ការថែទាំ និងការស្រឡាញ់ថ្នាក់ថ្នមនៅ១២ខែ ខុសប្លែកកាលពីកុមារនៅមានអាយុតិចជាងនេះ។ លោកអ្នកបានអានកាល ពីលេខមុនរួចមកហើយអំពីសុខភាពកុមារពីពេលទើបកើតរហូតដល់៦ខែ។ នៅពេលនេះ សូមស្វែងយល់ជាបន្ដទៀតនូវការរីក ចម្រើនរបស់ពួកគេ តើនៅវ័យនេះអាចចេះធ្វើអ្វីខ្លះ និងហើយលោកអ្នកគួរជួយគេបានអ្វីខ្លះ?
ដើម្បីឱ្យលោកអ្នកជាឪពុកម្ដាយក៏ដូចជាអ្នកថែរក្សាទារកទទួលជ្រាបអំពីរបៀបនៃការអភិវឌ្ឍន៍របស់គេ។ សូមលោកអ្នក តាមដានការបង្ហាញរបស់ទស្សនាវដ្ដី សុខភាពយើង។
1 . កុមារអាយុពី៦ខែដល់១ឆ្នាំ ៖
នៅក្រោយអាយុ៦ខែ កុមារត្រូវការជាចាំបាច់នូវអាហារបំប៉នបន្ថែមពីលើតម្រូវការនៃទឹកដោះម្ដាយ។ សេចក្ដីត្រូវការ នូវអាហារបន្ថែមនេះហើយទើបធ្វើឱ្យកុមារមានការលូតលាស់បានល្អ។ នៅពេលមានអាយុ១ឆ្នាំកូនតូចរបស់លោកអ្នកគួរតែអាច អង្គុយដោយមិនបាច់ជួយទប់ វារដោយដៃ និងជង្គង់ និងតោងងើបឈរ ឈានដើរដោយមានអ្នកជួយទប់ ព្យាយាមត្រាប់តាមពាក្យ និយាយ និងសម្លេង ហើយឆ្លើយឆ្លងទៅនឹងសំណួរងាយៗសប្បាយនឹងការលេង និងការទះដៃ ធ្វើត្រាប់តាមសម្លេង និងកាយវិការ ដោយការយកចិត្ដទុកដាក់ ចាប់ច្បិចវត្ថុដោយប្រើមេដៃ និងម្រាមដៃមួយទៀតចាប់ផ្ដើមកាន់វត្ថុ ដូចជាស្លាបព្រា និងពែង និងចង់ញ៉ាំ អាហារដោយខ្លួនឯង។
ដូចគ្នានឹងការលូតលាស់នេះ លោកអ្នកជាឪពុកម្ដាយ និងជាអ្នកថែទាំកុមារគួរតែអាចជួយគេបានដោយ ៖
- ចង្អុលទៅវត្ថុ និងប្រាប់ឈ្មោះវត្ថុផ្សេងៗ និយាយឆ្លើយឆ្លង និងលេងជាមួយកុមារឱ្យបានញឹកញាប់
- ក្នុងពេលញ៉ាំអាហារ ឆ្លៀតលើកទឹកចិត្ដកុមារឱ្យមានការប្រាស្រ័យទាក់ទងជាមួយសមាជិកក្នុងគ្រួសារ
- ប្រសិនបើកុមារមានការអភិវឌ្ឍន៍យឺត ឬក៏រាងកាយមានពិការភាព ត្រូវផ្ដោតការយកចិត្ដទុកដាក់លើសមត្ថភាពកុមារ និង បន្ថែមនូវការលើកទឹកចិត្ដ និងការទំនាក់ទំនងទៅវិញទៅមក
- កុំទុកឱ្យកុមារស្ថិតនៅក្នុងស្ថានភាពដដែលៗ ច្រើនម៉ោងពេក
- កន្លែងកុមារលេងត្រូវធ្វើឱ្យមានសុវត្ថិភាព តាមដែលអាចធ្វើបាន ដើម្បីបង្ការគ្រោះថ្នាក់ទាំងឡាយ
- បន្ដការបំបៅទឹកដោះម្ដាយ និងធានាថាកុមារបានទទួលទានអាហារគ្រប់គ្រាន់ និងគ្រប់ប្រភេទអាហារដែលមានក្នុងគ្រួសារ
- ជួយបង្រៀនកុមារឱ្យកាន់ស្លាបព្រា ឬពែង
- ច្បាស់ក្នុងចិត្ដថា កុមារទទួលបាននូវថ្នាំបង្ការគ្រប់គ្រាន់ និងទទួលបាននូវរាល់មីក្រូសារជាតិបន្ថែមទាំងអស់។
នៅពេលជាមួយគ្នានេះ សញ្ញាគ្រោះថ្នាក់ដែលលោកអ្នកត្រូវឃ្លាំមើល មានដូចជា ៖
- កុមារមិនបញ្ចេញសម្លេងឆ្លើយតបនឹងអ្នកនៅជុំវិញខ្លួន
- កុមារមិនងាកមើលរកវត្ថុដែលមានចលនា
- កុមារព្រងើយកន្ដើយ និងមិនឆ្លើយតបទៅនឹងអ្នកដែលថែទាំគេ
- កុមារមិនឃ្លាន និងមិនព្រមបរិភោគអាហារ។
2 . កុមារអាយុពីរឆ្នាំ ៖
ទារកគួរតែអាចដើរ តោងឡើង និងរត់ចង្អុលវត្ថុ និងរូបភាព នៅពេលដែលគេហៅឈ្មោះវត្ថុ ឬរូបភាពទាំងនោះ(ឧទាហរណ៍ ច្រមុះ ឬភ្នែក) និយាយបានច្រើនពាក្យ(ចាប់ពីអាយុប្រហែល១៥ខែ) ធ្វើតាមការណែនាំស្រួលៗ គូសវាសបើសិនជាគេឱ្យខ្មៅដៃ ឬស្លាបប៉ាកកា សប្បាយនឹងរឿងនិទានខ្លីៗ និងចម្រៀង ធ្វើត្រាប់តាមការប្រព្រឹត្ដិរបស់អ្នកដទៃ ចាប់ផ្ដើមបរិភោគអាហារដោយ ខ្លួនឯង។ ឪពុកម្ដាយ និងអ្នកថែទាំកុមារគួរតែយកចិត្ដទុកដាក់ដល់កូនតូចនូវប្រការមួយចំនួន ៖
- អាន ច្រៀង និងលេងល្បែងជាមួយកុមារ
- បង្រៀនកុមារឱ្យចេះចៀសវាងពីវត្ថុដែលនាំឱ្យគ្រោះថ្នាក់
- និយាយទៅកាន់កុមារតាមធម្មតា មិនប្រើភាសាទារក
- បន្ដការបំបៅដោះ និងម្ដាយធានាថាកុមារបានទទួលទានអាហារគ្រប់គ្រាន់ និងអាហារដទៃទៀត ដែលមាននៅក្នុងគ្រួសារ
- លើកទឹកចិត្ដ តែមិនបង្ខំទេ
- ផ្ដល់ឱ្យនូវវិន័យស្រួលៗ និងអ្វីដែលយើងរំពឹងចង់បានដែលសមហេតុផល
- លើកសរសើរការសម្រេចជោគជ័យរបស់កុមារ។
ប្រសិនបើមានករណីមួយចំនួនដូចខាងក្រោមនេះ កុមារអាចនឹងមានគ្រោះថ្នាក់
- ខ្វះការឆ្លើយតបទៅអ្នកដែលនៅជុំវិញខ្លួន
- ដំណើរមានភាពទ្រេតទ្រោត(ក្រោយពីទៅពិគ្រោះជាមួយគ្រូពេទ្យដែលបានទទួលការបណ្ដុះបណ្ដាលហើយ)
- មានរបួស និងការផ្លាស់ប្ដូរការប្រព្រឹត្ដិដែលមិនអាចពន្យល់បាន(ជាពិសេសបើសិនកុមារត្រូវឱ្យអ្នកដទៃថែទាំ)
- បាត់បង់ចំណង់ក្នុងការហូបចុក។
3 . កុមារអាយុបីឆ្នាំ ៖
ទារកគួរតែអាចដើរ រត់ តោងឡើង ធាក់ទាត់ និងលោតយ៉ាងងាយ ស្គាល់ និងកំណត់វត្ថុ និងរូបភាពធម្មតាដោយចង្អុលប្រាប់ ធ្វើឃ្លាផ្សេងៗដែលមានពីរ ឬបីពាក្យ ប្រាប់ឈ្មោះ និងអាយុខ្លួនឯង ស្គាល់ឈ្មោះស្គាល់ពណ៌ ចេះរាប់ចំនួន ប្រាថ្នាចង់បានប្រដាប់ប្រដា សម្រាប់លេង បរិភោគអាហារដោយខ្លួនឯង សម្ដែងនូវសេចក្ដីស្រឡាញ់។
ឪពុកម្ដាយ និងអ្នកថែទាំកុមារត្រូវផ្ដោតការយកចិត្ដទុកដាក់ឱ្យបានច្រីនលើកុមារ ចំណាយពេលវេលាទៅលើគេឱ្យបានច្រើន ដោយអាន និងមើលសៀវភៅជាមួយកុមារ និងជជែកអំពីរូបភាពទាំងឡាយ និយាយរឿងនិទានអំពីកុមារ បង្រៀនកំណាព្យ និង ចម្រៀង រៀបចំចានគោម ឬចានទាបដាក់អាហារផ្ទាល់ខ្លួនសម្រាប់ឱ្យកុមារ បន្ដការលើកទឹកចិត្ដកុមារក្នុងការបរិភោគ ផ្ដល់ឱ្យបាន ច្រើនដងទៅតាមសេចក្ដីត្រូវការរបស់ពួកគេ ជួយកុមារឱ្យរៀនស្លៀកពាក់ លាងដៃពួកគេ និងប្រើប្រាស់បង្គន់។
វេលានៃការលូតលាស់នេះកុមារអាចមានគ្រោះថ្នាក់ សូមផ្ដោតអារម្មណ៍លើសញ្ញាទាំងឡាយដូចជា បាត់បង់ចំណាប់អារម្មណ៍ ក្នុងការលេង ឧស្សាហ៍ដួលញឹកញាប់ មានការពិបាកប្រើប្រាស់វត្ថុតូចតាច មិនអាចយល់បាននូវសារងាយៗ គ្មានសមត្ថភាពនិយាយ ដោយប្រើច្រើនពាក្យ បរិភោគតិចតួច ឬមិនឃ្លានចំណីអាហារ។
4 . កុមារអាយុប្រាំឆ្នាំ ៖ ទារកគួរតែអាចធ្វើចលនាដោយរលូន និយាយឃ្លាជាច្រើន និងប្រើពាក្យប្លែកៗគ្នាជាច្រើន យល់ដឹង ពីពាក្យផ្ទុយ(ឧទាហរណ៍ ធាត់ និងស្គម ខ្ពស់ និងទាប) លេងជាមួយកុមារដទៃទៀត ស្លៀកពាក់ដោយមិនចាំបាច់ជួយឆ្លើយបានទៅ នឹងសំណួរស្រួលៗ រាប់ឈ្មោះវត្ថុពី៥ទៅ១០ ចេះលាងដៃជាដើម។
នៅពេលនោះ ឪពុកម្ដាយ និងអ្នកថែទាំកុមារត្រូវតែស្ដាប់កុមារនិយាយ ធ្វើការទំនាក់ទំនងជាញឹកញាប់ជាមួយកុមារ បើសិន កុមារនិយាយត្រដិត សំណូមពរកុមារឱ្យនិយាយយឺតៗ អាន និងនិយាយរឿងទាំងឡាយលើកទឹកចិត្ដកុមារក្នុងការលេង និងនឹកគិត។ ជាងនេះទៅទៀត លោកអ្នកត្រូវតែចេះសង្កេតមើលកុមារនៅពេលគេកំពុងលេង បើសិនកុមារមានការភ័យខ្លាច ខឹងសម្បារ ឬកាចឃោរឃៅ ទាំងនេះអាចជាសញ្ញានៃបញ្ហាផ្លូវចិត្ដ ឬការបំពារបំពាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply