សុខភាព​ស្ដ្រី​តាមវ័យ ៖ ការ​តាំងគភ៌​ដំបូង(ត)

ស្ដ្រី​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់ធ្វើ​ជាម្ដាយ​របស់កូន ទោះបីជា​ដឹងថា​ភារៈ​ជាម្ដាយ​លំបាក​យ៉ាងណា​ក៏ដោយ។ ដើម្បី​ក្លាយខ្លួនជា​ម្ដាយ ស្ដ្រី​ចាំបាច់​ត្រូវយល់​ដឹងពី​បញ្ហា​មួយ​ចំនួន​ដែលអាច​កើតមាន​ឡើង​នៅពេល​មាន​ផ្ទៃពោះ​ជាមុន​សិន ជា​ពិសេស​សម្រាប់​អ្នកម្ដាយ​ថ្មីថ្មោង​ទាំងឡាយ។ ព្រោះ​ការយល់​ដឹងនូវ​រឿងរ៉ាវ​ទាំងឡាយ​ដែលខ្លួន​អាចជួប​ប្រទះ​នោះជា​រឿង​ប្រសើរ​បំផុត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខមុនៗ លោកអ្នក​ជាពិសេស​សុភាព​នារី​ទាំងអស់​បានជ្រាប​ជាច្រើន​ហើយ​អំពី​បញ្ហា​សុខភាព​ស្ដ្រី ដែលមាន លក្ខណៈ​សាំញ៉ាំ​ច្រើន។ នៅលេខ​នេះសូម​ស្វែងយល់​អំពី​ប្រការ​គួរយល់​ដឹងមួយ​ចំនួន​ដែល​ចាំបាច់​សម្រាប់​ស្ដ្រីដែល​មាន​បំណង​ចង់បាន កូន។

រោគ​សញ្ញា​សង្ស័យ​ថាមាន​ផ្ទៃពោះ

ស្ដ្រី​ដែលអាច​មាន​ផ្ទៃពោះ​គឺស្ដ្រី​ដែលមាន​ការ​រួមភេទ ឬ​ក៏ស្ដ្រី​ដែលបាន​រៀបការ​រួច។ ហេតុនេះ​ស្ដ្រី​ទាំងនោះ​មាន​ចំណេះដឹង ខ្លះៗ ហើយ​អំពី​សរីរាង្គ​បន្ដពូជ ពេល​វេលា​មានកូន ការ​ប្រែប្រួល​ទាំងឡាយ​ដែលជា​សញ្ញា​បញ្ជាក់​ថាមាន​ផ្ទៃពោះ​ជាដើម។ ស្ដ្រីម្នាក់ៗ អាច​សង្ស័យ​ថា ខ្លួនអាច​មានផ្ទៃ​ពោះ​បាន​ដោយ​មានការ​លេចចេញ​នូវ​សញ្ញា​មួយចំនួន ដូចជា ៖

1 . ការ​បាត់ឈាម​រដូវ ៖ នៅក្នុង​រយៈពេល​ពីរសប្ដាហ៍​បន្ទាប់​ពី​មេជីវិត​ទាំងពីរ​ជួបគ្នា បង្កជា​ការចាប់​កំណើត​ថ្មី ស្ដ្រីអាច បាត់​ឈាមរដូវ​ដែល​ធ្លាក់តាម​ទម្លាប់​ធម្មតា។ ទោះបី​ជាការ​មាន​ផ្ទៃពោះ ភាគច្រើន​អាចដឹង​ដោយ​សារការ​បាត់ឈាម​រដូវក៏​ដោយ ក៏វា មិនមែន​ជា​មូលហេតុ​តែមួយ​គត់នោះ​ទេ។ ដូច្នេះ​ការបាត់​ឈាមរដូវ​មិនមែន​ជាសញ្ញា​ដាច់ខាត​ថា ស្ដ្រីមាន​ផ្ទៃពោះ​ឡើយ។ ជម្ងឺ​ធ្ងន់ធ្ងរ ការ​ធុញថប់ អារម្មណ៍​ខ្លាំងក្លា ការវះ​កាត់​ជាដើម ក៏អាច​បង្កឱ្យ​មានការ​បាត់ឈាម​រដូវដែរ។

2 . នោម​ញឹកញាប់ ៖ នៅពេល​ដែល​អត្រា​អ័រម៉ូន​ប្រូសេស្ដេរ៉ូន​កើនឡើង ហើយ​កូនក្នុង​ផ្ទៃ​ចាប់ផ្ដើម​បញ្ចេញ​អ័រម៉ូនប្រូសេ ស្ដេរ៉ូន ឈាម​​​​​ក៏​ចាប់ផ្ដើម​ស្រោចស្រព​ច្រើន​ទៅកាន់​តំបន់​អាង​ត្រគាក ដោយធ្វើ​ឱ្យឈាម​ប្រមូល​ផ្ដុំច្រើន​នៅ​តំបន់​នោះ។ ប្រការ​នេះវា បាន​ជំរុញ​ឱ្យ​ប្លោកនោម​បញ្ចេញ​ទឹកនោម សូម្បីតែ​នៅពេល​ដែល​ទឹកនោម​មាន​បរិមាណ​តិច​បំផុត​នៅ​ទីនោះ​ក៏ដោយ។ ម្ល៉ោះហើយ​ស្ដ្រី ភាគច្រើន​ក៏​ចេះតែ​មាន​អារម្មណ៍​ចង់តែ​រកទៅ​នោម​ញឹកញាប់​ជាង​ធម្មតា។ រឿង​បែបនេះ​អាចកើត​មាន​បន្ទាប់ពី​មានការ​បង្កកំណើត បាន​មួយ​សប្ដាហ៍។

3 . អារម្មណ៍​ល្ហិតល្ហៃ ៖ ការមាន​អារម្មណ៍​អស់​កម្លាំង​កើតមាន​មួយផ្នែក ដោយសារ​អត្រា​អ័រម៉ូន​ប្រូសេស្ដេរ៉ូន​ខ្ពស់នៅ​ក្នុងឈាម។ នៅក្នុង​ដំណាក់​កាល​ដំបូង​នៃការ​មានគភ៌ ប្រតិកម្ម​មេតា​បូលីស​នៅក្នុង​ខ្លួន​កើនឡើង​ដើម្បី​ចិញ្ចឹម​អំប្រ៊ីយ៉ុង​ដែល​កំពុង​ធំធាត់ និង​សរីរាង្គ​សំខាន់ៗ​របស់អ្នក។ ប្រការ​នេះអាច​ធ្វើឱ្យ​មានការ​អស់កម្លាំង ដែល​ពេលខ្លះ​មាន​លក្ខណៈ​ខ្លាំងក្លា​រហូត​ដល់ទ្រាំ​មិនបាន ហើយ​អ្នកត្រូវ​ទៅ​សម្រាក​ទៀតផង។

4 . មាន​រសជាតិ​ប្លែក​ខុសធម្មតា និង​ចំណង់​ខ្លាំងក្លា ៖ រសជាតិ​នៅក្នុង​មាត់​របស់​អ្នកអាច​មានការ​ប្រែប្រួល។ រសជាតិ អាហារ​ខ្លះក៏​មិនមាន​លក្ខណៈ​ដូចសព្វ​ដង។ ប៉ុន្ដែ​ពុំទាន់​មានការ​ពន្យល់​បែប​វិទ្យាសាស្ដ្រ​ចំពោះ​ចំណង់​ចង់ហូប​របស់​ផ្សេងៗ ដែល​ពេល ខ្លះ​ចង់ហូប​របស់​ប្លែកៗ ដូចជា​ធ្យូង​ជាដើម។ ប៉ុន្ដែ​គេគិត​ថាវា​អាចជា​ការ​ឆ្លើយតប​របស់​ខ្លួន​មនុស្ស​ទៅនឹង​ការ​ធ្លាក់ចុះ​នៃ​ជាតិរ៉ែ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

5 . ឈឺ​នៅពេល​ព្រឹក ៖ ស្ថានភាព​បែបនេះ​រួមមាន​ការក្អួត​ចង្អោរ ដែល​ភាគច្រើន​កើតមាន​នៅពេល​ព្រឹក ប៉ុន្ដែវា​ក៏អាច​មាននៅពេល​ផ្សេងទៀត​ដែរ ជាពិសេស​នៅពេល​ដែលអ្នក​មិន​ទទួលទាន​អាហារ​ឱ្យបាន​គ្រប់គ្រាន់ ហើយ​ជាតិស្ករ​នៅក្នុង​ខ្លួនធ្លាក់​ចុះ។

6 . ចាញ់ក្លិន ៖ ការមាន​ផ្ទៃពោះ​ជា​ញឹកញាប់​បង្កើន​អារម្មណ៍​ចំពោះ​ការស្រង់​ក្លិន ហើយ​អ្នកអាច​មាន​អារម្មណ៍​ចង់ក្អួត ដោយ​សារតែ​ធុំក្លិន ដូចជា​ក្លិន​ចម្អិន​អាហារ​ជាដើម។ ទឹកអប់​ក៏អាច​នាំឱ្យ​អ្នកមាន​អាការ​បែបនេះ​ដែរ។

