ការរៀនក្បាច់គុន និងអក្សរសាស្ដ្រគឺជាវត្ថុចម្បងសម្រាប់កូនប្រុសពីបុរាណកាល ក្នុងការយកមកបម្រើប្រទេសជាតិ។ ក្បាច់គុនក៏ជាមែកធាងនៃវប្បធម៌សម្រាប់សម្គាល់អត្ដសញ្ញាណរបស់ជាតិសាសន៍នីមួយៗផងដែរ។ ដូនតាខ្មែរយើងមិនត្រឹមតែជា បុព្វជនដ៏ឆ្នើមក្នុងការកសាងប្រទេសនោះទេ ថែមទាំងជាមនុស្សមានគំនិតច្នៃប្រឌិតក្នុងការរិះរកចងក្រងវត្ថុដ៏មានតម្លៃទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ ក្នុងនោះក៏បានបន្សល់នូវយុទ្ធគុនដែលមិនអាចកាត់ថ្លៃបានសម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយគ្រប់រូបបង្ហាញមោទនៈភាពរបស់ខ្មែរ។
នៅក្នុងលេខនេះ ទស្សនាវដ្ដី សុខភាពយើង នឹងបង្ហាញពីមរតកក្បាច់គុនខ្មែរល្បុក្កតោ តាមរយៈបទសម្ភាសន៍របស់ លោកគ្រូ មាស សុខ អ្នកជំនាញក្បាច់គុន និងជាអ្នករៀបរៀងសៀវភៅ“ក្បាច់ល្បុក្កតោខ្មែរ”។
ល្បុក្កតោ ជាអ្វី?
ល្បុក្កតោគឺជាយុទ្ធគុនការពារខ្លួនរបស់ខ្មែរដែលមានតាំងពីមុនជំនាន់សម័យមហានគរមកម្ល៉េះ។ ល្បុក្កតោត្រូវបានប្រើប្រាស់ ក្នុងការថែរក្សាបូរណភាពទឹកដី ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់សត្រូវដែលតែងតែទន្ទ្រានលើដែនដីសុវណ្ណភូមិរបស់យើង។ ក្បាច់គុនទាំងនេះមានក្បាច់ដៃ គុនដាវ គុនដំបងខ្លី វែង គុនកន្សែង គុនក្រាប់ គុនកូនតឹង គុនខ្សែគាថា ចំបាប់។ល។ ដែលក្បាច់ទាំងនោះ បង្កប់នូវភាពស្លូតបូត រហ័សរហួន មាំទាំទន់ភ្លន់ និងមានក្បាច់យ៉ាងជាក់លាក់ទៀតផង។
ប្រវត្ដិក្បាច់ល្បុក្កតោ
ក្បាច់គុនល្បុក្កតោមានប្រវត្ដិតាំងពីមុនសម័យអង្គរមកម្ល៉េះ អ្នកដែលបានបង្កើតក្បាច់នេះមុនគេ គឺជាសេនារបស់ស្ដេចមួយ
អង្គដែលគាត់មានឈ្មោះថា សតិកុរិ។ ក្នុងរាជព្រះបាទច័ន្ទរាជាទីមួយ ក្រោយពីព្រះអង្គបានសង្គ្រោះប្រទេសជាតិពីការឈ្លានពាន របស់ប្រទេសចាម សៀម និងបានស្ដ្ការនូវស្ថានភាពនគររួចរាល់ហើយនោះ ទ្រង់បានប្រមូលអ្នកប្រាជ្ញខាងអក្សរសាស្ដ្រ មានបណ្ឌិត ម៉ុក បណ្ឌិត អ៊ូ អុំ និងបណ្ឌិត ល័ក្ខ មកចងក្រងជាសៀវភៅក្បាច់គុនខ្មែរ9ល្បុក្កតោប ក្នុងគោលបំណងថែរក្សាទុកជាកេរដំណែល សម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រ ជាប្រយោជន៍ប្រទេសជាតិ។ ប៉ុន្ដែក្រោយពេលដែលបានចងក្រងរួចហើយក៏ដាក់ចូល ក្នុងព្រះបណ្ណាល័យនោះ ឯកសារទាំងនោះត្រូវបានបាត់បង់ចំនួន៤ភាគ៧នៃឯកសារចងក្រង ដោយសារអំពើក្បត់របស់ព្រះបាទ ពញ្ញា អុង ដែលបានលួចយកឯកសារទាំងនោះទៅថ្វាយព្រះចៅក្រុមសៀម។ ដូច្នេះហើយទើបយើងឃើញថា ប្រទេសថៃមានក្បាច់ល្បុក្កតោនេះដែរ ព្រោះថាបានចម្លង និងហាត់រៀនតាមឯកសារគុនខ្មែរ។ ការបាត់បង់របស់ក្បាច់នេះបានបន្ដរហូតដល់រាជព្រះបាទអង្គឌួង និងក្នុងសម័យអាណានិគមបារាំង។ ដោយឃើញពីឥទ្ធិពល និងភាពខ្លាំងក្លារបស់ក្បាច់នេះ អាជ្ញាធរបារាំងបានបំបិទការហាត់ក្បាច់នេះ ហើយប្ដូរទៅជាក្បាច់ប្រដាល់សេរីវិញ។ ក្បាច់ប្រដាល់សេរីគឺជាផ្នែកតូចមួយនៃក្បាច់គុនល្បុក្កតោខ្មែរយើង។
មូលដ្ឋានគ្រឹះនៃក្បាច់គុនល្បុក្កតោ
ដោយក្បាច់ល្បុក្កតោគឺជាយុទ្ធគុនមានភាពអាថ៌កំបាំង ការផ្សំថ្នាំគង់សម្រាប់ធ្វើឱ្យស្បែកស្វិតលាយឡំជាមួយមន្ដអាគមផង
នោះ។ ហេតុនេះរាល់ការហាត់រៀននូវយុទ្ធគុននេះ ត្រូវធ្វើឡើងតាមលំដាប់ និងមានត្រណម បូករួមជាមួយការរៀបគ្រឿងរណ្ដាប់ តាមក្បួនខ្នាតត្រឹមត្រូវ។ ខាងក្រោមនេះគឺជាវិធី និងត្រណមដែលសិស្សហាត់គុនត្រូវគោរព និងធ្វើតាម ៖
1 . របៀបរៀបគ្រឿងរណ្ដាប់
- ក្នុងរោងហាត់គុនល្បុក្កតោខ្មែរមាន ៖ នៅប្របជញ្ជាំងខាងលិច មានតុដាក់គ្រឿងព្លីសម្រាប់ឱ្យសិស្សយកទៀនធូបទៅអុជបូជាព្រះពិស្ណុការរាល់ថ្ងៃ មុនពេលចាប់ផ្ដើមហាត់។
- នៅខាងកើតមិនឆ្ងាយពីរោងប៉ុន្មានមានធ្វើរានសម្រាប់សែនព្រេន៣ថ្នាក់ តម្កល់បាយសី ទឹកអប់ លាជ ផ្កា ដែលជា គ្រឿងបូជាចំពោះគ្រូ។ ក្នុងនោះមាន ស្លាជម ដោតគ្រប់ទិសទាំងប្រាំបី។
- ដំបូងសិស្សជុំគ្នានៅក្នុងរោងធ្វើពិធីសែនព្រេនប្រោះព្រំសិស្សទាំងអស់ គ្រូយកអំបោះជ័យទៅចងគ្រប់ដៃរបស់សិស្ស។ រួចសិស្សនាំគ្នាអុជទៀនធូប ដោតនៅរានម៉ា ដោយអធិដ្ឋានសុំឱ្យគ្រូចូលមកសណ្ឋិត ឱ្យរៀនឆាប់ចេះចាំ។
2 . ត្រណម
- ត្រណមទី១ ៖ សិស្សទាំងអស់ត្រូវតមប្រកួតគ្នាលេង
- ត្រណមទី២ ៖ ដាច់ខាតមិនឱ្យនាំមនុស្សស្រីចូលរោងហាត់រៀន
- ត្រណមទី៣ ៖ សិស្សមិនត្រូវប៉ះពាល់តង្វាយព្រះពិស្ណុការឡើយ។
អ្នកហាត់ក្បាច់ល្បុក្កតោ
