជម្ងឺរបេងស្រោមខួរ
រោគសញ្ញាទូទៅនៃជម្ងឺរបេង ដូចជាក្ដៅខ្លួនស្រៀវស្រាញនៅពេលល្ងាច បែកញើសនៅពេលយប់ អស់កម្លាំង មិនឃ្លានអាហារ ស្រកទម្ងន់ជាដើម អាចកើតមានមុនពេលពេលដឹងថាមានជម្ងឺរបេងស្រោមខួរ។ ក្នុងករណីខ្លះជម្ងឺនេះអាចចាប់ផ្ដើមដំបូងដោយកើត នៅលើសួត ដែលរោគសញ្ញារបស់វាអាចមានក្អក ហត់ ឈឺទ្រូង ឬក្អកធ្លាក់ឈាមផង បន្ថែមពីលើរោគសញ្ញាទូទៅដែលបានលើកឡើង ខាងលើ។ ជម្ងឺរបេងស្រោមខួរស្ដែងឡើងដោយលេចចេញជារោគសញ្ញាសំខាន់ៗ ដូចជាក្ដៅខ្លួន ឈឺក្បាល រឹងក រឹងឆ្អឹងខ្នង ក្អួតចង្អោរ កន្ដ្រាក់ ឬប្រកាច់ ជួនកាលរហូតដល់សន្លប់ទៀតផងក៏មាន។
របៀបធ្វើរោគវិនិច្ឆ័យជម្ងឺរបេងស្រោមខួរ
មានវិធីចម្បងពីរយ៉ាងដើម្បីធ្វើរោគវិនិច្ឆ័យជម្ងឺរបេងស្រោមខួរ។ វិធីទីមួយមានលក្ខណៈងាយស្រួល និងចំណាយតិច ដែលគេ តែងតែអនុវត្ដជាប្រចាំនៅក្នុងវេជ្ជសាស្ដ្រ គឺការបូមយកទឹកខួរឆ្អឹងខ្នងទៅពិនិត្យ។ ចំណែកឯវិធីទីពីរមានការលំបាកបន្ដិច ដោយត្រូវ ការបច្ចេកវិជ្ជាខ្ពស់ និងចំណាយធនធានច្រើនទៀតផង គឺការពិនិត្យរូបភាពកាយវិភាគវិទ្យាលើជាលិកាដោយប្រើប្រព័ន្ធកុំព្យូទ័រ។ រូបភាពវិទ្យុសាស្ដ្រធម្មតាដោយប្រើកាំរស្មីអ៊ិច មិនអាចយកមកធ្វើរោគវិនិច្ឆ័យជម្ងឺរបេងស្រោមខួរបានឡើយ។ ចំពោះការធ្វើតេស្ដ សើស្បែកដោយប្រើសារជាតិភីភីឌី គ្រាន់តែបញ្ជាក់ពីការផ្ទុកមេរោគរបេងប៉ុណ្ណោះ ពោលគឺគេមិនអាចសន្និដ្ឋានថាបុគ្គលណាម្នាក់មាន ឬគ្មានជម្ងឺរបេង ដោយផ្អែកលើលិទ្ធផលនៃតេស្ដសើស្បែកនេះទេ។
វិធីព្យាបាលជម្ងឺរបេងស្រោមខួរ
ជាទូទៅការព្យាបាលជម្ងឺរបេងដែលមិនមានភាពស៊ាំនឹងថ្នាំ ត្រូវការរយៈពេលពី៦ទៅ៨ខែ ហើយប្រើឱសថពី៤ទៅ៥មុខលាយ បញ្ចូលគ្នា អាស្រ័យលើស្ថានភាពជម្ងឺដែលមានលក្ខណៈខុសគ្នាដែរ។ ការព្យាបាលជម្ងឺរបេងចាំបាច់តម្រូវឱ្យធ្វើដូតស៍ ពោលគឺអ្នកជម្ងឺ ត្រូវលេបថ្នាំក្រោមការត្រួតពិនិត្យមើលផ្ទាល់ដោយនរណាម្នាក់ដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ចំពោះជម្ងឺរបេងស្រោម ខួរវិញក៏ត្រូវព្យាបាលដោយវិធីសាស្ដ្រដូតស៍ដូចជម្ងឺរបេងផ្សេងទៀតដែរ។ ដោយសារតែជម្ងឺរបេងស្រោមខួរជាជម្ងឺមួយដែលមាន លក្ខណៈធ្ងន់ធ្ងរនោះ ការព្យាបាលត្រូវប្រើថ្នាំដល់ទៅ៥មុខនៅក្នុងវគ្គដំបូង ពោលគឺត្រូវប្រើថ្នាំចាក់ប្រភេទស្ដ្រិបតូមីស៊ីនផង។
ប្រការគួរប្រតិបត្ដិពេលកំពុងព្យាបាលជម្ងឺរបេងស្រោមខួរ
ដោយការព្យាបាលជម្ងឺនេះមានរយៈពេលយូរ និងប្រើថ្នាំច្រើនមុខទៀតដែលអាចមានការធ្វើទុក្ខខ្លះដោយសារផលរំខាននៃថ្នាំ។ ដូច្នេះការតាមដាន និងលើកទឹកចិត្ដជាកត្ដាសំខាន់បំផុតដើម្បីជួយឱ្យអ្នកជម្ងឺទទួលការព្យាបាលរហូតដល់ចប់ចុងចប់ដើម។ ការព្យាបាលត្រូវតែមានលក្ខណៈទៀងទាត់ ដោយឱ្យអ្នកជម្ងឺលេបថ្នាំរៀងរាល់ថ្ងៃមិនឱ្យអាក់ខាន ឬបោះបង់ការព្យាបាលកណ្ដាលទីនោះ ទេ ព្រោះការព្យាបាលមិនត្រឹមត្រូវជាមូលហេតុនាំឱ្យមេរោគរបេងស៊ាំនឹងថ្នាំ។ បើកាលណាមេរោគរបេងស៊ាំនឹងថ្នាំហើយ គឺមានការលំបាកខ្លាំងណាស់ ទាំងអ្នកជម្ងឺ និងសង្គមជាតិ។ បើកើតជម្ងឺរបេងស៊ាំនឹងថ្នាំត្រូវព្យាបាលរហូតដល់២ទៅ៣ឆ្នាំ ហើយអត្រាជាសះស្បើយទាបណាស់។
វិធីបង្ការជម្ងឺរបេងស្រោមខួរ
វិធីការពារដែលល្អបំផុតគឺធ្វើយ៉ាងណាកុំឱ្យមេរោគរបេងឆ្លងចូលក្នុងខ្លួន។ ធ្វើយ៉ាងដូច្នេះបានលុះត្រាតែយើងលុបបំបាត់ប្រភព ចម្លងរោគ ពោលគឺស្រាវជ្រាវរកអ្នកជម្ងឺរបេង និងព្យាបាលឱ្យជាសះស្បើយ។ តែពេលខ្លះយើងមិនបានដឹងទេថា អ្នកណាមាន ជម្ងឺរបេងឬក៏អត់។ ការចម្លងរោគនេះធ្វើទៅបានលុះត្រាតែអ្នកជម្ងឺមានដំបៅរបេងក្នុងសួត និងក្អកកណ្ដាស់ទៀតផង។ ដើម្បីការពារ កុំឱ្យឆ្លងមេរោគរបេង គេត្រូវឱ្យអ្នកជម្ងឺរបេងសួតពាក់ម៉ាស ឬយកកន្សែងឬក្រមាខ្ទប់មាត់នៅពេលនិយាយស្ដី ឬក្អកកណ្ដាស់។ ក្នុងករណីដែលអ្នកណាម្នាក់មានជម្ងឺរបេងស្រោមខួរតែមួយមុខ អ្នកនោះឯងមិនចម្លងមេរោគរបេងទៅអ្នកផ្សេងបានឡើយ។ ត្រូវដាក់កុមារតូចៗឱ្យនៅឆ្ងាយពីអ្នកជម្ងឺរបេង ដើម្បីការពារការចម្លងដល់កុមារដែលមានប្រព័ន្ធការពាររាងកាយមិនទាន់រឹងមាំ។
ផលវិបាករបស់ជម្ងឺរបេងស្រោមខួរ
មិនខុសពីជម្ងឺរ៉ាំរ៉ៃដទៃទៀតឡើយ ជម្ងឺរបេងស្រោមខួរអាចបង្កការលំបាកចំពោះអ្នកជម្ងឺខ្លួនឯង ចំពោះគ្រួសារ និងសង្គមជាតិ ផងដែរ។ ជម្ងឺរបេងស្រោមខួរអាចជាសះស្បើយដោយមិនមានកាកសំណល់ បើសិនជាទទួលការព្យាបាលត្រឹមត្រូវទាន់ពេលវេលា។ ទន្ទឹមនឹងនោះជម្ងឺនេះក៏អាចបន្សល់ទុកនូវផលវិបាកមួយចំនួនក្នុងរយៈពេលវែងរហូតដល់មួយជីវិតផង។ បញ្ហាដែលគួរឱ្យបារម្ភខ្លាំង ជាងគេគឺជាប់ទាក់ទងនឹងប្រព័ន្ធប្រសាទដែលអាចបណ្ដាលឱ្យអ្នកជម្ងឺមានវិបត្ដិ សតិបញ្ញា និងវិបត្ដិប្រព័ន្ធចលនា។ បញ្ហាទាំងនេះច្រើន តែបន្សល់ទុក ជាពិសេសចំពោះកុមារដែលធ្វើឱ្យកុមារបាត់បង់ភាពឆ្លាតវៃ មិនគ្រប់លក្ខណៈ និងមានការកន្ដ្រាក់ប្រកាច់ជាដើម។
ដំបូន្មានអ្នកប្រឹក្សា
សេវាពិនិត្យស្រាវជ្រាវ និងព្យាបាលជម្ងឺរបេងគឺមិនបង់ប្រាក់ទេ ហើយសេវានេះមាននៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ប្រសិនបើលោកអ្នក ឬកូនចៅលោកអ្នកមានរោគសញ្ញាសង្ស័យត្រូវប្រញាប់រួសរាន់ទៅពិគ្រោះ យោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាលទាន់ពេលវេលា។ សូមមេត្ដាពិនិត្យតាមដានសុខភាពកូនចៅតូចៗរបស់លោកអ្នកផង បើពួកគេមានក្ដៅខ្លួន រឹងក រឹងឆ្អឹងខ្នង ក្អួតចង្អោរ ឬប្រកាច់ ត្រូវប្រញាប់យកកូនចៅទៅមន្ទីរពេទ្យជាបន្ទាន់កុំឱ្យយឺតពេល ព្រោះពួក គេអាចមានជម្ងឺរបេងស្រោមខួរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩
Leave a Reply