ជម្ងឺគ្រុនឈាមជាជម្ងឺដែលសាហាវ ហើយអាចសម្លាប់ជីវិតកុមារបាន ប្រសិនបើមិនមានការជួយសង្គ្រោះទាន់ពេលវេលា។ ដោយឈរលើហេតុផលនេះហើយ ទើបទាមទារឱ្យលោកអ្នកជាឪពុកម្ដាយ ឬអាណាព្យាបាលយកចិត្ដទុកដាក់ក្នុងការមើលថែទាំកុមារ ជាពិសេសនៅរដូវវស្សាដែលមានភ្លៀងធ្លាក់ជោកជាំ ជាហេតុធ្វើឱ្យមានការកកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជម្ងឺ។ ជារៀងរាល់ឆ្នាំក្រសួងសុខាភិបាលក៏ដូចជាមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនឈាមក៏ដូចជាមន្ទីរពេទ្យនានា បានយកចិត្ដទុកដាក់យ៉ាងខ្លាំង ទៅលើការទប់ស្កាត់ដោយសំដៅកាត់បន្ថយមរណៈភាពកុមារដោយសារជម្ងឺគ្រុនឈាម។
លោក ង៉ាន់ ចាន់ថា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនឈាមមានប្រសាសន៍ឱ្យដឹងថា នៅក្នុងរដូវវស្សាខាងមុខនេះមជ្ឈមណ្ឌលបានត្រៀមរួចជាស្រេច ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជម្ងឺនេះ នៅតាមបណ្ដាខេត្ដក្រុងទាំងអស់។ ការត្រៀមទាំងអស់នេះមានដូចជា ៖
ជាមួយនិងយុទ្ធសាស្ដ្រខាងលើនេះ ក្រសួងសុខាភិបាលក៏ដូចជាមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនឈាមក៏ត្រៀមនូវការ សង្គ្រោះបន្ទាន់នៅពេទ្យ ដែលមានករណីផ្ទុះឡើងនូវជម្ងឺនេះ។ នៅពេលនេះក៏មានករណីជម្ងឺគ្រុនឈាមនៅតាមបណ្ដាខេត្ដមួយ ចំនួនដែរ តែមិនទាន់មានករណីគ្រោះថ្នាក់ដល់អាយុជីវិតកុមារនៅឡើយទេ។ តាមការសិក្សាជាក់ស្ដែង ជម្ងឺគ្រុនឈាមច្រើនកើតមាន ច្រើនករណីនៅក្នុងរដូវវស្សា តែមិនមែនមានន័យថាក្នុងរដូវប្រាំងគ្មាននោះទេ គឺមាន គ្រាន់តែមានអត្រាទាបតែប៉ុណ្ណោះ។ ជាទូទៅជម្ងឺគ្រុនឈាមច្រើនកើតមាននៅក្នុងតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ដូចជានៅរាជធានីភ្នំពេញ ខេត្ដកំពង់ចាម ខេត្ដបន្ទាយមាន ជ័យ ខេត្ដកណ្ដាលជាដើម។
លោក ង៉ាន់ ចាន់ថា មានប្រសាសន៍បន្ដទៀតថា ដើម្បីការពារក៏ដូចជាទប់ស្កាត់ជម្ងឺគ្រុនឈាមនេះ គឺត្រូវតែមានការ សហការណ៍គ្នា មិនមែនមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនឈាម ឬក្រសួងសុខាភិបាលធ្វើតែឯងបានសម្រេចនោះទេ ទាល់តែមាន ការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសមាតាបិតាកុមារតែម្ដង គឺរួមគ្នាបំបាត់ជម្រកមូសខ្លាដែលជាភ្នាក់ចម្លងរោគ។ អ្វីដែលត្រូវយក ចិត្ដទុកដាក់ដល់គឺការយកកូនលោកអ្នកទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់កុមារ ព្រោះថាការ ស្លាប់របស់កុមារដោយសារជម្ងឺគ្រុនឈាមក្នុងពេលកន្លងមក ភាគច្រើនកើតមានដោយការយកកុមារមកកាន់មន្ទីរពេទ្យមិនទាន់ពេលវេលា។ ជាមួយគ្នានេះផងដែរ លោកក៏បានសំណូមពរដល់មាតាបិតាទាំងអស់ត្រូវយកចិត្ដទុកដាក់តាមដានសុខភាពកុមារឱ្យបាន ត្រឹមត្រូវ បើកុមារកម្ដៅខ្លួនខុសប្រក្រតី ត្រូវនាំកូនមកកាន់មន្ទីរពេទ្យជាបន្ទាន់ ហើយមិនត្រូវប្រើប្រាស់ប្រភេទថ្នាំអាស្ពឺរីនឱ្យសោះ ព្រោះនាំឱ្យគេមានគ្រោះថ្នាក់បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩
Leave a Reply