ដោយសារក្បាច់គុនខ្មែរជាសិល្បៈតស៊ូដែលមានចរិតលក្ខណៈទន់ភ្លន់បង្កប់ភាពរឹងមាំ។ ដូចនេះសម្រាប់ការហាត់ក្បាច់គុន ល្បុក្កតោពុំទាមទារលក្ខណៈសម្បត្ដិកាយសម្បទាខ្លាំងនោះទេ សំខាន់បំផុតភាពរឹងមាំនៃឆ្អឹងរបស់អ្នកហាត់តែប៉ុណ្ណោះ។ ក្បាច់នេះត្រូវបានបង្កើតឡើងតាមលក្ខណៈចង្វាក់រាំទន់ភ្លន់ ដែលមើលហាក់ដូចជាកាយវិការរបស់ហនុមានកំពុងតែបញ្ចេញប្រកបដោយភាពសាំ ញ៉ាំ។ ហេតុផលបានបង្កើនការទាមទារឱ្យមានភាពអំណត់ និងតស៊ូខ្លាំងក្នុងការហាត់ ត្រូវចៀសឱ្យបាននូវការច្រឡោតទាំងឡាយ។
សារៈប្រយោជន៍នៃក្បាច់ល្បុក្កតោ
ការហាត់ក្បាច់ល្បុក្កតោមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ និងស្មារតី ហើយក៏ជាសិល្បៈតស៊ូមួយដែលអាចយក មកប្រើប្រាស់ការពារខ្លួន។ អ្នកហាត់ក្បាច់ល្បុក្កតោនឹងទទួលបានភាពរហ័សរហួនគ្រប់សារពាង្គកាយ មិនថាដៃ ជើង ភ្នែក និងចិត្ដ គំនិតនោះទេ។ ព្រោះថាគ្រប់ចលនានៃក្បាច់នេះសុទ្ធសឹងបង្ហាញនៃភាពរឹងប៉ឹង និងទន់ភ្លន់ ដែលតម្រូវឱ្យរាងកាយធ្វើចលនាគ្រប់ កន្លែង។
ចំណាត់ថ្នាក់ក្បាច់ល្បុក្កតោ
នៅក្នុងគុនល្បុក្កតោខ្មែរត្រូវបានបែងចែកជា១៣ទ្វារ និងមេធំៗសំខាន់៣៧៩មេ ដែលក្នុងមួយមេមានពី២០ទៅ៣០ ស្នៀត។ បើសិនជាយើងបូកសរុបស្នៀតទាំងអស់ គឺមាន៩០៤៩ស្នៀតទៅប្រភេទនៃអវយវៈរាងកាយយើង ដូចជារបៀបវ៉ៃកែង ជង្គង់ ដៃ និងជើង។ ប៉ុន្ដែមេគុនដែលសំខាន់ទាំងនោះ មានដូចជាមេខ្លាក្រាប ស្រងែពែន បាតជើង អារក្ស ចង្វាផ្ដៅ ក្រពើហា នាងហ៊ីង បាំងមុខ បាតដៃព្រះនររាណ៍ ថ្វាយភួងព្រះរាម ឥន្ទ្រីកងស្បង់ ឥន្ទ្រីបិទមុខជាដើម។ ទាំងនេះជាក្បាច់គុនខ្មែរដែលមានវិសាលភាព ធំធេងមិនអាចគណនាបាន ដែលកូនខ្មែរគ្រប់រូបគួរតែយល់ដឹង ស្វែងយល់ឱ្យស៊ីជម្រៅ និងគួរតែលើកតម្កើង។
ដំបូន្មានអ្នកឯកទេស
ក្បាច់គុនល្បុក្កតោជាសិល្បៈតស៊ូរបស់ខ្មែរយ៉ាងពិតប្រាកដ ពុំមែនជាវប្បធម៌ចម្លងពីបរទេសនោះទេ។ ដូចនេះយើងជាកុលបុត្រខ្មែរគ្រប់គួរតែស្វែងយល់ និងលើកតម្កើងមរតកដូនតាមួយនេះឱ្យបានគង់វង្សតទៅ សម្រាប់កូនចៅជំនាន់ក្រោយស្វែងយល់ និងសិក្សាបន្ដក្នុងន័យថែរក្សាវប្បធម៌ ទំនៀមទម្លាប់ខ្មែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩
Leave a Reply