7 . ការ​ប្រែប្រួល​សុដន់ ៖ សូម្បីតែ​នៅពេល​ចាប់ផ្ដើម​នៃការ​មាន​ផ្ទៃពោះ ក៏​សុដន់​របស់​អ្នកអាច​មានការ​ប្រែប្រួល​ដែរ។ សុដន់​របស់អ្នក​អាចក្លាយ​ជាដុំរឹង ហើយ​ឈឺ​នៅពេល​ដែល​ប៉ះវា។ ក្បាល​សុដន់​អាចឈឺ​នៅពេល​ប៉ះ រីឯ​ពណ៌ឡើង​ដិតខ្លាំង ហើយ សរសៃ​ឈាម​ឡើងរវាម។

ការ​ធ្វើ​តេស្ដ​គភ៌​តាមបែប​វេជ្ជសាស្ដ្រ

ចំណុច​មួយ​ចំនួន​ខាងលើ គ្រាន់តែ​អាច​បញ្ជាក់​ថា​លោកស្រី​អ្នកនាង​អាចមាន​ផ្ទៃពោះ ហេតុនេះ​នៅពេល​ដែល​សង្ស័យថា មាន​ផ្ទៃពោះ លោកស្រី​អ្នកនាង​គួរតែ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​បញ្ជាក់​ឱ្យ​ច្បាស់លាស់។ មាន​មធ្យោបាយ​មួយ​ចំនួន​ដែលអាច​យក មក​ប្រើប្រាស់​បាន ដើម្បី​បញ្ជាក់​ច្បាស់​អំពី​ការមាន​ផ្ទៃពោះ​នេះ។

  • ការ​ពិនិត្យ​ឈាម ៖ មធ្យោបាយ​នេះត្រូវ​បាន​គេ​ប្រើប្រាស់​កាន់តែ​ទូលំ​ទូលាយ។ ការ​ពិនិត្យ​ឈាមនេះ​ត្រូវ​ធ្វើឡើង​ដោយ គ្រូពេទ្យ ដែលអាច​កំណត់​អំពី​ការមាន​ផ្ទៃពោះ​នៅក្នុង​ឈាម​នៅក្នុង​រយៈពេល​ពីរ​សប្ដាហ៍ បន្ទាប់​ពីការមាន​ផ្ទៃពោះ។
  • ការ​ពិនិត្យ​ទឹកនោម ៖ គេអាច​ពិនិត្យ​ទឹកនោម​នៅតាម​ផ្ទះ ឬ​នៅក្នុង​មន្ទីរ​ពេទ្យ។ ការ​ពិនិត្យ​បែបនេះ​អាចជឿ​ទុកចិត្ដបាន​ជាង៩០​ភាគរយ ហើយ​ក៏អាច​ធ្វើបាន​ក្នុង​រយៈពេល​ពីរសប្ដាហ៍​បន្ទាប់ពី​មានគភ៌​ដែរ។ ការ​ពិនិត្យ​បែបនេះ​នឹងមាន​លទ្ធផល​គួរឱ្យទុកចិត្ដ​បានបំផុត បើសិន​ជា​លោកស្រី​អ្នកនាង​រង់ចាំ​រយៈពេល​៤សប្ដាហ៍​ក្រោយទៀត។

ដំបូន្មាន​អ្នក​ជំនាញ

ស្ដ្រី​ទាំងឡាយ​ដែល​ជួប​ប្រទះ​នូវបញ្ហា​ផ្សេងៗ​ទាក់ទង​នឹងការ​រួមភេទ ការមាន​ផ្ទៃពោះ​ជាដើម​នោះ សូម​ព្យាយាម​អត់ធ្មត់ ឱ្យបាន​ច្រើន​បំផុត ព្រោះ​កើតមក​ជាស្ដ្រី​នរណា​ក៏ជួប​ប្រទះ​នឹង​បញ្ហា​នេះដែរ។ វិធី​ដែលល្អ​បំផុត​ដើម្បី​ការពារ​លោកស្រី​អ្នកនាង និងកូនជាទី​ស្រឡាញ់ សូមទៅ​ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ ដើម្បី​ទប់ស្កាត់​នៅអ្វី​ដែលអាច​កើតមាន។ ការ​គេចវេស​មិនជួប​ពេទ្យ មិនមែនជា​គំនិត​របស់អ្នក​ដែល​ស្រឡាញ់​សុខភាព និង​ខ្លួនឯង​ឡើយ។
(សូមបន្ដ​អាននៅ​លេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *