ការរៀនក្បាច់គុនល្បុក្កតោ ពុំមែនជារឿងងាយស្រួលនោះទេ ដែលចាំបាច់ត្រូវអំណត់ក្នុងការហាត់ក្បាច់នីមួយៗ។ អ្នកហាត់ចាំបាច់បំផុតត្រូវមានវិន័យផ្ទាល់ខ្លួន យល់ដឹងឱ្យច្បាស់ពីក្បាច់នីមួយៗ និងការបញ្ចេញស្នៀតឱ្យបានត្រឹមត្រូវ ដែលទាមទារ ឱ្យមានគំនិតច្នៃប្រឌិតផងដែរ។
ទស្សនាវដ្ដី សុខភាពយើង នឹងបង្ហាញពីមរតកក្បាច់គុនខ្មែរជាបន្ដទៀតតាមរយៈការផ្ដល់បទសម្ភាសន៍របស់លោកគ្រូ មាស សុខ ដែលជាអ្នកជំនាញក្បាច់គុន និងរៀបរៀងឯកសារ “ក្បាច់ល្បុក្កតោខ្មែរ”។
ការយល់ដឹងពីក្បាច់ល្បុក្កតោ
ល្បុក្កតោ គឺជាក្បាច់គុនដែលមានលក្ខណៈខុសប្លែកពីក្បាច់គុនដទៃ ព្រោះក្បាច់នេះត្រូវបានចងក្រងឡើងជាមួយការគួប ផ្សំក្នុងការប្រើប្រាស់អាវុធគ្រប់ប្រភេទ មិនថាជាដាវ ដំបងវែង ដំបងខ្លី កន្សែង។ល។ រាល់ការវ៉ៃ និងការចូលត្រូវមានការយល់ដឹង ច្បាស់លាស់ និងយល់ពីស្នៀតនីមួយៗឱ្យបានត្រឹមត្រូវ ពិសេសការប្រែប្រួលទៅតាមស្ថានការណ៍នៃការប្រយុទ្ធ។ ការចេះប្រើប្រាស់នូវ យុទ្ធសាស្ដ្រផ្សេងៗ និងការស្វែងយល់អាចធ្វើឱ្យអ្នកហាត់ងាយចាប់ និងយល់បានឆាប់រហ័ស។
1 . ការប្រកួតក្បាច់ដៃ ៖ ការប្រកួតក្បាច់ដៃមានចំនួន៩ក្បាច់
- ក្បិនក្រហមប្រើក្បាច់ខ្លាក្រាប
- ក្បិនខៀវប្រើក្បាច់ខ្លាសង្គ្រប់ទន្សាយ
- ក្បិនខៀវប្រើក្បាច់ខ្លាសង្គ្រប់ ប្រើជង្គង់ខោកបាក់ភ្នំ វាយសម្រុកលើក្បិនក្រហម
- ក្បិនក្រហមយកក្បាច់ស្លាបសេដាយស យកកែងបុក ភ្លៅទៅក្បិនខៀវវិញ ដោយស្របពេលតែមួយ។ រួចដាល់សើយពី ក្រោមទៅលើចង្កាត្រង់របៀបហនុមានថ្វាយផ្កាព្រះរាម ចំហជាលក្ខណៈខ្លាក្រាប។
- ក្បិនក្រហម ប្រើមេឈមដោះខ្លួន
- ក្បិនខៀវ ក្បាច់ខ្លាសង្គ្រុបលើគូប្រកួត ជើងស្ដាំ ដៃស្ដាំប្រុងវាយរំដោះ
- ក្បិនខៀវ ក្បាច់ខ្លាសង្គ្រុបជើងឆ្វេង ជង្គង់ឆ្វេង កែងដៃឆ្វេង វាយសង្គ្រុបលើគូប្រកួត ជើងស្ដាប់ ដៃស្ដាំប្រុងវាយរំដោះ
- ក្បិនខៀវ ប្រើក្បាច់ខ្លាសង្គ្រុប វាយជង្គង់ហនុមាន វែកពពកតម្រង់លើគល់ថ្គាមក្បិនក្រហម
- ក្បិនក្រហម ប្រើស្លាបសេដាយសដដែលរងលើកឡើងលើ ដៃស្ដាំ ដៃឆ្វេងប្រើដៃកំរោល ទៅនឹងឆ្អឹងជំនីរ ក្បិនខៀវ ស្របនិងជើងស្ដាំក្បិនក្រហមកាត់ឥសីបោសលាន ត្រង់គន្លាក់ជើងក្បិនខៀវឱ្យដួលទៅចន្លោះខ្លួន។
2 . មេសេះប្រាយ និងក្បាច់គោជល់ក្នុងនឹម ឬកុលាបសក មច្ឆាគ្រលែងខ្លួន ៖ ស្នៀតនេះច្រើនប្រើដៃនៅពេលជាប់គ្នា ជា ក្បាច់ដែលកៀក គេប្រើយកមេនួនទប់ទល់។
- ក្បិនក្រហមវាយបកក្បាច់កុលាបសក
- ក្បិនខៀវ រងដូរទីមកចំពីមុខឡើងលើ វាយបកទាំងដៃទាំងជើងចំពីមុខ
- ក្បិនក្រហមវាយស្នៀត គង់សំរិទ្ធទៅក្បិនខៀវ
- ក្បិនខៀវប្រើក្បាច់ហនុមានតោងមែកឈើ រងក្បាច់ក្បិនក្រហម
- ក្បិនក្រហមបត់កែង ប្រើរបៀបដាវសេដាយស វាយទៅលើគល់ថ្គាម ក្បិនខៀវ និងប្រើកែងជើងញីម្រាម ក្បិនខៀវ បុរាណខ្មែរឱ្យឈ្មោះថា “កងចក្រខ្មៅ”។
ដំបូន្មានអ្នកឯកទេស
ទោះបីជាយុគសម័យកាលនៃពិភពលោកបានប្ដូរផ្លាស់ទៅហើយ ប៉ុន្ដែការហាត់រៀននូវក្បាច់យុទ្ធគុននៅតែមានសារៈប្រយោជន៍ដដែល។ វាប្រៀបធៀបដូចជាការលេងល្បែងកីឡាដើម្បីឱ្យមានសុខភាពរឹងមាំ ជាពិសេសជាងនេះទៅទៀតការហាត់រៀនវាក៏បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការជួយលើកស្ទួយវប្បធម៌ និងអត្ដសញ្ញាណអរូបីរបស់ប្រទេសជាតិយើង ដែលកំពុងទទួលរងនូវ ការបំភាន់ពីសំណាក់ប្រទេសផ្សេងៗ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply