ក្នុងមួយឆ្នាំៗមាននិស្សិតរាប់ពាន់នាក់បានបញ្ចប់ការសិក្សា ហើយអ្នកទាំងនោះត្រូវការជាចាំបាច់នូវការបំពេញការងារ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិតរបស់ពួកគេ និងក្រុមគ្រួសារ។ មិនមែនតែនិស្សិតទេដែលមានការលំបាក សូម្បីតែអ្នកដែលមាន ចំណេះដឹងបន្ដិចបន្ដួចដែលមានលទ្ធភាពត្រឹមតែបំពេញការងារជាកម្មករក៏ពិបាកក្នុងការស្វះស្វែងរកការងារធ្វើដែរ នៅពេលបច្ចុប្បន្ន នេះ។ ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលកំពុងមានវិបត្ដិផងនោះ បានធ្វើឱ្យភាពអត់ការងារធ្វើនៅកម្ពុជាកាន់តែកើនឡើងជាលំដាប់។
ដើម្បីចូលរួមចំណែកក្នុងទិវាពលកម្មអន្ដរជាតិនៅលេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមបង្ហាញជូនអំពីស្ថានភាពដែល ប្រជាពលរដ្ឋខ្មែរក៏ដូចជានៅក្នុងពិភពលោកកំពុងជួបប្រទះគឺភាពអត់ការងារធ្វើ ដែលកត្ដានេះមានឥទ្ធិពលយ៉ាងណាខ្លះនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ សូមស្វែងយល់ពីបញ្ហានេះតាមរយៈការបកស្រាយរបស់លោក សោម ចំណាន នាយកប្រតិបត្ដិនៃសហព័ន្ធ និយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា។
ភាពអត់ការងារធ្វើកើនឡើងនៅកម្ពុជា
កម្ពុជាជាប្រទេសដែលមានកំណើនយុវជនច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនេះជាបន្ទុកដ៏ធ្ងន់របស់ រដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត សំដៅធ្វើយ៉ាងណាបង្កើតឱ្យមានស្ថាប័នការងារឱ្យបានច្រើន ដើម្បីទប់ទល់នឹងកំណើន នេះ។ បើតាមស្ថានភាពនៅកម្ពុជានៅពេលបច្ចុប្បន្ននេះ ដោយសារតែជួបប្រទះនូវឥទ្ធិពលរបស់វិបត្ដិសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យ អត្រាអត់ការងារធ្វើនៅកម្ពុជាបានកើនឡើងយ៉ាងគំហុក។
មូលហេតុនៃកំណើនភាពអត់ការងារធ្វើ
នៅកម្ពុជាភាពអត់ការងារធ្វើកើតមានឡើងដោយសារកត្ដាមួយចំនួន ដែលជាចន្លោះប្រហោងរបស់ស្ថាប័នពាក់ព័ន្ធ ជា ពិសេសបុគ្គលខ្លួនឯងផ្ទាល់តែម្ដង។ សូមស្វែងយល់ពីមូលហេតុមួយចំនួនដែលបណ្ដាលឱ្យមានកំណើនភាពអត់ការងារធ្វើនៅកម្ពុជា ដែលមានដូចជា ៖
1 . ឥទ្ធិពលនៃវិបត្ដិសេដ្ឋកិច្ចពិភពលោក ៖ នៅពេលមិនទាន់មានវិបត្ដិសេដ្ឋកិច្ចពិភពលោកនោះ កម្ពុជាបានប្រឈមមុខរួចទៅហើយ នូវភាពអត់ការងារធ្វើដែលមានចំនួនកើនឡើងជារៀងរាល់ឆ្នាំ។ រយៈពេលដែលកម្ពុជាទទួលរងឥទ្ធិពលនៃវិបត្ដិនេះ រោងចក្រកាត់ដេរដែលជាក្ដីរំពឹងដល់ការស្រូបទាញកម្លាំងកម្មករនេះបានបិទទ្វារ៨០ភាគរយទៅហើយ។ នេះជាមូលហេតុមួយដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាបាត់បង់ការងារមានមិនតិចជាងពី៦ទៅ៧ម៉ឺននាក់នោះទេ។ ម្យ៉ាងវិញទៀតការធ្លាក់ចុះនៃវិស័យសំណង់ក៏បានធ្វើឱ្យបុគ្គលិកកម្មករបាត់បង់ការងារមិនតិចជាង២ម៉ឺននាក់នោះទេ។ ជាមួយគ្នានេះក៏មានគ្រឹះស្ថាន និងស្ថាប័នមួយចំនួនបាននឹងកំពុងកាត់បន្ថយការជ្រើសរើស ហេតុនេះហើយធ្វើឱ្យចំនួននៃការបញ្ចប់ការសិក្សារបស់និស្សិតមានចំនួនមិនសមាមាត្រនឹងទីផ្សារការងារ។
2 . ធនធានមនុស្សនៅមានកម្រិត ៖ ថ្វីត្បិតតែការបណ្ដុះបណ្ដាលនិស្សិតមានកំណើនកើនឡើងជារៀងរាល់ឆ្នាំក៏ពិតមែន តែចំនួននិស្សិតដែលបានឆ្លើយតបនឹងតម្រូវការរបស់ស្ថាប័ននានានោះ នៅមានកម្រិតនៅឡើយ។ ទាំងនេះអាចបណ្ដាលមកពីនិស្សិត មិនមានការយកចិត្ដទុកដាក់ក្នុងការរៀនសូត្រ មានតែបរិញ្ញាតែគ្មានចំណេះដឹង។ ម្យ៉ាងអាចបណ្ដាលមកពីកម្មវិធីសិក្សារបស់គ្រឹះ ស្ថាននានាមិនទាន់មានស្ដង់ដារគ្រប់គ្រាន់ ឬក៏អាចមកពីការជ្រើសរើសយកមុខវិជ្ជាសម្រាប់សិក្សាជំនាញមិនឆ្លើយតបតាមតម្រូវការ ការងារ។
ផលប៉ះពាល់នៃភាពអត់ការងារធ្វើនៅកម្ពុជា
មិនជាបញ្ហាតូចតាចនោះទេ នៅពេលដែលប្រទេសមួយពោរពេញទៅដោយមនុស្សទំនេរនោះ ព្រោះមនុស្សដែលទំនេរនេះ ហើយដែលជាមេបង្កបញ្ហា។ មានពេលទំនេរអាចនាំឱ្យលោកអ្នកមួយចំនួនមានគំនិតផ្ដេសផ្ដាស ហើយអាចបង្កនូវការពិបាកដល់សង្គម ជាតិទៀតផង។
1 . ការប៉ះពាល់ចំពោះបុគ្គលផ្ទាល់ ៖ អ្នកដែលមិនមានការងារធ្វើគឺមានភាពទំនេរច្រើន ជាហេតុធ្វើឱ្យគេអាចប្រឈមមុខជម្ងឺផ្លូវចិត្ដ ដែលមានដូចជាថប់អារម្មណ៍ជាដើម ហើយនាំឱ្យគេផ្លាស់ប្ដូរចរិតលក្ខណៈផ្ទាល់ខ្លួន ប្រែក្លាយទៅជាមនុស្សឆេវឆាវ ឆាប់ខឹង និងងាយបង្កទំនាស់ជាមួយអ្នកដទៃ។ អ្វីដែលធ្ងន់ធ្ងរជាងនេះនោះ គេអាចប្រព្រឹត្ដអ្វីដែលជាអំពើមិនត្រឹមត្រូវ ដូចជាការសេពគប់មិត្ដភក្ដិមិនល្អ ប្រើប្រាស់គ្រឿងញៀន ឬក៏អាចប្រព្រឹត្ដអំពើឧបាយមុខគ្រប់ប្រភេទបាន។ ការប្រព្រឹត្ដអំពើទាំងនេះលទ្ធផលចុង ក្រោយមិនមែនជារឿងដែលប្រសើរនោះទេ។
2 . ផលប៉ះពាល់ចំពោះគ្រួសារ ៖ ប្រសិនបើគ្រួសារទាំងមូលមានសមាជិកច្រើនដែលគ្មានការងារធ្វើនោះ នាំឱ្យសេដ្ឋកិច្ច គ្រួសារត្រូវធ្លាក់ចុះ គ្រួសារជួបប្រទះនូវភាពខ្វះខាត ជួនកាលអាចនាំឱ្យមានជម្លោះ ឬអំពើហិង្សានៅក្នុងគ្រួសារទៀតផង។
3 . ផលប៉ះពាល់ចំពោះសង្គម ៖ នេះជាអំរែកដ៏ធ្ងន់ធ្ងរមួយដែលសង្គមត្រូវប្រឈមមុខ។ តើប្រទេសជាតិអាចរីកចម្រើនទៅរួចដែរឬទេ ខណៈពេលដែលចំនួននៃអ្នកគ្មានការងារធ្វើបានកើនឡើងនោះ។ សង្គមជាតិទាំងមូលនឹងជួបប្រទះនូវវិបត្ដិគ្មានការងារធ្វើ ហើយជាហេតុផលមួយដែលនាំឱ្យប្រទេសជាតិធ្លាក់ចុះក្នុងហានិភ័យ។
ដំណោះស្រាយបញ្ហាអត់ការងារធ្វើ
មានវិធីមួយចំនួនដែលអាចដោះស្រាយបញ្ហានេះបាន ដែលត្រូវការជាចាំបាច់នូវការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជា ៖
- គ្រឹះស្ថានអប់រំត្រូវបង្កើនគុណភាពនៃការអប់រំ ដើម្បីឱ្យសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារ។
- សិស្សនិស្សិតទាំងអស់ត្រូវយល់ឱ្យច្បាស់ពីទីផ្សារការងាររបស់ប្រទេសជាតិ ដើម្បីជ្រើសរើសជំនាញឱ្យបានសមស្រប និងតម្រូវទៅតាមនោះដែរ។ ម្យ៉ាងទៀតការយកចិត្ដទុកដាក់ក្នុងការសិក្សាជារឿងដែលចាំបាច់បំផុត។ ការធ្វើកម្មសិក្សា ការបំពេញ ការងារដោយស្ម័គ្រចិត្ដអាចជាបទពិសោធន៍មួយយ៉ាងល្អសម្រាប់បំពេញការងារ។ ការចេះសរសេរប្រវត្ដិរូបផ្ទាល់ខ្លួន ប្រវត្ដិការងារ លិខិតសុំបំពេញការងារជារឿងដែលត្រូវតែចេះគ្រប់គ្នា។
- ចំពោះរដ្ឋាភិបាលមានភារកិច្ចជំរុញការវិនិយោគ ដើម្បីផ្ដល់លទ្ធភាពការងារដល់យុវជនយើង ជាពិសេសនោះត្រូវយកចិត្ដទុកដាក់ទៅលើគុណភាពនៃការអប់រំ ដើម្បីបង្កើតបានជាធនធានមនុស្សដែលបំពេញតម្រូវការទីផ្សារការងារបាន។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើចង់បានការងារធ្វើ លោកអ្នកគប្បីស្គាល់ពីសមត្ថភាពខ្លួនឯងឱ្យបានច្បាស់ ដើម្បីជ្រើសរើសតួនាទីឱ្យសមស្រប។ ការរកការងារធ្វើមិនពិបាកណាស់ណាទេ ប្រសិនបើយុវជនមានសមត្ថភាពគ្រប់គ្រាន់។ សូមព្យាយាមកសាងខ្លួនឱ្យក្លាយទៅជាធនធន មនុស្សម្នាក់សម្រាប់សង្គមជាតិ នោះជាការជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩
Leave a Reply